ជីវិត និង សង្គម

រឿង «ការណាត់ជួបជាមួយ ប៉ុល ពត» របស់លោក រិទ្ធី ប៉ាន់ ចាក់បញ្ចាំងនៅកម្ពុជាហើយ ក្រោយពីបង្ហាញខ្លួននៅមហោស្រពភាពយន្តធំៗនៅបារាំង

October 22, 2024
August Stella
Heading
Option 1

ភាពយន្ត​ចុងក្រោយ​របស់លោក រិទ្ធី ប៉ាន់មាន​ចំណងជើង​ថា «​ការ​ណាត់ជួប​ជាមួយ​ប៉ុលពត​» (Rendezvous with Pol Pot) ដែល​ចាក់​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​កាលពី​ខែ ឧសភា ឆ្នាំ​២០២៤ បាន​ផ្ដើម​ចាក់​បញ្ចាំង​នៅតាម​បណ្ដា​រោងភាពយន្ត​នានា​នៃ​ប្រទេស​កម្ពុជានៅ​ថ្ងៃទី ៩ ខែសីហា ។​

​រឿង «​ការ​ណាត់ជួប​ជាមួយ ប៉ុល ពត​» ត្រូវបាន​ចាក់​បញ្ចាំង​នៅក្នុង​មហោស្រព​ភាពយន្ត​កានកាលពី​ខែឧសភា មុននឹង​ត្រូវ​ចាក់​បញ្ចាំង​នៅតាម​រោងកុន​បារាំង នៅ​ ខែមិថុនា ឆ្នាំ​២០២៤​។ វា​ជា​ភាពយន្ត​បែប​ប្រឌិត​តែមាន​មូលដ្ឋាន​ផ្អែកលើ​រឿងរ៉ាវ​ពិត ខ្សែភាពយន្ត​នេះ​ត្រូវបាន​ដកស្រង់​មួយផ្នែក​ពី​សៀវភៅ«​ពេល​សង្គ្រាម​បានបញ្ចប់ កម្ពុជា និង​បដិវត្តន៍​ខ្មែរក្រហម​» ដោយ​អ្នកកាសែត​អាមេរិក​ល្បីឈ្មោះ អេ​លីហ្សា​ប៊ែ​តប៊ែ​ក​ឃើ​រ​។ រឿងនេះ​រៀបរាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​អ្នកកាសែត​បារាំង​បីនាក់ដែល​ត្រូវបាន​ខ្មែរក្រហម​អញ្ជើញ​ឱ្យធ្វើ​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​មេដឹកនាំ​របស់ខ្លួន​គឺ​លោកប៉ុល ពត នា​ឆ្នាំ ១៩៧៨ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

​បន្ទាប់ពី​ត្រូវបាន​អមដំណើរ​ទៅកាន់​ទីតាំង​ជាច្រើនពួកគេ​បាន​ជួប​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​មួយថ្ងៃ​មុនពេល​ពួកគេ​ចាកចេញ​។ ភ្ញៀវ​ទាំង​បីនាក់​បន្ទាប់មក​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយគ្នាតែ​នៅ​ម៉ោង​ប្រហែល​ ១​ព្រឹកជនប្រដាប់អាវុធ​បាន​ចូលទៅ​បាញ់​ម្នាក់​ក្នុងចំណោម​ពួកគេ​។ នៅ​ថ្ងៃ​បន្ទាប់បន្ទាប់ពី​ពិធីបុណ្យ​សពអ្នកកាសែត​ពីរ​នាក់​ដែល​នៅ​រស់រានមានជីវិត​បា​ន​ចាក​ចេញពី​ប្រទេស​ជាមួយនឹង​សាកសព​មិត្ត​រួម​អាជីព​។​

​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​បាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​ចំពោះ​ឧប្បត្តិ​ហេតុដែល​នាំទៅដល់​ការធ្វើ​ទារុណកម្មនិង​ការសម្លាប់​ជីវិត​អ្នកកាសែត​បរទេស​។​

​កន្លងមក​លោកប៉ា​ន់ រិទ្ធីធ្លាប់​ផលិត​ខ្សែភាពយន្ត​ពីរ​បប​អាវខ្មៅ​ក្នុង​ទម្រង់​ខ្សែភាពយន្ត​ឯកសារ​តែប៉ុណ្ណោះប៉ុន្តែ លើក​នេះ រឿង «​ការ​ណាត់ជួប​ជាមួយ ប៉ុល ពត​» ត្រូវបាន​ផលិតឡើង​ក្នុង​ទម្រង់​ខ្សែភាពយន្ត​បែប​ប្រឌិត​ស្រមើល​ស្រមៃ​។

​ផលិតករ​ខ្មែរ​បារាំង​រូបនេះ​បានសរសេរថា​៖«​ភាព​តានតឹង​របស់​ប្រជាជន​កម្ពុជា​ភាគច្រើន​កើតចេញពី​របួស​នេះក៏ដូចជា​ផលប៉ះពាល់​ដល់​ស្ថានភាព​សង្គម វប្បធម៌ សេដ្ឋកិច្ចនិង​នយោបាយ​ជាង​បួន​ទសវត្សរ៍ ដែល​បណ្ដាលមកពី​មរតក​នៃ​អំពើ​ប្រល័យពូជសាសន៍ខណៈដំណើរ​ការស្វែងរក​យុត្តិធម៌​នៅតែ​បន្ត​សម្រាប់​ប្រជាជន​នៅ​រស់រានមានជីវិត​»​។​

​គួរបញ្ជាក់​ផងដែរ​ថា ផលិតករ រិទ្ធីប៉ាន់ ទទួលបាន​ពានរង្វាន់​អន្តរជាតិ​ជាច្រើន​សម្រាប់​ភាពយន្តនិង​ភាពយន្ត​ឯកសារ​របស់គាត់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។ នៅ​ខែមីនាឆ្នាំ ២០១៤ ភាពយន្ត​របស់គាត់ «The Missing Image» បាន​ក្លាយជា​ភាពយន្ត​ខ្មែរ​ដំបូង​គេ​ដែល​ត្រូវបានតែងតាំង​សម្រាប់​ពានរង្វាន់ Academy ដោយ Academy of Motion Picture Arts and Sciences in Hollywood​។​

​ខ្សែភាពយន្ដ​ពិសេស​របស់លោក «​ការ​ណាត់ជួប​ជាមួយ ប៉ុល ពត​» មាន​ចាក់​បញ្ចាំង​នៅតាម​រោងកុន​នានា​ក្នុង​រាជធានី​ភ្នំពេញ សៀមរាបនិង​ខេត្ត​ព្រះសីហនុដោយមាន​ការបញ្ចុះ​តម្លៃ​ជាពិសេស​សម្រាប់​សំបុត្រ​កុន​តាម​រោងភាពយន្ត​មួយចំនួន​ផងដែរ​៕

អត្ថបទពេញនិយម

ផ្កាព្រៃ ឬថាមពលបៃតង? ការជីករ៉ែលីចូម អាចគម្រាមកំហែងរុក្ខជាតិដ៏កម្រ

អាជីវកម្មភូមិយើង ផលិតនំទឹកត្នោតខ្មែរបុរាណ ប្រមូលនំចំណីដូនតាដែលស្ទើរបាត់បង់មកដាក់លក់ឡើងវិញ

ភស្តុតាងថ្មីបង្ហាញថា លេខសូន្យឥណ្ឌា មានវ័យចំណាស់ជាងលេខសូន្យខ្មែរ

តារាចម្រៀង សាយ៖ ព្រឹត្តិការណ៍រត់ប្រណាំង ធ្វើឡើងដើម្បីផ្សព្វផ្សាយបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ

ភាពយន្តឯកសារ RM មេក្រុម BTS ត្រូវបានសម្រាំងយកទៅចាក់បញ្ចាំងនៅមហោស្រពភាពយន្តដ៏ធំបំផុតមួយនៅអាស៊ី