ជីវិត និង សង្គម

ឧទ្យានបៃតងដ៏ធំក្នុងស្ថានទូតបារាំង នឹងស្វាគមន៍សាធារណជនចូលទស្សនាថ្ងៃទី២១ ខែកញ្ញា

October 22, 2024
August Stella
Heading
Option 1

ដំណឹង​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​ធម្មជាតិនិង​ការថតរូប! ឧទ្យាន​ស្ថានទូត​បារាំងដែល​មាន​ដើមឈើ​ត្រឈឹងត្រឈៃ និង​ផ្កា​ចម្រុះ​ពណ៌ ហើយ​ល្អ​​សម្រាប់​ការ​ថតរូប​គ្រប់​ប្លង់នោះនឹង​បើកទ្វារ​ស្វាគមន៍​សាធារណជនចូល​ដោយសេរី​​ពេញ​មួយថ្ងៃ ក្នុងទិវាបេតិកភណ្ឌ។

​បន្ទាប់ពី​បាន​ស្វាគមន៍​អ្នក​ចូល​ទស្សនា​ជាង ​៥៣០០​នាក់​កាលពី​ឆ្នាំមុន​  ដែលជា​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់មានស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​នឹង​បើកទ្វារ​សាជាថ្មី​ជូន​សាធារណជន​ចូល​ទស្សនា​នៅ​ថ្ងៃ​សៅរ៍ទី ​២១ ខែកញ្ញា ឆ្នាំ​ ២០២៤ ចាប់ពី​ម៉ោង​ ០៨​ព្រឹក​ដល់​រហូត​ម៉ោង​ ៤​រសៀល (​រួមទាំង​ពេល​ថ្ងៃត្រង់​ផងដែរ​)​។

ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ទិវា​បេតិកភណ្ឌ​អឺរ៉ុបដើម្បី​អនុញ្ញាតឱ្យ​សាធារណជន​អាច​ស្វែងយល់ ឬ​ស្វែងយល់​ជាថ្មី​អំពី​ស្ថានទូតដែល​ពោរពេញ​ដោយ​ប្រវត្តិសាស្ត្រ និង​ជាពិសេស​បានមក​កម្សាន្ត​នៅក្នុង​ឧទ្យាន​ស្ថានទូត​ទំហំ ​៤,៧​ ហិកតាដែលជា​តំបន់​បៃតង​ធំជាងគេ​មួយ​នៅរ​ភ្នំពេញ ហើយក៏​ជា​ជម្រក​នៃ​ជីវៈចម្រុះក្នុងនោះ​មាន​ដើមឈើ ​៥០​ប្រភេទ ជាង ​២០០​ដើម​ និង​សត្វ​ប្រមាណ ​៣០ ​ប្រភេទដូចជា​សត្វ​ស្លាប ស្វា ឈ្លូស និង​សត្វល្អិត​ជាដើម​។

អ្នកទស្សនា​ក៏​នឹង​ឃើញ​ផងដែរ​នូវ​ទ្វាររបង​ចាស់​មួយ​របស់​ស្ថានទូត​កាលពី​ជិត ៥០​ឆ្នាំមុន​ដែល​បាន​ឆ្លងកាត់​ប្រវត្តិ​ដ៏​ជូរចត់​នៅពេល​ដួលរលំ​ក្រុងភ្នំពេញ​នៅ​ឆ្នាំ​​ ១៩៧៥។​

​នៅពេល​ចេញពី​ស្ថានទូតសាធារណជន​អាច​ទស្សនាការ​តាំងពិព័រណ៍​រូបថត​នៅលើ​របង​ស្ថានទូតដែល​បង្ហាញ​ពី​ការ​រាំ​បែប​កីឡា Breakdance កម្ពុជា​។ការ​រាំ​ប្រភេទ​នេះ​ត្រូវបាន​ដាក់បញ្ចូល​ក្នុងចំណោម​វិញ្ញាសា​កីឡា​អូឡាំពិក​ប៉ារីស ​២០២៤ ដែល​ទើប​បញ្ចប់​កាលពីពេល​ថ្មីៗ​នេះ​។

​ដំណើរ​កម្សាន្ត​អមដោយ​ការពន្យល់​ពី​មគ្គុទ្ទេសក៍​ជា​ភាសា​ខ្មែរបារាំង និង​អង់គ្លេស​ក៏​គ្រោង​នឹង​រៀបចំ​ផងដែរ​។​

ការ​ទស្សនា​ធ្វើឡើង​ដោយ​សេរីនិង​មិនបាច់​ចុះឈ្មោះ​ជាមុន ប៉ុន្តែ​ចំនួន​អ្នកទស្សនា​អាច​នឹងមាន​ច្រើនជាពិសេស​នៅពេល​ព្រឹក​ដែល​តម្រូវឱ្យ​មានការ​ឈរ​តម្រង់​ជួរ​។

កាបូប​ធំៗនិង​របស់របរ​ដែល​អាច​បង្ក​គ្រោះថ្នាក់​មិន​អនុញ្ញាតឱ្យ​យក​ចូលក្នុង​ស្ថានទូត​ឡើយ​។អ្នកទស្សនា​អាច​យកមក​ជាមួយ​នូវ​ទឹក​សម្រាប់​ទទួលទាននិង​ត្រូវ​ពាក់​ស្បែកជើង​សមស្រប​សម្រាប់​ការដើរ​ទស្សនា​នៅក្នុង​ឧទ្យានដែល​កន្លែង​ខ្លះ​មាន​ក្រាល​ថ្ម​តូចៗ និង​ខ្លះទៀត​ជា​ស្មៅ​។

​ផ្តួចផ្តើមឡើង​នៅ​ឆ្នាំ ​១៩៨៥ ដោយ​ប្រទេស​បារាំងទិវា​បេតិកភណ្ឌ​អឺរ៉ុប​សព្វថ្ងៃ​ត្រូវបាន​ប្រារព្ធ​នៅក្នុង​ប្រទេស​ជាង​ ៥០​។

នៅ​កម្ពុជាអគារ​ដែលមាន​តម្លៃ​បេតិកភណ្ឌ​គួរឱ្យកត់សម្គាល់​ផ្សេងៗ​ ទៀត​ក៏​នឹង​បើកទ្វារ​សម្រាប់​សាធារណជន​ចូល​ទស្សនា​នៅ​ថ្ងៃទី ​២១​ កញ្ញា​ផងដែរ ដូចជា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ដែល​នឹង​បើក​ឲ្យ​ទស្សនា​ជា​លើកទីមួយ ការិយាល័យ​អង្គការ​យូណេស្កូសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​អភិរក្ស​ដ្ឋា​ន​អង្គរ​នៅ​ខេត្តសៀមរាប​។ម៉ោង​ពេល និង​បែបបទ​ទស្សនា​ត្រូវបាន​កំណត់ដោយ​ស្ថាប័ន​នីមួយៗ​៕

អត្ថបទពេញនិយម

«លែងអង លែងឃិន» ទឹកធ្លាក់ធម្មជាតិស្រស់ស្អាតខ្លាំង កំពុងលាក់ខ្លួនកណ្តាលព្រៃ

កម្ពុជារំពឹងព្រឹត្តិការណ៍ GUMBALL 3000 លើកស្ទួយទេសចរណ៍ ការវិនិយោគ សប្បុរសធម៌ និងបង្កើតកំណត់ត្រាហ្គីនណេសមុខប្រាសាទអង្គរ

ភាពយន្តឯកសារ RM មេក្រុម BTS ត្រូវបានសម្រាំងយកទៅចាក់បញ្ចាំងនៅមហោស្រពភាពយន្តដ៏ធំបំផុតមួយនៅអាស៊ី

«ភ្នំទឹកធំ» ឈរកណ្តាលទឹក ស្អាតខ្លាំងក្នុងរដូវវស្សា ជាប់ព្រំដែនវៀតណាម

ហ្វេនគាំទ្រខ្លាំង រឿងប្រវត្តិស្នេហ៍នាងនាថ ដាក់ម៉ោងចាក់បញ្ចាំងជាប់គ្នារដឹក ដល់កណ្ដាល អាធ្រាត្រ