អត្ថបទទស្សនៈ៖គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA)
អនាគតនៃប្រទេសកម្ពុជាកំពុងតែត្រូវបានរំលេចជារូបរាងថ្មីនៅក្នុងថ្នាក់រៀនទូទាំងប្រទេសតាមរយៈកម្មវិធី ជាតិកុមាររៀនកុមារចេះ។ដោយមានការគាំទ្រពីគម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) ក្រោមការគាំទ្រពីទី ភ្នាក់ងារជំនួយអាមេរិក USAID ខេត្តតាកែវបានក្លាយទៅជាខេត្តចុងក្រោយបំផុតដែលបានចូលរួម ក្នុងការ អនុវត្តថ្នាក់ជាតិនិងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ។
អំណានកម្រិតថ្នាក់ដំបូង ជាដំណាក់កាលចម្បងសម្រាប់កុមារដើម្បីឈានទៅរកភាពជោគជ័យ ដែលការដាំគ្រាប់ពូជនៃចំណេះដឹងនេះនឹងលូតលាស់ទៅជាអនាគតដ៏ភ្លឺស្វាង។ គម្រោង IPEA គាំទ្រកម្មវិធីជាតិកុមាររៀន កុមារចេះ ក្នុងការបង្កើនគុណភាពនៃការអប់រំកម្រិតថ្នាក់ដំបូងសម្រាប់កុមារគ្រប់រូបដែលមាននិងមិនមានពិកាភាព។
កិច្ចសហការដើម្បីឈានទៅរកការអនុវត្តថ្នាក់ជាតិ
កិច្ចសហការរវាងគម្រោង IPEA ជាមួយក្រសួងអប់រំ យុវជន និងកីឡារួមទាំងដៃគូនានា មានគោលបំណងឱ្យអនុវត្តទូទាំងប្រទេសនូវកម្មវិធីជាតិកុមាររៀនកុមារចេះ។គោលដៅប្រកបដោយមហិច្ឆតានេះ មិនមែនគ្រាន់ តែជាការបង្រៀនដល់សិស្សានុសិស្សកាន់តែច្រើននាក់ថែមទៀតតែប៉ុណ្ណោះទេ ថែមទាំងជាការបង្កប់នូវការអនុវត្តនិងផ្តល់នូវគុណភាពអប់រំដ៏ល្អបំផុតសម្រាប់ប្រព័ន្ធអប់រំនៅកម្ពុជា។
ដោយសហការជាមួយអាជ្ញាធរអប់រំមូលដ្ឋាន គម្រោង IPEA ធានាថាការធ្វើអន្តរាគមន៍ទាំងនេះមាននិរន្តរភាពនិងសម្របតាមតម្រូវការជាក់ស្តែងរបស់សិស្សានុសិស្សនៅកម្រិតថ្នាក់ដំបូង។កម្មវិធីកុមាររៀនកុមារចេះ រួមមាន កញ្ចប់អំណានភាសាខ្មែរដែលបានបង្កើតឡើងប្រកបដោយសុខុដុមនីយកម្ម ដោយទីភ្នាក់ងារ ជំនួយអាមេរិក USAIDសម្រាប់ការប្រើប្រាស់ទូទាំងប្រទេស និងការកសាងសមត្ថភាពដល់លោកគ្រូ អ្នកគ្រូ ក្នុងការប្រើប្រាស់កញ្ចប់អំណាននេះ។
អ្នកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID បានលើកឡើងថា៖ «តាងនាមឱ្យប្រជាជនអាមេរិកទីភ្នាក់ងារជំនួយអាមេរិក USAID បាននិងកំពុងគាំទ្រអំណានកម្រិត ថ្នាក់ដំបូងនៅកម្ពុជាអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ។ យើងពេញចិត្តណាស់ដែលបានដឹងថាក្រសួងអប់រំ យុវជន និងកីឡានឹងប្រើប្រាស់ធនធានពីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំនិងពីភាគីពាក់ព័ន្ធ ដទៃទៀត ដើម្បីដាក់ឱ្យអនុវត្តទូទាំងប្រទេសនូវកម្មវិធីសិក្សាប្រកបដោយបរិយាបន្នមួយដែលមានឈ្មោះថា “កម្មវិធី កុមាររៀន កុមារចេះ”។ការប្តេជ្ញាចិត្តនេះគឺជាការសន្យាដ៏មុតមាំ ក្នុងដំណើរពង្រឹងអក្ខរកម្មនៅកម្ពុជា។ យើងទន្ទឹងរង់ចាំដើម្បីរៀនសូត្រទាំងអស់គ្នា!»។
ជោគជ័យសំខាន់ៗនៃសមត្ថភាពអំណានកម្រិតថ្នាក់ដំបូង
លទ្ធផលជាវិជ្ជមាននៃកម្មវិធីកុមាររៀនកុមារចេះគឺមានជាក់ស្តែង។លទ្ធផលតេស្តរង្វាយតម្លៃអំណានថ្នាក់ ដំបូងដែលគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID បានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលតែមួយឆ្នាំក្នុងចំណោមសិស្សថ្នាក់ទី៣នៅក្នុងសាលាដែលបានអនុវត្តកម្មវិធីកុមាររៀនកុមារចេះបើប្រៀបធៀប ទៅនឹងសិស្សដែលសិក្សាក្នុងសាលាដែលមិនមានអន្តរាគមន៍។ ល្បឿនអំណានជាមធ្យមរបស់ សិស្សថ្នាក់ទី៣ បានកើនឡើងពី ៣២ ទៅ ៥០ ពាក្យ ក្នុងមួយនាទី ខណៈ ដែលពិន្ទុនៃការអានយល់ន័យរបស់សិស្សកើនឡើងជិតទ្វេដង ពី ៣២ ទៅ ៥៧ ភាគរយ។
ឯកឧត្តមបណ្ដិតសភាចារ្យ ហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា មាន ប្រសាសន៍ថា៖ «ការកើនឡើងទ្វេដងនៃការអានយល់ន័យរបស់សិស្សនៅគ្រប់សាលាបឋមសិក្សានៅខេត្តកំពង់ឆ្នាំង បន្ទាប់ពីការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ទី៣របស់យើងបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការជំរុញឱ្យមានការធានាបានគុណភាពនៃការអប់រំនៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។
ការអភិវឌ្ឍគ្រូបង្រៀន និងការផ្តល់អត្ថប្រយោជន៍ដល់សិស្ស
គ្រូបង្រៀនគឺបេះដូងនៃការអប់រំ។ ដោយហេតុនេះ គម្រោង IPEA ផ្តោតសំខាន់លើការបណ្តុះបណ្តាល និងការអភិវឌ្ឍគ្រូបង្រៀន។ការផ្តល់នូវវិធីសាស្ត្របង្រៀនថ្មី ៗដល់លោកគ្រូអ្នកគ្រូ និងការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីការអប់រំបរិយាបន្ននេះ ធានាថាគ្រូមិនត្រឹមតែជាគ្រូបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកគាំពារសិទ្ធិរបស់សិស្សទាំងអស់ឱ្យទទួលបានឱកាសសិក្សាផងដែរ។
ដោយមានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID គ្រូបង្រៀនប្រមាណ ៦.៤០០ នាក់បានទទួលការបណ្តុះបណ្តាលអំពីវិធីសាស្ត្របង្រៀនសម្រាប់ថ្នាក់ទី១និងថ្នាក់ទី២។ បន្ថែមពីនេះ កញ្ចប់អំណានសម្រាប់ថ្នាក់ទី៣ទើបត្រូវបានអនុម័តថ្មីៗនេះសម្រាប់ការប្រើប្រាស់ទូទាំងប្រទេស។គ្រូបង្រៀនដែលទទួលបានការបណ្តុះបណ្តាលទាំងនេះ បានបង្រៀនដល់សិស្សជាង២០៤.០០០ នាក់។ រហូតមកទល់បច្ចុប្បន្ននេះ ក្នុងភាពជាដៃគូជាមួយក្រសួងនិងម្ចាស់ជំនួយដទៃទៀត កម្មវិធីអំណានកម្រិតថ្នាក់ដំបូងនៃទីភ្នាក់ងារជំនួយអាមេរិ USAID បានអនុវត្តដោយសាលាបឋមសិក្សាចំនួន៥.៨៧៣សាលា ផ្តល់អត្ថប្រយោជន៍ដល់គ្រូបង្រៀនប្រមាណ២១.០០០នាក់និងសិស្សជាង៨៥០.០០០នាក់ នៅក្នុងសាលាបឋមសិក្សាសាធារណៈទាំងអស់ពីចំនួន២២ខេត្ត នៃខេត្តសរុបទាំង២៥ របស់កម្ពុជាពោលគឺប្រមាណជិត ៨០ភាគរយ នៃសាលាបឋមសិក្សា សរុបទាំងអស់នៅកម្ពុជា។
វិធីសាស្ត្រចម្រុះចំពោះការអប់រំ
គម្រោង IPEA ប្រើវិធីសាស្ត្រចម្រុះទៅលើការអប់រំកម្រិតថ្នាក់ដំបូងដោយរួមបញ្ចូលការគាំទ្រការប្រឹក្សា គរុកោសល្យ និង ការគ្រប់គ្រងតាមសាលារៀនដោយទទួលស្គាល់ថាការអប់រំដែលមានប្រសិទ្ធភាព មានវិសាលភាពហួសពីសកម្មភាពក្នុងថ្នាក់រៀន។ តាមរយៈការប្រឹក្សាគរុកោសល្យគ្រូបង្រៀនទទួលបានការ ណែនាំ និង ធនធានដ៏សំខាន់ដើម្បីកែលម្អការបង្រៀនដោយបង្កើតបរិយាកាសឲ្យគ្រូបង្រៀនអាចបន្តការអភិវិវឌ្ឍជំនាញរបស់ពួកគេ។ដោយមានកិច្ចសហការជាមួយក្រសួង និងដៃគូអភិវឌ្ឍន៍នានា និងការគាំទ្រពីគម្រោង IPEA ទីប្រឹក្សាគរុកោសល្យជំនាញចំនួន៣២៧៧នាក់នៅក្នុងខេត្តចំនួន១៥ ត្រូវបានជ្រើសរើស និងទទួលបានការបណ្តុះបណ្តាលជំនាញ។
ជាមួយគ្នានេះដែរការគ្រប់គ្រងតាមសាលារៀនផ្តល់អំណាចដល់សាលាក្នុងការគ្រប់គ្រងដំណើរការអប់រំរបស់ ពួកគេ ជំរុញឲ្យមានដំណោះស្រាយដែលសមស្របទៅនឹងតម្រូវការជាក់លាក់របស់សិស្ស ។ ចាប់តាំងពីឆ្នាំ ២០២១មកគម្រោង IPEA បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ សាកល្បង និងអនុវត្តកិច្ចការនេះនៅ ខេត្តកំពង់ឆ្នាំង។ មកទល់បច្ចុប្បន្ននេះ គណៈកម្មាធិការគ្រប់គ្រងសាលារៀនចំនួន១.០៩៣ និង គណៈកម្មាធិការគ្រប់គ្រងថ្នាក់រៀនចំនួន៧.៩០៥ត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោតនៅសាលា បឋមសិក្សាចំនួន១.០៩៤នៃខេត្តកំពង់ឆ្នាំង ស្វាយរៀង និងព្រៃវែង។
ការគាំទ្រសម្រាប់ការអប់រំបរិយាបន្ន
សមាសភាគសំខាន់មួយនៃគម្រោង IPEA គឺការគាំទ្រការអប់រំបរិយាបន្ន។ការអប់រំបរិយាបន្នត្រូវបានបញ្ចូល ចូលទៅក្នុងការអភិវឌ្ឍសម្ភារៈអំណាននិងការបណ្តុះបណ្តាលគ្រូ ដើម្បីធានាថាសិស្សទាំងអស់ ដែលមាន និងមិនមានពិការភាពអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអំណានកម្រិតដំបូងនេះ។ គម្រោង IPEA ក៏ផ្តល់ការបណ្តុះបណ្តាលដល់គ្រូពីសាលាអប់រំពិសេសដោយផ្តល់នូវជំនាញ និងឧបករណ៍ សម្ភារៈអំណាន ជាភាសាសញ្ញាកម្ពុជាចាំបាច់គាំទ្រដល់ការសិក្សារបស់សិស្សដែលថ្លង់ ឬពិបាកស្តាប់។
ការរំពឹងទៅមុខ៖ ការបន្តការគាំទ្រនិងការពង្រីកបន្ថែម
គម្រោង IPEA ដែលទទួលមូលនិធិពីទីភ្នាក់ងារជំនួយអាមេរិក USAID បង្កើតបាននូវមូលដ្ឋានសម្រាប់ បរិយាកាសអប់រំប្រកបដោយបរិយាបន្នដោយបង្កើនឱកាសទទួលបាននូវសម្ភារអំណានប្រកបដោយ គុណភាពផ្តល់ការបណ្ដុះបណ្ដាលដល់គ្រូបង្រៀនគាំទ្រការផ្តួចផ្តើមសកម្មភាពអប់រំបរិយាបន្ន ជំរុញឲ្យមាន ការប្រឹក្សាគរុកោសល្យនិង ការគ្រប់គ្រងតាមសាលារៀន ក៏ដូចជាការលើកទឹកចិត្តឲ្យមានការចូលរួមពីសហគមន៍។ គម្រោង IPEA ក៏ប្រើប្រាស់វិធីសាស្ត្របង្រៀននិងរៀនបែបសកល UDL តាមរយៈការអនុវត្ត កញ្ចប់អំណានកម្រិតថ្នាក់ដំបូងរបស់ខ្លួននៅតាមសាលារដ្ឋ ដើម្បីលើកកម្ពស់បរិយាបន្ននៅក្នុងថ្នាក់រៀន។ រហូតមកដល់ពេលនេះមានសិស្សប្រមាណ ៤៨.០០០នាក់ បានទទួលប្រយោជន៍ពីការអនុវត្ត UDL នៅក្នុងថ្នាក់រៀន។ ឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សគ្រប់រូបជាពិសេសសិស្សដែលត្រូវគេមើលរំលង រលកនៃលទ្ធផល របស់គម្រោង IPEA នឹងបន្តមានប្រសិទ្ធភាពសម្រាប់សិស្សានុសិស្សជំនាន់ក្រោយៗ ជាបន្តបន្ទាប់។ នេះសរបញ្ជាក់ថាការវិនិយោគទៅលើកុមារនៅកម្រិតថ្នាក់ដំបូង ធ្វើឲ្យសង្គមកាន់តែរឹងមាំនិងប្រកបដោយសមភាព។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង គម្រោង IPEA តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ៖ គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា
សំណេរពីគម្រោង IPEA (ខែសីហា ២០២៤)