ចំណេះដឹង

នំព្រះខែចម្អិនដោយខ្លួនឯង ចំណេញថវិកាច្រើនបានទាំងចែកញាតិមិត្ត

October 22, 2024
August Stella
Heading
Option 1

មុន​ពិធីបុណ្យ​សែនព្រះខែ​ចិន​នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះនំ​សែនព្រះខែ​​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​ដាក់តាំង​លក់​​មិនថា​ តាម​ស្ដង់ ​ចិញ្ចើម​ផ្លូវ ផ្សារ​​ម្ហូប ផ្សារទំនើប​ ហាងកាហ្វេ ​ហាងនំប៉័ងនិង​សូម្បី​តែ​តាម​កម្មវិធី​លក់​អនឡាញ​យ៉ាង​គគ្រឹកគគ្រេង ជាពិសេស​សម្រាប់​ខ្សែ​ជាប់សែស្រឡាយចិន។

ទោះជាយ៉ាងក្ដី តម្លៃ​នំ​ព្រះខែ​មួយ​ប្រអប់​​ ដែល​មានតែ​៤​នំ​នោះ យ៉ាងហោចណាស់​ក៏ ម៉ឺនរៀល​ដែរ ខណៈ​ដែល​តម្លៃ​នេះ​អាចឡើង​ដល់ ៦០ ទៅជាង ១០០​ដុល្លារ​ក្នុងមួយប្រអប់​អាស្រ័យ​ទៅ​តាម​គ្រឿងផ្សំនិង​កិត្តិនាម​ហាង​ដែល​ផលិត​​នំ​នោះផងដែរ។

នៅ​ប្រទេស​ដែល​មាន​ប្រជាជន​សែស្រឡាយចិន ដូចជា​នៅ​វៀតណាម ថៃ សិង្ហបុរីម៉ាឡេស៊ី ជាដើម នំសែន​ព្រះ​ខែតម្លៃ​ថ្លៃៗ​ជាមួយ​ការ​វេចខ្ចប់​បែបប្រណីត​​​ត្រូវបាន​គេ​ប្រើប្រាស់​ជា​អំណោយ​​ជូន​សាច់ញាតិ​បងប្អូន ឬ​អ្នក​មាន​មុខ​មាត់​ធំដុំដើម្បី​បង្កើត​ទំនាក់ទំនង​​អាជីវកម្ម​ការងារ​ជាដើម។

ប៉ុន្តែ​សម្រាប់​ប្រជាជន​ខ្មែរ​មិនថា​អ្នកជាប់សែស្រឡាយចិន ឬ​មិនជាប់នោះទេការ​ធ្វើនំព្រះខែ​ដើម្បីសែន និង​ជាអំណោយ​ជូន​ញាតិ អាច​ជា​ការ​ចំណាយ​ដ៏ធ្ងន់មួយរហូត​ដល់​គ្រួសារ​មួយចំនួនបាន​ងារក​មក​រក​ជម្រើស​ធ្វើនំ​ព្រះខែ​ដោយខ្លួន​ឯងតាមរយៈការ​មើលវីដេអូ​យូធូប ឬ​ការ​រៀន​តៗគ្នា​ពី​អ្នកជំនាញធ្វើនំ។

ក្នុង​ចំណោម​អ្នក​ដែលជ្រើសរើស​ធ្វើនំព្រះខែ​ដោយខ្លួន​ឯងនោះ អ្នកស្រី លី​ម៉េង​គីម ដែល​ជាកូនចៅចិន​អាច​និយាយ​បានទាំង​ភាសាកុកងឺ ទាជីវ និង​កាតាំង បាន​​ឱ្យដឹង​ថាអ្នក​ស្រី​បាន​មើលវីដេអូ​យូធូប និង​រៀនធ្វើតាម​ពីរ​បីដង​រហូត​ទទួលបានលទ្ធផល​នំព្រះខែ​ជាទីគាប់ចិត្ត។

អ្នកស្រី ម៉េងគីម បាន​ប្រាប់ SR News ថា៖ «ពីមុន​ខ្ញុំ​ធូធារ​ចេះតែ​ទិញ​នំ​អស់រាប់រយ​ដុល្លារ​​ចែក​ញាតិតែ​កាលពី ​៤​ឆ្នាំ​មុន​ពេល​អត់ការងារ​ធ្វើ កាលហ្នឹង​​កូវីដ អត់មានទេសចរណ៍ភ្នាក់ងារ​ក៏​ជម្រុះបុគ្គលិក ទើបខ្ញុំ​នៅផ្ទះ​ ទំនេរៗ ​ក៏​សាកធ្វើនំ​ព្រះខែ​តាម​​យូធូប»។

អ្នកស្រី​បាន​បន្ត​ថា៖ «ខ្ញុំទិញពុម្ពនំ​តាមថាវប៉ាវ អនឡាញ ហើយ​ធ្វើដំបូង​​អត់ស្អាតទេតែ​លើក​ក្រោយៗ​យក​ជា​ការ​បាន។ ឥឡូវ​ធ្វើ​ជាង​បីបួនឆ្នាំ ខ្ញុំ​ជំនាញហើយអាចធ្វើបានទាំងស្នូល​ផ្អែម និងប្រៃ ហើយ​យើងទិញប្រអប់​ច្នៃ​ដាក់​ ស្អាត​មិនចាញ់គេ​លក់​នៅ​ហាង​ទេ»។

ដូចគ្នា​នេះ​ដែរ សិស្ស​វគ្គ​រៀន​ដុតនំ​ ស៊ុ សុធាវី បាន​លើកឡើង​ថា ការ​ធ្វើនំ​ព្រះខែ​ដោយខ្លួនឯង​អាច​សន្សំ​សំចៃ​ថវិកា​​ច្រើនណាស់។

កញ្ញា​ សុធាវី បាន​និយាយ​ថា៖ «អ៊ីចឹងចំណេញច្រើនណាស់ ដោយសារ​យើងទិញគេ មួយឈុត​វា​មាន៤ នំ ទូទៅ​តម្លៃ ២០ដុល្លារ អាហ្នឹងខ្ញុំទិញញ៉ាំ ហើយផេកដែលខ្ញុំទិញស្នូលនំ គេលក់​ ៤នំ ១៨ ដុល្លារ និយាយទៅតម្លៃ​ពី ​១៨ ទៅ ២០ដុល្លារ​​ក្នុង​មួយ​ប្រអប់»។

កញ្ញា​បាន​រៀបរាប់ពី​​ការ​ចំណាយទៀត​​​ថា៖ «ចាស​បង ខ្ញុំធ្វើហ្នឹងចំណេញច្រើននិយាយទៅ​ស្នូល​ខ្ញុំ​ទិញ​អត់​អស់ ២៥ ដុល្លារ​ទេ និង​​ម្សៅហ្នឹង​ខ្ញុំធ្វើនំពុម្ព១៥០ បានចំនួន​ ២០នំ ហើយនិយាយទៅទាំងពងមាន់ ទាំង​ស្នូល ទាំង​ពងទាប្រៃ​ ប្រអប់ដាក់នំ២ដុល្លារ​ ថាអស់​មិនដល់ ២៥ដុល្លារ ទេ ហើយ​សល់ស្នូលនំ​ ៧០០ក្រាមទៀត»។

សិស្សធ្វើនំរូបនេះ ក៏បានបញ្ជាក់ផងដែរថាប្រសិន​បើ​​ពុំទិញ​ស្នូល​នំស្រាប់ពី​ហាងអនឡាញទេ អ្នកធ្វើ​នំ​រឹត​តែ​សន្សំសំចៃថវិកាច្រើនសន្ធឹក។

កញ្ញា សុធាវី បានលើក​ករណី​មិត្តរួមថ្នាក់​ម្នាក់​ដែល​ធ្វើស្នូលនំដោយខ្លួន​ឯង​ថា៖«គាត់ធ្វើស្នូលខ្លួនឯង អស់ប្រហែល ៣០ដុល្លារ ហើយគាត់អាច​ធ្វើនំបានរហូត​ ៦៤នំហើយសុទ្ធតែពុម្ព ១៥០»៕​

អត្ថបទពេញនិយម

សិស្សកម្ពុជាឈ្នះមេដាយពីការប្រកួតគណិតវិទ្យា SIMOC សរុប ១២០គ្រឿង លើសពីការរំពឹងទុក

អ្នកប្រើ Facebook និង IG បារម្ភពីឯកជនភាព ខណៈ Meta យកព័ត៌មានសាធារណៈបណ្ដុះ Chatbot

ជ្រក់ទំពាំងព្រេចឆ្ងាញ់ស្រួយស្រឹបផ្ទុះការគាំទ្រ មួយថ្ងៃលក់បានខ្ទង់រយគីឡូ

តើការត្រាំទឹកក្តៅនៅទេទឹកពុះ អាចព្យាបាលជំងឺពិតមែនឬទេ?

OPPO Find X8 $899 | Find X8 Pro $1199 ប្រកាសសម្ពោធនិងចេញលក់ជាផ្លូវការហើយនៅក្នុង ប្រទេសកម្ពុជា