ចំណេះដឹង

តើពិធីបុណ្យសំពះព្រះខែនិងអកអំបុក មានអត្ថន័យយ៉ាងណា?

November 12, 2024
សួស យ៉ាមី
Heading
Option 1

ពិធីបុណ្យសំពះព្រះខែ និងអកអំបុកទាក់ទងទៅនឹងពុទ្ធប្រ​វត្តិ និងជាប្រពៃណីទំនៀមទម្លាប់ខ្មែរដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុក។

ពិធីបុណ្យសំពះព្រះខែ និងអកអំបុកគឺជាពិធីមួយដែលគេរំឭកទៅដល់ព្រះបរមពោធិសត្វ ក្នុងកាលដែល ព្រះអង្គយាងចាប់កំណើតជាសត្វទន្សាយព្រះអង្គបានអធិដ្ឋានរក្សាសីល និងបំពេញបារមីដើម្បីត្រាស់ ជាព្រះពុទ្ធ។ ព្រះឥន្ទទ្រង់បានក្រឡាខ្លួនជាព្រាហ្មចាស់ម្នាក់មកសុំមំសះ ឬសាច់ទន្សាយ ដើម្បីបរិភោគជាអាហារ។

ពិធីបុណ្យសំពះព្រះខែ និងអកអំបុក ក៏ជាការថ្វាយដល់ព្រះចន្ទដែលកំពុងរះពេញវង់ ត្រូវនឹងវេលាដែល ប្រជាកសិករប្រមូលផលស្រូវបានដំបូងបំផុត ហើយកសិករបានយកស្រូវទុំថ្មីៗទៅលីងបុក រួចអុំយក អង្កាមថ្មីៗ រួចដាក់សែនថ្វាយទេវតា ចំពេលព្រះចន្ទរះពេញវង់ដើម្បីសម្ដែងការដឹងគុណទេវតា ដែលប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណី ធ្វើឱ្យដំណាំសព្វសារពើដុះដាលនិងទទួលផល។

បើតាមលោក បណ្ឌិត អាំង ជូលាន នរវិទូខ្មែរបានពន្យល់ថា ក្នុងទំនៀមទ្វាទសមាសមានពិធីមួយ ដែលគេប្រារឰឡើងនៅថ្ងៃពេញបូណ៌មីខែកត្តឹក ដែលហៅថា «អកអំបុក សំពះព្រះខែ»។បើនៅក្រុងភ្នំពេញផងគេភ្ជាប់ពិធីនេះទៅនឹងបុណ្យអុំទូក បណ្តែតប្រទីបទៀត ដ្បិតទឹកទន្លេសាបដែលកំពុងហូរខ្លាំងបញ្ច្រាសមកក្រោមវិញ ក៏នៅទីនោះស្រាប់។

ស្តាប់មួយភ្លែតទៅអកអំបុកនិងសំពះព្រះខែហាក់ដូចជារឿងពីរដាច់ដោយឡែកពីគ្នា គួឲ្យឆ្ងល់ថា ហេតុអ្វីក៏យកមកបញ្ចូលគ្នា? ដំបូងគួរយើងយកពាក្យថា “អំបុក” មកគិត។ ដើម្បីមានអំបុកទាល់តែមានស្រូវថ្មី ហើយដើម្បីមានស្រូវថ្មីទាល់តែទើបនឹងច្រូតហើយមិនយូរប៉ុន្មាន។ បើយើងគិតទៅពាក់កណ្តាលខែកត្តឹកឃើញថាបើរបបភ្លៀងមានជាប្រក្រតីហើយស្រែភាគច្រើនទូទៅនិយមស្រូវធ្ងន់ជាធម្មតាដូចទំនឹមទំនៀមពីបុរាណរៀងមក គឺថាពេលនោះជាពេលដែលគេចាប់ផ្តើមច្រូតស្រូវដូច្នោះមែន។ ភ្ជាប់នឹង “អំបុក”នោះមានពាក្យថា “អក”។គប្បីយើងពិចារណាថា ម្តេចក៏គេមិនថា ស៊ី ឬហូប ឬទទួលទានជាដើម ហើយប្រើពាក្យថា “អក” ទៅវិញ? គំនិតដែលនៅពីក្រោយនោះគឺ“សេសសល់ ហូរហៀរ” បន្តមកទៀតគឺ “សម្បូណ៌ សប្បាយ” ឥតខ្វះខាត។ រីការអកនោះគឺអកឬបង្អកមែន ហើយជាកិច្ចទៀតផង។

និយាយពីព្រះខែម្តង។ គ្មានអ្វីប្លែកទេដែលគេធ្វើនៅពេល“ពេញបេណ៌” ព្រោះពាក្យសំស្ក្រឹត “បូណ៌” ប្រែថា “ពេញលេញ”ហើយអាចមានន័យថា “ហូរហៀរ” ដូចគ្នាដែរ។ ដូច្នេះ “អកអំបុក សំពះព្រះខែ” នោះសំដៅទៅគំនិតតែមួយទេ គឺភោគផលស្រូវដែលបានមកបរិបូណ៌។ត្រង់នេះសូមបើកវង់ក្រចកបន្តិចថា បើយើងទៅទទួលទានបាយផ្ទះគេ ពេលយើងឆ្អែតហើយគេនៅតែចង់ថែមឲ្យយើងទៀតដើម្បីជាការគួរសម យើងតែងឆ្លើយទៅគេវិញថា យើងទទួលទាន “បរិបូណ៌” ហើយ៕

អត្ថបទពេញនិយម

៨ ចំណុចដែលអ្នកត្រូវដឹងពីការប្រគំតន្ត្រីសូឡូរបស់ ឱក សុគន្ធកញ្ញា ដែលមិនដល់មួយម៉ោងផងសំបុត្រលក់ដាច់ខ្ទេចគ្មានសល់

ពលរដ្ឋចាត់ទុក «ទិវាឪពុក» ជាថ្ងៃដឹងគុណ និងចែករំលែកក្តីស្រឡាញ់ក្នុងសង្គម

Liza Owen តារាចម្រៀងខ្មែរ-អង់គ្លេស នៅពីក្រោយបទល្បីៗ BTS និង Selena Gomez

ញ៉ាំ​ហ្វេ​ស​តាវិល​មក​ជា​ថ្មី បំផុស​គំនិត​ដោយ​ម្ហូប​សកល និង​បរិយាកាស​​​​​​​​​ពិកនិក​​សប្បាយៗនៅ​ពីរ​ទីតាំង​ផ្សេងគ្នា​​‍

យុវជនចង់ឃើញមានការសម្តែង ល្ខោនស្រមោលស្បែកធំ ក្នុងកម្មវិធីបុណ្យជាតិធំៗ