កំពង់ចាម:ប្រេងរិតស្លឹកគ្រៃនៃសហគមន៍កសិកម្មសំបូរមានជ័យ គឺជាផលិតផលខ្មែរមួយប្រភេទដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺផ្សេងៗដូចជា ឈឺសន្លាកដៃជើង ចុករោយ ស្ពឹកស្រពន់ ហើម គ្រិចថ្លោះនិងរមាស់ជាដើមដែលផលិតផលប្រេងឱសថនេះ បានផ្តល់នូវចំណូលបន្ថែមដល់សហគមន៍។
ប្រធានក្រុមប្រឹក្សាភិបាល នៃសហគមន៍កសិកម្មសំបូរមានជ័យលោកឆេង ថុងបានពន្យល់ពីមូលហេតុនៃ ការកែច្នៃស្លឹកគ្រៃ ទៅជាប្រេងរិតនេះថា៖ «សហគមន៍របស់យើងចាប់ផ្តើមដាំដុះរុក្ខជាតិដើមស្លឹកគ្រៃនេះតាំងពីឆ្នាំ ២០១៦ ហើយយើងបានបោះចោលស្លឹកវាមិនប្រើទេ បន្ទាប់ពីកាត់គល់វាទៅលក់លើទីផ្សារតែវាបណ្តាលឱ្យមាន កាកសំណល់ យ៉ាងច្រើន គឺស្លឹកគ្រៃនេះតែម្ដង ហើយនៅឆ្នាំ ២០១៨ សហគមន៍ក៏បានព្យាយាមស្វែងរកវិធីកែច្នៃស្លឹកគ្រៃទៅជាប្រេង ហើយពេលនោះ យើងបានទៅស្រាវជ្រាវលើបច្ចេកទេសកែច្នៃដោយ សហការជាមួយសិប្បកម្មនៅខេត្តសៀមរាប និងសិក្សាពីជំនាញរបស់ពួកគេ លុះនៅចុងឆ្នាំ ២០១៩ យើងបានផ្តួចផ្តើមសិប្បកម្មផ្ទាល់ខ្លួនដើម្បីកែច្នៃប្រេងស្លឹកគ្រៃដោយជួយសង្គ្រោះស្លឹកគ្រៃពីកាកសំណល់»។
ស្លឹកគ្រៃ ដែលនឹងត្រូវយកទៅចម្រាញ់ជាប្រេងនេះគឺស្លឹកគ្រៃធម្មជាតិ ដែលប្រជាសហគមន៍ដាំដុះដោយផ្ទាល់ដៃ តាមបែបធម្មជាតិចំណែកការចម្រាញ់វិញ គឺធ្វើឡើងតាមបែបប្រពៃណី ដោយត្រូវធ្វើតាមជំហានជាបន្តបន្ទាប់ចាប់តាំងពីការប្រមូលផលស្លឹកគ្រៃ ដើម្បីរក្សាបានក្លិនក្រអូបរបស់វា។ វិធីសាស្ត្របុរាណគឺប្រើការចំហុយដោយចំហាយ ទឹក ដែលស្លឹកគ្រៃដាក់ក្នុងឆ្នាំង ឬឡចំហុយដោយប្រើរយៈពេលប្រមាណ៦ម៉ោង រួចប្រេងនឹងហូរមកជាមួយទឹក បន្ទាប់មកប្រេងនោះត្រូវបានរក្សាទុកក្រោយពេលបង្ហូរទឹកនៅផ្នែកខាងក្រោមនៃកែវអស់ ។
ប្រេងរិតស្លឹកគ្រៃនេះត្រូវបានផលិតចេញពីស្លឹកគ្រៃធម្មជាតិនិងត្រូវឆ្លងកាត់ការដុតចម្រាញ់យ៉ាងយកចិត្តទុកដាក់ រយៈពេលប្រមាណជា៦ ម៉ោង។ ស្លឹកគ្រៃបរិមាណ ១៥០ គីឡូក្រាម អាច ផលិតបានប្រេងស្លឹកគ្រៃ ត្រឹមកន្លះលីត្រប៉ុណ្ណោះ។
ប្រធានក្រុមប្រឹក្សាភិបាលរូបនេះបានឱ្យដឹងថា ប្រេងរិតស្លឹកគ្រៃមានជាប្រភេទ ដបតូចដែលមានចំណុះ១០ មីលីលីត្រតម្លៃ ១៧០០០ រៀល និង ដបធំចំណុះ១ លីត្រមានតម្លៃ ១៥០ដុល្លារ និង មានចំណុះជាច្រើនប្រភេទទៀតទៅ តាមតម្រូវអតិថិជន ដែលអាចព្យាបាលអាការៈដូចជា ឈឺសន្លាកដៃជើងចុករោយ ស្ពឹកស្រពន់ ហើម គ្រិច ថ្លោះមាស់ ស្រែងសត្វល្អិតទិចឬខាំ បណ្ដេញពពួកសត្វល្អិតផ្សេងៗដូចជាមូសជាដើមនិងកាត់បន្ថយក្លិនមិនល្អបានថែមទៀតផង បន្ថែមពីនេះ ប្រេងរិតស្លឹកគ្រៃក៏យើងអាចញ៉ាំបានដែរវាជួយសម្រួលទៅ ក្នុងសារពាង្គកាយជួយកាត់បន្ថយការលើសឈាមនិងស្ត្រេសផងដែរ។
លោក ថុង បានបញ្ជាក់ប្រាប់ SR Digital Media ថា ប្រេងរិតស្លឹកគ្រៃនៃសហគមន៍កសិកម្មសំបូរមានជ័យមានទីផ្សារល្អ ដោយទទួលបានការបញ្ជាទិញជាប់ជាប្រចាំ និងមានអ្នកជាវយកទៅលក់បន្តនិងមានការកុម្ម៉ង់តាមប្រព័ន្ធអនឡាយផងដែរ។ ប្រេងស្លឹកគ្រៃ សហគមន៍ កសិកម្ម សំបូរមានជ័យ ត្រូវបាន ទទួលស្គាល់ ដោយ មន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម ។
ក្រៅពីការលក់ប្រេងរិតស្លឹកគ្រៃសហគមន៍កសិកម្មសំបូរមានជ័យ ក៏ជាទីកន្លែង ដាំដុះ ចែកចាយដើមស្លឹកគ្រៃដ៏ធំមួយ ដែលអាចផ្គត់ផ្គង់ដើមស្លឹកគ្រៃនេះទៅកាន់ទីផ្សារ ប្រមាណ១៥០០តោនក្នុង១ឆ្នាំ។
លោក ឆេង ថុង បានឱ្យដឹងថា សហគមន៍ បានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០១០ និងមានសមាជិក ចំនួន ៨៨ នាក់ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាកសិករដែលកំពុងជួបភាពខ្វះខាតនិងគ្មានទីផ្សារ។ នៅដំណាក់កាលដំបូង សហគមន៍នេះ បានផ្តោតតែលើការធ្វើស្រូវពូជតែប៉ុណ្ណោះប៉ុន្តែក្រោយមក ដោយមើលឃើញថា តម្រូវការដំណាំដើមស្លឹកគ្រៃមានទីផ្សារខ្ពស់គណៈកម្មាការសហគមន៍ ក៏បានសម្រេចក្នុងការជ្រើស យកដំណាំដើមស្លឹកគ្រៃ នេះបន្ថែមដោយផ្តើមចេញពីគណៈកម្មាការសហគមន៍ផ្ទាល់ ការដាំដុះលើផ្ទៃដីខ្លួនឯង ធ្វើជាគម្រូដល់ប្រជាកសិករក្នុងតំបន់។ក្រោយពីដាំដុះទទួលបានផលចំណេញ សហគមន៍ក៏បានពង្រីកការដាំ និងចែកសមាជិកផ្សេងៗឲ្យដាំដុះដូចគ្នារហូតរីកផ្ទៃដីកាន់តែធំ និងមានសមាជិកប្រមាណ២១៥០ នាពេលនេះ ចំណែកទិន្នផលដើមស្លឹកគ្រៃត្រូវបានចែកចាយទៅកាន់ទីផ្សារនានាដូចជាស្គន់, ផ្សារនាគមាសនិងផ្សារដើមគរជាដើម។
សម្រាប់គម្រោងនាពេលអនាគតប្រធានប្រឹក្សាភិបាលរូបនេះ នឹងពង្រីកទីផ្សារបន្ថែម ដើម្បីជួយដល់សហគមន៍ក៏ដូចជាបង្កើនការផលិតឱ្យបានច្រើនជាពិសេសជួយ លើកស្ទួយផលិតផលខ្មែរ និងស្នើឱ្យប្រជាពលរដ្ឋចូលរួម គាំទ្រផលិតផលខ្មែរដើម្បីឲ្យខ្មែរមានផលិតផលមួយជាអត្តសញ្ញាណជាតិដើម្បីប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
សហគមន៍សំបូរមានជ័យ មានទីតាំងស្ថិតនៅភូមិសំបូរឃុំសូរ្យគ្រាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ទំនាក់ទំនងគេហទំព័រហ្វេសប៊ុក សហគមន៍កសិកម្មសំបូរមានជ័យឬ លេខទូរសព្ទទំនាក់ទំនង៖ ០៣១៣៩៩៩២០៨/ ០១៧ ៧៧២៣៧២៕