ប្រជាប្រិយភាពរបស់ក្រុមចម្រៀងBTS កូរ៉េខាងត្បូង មានឥទ្ធិពលលើសពីពិភពតន្ត្រី ដោយពួកគេបានក្លាយជាបាតុភូតវប្បធម៌សកលដែលទាក់ទាញទស្សនិកជនទូទាំងពិភពលោកជាមួយនឹងទេពកោសល្យក្បាច់រាំ និងបទចម្រៀងបង្កប់សារផ្ដល់កម្លាំងចិត្តនិងបំផុសគំនិតស្រឡាញ់ខ្លួនឯងដល់ហ្វេនទូទាំងពិភពលោក។
ក្រុមតារាចម្រៀងសមាជិកប្រុស៧ នាក់នេះ បានជោគជ័យនឹងអាល់ប៊ុមចម្រៀងការលក់សំបុត្រប្រគំតន្ត្រីដាច់គ្មានសល់ក្លាយជាប្រធានបទនៃនិន្នាការប្រព័ន្ធផ្សព្វផ្សាយសង្គមនិងកម្លាំងចលករដែលជះឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូង។
របាយការពីវិទ្យាស្ថានស្រាវជ្រាវHyundai Research Institute បានវាយតម្លៃតួលេខដែល BTSធ្វើឱ្យចំណេញដល់សេដ្ឋកិច្ចកូរ៉េខាងត្បូងប្រចាំឆ្នាំប្រមាណ៤,១ទ្រីលានវ៉ុន(ប្រមាណ ៣,៥៤ពាន់លានដុល្លារអាមេរិក)។
ឥទ្ធិពលលើវិស័យទេសចរណ៍និងការប្រើប្រាស់ផលិតផល
BTS បានក្លាយជាមេដែកស្រូបទាញភ្ញៀវទេសចរអន្តរជាតិមកកាន់កូរ៉េខាងត្បូង។អ្នកគាំទ្រពួកគេ ដែលមានឈ្មោះហ្វេនក្លិបថា ARMY មកលេងកូរ៉េខាងត្បូងដើម្បីទទួលយកបទពិសោធន៍ប្រទេសវប្បធម៌កំណើតរបស់ក្រុមនេះតាមរយៈការទស្សនាទីតាំងថត សារមន្ទីរបង្ហាញពីប្រវត្តិរបស់ពួកគេនិងរីករាយជាមួយម្ហូបកូរ៉េ។
ការស្ទាបស្ទង់មតិដោយអង្គការទេសចរណ៍កូរ៉េក្នុងឆ្នាំ២០១៧ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំភ្ញៀវទេសចរបរទេស៨០ម៉ឺននាក់មកលេងកូរ៉េដខាងត្បូង ដោយសារតែ BTS។
បណ្ឌិត Min-Jung Kim សាស្ត្រាចារ្យផ្នែកគ្រប់គ្រងទេសចរណ៍នៅសាកលវិទ្យាល័យជាតិសេអ៊ូលបាននិយាយថា៖«គ្មានអ្វីគួរឱ្យឆ្ងល់ទេBTS បានជំរុញឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍»។
ការសិក្សាដែលយើងបានធ្វើនៅឆ្នាំ២០២៣ បានបង្ហាញពីការកើនឡើង ២០% នៃអ្នកទេសចរវ័យក្មេងមកពីសហរដ្ឋអាមេរិកនិងអឺរ៉ុប ដោយមនុស្សជាច្រើនបានលើកឡើងពីក្រុមចម្រៀង BTS ជាហេតុផលចម្បងដែលធ្វើឱ្យពួកគេមកលេងប្រទេសកូរ៉េខាងត្បូង។ កំណើតនេះបាននាំមកនូវប្រាក់ចំណូលសម្រាប់សណ្ឋាគារ ភោជនីយដ្ឋាននិងភ្នាក់ងារទេសចរណ៍ យ៉ាងច្រើនសន្ធឹក។
ការរីកចម្រើនវិស័យទេសចរណ៍នេះមិនមែនត្រឹមតែនៅទីក្រុងសេអ៊ូលនោះទេ។ទីក្រុងប៊ូសាន និងដេហ្គូ ជាកន្លែងមានប្រវត្តិពាក់ព័ន្ធនឹងសមាជិក BTS ក៏ត្រូវបានគេកត់សម្គាល់ពីកំណើនភ្ញៀវទេសចរផងដែរ។
លើសពីការទាក់ទាញភ្ញៀវទេសចរឥទ្ធិពល BTS ក៏សាយឥទ្ធិពលដល់វិស័យលក់រាយផងដែរ។ ហ្វេន BTSទូទាំងពិភពលោកគឺជាអតិថិជនដែលហ៊ានចំណាយទិញផលិតផលដែលទាក់ទងនឹងBTS ចាប់ពីអាល់ប៊ុមផ្លូវការ សំបុត្រប្រគំតន្ត្រី សម្លៀកបំពាក់ផលិតផលគ្រឿងសម្អាង និងរបស់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត។
ប្រជាប្រិយភាពនេះបានជំរុញឧស្សាហកម្មហ្វេសសិនកូរ៉េនិងឈានដល់ការសហការជាមួយម៉ាកយីហោអន្តរជាតិល្បីៗផងដែរ។
កាលពីឆ្នាំ២០១៩ ឥទ្ធិពលរបស់ BTS លើការលក់ផលិតផលសម្លៀកបំពាក់ គ្រឿងសម្អាងនិងម្ហូបអាហារ ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ ៥,៩ទ្រីលានវ៉ុន (ប្រមាណ៥ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។
លោក Jung-Ho Park នាយកប្រតិបត្តិនៃម៉ាកសំលៀកបំពាក់កូរ៉េឈានមុខគេដែលចាប់ដៃគូជាមួយBTS លើខូលិកសិនសម្លៀកបំពាក់ល្បីៗ បានលើកឡើងថា៖ «តម្រូវកាផលិតផល BTSគឺពិតជាអស្ចារ្យណាស់»។
លោកបន្តថា៖ «យើងបានឃើញការកើនឡើង៣០០% នៃការលក់តាមអ៊ីនធឺណិតក្នុងសប្តាហ៍ដំបូងនៃការចាប់ផ្តើមដោយអ្នកគាំទ្រមកពីគ្រប់ទិសទីនៃពិភពលោកប្រាថ្នាចង់បានខូលិកសិនខោអាវនេះ»។
ការជំរុញប្រ៊េននិងការនាំចេញ
បាតុភូត BTS បានធ្វើឱ្យការសាយភាពវប្បធម៌កូរ៉េខាងត្បូងមួយកម្រិតថែមទៀត។តន្ត្រីកូរ៉េ រឿងភាគទូរទស្សន៍ និង ភាពយន្តបានកើនប្រជាប្រិយភាពខ្ពស់នៅទូទាំងពិភពលោកដោយលើកកម្ពស់មុខមាត់របស់កូរ៉េខាងត្បូងកើជាមជ្ឈមណ្ឌលវប្បធម៌ដ៏រស់រវើកនិងច្នៃប្រឌិតផងដែរ។
កញ្ញា Soo-Jin Lee អ្នកវិភាគនៅទីភ្នាក់ងារមាតិកាច្នៃប្រឌិតកូរ៉េនិយាយថា៖«BTS ពិតជាដៅវប្បធម៌កូរ៉េខាងត្បូងនៅលើផែនទីពិភពលោក»។
អ្នកវិភាគរូបនេះបន្តថា៖«ភាពជោគជ័យរបស់ពួកគេបានបើកទ្វារសម្រាប់សិល្បករកូរ៉េនិងអ្នកបង្កើតមាតិកា។យើងឃើញការកើនឡើងនូវចំណាប់អារម្មណ៍អន្តរជាតិចំពោះតន្ត្រី ភាពយន្តនិងភាពយន្តកូរ៉េ ដែលបកប្រែដើម្បីនាំចេញប្រាក់ចំណូលក៏ដូចជាពង្រឹងម៉ាកយីហោរបស់ប្រទេសកូរ៉េក្នុងនាមជាអ្នកដឹកនាំការផលិតមាតិកាប្រកបដោយភាពច្នៃប្រឌិត»។
ឥទ្ធិពលតួលេខស្វ័យគុណ
ឥទ្ធិពលសេដ្ឋកិច្ចរបស់BTS គឺហួសពីការតួលេខប្រភពប្រាក់ចំណូលផ្ទាល់។ពួកគេបានជំរុញឱ្យមានការចាប់អារម្មណ៍ក្នុងការរៀនភាសាកូរ៉េដែលនាំឱ្យមានការចុះឈ្មោះចូលរៀនវគ្គសិក្សាភាសាកូរ៉េកាន់តែច្រើនឡើងនៅទូទាំងពិភពលោក។នេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់វិស័យអប់រំកូរ៉េប៉ុណ្ណោះទេថែមទាំងជំរុញការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងផងដែរ។
បញ្ហាប្រឈមនិងការសម្លឹងទៅមុខ
ខណៈពេលដែលឥទ្ធិពលរបស់BTS គឺជាអត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចកូរ៉េខាងត្បូងបញ្ហាប្រឈមមួយចំនួនកើតឡើង។ប្រជាប្រិយភាពដ៏ធំសម្បើមរបស់ក្រុមនេះអាចបង្កើតអារម្មណ៍ទាញយកប្រយោជន៍ធ្វើពាណិជ្ជកម្មហួសហេតុហើយអ្នកគាំទ្រមួយចំនួនព្រួយបារម្ភអំពីការដាក់សម្ពាធលើសមាជិក BTS។
ទោះជាយ៉ាងណាក៏ដោយBTS បានប្រើប្រាស់វេទិការបស់ពួកគេយ៉ាងសកម្មដើម្បីលើកកម្ពស់បុព្វហេតុសង្គមនិងការតស៊ូមតិសម្រាប់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត។
ក្រឡេកមើលទៅអនាគតនៃឥទ្ធិពល BTS ក្នុងពេលបម្រើកតព្វកិច្ចយោធា ឥទ្ធិពលវប្បធម៌ដែលពួកគេបានបង្កើតអាចរក្សានៅស្ថិតស្ថេរ ក្នុងនាមជាអ្នកជំរុញសេដ្ឋកិច្ចសម្រាប់កូរ៉េខាងត្បូងក៏ដូចជាអ្នកគ្រប់គ្រងអាណាចក្រ K-Pop លក្ខណៈជាបាតុភូតសកល។ឥទ្ធិពលរបស់ពួកគេទៅលើកូរ៉េខាងត្បូងអាចបន្សល់ទុកនូវសញ្ញាណដ៏យូរអង្វែងលើទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេស៕