កុមារមួយចំនួនត្អូញត្អែអំពីបញ្ហាផ្លូវកាយនិងផ្លូវចិត្តតានតឹង ដែលអូសបន្លាយជាងប្រាំមួយខែបន្ទាប់ពីការរញ្ជួយដីនៅកោះណូតូ។ ដើម្បីសម្រាលបញ្ហាផ្លូវចិត្ត និងផ្ដល់ភាពកក់ក្ដៅដល់កុមារឡើងវិញ សាលាបឋមសិក្សាមួយចំនួននៅតំបន់រងគ្រោះដោយគ្រោះមហន្តរាយផ្តល់កិច្ចការផ្ទះពិសេសដល់កុមារ។ នោះគឺ «ការឱបសមាជិកគ្រួសារដើម្បីជួយដល់សុខភាពផ្លូវចិត្តរបស់ពួកគេ»។
ស្ត្រីម្នាក់ក្នុងវ័យ៤០ ឆ្នាំនៅតំបន់វាជីម៉ា ខេត្ត Ishikawa បាននិយាយអំពីកូនស្រីរបស់ខ្លួនដែលកំពុងរៀនថ្នាក់ទី ៦ ថា៖ «បន្ទាប់ពីការរញ្ជួយដីកូនខ្ញុំងាយប្រតិកម្មនឹងសំឡេងរំខាន និងឆាប់ភ័យខ្លាចសូម្បីតែនៅបរិយាកាសញ័រតិចៗ។ផ្ទះរបស់យើងត្រូវបានបំផ្លាញក្នុងការរញ្ជួយដី ហើយយើងត្រូវបំបែកបង្អួចចេញមកក្រៅ»។
អ្នកស្រីឱ្យដឹងទៀតថាកូនស្រីរបស់ខ្លួននៅតែខ្លាចទីងងឹត ហើយបាត់ម្ចាស់ការ មិនអាចទៅបន្ទប់ទឹកតែម្នាក់ឯងនៅពេលយប់បានដោយសារតែផលប៉ះពាល់ផ្លូវចិត្តក្រោយពីឆ្លងកាត់គ្រោះមហន្តរាយ។
ក្រុមប្រឹក្សាអប់រំនៃខេត្ត Ishikawa បានបើកសេវាកម្មពិគ្រោះយោបល់តាមទូរស័ព្ទដើម្បីផ្តល់ការថែទាំផ្លូវចិត្តដល់កុមារកាលពីខែមករាបន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារខេត្តមួយនេះ។
នៅចុងខែមីនា សេវាផ្ដល់ប្រឹក្សានេះបានទទួលការហៅចូលចំនួន១០៩ ដង។ នាពេលបច្ចុប្បន្ននេះ អ្នកប្រឹក្សាត្រូវបានចាត់តាំងជាចម្បងទៅកាន់សាលាបឋមសិក្សានិងអនុវិទ្យាល័យនៅភាគខាងជើងនៃឧបទ្វីប ហើយនៅចុងខែមិថុនាវគ្គប្រឹក្សាសរុបចំនួន ៩០៧ ត្រូវបានផ្តល់ជូនដល់កុមារ។
នៅសាលាបឋមសិក្សា Sanno នៅទីក្រុង Nanao ខេត្ត Ishikawa ចាប់តាំងពីខែកុម្ភៈមកសិស្សត្រូវបានលើកទឹកចិត្តឱ្យធ្វើទំនាក់ទំនងរាងកាយជាមួយសមាជិកគ្រួសាររបស់ពួកគេជាផ្នែកនៃកិច្ចការផ្ទះរបស់ពួកគេ។
សាលាបានសុំឱ្យសិស្សនិយាយជាមួយឪពុកម្តាយរបស់ពួកគេដោយជ្រើសរើសពីទំនាក់ទំនងរាងកាយបួនប្រភេទ៖ អោបអង្គុយលើជង្គង់របស់ឪពុកម្តាយ កាន់ដៃលើសពីមួយនាទី ឬចាប់ដៃ។
គំនិតសម្រាប់កិច្ចការនេះបានមកពី Kimiko Koura ដែលជាគិលានុបដ្ឋាយិកានៅសាលាបឋមសិក្សា។ការស្ទង់មតិមួយដែលធ្វើឡើងភ្លាមៗបន្ទាប់ពីសាលាបានបើកឡើងវិញនៅចុងខែមករាបានបង្ហាញថា កុមារជាច្រើនកំពុងជួបប្រទះនឹងការប៉ះទង្គិចផ្លូវចិត្តក្រោយគ្រោះមហន្តរាយ។
រោគសញ្ញាជំងឺផ្លូវចិត្តរបស់កុមាររួមមានការខ្លាចហួសហេតុ ការឃ្លាតពីឪពុកម្តាយសូម្បីតែបន្តិច ឬអាការៈក្អួតប្រសិនបើពួកគេឃើញស្ថានភាពផ្ទះរលំ។
ដោយទទួលបានលទ្ធផលពីការស្ទង់មតិKoura បានគិតថា ការទំនាក់ទំនងរាងកាយជិតស្និទ្ធអាចជួយកុមារឱ្យមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុន។
ខណៈពេលដែលកុមារជាច្រើននៅតែត្អូញត្អែរអំពីបញ្ហាផ្លូវចិត្តនិងផ្លូវកាយដោយសារតែការការសាងស្ដារឡើងវិញយឺតយ៉ាវ តែក្នុងនោះកុមារនិងឪពុកម្តាយជាង ១០០នាក់បានផ្តល់មតិវិជ្ជមានថា៖ «ការឱបធ្វើឱ្យខ្ញុំមានអារម្មណ៍ធូរស្រាល»និង «កូនស្រីរបស់ខ្ញុំរាងអៀនបន្តិចប៉ុន្តែខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់»។
គំនិតផ្តួចផ្តើមនេះបានទាក់ទាញចំណាប់អារម្មណ៍ជនរងគ្រោះមកពីតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងទៀតហើយសាលាបឋមសិក្សានៅ Suzu ក្នុងខេត្តដូចគ្នាក៏បានអនុវត្តដាក់កិច្ចការផ្ទះឱ្យកុមារ«ឱប» ផងដែរ។
Kouraបាននិយាយថា៖ «ខ្ញុំសង្ឃឹមថា កិច្ចការផ្ទះបែបនេះ អាចផ្តល់ពេលវេលាឱ្យកុមារទទួលបានភាពកក់ក្ដៅស្រាកស្រាន្តពីទុក្ខភ័យនិងផ្ដល់កម្លាំងចិត្តដល់ពួកគេក្នុងការបន្តដំណើរទៅមុខ»។
របួសផ្លូវចិត្តពីការរញ្ជួយដីបានប៉ះពាល់ដល់កុមារក្នុងរយៈពេលយូរ។ យោងតាមការស្ទង់មតិប្រចាំឆ្នាំដែលធ្វើឡើងដោយក្រុមប្រឹក្សាអប់រំនៃខេត្តIwate ចាប់តាំងពីការរញ្ជួយដីដ៏ធំនៅប្រទេសជប៉ុនឆ្នាំ ២០១១ កុមារ ១៥,៨ភាគរយ ត្រូវការការគាំទ្របញ្ហាផ្លូវចិត្ត។
លោក Norihiko Kuwayama គ្រូពេទ្យចិត្តសាស្ត្រដែលមើលថែកុមារនៅ Miyagi និងខេត្តផ្សេងទៀតបន្ទាប់ពីឆ្នាំ២០១១ បាននិយាយថា៖ «កុមារមិនសូវចេះនិយាយរៀបរាប់បញ្ចេញអារម្មណ៍ជាពាក្យសម្ដីនោះទេ។កុមារជាច្រើនមានអាការៈឈឺក្បាល ឬគេងមិនលក់ហើយចាប់ផ្តើមត្អូញត្អែរអំពីរោគសញ្ញាបែបនេះប្រហែលប្រាំមួយខែបន្ទាប់ពីមានគ្រោះមហន្តរាយ»។
លោកបានលើកឡើងថា៖ «វាជាការល្អសម្រាប់កុមារក្នុងការមានទំនាក់ទំនងរាងកាយនៅពេលដែលពួកគេចាប់ផ្តើមមានអារម្មណ៍ភិតភ័យគ្មានសុវត្ថិភាព។ទោះបីជាកូនមិនចូលចិត្តក៏ដោយ ក៏ខ្ញុំចង់ឲ្យឪពុកម្ដាយឱបកូនហើយប្រាប់ថាពួកគេថា ប៉ាម៉ាក់នៅក្បែរពួកគេជានិច្ច»៕
ប្រភព៖ ANN/The Yomiuri Shimbun