ជំងឺគ្រុនឈាមតែងតែផ្ទុះឡើងនៅក្នុងរដូវភ្លៀងធ្លាក់ ដោយធ្វើអោយមានទឹកដក់ បង្កើតអោយមានមូសខ្លាដែលធ្វើអោយកើតជាជំងឺគ្រុនឈាមដ៏កាចសាហាវ។ គ្រុនឈាម គឺជាជំងឺឆ្លងដែលបង្កឡើងដោយមេរោគគ្រុន ឈាម ដែលចម្លងដោយមូសខ្លាញី Aedes មាន 4 ប្រភេទគឺ DENV-1, DENV-2, DENV-3 និង DENV-4 នៅពេលដែល មូស Aedes បឺតឈាមពីសត្វ។
- វិធានការទី១៖ អាណាព្យាបាល មាតាបិតា កុមារា កុមារីគ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជា ពាង អាងទឹក ថូ ធុង ពែង ជាដើម ដោយការផ្លាស់ប្តូរទឹកនិងលាងសម្អាតជាប្រចាំនិង ដាក់ថ្នាំ បាណកឃាដសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹកកន្លែងដែលស្តុកទឹកជាដើម។
- វិធានការទី២៖ ត្រូវធ្វើអនាម័យ បរិស្ថានឱ្យបានស្អាតនៅក្នុងបរិវេណផ្ទះរបស់យើងជាពិសេសត្រូវលុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដើម្បីការពារកុំឱ្យដក់ទឹកលុបបំបាត់ប្រភព និងជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ។
- វិធានការទី៣៖ ចៀសវាងមូសខ្លាខាំ ត្រូវការពារសុវត្ថិភាពកូនៗរបស់លោកអ្នកដោយសម្រាន្តក្នុងមុងជានិច្ចមិនថាក្មេងឬក៏មនុស្សចាស់ទាំងពេលថ្ងៃនិងពេលយប់ ជាពិសេសត្រូវស្លៀកពាក់ខោជើងវែង និងអាវដៃវែង ដើម្បីបិទបាំងអវយវៈគ្រប់អង្រឹងដែលទារកគេងត្រូវមានមុងឬក្រណាត់ស្តើងដែលមានជាតិថ្នាំ។
- វិធានការទី៤៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែងផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ និងសំលៀកបំពាក់ ទាំងនៅក្នុង និងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះដើម្បីកាត់បន្ថយជម្រកសត្វមូស មកតោងជ្រកទុំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើងបាន។
- វិធានការទី៥៖ ករណ៏មានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី ៣៨អង្សារសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាពនិងមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់ (មិនឱ្យយឺតជាង ៧២ម៉ោង បន្ទាប់ពីក្តៅខ្លួន)ហើយ សូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅ ខ្លាំងភ្លាមៗនេះ ដោយខ្លួនឯងឬពន្យារពេលតាមដានព្យាបាលជំងឺ នៅក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមនេះឱ្យសោះ។
បើយោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាលបានឱ្យដឹងថា ឆ្នាំ ២០២៣ជំងឺគ្រុនឈាមសរុបចំនួន ៣៥ ៣៩០ ករណី និងស្លាប់ចំនួន ៩៩ នាក់ (អត្រាស្លាប់០,២៨ភាគរយ) គឺកើនឡើងជិត ៣ ដង ធៀបនឹងករណីឆ្នាំ ២០២២ ដែលមាន ១២ ៩៨៥ ករណីនិងស្លាប់ ១ នាក់៕