ជីវិត និង សង្គម

សួនអំណាន ពង្រីកដល់៦ខេត្ត ដើម្បីលើកកម្ពស់ការអានសៀវភៅ

October 22, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

ភ្នំពេញៈ សួន​អំ​ណាន គឺជា​ឈ្មោះ​ដែល​យុវតី ឆែម ស្រី​គា បង្កើតឡើង​តំណាងឱ្យ​សកម្មភាព​លើកកម្ពស់ ការអាន​សៀវភៅដោយមាន​ការតាំង​សៀវភៅ​ជាច្រើន​ប្រភេទ​តាម​ទីសាធារណៈ ហើយ​សាធារណជន អាច​ចូល​អាន​បាន​ដោយ​សេរីនិង​​មិនមាន​ការបង់ប្រាក់​ឡើយ​។

សិក្សា​ឆ្នាំ​ទី ​៣ ផ្នែក​អក្សរសាស្ត្រ​ខ្មែរ កញ្ញា ឆែម ស្រី​គាបានឱ្យដឹងថា សួន​អំ​ណាន បង្កើតឡើងនៅ​ឆ្នាំ ​២០២០ អំឡុង​ពេលនោះកញ្ញា​កំពុង​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​ខេត្ត​ប៉ៃលិនហើយ​កញ្ញាបានជ្រើសរើស​ខេត្ត​នេះ​ជា​គោលដៅ​ដំបូង ប៉ុន្តែ​សកម្មភាព​សួន​អំ​ណាន ហាក់​ពុំ​សូវមាន​អ្នក​ចាប់អារម្មណ៍​ច្រើន​ឡើយលុះដល់​ឆ្នាំ ២០២២ គ្រា​ដែល​កញ្ញា​បន្ត​ការសិក្សា​នៅរាជធានី​ភ្នំពេញ កញ្ញា​បាន​យកគំនិតសួន​អំណាន​នេះ មក​ធ្វើ​នៅក្នុង​ក្រុង​ដ៏​ពេញនិយម​នេះ ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​។

កញ្ញា​អះអាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ទទួលបាន​អារម្មណ៍​២កាល​ដំបូង​ខ្ញុំ​បាក់​ទឹកចិត្ត​ដែរ ដោយសារ​ខេត្តប៉ៃលិន​តូច មិនមាន​សកលវិទ្យា​ល័យ សិស្ស​ភាគច្រើន​អត់​ចាប់អារម្មណ៍​ការអាន​ទេហើយ​មានតែក្មេងៗ ​៤ ឬ​៥​នាក់​ប៉ុណ្ណោះ​ដែល​មក​អាន​ជាប្រចាំ តែ​ពេល​ខ្ញុំ​យកមក​ធ្វើ​នៅ​ភ្នំពេញនៅលើ​សួន​បុ​ទម​វ​ត្តីហ្នឹងគឺមាន​អ្នក​ចាប់អារម្មណ៍​ច្រើន​មែនទែន ដែល​ធ្វើឱ្យ​ខ្ញុំ​មាន​កម្លាំងចិត្ត​បន្តធ្វើ​សួន​អំ​ណាន​នេះ​»​។​ចាប់ផ្តើម​ធ្វើ​សួន​អំណាន​ជា​លើកដំបូង មាន​អ្នកគាំទ្រ​ចូលរួម​អាន​សៀវភៅ​ច្រើន​ក៏ពិតមែនប៉ុន្តែ​សកម្មភាព​សួន​អំ​ណាន​នេះ ក៏​ត្រូវបាន​អាជ្ញាធ​ររារាំង និង​ហាមឃាត់​ផងដែរក្រោម​ហេតុផលខូច​សណ្តាប់ធ្នាប់​សារ​ធារ​ណៈតែ​ទោះយ៉ាងណា កញ្ញា​នៅតែ​បន្តសកម្មភាព​សួន​អំ​ណានរហូត​ដំណើរការ​មកទល់នឹង​ពេលបច្ចុប្បន្ន​។

«​ធ្វើ​លើក​ទី​១អាជ្ញាធរ​ហាមឃាត់ ខ្ញុំ​អត់​បាន​និយាយ​អី​ច្រើន​ទេ គឺ​ធ្វើតាម​គាត់ គាត់​ដេញ​យើង​ឱ្យ​ទៅសុំ​ការអនុញ្ញាតពេលនោះ​ភ័យ​ដែរ តែ​លើក​ទី​២ ខ្ញុំ​ឡាយ​វីដេអូ​និយាយ​ពី​ដើមចម ថា​ខ្ញុំ​ធ្វើ​ដោយស្ម​គ្រ​ចិត្តធ្វើ​ដោយ​ក្តី​ស្រឡាញ់ ចង់​ចែករំលែក​ការអាន និង​ឱ្យ​សិស្ស​និស្សិត​ដែល​អត់លុយ​អាច​អានសៀវភៅ​បានក្រោយមក​ខ្ញុំ​ផ្អាក​សកម្មភាព​រយៈពេល​១​ខែ ហើយ​ក្រោយៗ​មក​ខ្ញុំ​ធ្វើ​វា​ឡើងវិញ គឺ​អត់​មាន​បញ្ហា​ទេព្រោះ​មានការ​គាំទ្រ​ច្រើន​»​ នេះ​ជាការ​បញ្ជាក់​របស់កញ្ញា ឆែម ស្រី​គា​។

មិន​ត្រឹមតែ​ទទួលបាន​ការគាំទ្រ​ពី​សាធារណៈជន សិស្ស និស្សិត​ប៉ុណ្ណោះ​ទេសកម្មភាព​របស់​យុវតី សិក្សា​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​នេះ ក៏​ទទួល​ការ​សាទរ​ពី​លោកស្រីភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផងដែរ ដោយ​លោកស្រី លើកទឹកចិត្ត​ឱ្យ​បន្តសកម្មភាព​អំ​ណាន​នេះ​បន្ថែមទៀត​។​

​ដោយ​ទំនេរ​ពី​ការសិក្សា​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ យុវតី​វ័យ​២២​ឆ្នាំ​រូបនេះតែង​ធ្វើ​សួន​អំ​ណាន នៅ​សួន​បុ​ទម​វ​តី ចាប់ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៧​យប់ ប៉ុន្តែ​អាច​នឹងមាន​ការប្រែប្រួល​ផងដែរប្រសិនបើ​ក្រុមការងារ​សួន​អំ​ណាន​មានធុរៈ ឬ​ជាប់រវល់​ចុះ​ទៅតាម​បណ្តា​ខេត្ត​។

សួន​អំ​ណាន​មាន​តាំងនូវ​សៀវភៅ​ជាច្រើន​ដូចជា សៀវភៅ​បែប​ទស្សនៈវិជ្ជាសៀវភៅ​លើកទឹកចិត្ត សៀវភៅ​រឿងនិទាន សៀវភៅ​សាសនា និង​សៀវភៅ​ជាច្រើន​មុន​ផ្សេងទៀត​។ សួន​អំ​ណាន​នៅ​ភ្នំពេញ​

​មាន​អ្នកអាន​រាប់សិប​នាក់​ក្នុង​មួយថ្ងៃ ចាប់ពី​អាយុ​ ១០​ឆ្នាំដល់​ ៨០​ឆ្នាំ ហើយ​ភាគច្រើន​អ្នក​ទាំងនោះ ចូលចិត្ត​អាច​សៀវភៅ បែប​លើកទឹកចិត្ត​។

ផ្តើមចេញពី​ការគាំទ្រ​ច្រើន​រាជធានី​ភ្នំពេញ ពេលនេះ យុវតី ឆែមស្រី​គា បាន​ពង្រីក​នូវ​សួន​អំ​ណាន ឬ​បណ្តា​ល័យ​ចល័ត​នេះ​ទៅតាម​បណ្តា​ខេត្ត​ចំនួន ​៦ដែលមាន ៧ ទីតាំង​រួមមាន សៀមរាប ២ ទីតាំង កំពង់ចាម ១ ទីតាំង បាត់ដំបង ១ ទីតាំង កណ្តាល១ ទីតាំង ស្វាយរៀង ១ ទីតាំង និង នៅ​ពោ​ធ៍​សាត់ ១ ទីតាំង ក្នុងនោះ​មាន​សមាជិក​ចំនួន​១០​នាក់ ដែលជា​បណ្ណារក្ស​ស្ម​គ្រ​ចិត្ត ដោយ​មិន​ទទួលបាន ប្រាក់កម្រៃ​អ្វី​ទាំងអស់​។​

សម្រាប់​ថវិកា​ទ្រទ្រង់​សួន​អំ​ណាន ស្រី​គា បញ្ជាក់ថា​៖ «​ថវិកា​ចំណាយ​លើ​សួន​អំ​ណាន ភាគច្រើន ជា​ថវិកា​ផ្ទាល់ខ្លួន​ខ្ញុំ ទាល់តែ​ខ្វះខាត​បាន​ខ្ញុំ​រៃអង្គាស​ពី​សប្បុរស​នូវ​ចំនួន​ខ្វះខាតដូចជា​បើ​ខ្វះ​ ៥០​ដុល្លារ ទៅ​ ១០០​ដុល្លារ គឺ​រៃអង្គាស​តែ​ចំនួន​កំណត់​ប៉ុណ្ណឹង​ទេ​»​។

សកម្មភាព​សួន​អំ​ណាន​នេះ បាន​ជះឥទ្ធិពល​មួយផ្នែក​ទៅកាន់​យុវជន​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ដែរដូចជា​ខេត្តកំពង់ចាម ត្បូងឃ្មុំ និង​ស្វាយរៀង ដោយ​ពួកគេ​បានរៀបចំ​នូវ​សកម្មភាព​អំ​ណាន​បែបនេះ​នៅតាម​ទីសាធារណៈហើយ​ពួកគេ​ប្រាប់ថា សកម្មភាព​នេះ  កើតចេញពី​ការមើលឃើញ​នូវ​សកម្មភាពរបស់​កញ្ញា ឆែម ស្រី​គា បានធ្វើ​នាពេល​កន្លងមក​។

ទាក់ទង​នឹង​ការអាន​សៀវភៅ​វិញ ឆែម ស្រី​គា ចាត់ទុកថា មាន​សារៈសំខាន់​ណាស់ព្រោះ​ការអាន​សៀវភៅ​អាចជួយ​ឱ្យ​មនុស្ស​អភិវឌ្ឍ​ចំណេះដឹង ចេះ​គិតគូ​ពិចារណា និង​អាច​ដកស្រង់ភាព​វិជ្ជមាន​នៅក្នុង​សៀវភៅ មក​អនុវត្ត​ក្នុង​ជីវិត​ផ្ទាល់ខ្លួន មិនតែប៉ុណ្ណោះ ប្រទេសជាតិ​អាច​រីកចម្រើន​ទៅបានទាល់​តែមាន​ធនធានមនុស្ស​ល្អៗ ដែល​កើតចេញពី​ការអាន​សៀវភៅ​នេះឯង​៕

អត្ថបទពេញនិយម

អ្នកកើតខែសីហា ត្រូវនឹងតារានិករ Leo តើអ្នកមានចរិតលក្ខណៈបែបណា?

អ្នកជំនាញមហារីក ប្រាប់គន្លឹះចំនួន ១០ ការពារស្ត្រីពីជំងឺមហារីកសុដន់

សង្គមស៊ីវិល និងយុវជន ស្នើឱ្យគ្រប់ភាគីរួមគ្នាលុបបំបាត់ការប្រើប្រាស់ពលកម្មកុមារ

កូរ៉េខាងត្បូងប្ដូរពីទទួលទានសាច់ឆ្កែទៅពពែខ្មៅក្នុងប្រពៃណីស៊ុបរដូវក្ដៅ

គ្រែក្រដាសដែលល្បីប្រឆាំងការរួមភេទ ជាក់ស្ដែងដើម្បីបរិស្ថាននៅភូមិកីឡាអូឡាំពិក