ក្រុងព្រះសីហនុៈ ធ្វើដំណើរកម្សាន្តមកលេងខេត្តព្រះសីហនុភ្ញៀវទេសចរ មិនគួរមើលរំលង ទីតាំង រមណីយដ្ឋានមួយដ៏ទាក់ទាញមួយ គឺ «កោះរាជបុត្រ»ដោយសារកោះនេះមានសម្រស់ស្អាតប្លែក ខ្យល់អាកាសល្អបរិសុទ្ធ និងឆ្នេរខ្សាច់ស្អាតហើយភ្ញៀវទេសចរអាចជិះទូកទៅមើលព្រៃកោងកាង និងដើរលើស្ពាន គយគន់ធម្មជាតិដែលមាននៅទីនោះ។
SR Digital Media នឹងបង្ហាញពីចំណុចមួយចំនួនពេលភ្ញៀវទេសចរទៅកម្សាន្តនៅកោះរាជបុត្រ៖
ពេលទៅដឹងទីតាំង ភ្ញៀវទេសចរ មានជម្រើសចំនួន២ គឺទី១សំបុត្រតម្លៃ២ដុល្លារ អាចចូលលេងបាន នៅកោះរាជបុត្រ និងទី២ សំបុត្រ តម្លៃ៦ដុល្លារភ្ញៀវអាចចូលកម្សាន្តបាន៣ទីតាំង រួមមានការជិះទូក មើលព្រៃកោងកាង ការដើរកម្សាន្តលើស្ពាននិងលេងនៅកោះរាជបុត្រ។
ក្រោយពីទិញសំបុត្ររួច បុគ្គលិកនៅទីនោះមានរថយន្តសម្រាប់ដឹកភ្ញៀវ ទៅកាន់ទីតាំងព្រៃកោងកាង ក្នុងនោះយើងអាចជិះទូកមើលទេសភាពព្រៃកោងដ៏ខៀវស្រងាត់រំលាយអារម្មណ៍ជាមួយនឹង សម្រស់ធម្មជាតិ ដែលការជិះទូកមានរយៈពេល២០នាទី។
បន្ទាប់មកគឺយើងអាចកម្សាន្តលើស្ពានឈើដែលសាងសាង់កាត់តាមព្រៃឈើតូចធំ ដែលទីនេះ ភ្ញៀវទេសចរនឹងបានលម្ហែអារម្មណ៍ដោយសារតែមែកនៃព្រៃព្រឹក្សា ក្លាយជារបាំងម្លប់ត្រជាក់ចិត្ត អមដោយសំឡេងសត្វស្លាបកំពុងបំពេរសោតទិន្ទ្រីយារម្មណ៍របស់អ្នកទេសចរ ជាពិសេសទីនេះ ក៏ជាកន្លែងថតរូបដ៏ស្រស់ស្អាតផង។
ទីតាំងចុងក្រោយគឺកោះរាជ្របុត្រ ពេលទៅដល់ភ្ញៀវត្រូវបង្ហាញសំបុត្រដល់បុគ្គលិកនៅទីនោះពិនិត្យដើម្បីអាចចូលទស្សនាបាន។ កោះរាជបុត្រ ដែលជាកោះថ្មដ៏ស្រស់ស្អាត មានស្ពានឈើព័ទ្ធជុំវិញប្រវែង១៤០ម៉ែត្រ ជាពិសេស កោះដ៏ប្លែកនេះ ក៏មានព្រៃឈើដុះជុំជិតដែលធ្វើការអ្នកទេសចរងាយស្រួលធ្វើដំណើរ ហើយភ្ញៀវទេសចរ ក៏អាចឡើងលើកំពូល គយគន់សម្រស់ជុំវិញទីនោះ បានផងដែរ។
ជាមួយគ្នានេះ ភ្ញៀវទេសចរ ក៏អាចដើរកម្សាន្តតាមឆ្នេរ ថតរូបជិះទោង និងងូតទឹកសមុទ្រលេងយ៉ាង សប្បាយចិត្ត ហើយនៅកោះរាជបុត្រ ក៏មានភោជនីយដ្ឋានដែលយើងអាចកុម្ម៉ង់អាហារ និងភេសជ្ជៈ ដែលមានរសជាតិឆ្ងាញ់ជាប់ចិត្ត។
គួរបញ្ជាក់ថា កោះរាជបុត្រ ឬកោះសំពោច មានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ ដែលមានចម្ងាយ ៣៥គីឡូពីក្រុងព្រះសីហនុ៕