ភ្នំពេញៈតារាចម្រៀងរ៉េប លោក ម៉ាន់ វណ្ណដា បានបញ្ចេញបទចម្រៀងចុងក្រោយរបស់ខ្លួនចំណងជើង «Baby MAMA» លើ YouTube នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤ ដោយចម្រៀងមួយបទនេះបានឡើងមកឈរចំណាត់ថ្នាក់លេខ១ នៃបទចម្រៀងដែលពេញនិយមរបស់ YouTube។
ការឈរលើកំពូលតារាងបែបនេះមិនមានអ្វីប្លែកនោះទេ សម្រាប់តារារ៉េបឈានមុននៃកម្ពុជារូបនេះ បើទោះជាវណ្ណាបង្អន់ចេញបទចម្រៀងមួយរយៈក៏ដោយ ប៉ុន្តែសម្ទុះនៃការគាំទ្រមិនថមថយទាំងក្នុងប្រទេស និងក្រៅប្រទេស។
សូមជម្រាបថា នៅក្នុងថ្ងៃដែលវណ្ណដាទម្លាក់បទ «Baby MAMA» គឺតារារ៉េបដែលជ្រកក្រោមផលិតកម្មបារមីរូបនេះ កំពុងបំពេញការងារនៅឯក្រៅប្រទេស។ ចំណែកនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងវណ្ណដាកាលពីថ្ងៃទី ២៣ ខែមិថុនា បានបង្ហោះសារយ៉ាងដូច្នេះថា៖ «Thanks y'all for 600K views and Trending #1 on YouTube »។ ជាមួយនឹងការបង្ហោះសាររបស់វណ្ណដាបែបនេះ អ្នកគាំទ្រជាច្រើន បានចូលបញ្ចេញមតិសាទរ និងបង្ហាញក្តីស្រឡាញ់ជូនចំពោះអាយដល។
គិតត្រឹមព្រឹកថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២៤ បទចម្រៀង «Baby MAMA» របស់វណ្ណដា មានការចូលទស្សនា រហូតដល់ជិត១លាន ១សែនដង៕