សេដ្ឋកិច្ច

នំបញ្ចុកដំឡូងពណ៌ស្វាយ ផ្តោតលើសុខភាពអនាម័យ ល្បីរសជាតិឆ្ងាញ់

November 1, 2024
ថិញ រិទ្ធី
Heading
Option 1

ភ្នំពេញ​: ​ធ្លាប់តែ​ឃើញ​នំ​បញ្ចុក​ផលិត​ចេញពី​ម្សៅ​អង្ករ​ដែលមាន​ពណ៌​ស តែ​នេះជា​នំ​បញ្ចុក​ផលិត ចេញពី​ដំឡូងជ្វា​ពណ៌​ស្វាយ ដែល​កំពុងទទួល​បាន​ការ​គ្រាំទ្រ​ខ្លាំង​ពី​អតិថិជនដោយសារ​តែ​​ពណ៌​ស្អាតប្លែក​​និង​​ឱ​ជា​រស​ឆ្ងាញ់​​​​​​​មួយបែប។​

នំ​បញ្ចុក ​គឺជា​អាហារ​មួយ​ប្រភេទ​ ដែលមាន​ការពេញនិយម​ពី​​គ្រប់​ស្រទាប់​វណ្ណ​:​មិន​ការបរិភោគ​​​ប្រចាំថ្ងៃ ឬជាអាហារទទួល​​ភ្ញៀវ​ក្នុង​​​​​កម្មវិធី​ជួបជុំ និង​បុណ្យ​ផ្សេងៗ​។

អាហារ​នេះ​មានឈ្មោះដើមថា​​ «នំបុកប៉ែន» និងត្រូវបានកត់ត្រា​​​ក្នុងសតវត្សរ៍​ទី១៣ ឆ្នាំ ១២៧០​​។ នំបញ្ចុក​ត្រូវបានចម្អិន​ដោយ​​យកម្សៅទៅស្ងោរ រួចហើយ​ស្រង់យកទៅបុកលាយទឹកមុន​នឹង​​ទៅចាក់ក្នុង​ប៉ែនដែលត្រូវបាន​សង្កត់ឱ្យ​ចេញជា​សរ​សៃៗ​រោយ​​​ទម្លាក់ទៅក្នុងទឹកក្ដៅពុះហើយ​​​ស្រង់ដាក់ក្នុង​កញ្ជ្រែង​ដោយរៀបជាចង្វាយៗ។

រីឯ​​នំ​បញ្ចុក​​ដំឡូងជ្វា​ពណ៌​ស្វាយមានដំណាក់កាលផលិត​​មិនសូវ​ខុសគ្នាពី​រូបមន្ត​ពីបរមបុរាណនោះទេដោយគ្រាន់តែ​បន្ថែមគ្រឿងផ្សំ​ ភាពច្នៃប្រឌិត និង​ជំនួយ​ពីម៉ាស៊ីនទៅតាមសម័យកាល​​។

​​អ្នកស្រី វី​វី ដូ បាន​រៀបរាប់ថា​៖ «​ដំណាក់កាល​ផលិត​ដំបូង​ យើង​ត្រូវយក​ដំឡូងជ្វា​មក​ចិត​សម្បក ចេញ​ និង​លាង​ទឹក​ឲ្យ​ស្អាត​ទើប​ចិត​វា​ជា​ចំណិតៗ រួច​យកទៅ​ចំហុយ​ឲ្យ​បាន​ឆ្អិន​ល្អ ហើយ​ច្របាច់ ឲ្យ​ចូលគ្នា​ទើប​ដាក់​ម្សៅ​អង្ករ​ចូល​ទៅតាម​បរិមាណ​​ដែល​សមល្មម​រួច​ច្របាច់​បញ្ចូល​គ្នា​ម្ដងទៀត ដោយ​ដៃ ​​រួច​ដាក់​ទៅក្នុង​ម៉ាស៊ីន​ដើម្បី​សង្កត់​ចេញ​ជាស​សៃ​នំ​បញ្ចុក​»​។​

សិប្បកម្ម​នេះ​​បាន​ផ្ដួចផ្ដើម​បង្កើត​ការផលិត​នំ​បញ្ចុក​ដំឡូងជ្វា​ពណ៌​ស្វាយ​​​នៅក្នុង​ឆ្នាំ​២០២២ដោយ​ឈរ​លើគោលការណ៍​សុខភាព និងអនាម័យ។

​អាជីវករ​លក់​នំ​បញ្ចុក​រូបនេះ​បាន​ប្រាប់ SRNews ថា​៖ «​បានជា​នាង​ខ្ញុំ​បង្កើត​នំ​បញ្ចុកដំឡូងជ្វា​ពណ៌ ស្វាយ​នេះ​ឡើង ព្រោះ​ចង់​ឲ្យ​អតិថិជន​របស់​នាង​ខ្ញុំ​មាន​សុខ​ភាពល្អញ៉ាំ​​អាហារ​ដែលមាន​អនាម័យ ល្អ ​និង​ធ្វើ​មកពី​ធម្មជាតិ​ពិតៗ ១០០%ណាមួយ​វា​ប្លែក​ទៀតផង ​​ដែល​យើង​អាច​ច្នៃ​នំ​បញ្ចុក​ចេញពី​ដំឡូងជ្វា​»​។​

​ការ​ធ្វើ​នំបញ្ចុកដំឡូងជ្វា​ពណ៌​ស្វាយ ពិបាក​ត្រង់​​ការ​​ចំណាយពេល​វេលា​យូរ​និង​កម្លាំង​មនុស្ស​ច្រើន​ក្នុងការ​ចិត​សម្បកដំឡូង​ កាត់​ផ្នែក​មិនល្អចេញ និង​លាង​ទឹក​សម្អាតឱ្យ​​ដិតដល់​​​​ដើម្បី​ធានាបាន​នូវ​គុណភាព​ និង​រសជាតិ​។

អ្នកស្រី វី​វី ដូ បាន​និយាយ​ថា៖ «​​ដោយសារតែ​សិប្បកម្ម​យើងខ្ញុំគិតពី​បញ្ហា​សុខភាព​និង​អនាម័យ​ជា​ចំបង​នោះ ទើប​ធ្វើ​ឲ្យ​អតិថិជនដែល​ទិញ​យកទៅ​ទទួលទាន​រួចហើយ ពួកគាត់​មានការ​គាំទ្រ​ខ្លាំង»​។​

នំ​បញ្ចុក​ដំឡូងជ្វា​ពណ៌​ស្វាយ​នេះ​មាន​លក់​ក្នុងតម្លៃ​១​គីឡូក្រាម ២៤០០០​រៀល​។​

ស្ត្រី​វ័យ​៤៣​រូបនេះ​បាន​បញ្ជាក់ថា៖ «​​ដំឡូងជ្វា​ពណ៌​ស្វាយ​យើង​បាន​ប្រមូល​ទិញ​ពី​បងប្អូន ប្រជាកសិករ​អ្នក​ដាំ​យកមក​លក់​នៅ​​ភ្នំពេញ ​និង​បណ្ដាល​ខេត្តចំពោះ​តម្លៃ​វិញ​គឺ​ប្រែប្រួល ទៅតាម​រដូវ​ការ​នៃ​ការដាំ​ដុះ ​និង​តាម​ទីផ្សារ​ជាក់ស្តែង​​»​។​

​​សម្រាប់​នំ​បញ្ចុក​ដំឡូងជ្វាពណ៌ស្វាយមាន​លក់​តែ​នៅក្នុង​ហាង An Tian Taiwan Healthy Dessert ដែល​ស្ថិត​នៅ​ផ្លូវ ១៥៥ ផ្សាម្ដុំទួលទំពូង។ អតិថិជនក៏​​អាច​ទិញ​តាម​​ប្រព័ន្ធ​អន​ឡាញ​ជាមួយ​ការ​ដឹក​ជញ្ជូន​ទៅ​​ដល់​គេហដ្ឋានទាំង​ក្នុង​រាជធានី​ភ្នំ​ពេញ ឬផ្ញើ​ទៅតាមខេត្ត។​

​​​នៅពេល​អនាគត អ្នកស្រី វីវី ដូ និយាយ​ថា៖ «​នាង​ខ្ញុំ​ក៏មាន​គម្រោង​​​ចង់​ផលិត​មុខម្ហូប​ថ្មីៗ​ជាច្រើន​ក៏ដូចជា​នំ ​និង​បង្អែម​​សុខភាព សម្រាប់​អតិ​ថ​ជន​ជាទី​ស្រឡាញ់​របស់​ហាង​ផងដែរ»​។​

​សម្រាប់​ព័ត៌មាន​បន្ថែមសូម​ទំនាក់ទំនង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក ភូមិ​យើង https://feji.us/hl6odh​ ឬ​លេខ​ទូរ​សព្ទ​៖០៦១ ៨០៦ ៨៨៨៕

អត្ថបទពេញនិយម

កុំភាន់ច្រឡំ! អ្នកប្រើសូឡា មិនតភ្ជាប់ជាមួយអគ្គីសនីរដ្ឋ មិនចាំបាច់ធ្វើស្វ័យប្រកាស

តើការរួមភេទតាមមាត់ អាចឆ្លងមេរោគអេដស៍ ដែរឬទេ?

ពលរដ្ឋចាត់ទុក «ទិវាឪពុក» ជាថ្ងៃដឹងគុណ និងចែករំលែកក្តីស្រឡាញ់ក្នុងសង្គម

លោក ឆាយ ស៊ីនឿន ប្រមូលទិញផ្លែដូងជាច្រើន ចម្រាញ់ជាប្រេងធម្មជាតិ សម្រាប់ថែរក្សាសម្ផស្ស និងព្យាបាលជំងឺ

ប្រហុកអង្ក្រង អ្នកបាត់ដំបង ទទួលបានការគាំទ្រច្រើន មួយថ្ងៃផលិតបាន ១០០គីឡូក្រាម