កំពតៈគេចចេញពីភាពរំខានពីទីក្រុងនិងកំពុងស្វែងរកកន្លែងជិតៗ បោះតង់សម្រាក ចំណាយលុយតិច ហើយមានទេសភាពស្រស់ស្អាតមែនឬអត់?កុំភ្លេចមកទំនប់ប្រទាក់ក្រឡា ធានាថាជាប់ចិត្តបំភ្លេច មិនបាន ដែលមានចម្ងាយត្រឹមតែ ១៣គីឡូម៉ែត្រពីខេត្តកំពត។
ទំនប់ប្រទាក់ក្រឡា គឺជាកន្លែងធម្មជាតិពិតៗដែលមានផ្ទៃទឹកលាតសន្ធឹងធំល្វឹងល្វើយ អមដោយ ទេសភាពជួរភ្នំជុំវិញ ក្រាលក្របដោយវាលស្មៅខៀវខ្ចីលាយឡំជាមួយខ្យល់អាកាសល្អបរិសុទ្ធ។
ជាទីតាំងស្ងប់ស្ងាត់គ្មានសំលេងរំខានពីឡាន និងម៉ូតូទំនប់នេះអំណោយផលបំផុតសម្រាប់ការបោះតង់ សម្រាកលម្ហែ ជាពិសេសនៅក្នុងរដូវវស្សា សន្សើមទឹកភ្លៀងប្រស់ឱ្យរុក្ខជាតិខៀវខ្ចីរីកលូតលាស់ល្អល្អះចំណែកអាកាសធាតុចុះត្រជាក់ល្មម ផ្តល់ភាពស្រណុកកាយដល់ភ្ញៀវទេសចរ ដែលមកកម្សាន្ត។
មិនត្រឹមតែបាននែបនិត្យជាមួយធម្មជាតិប៉ុណ្ណោះទេអ្នកទេសចរក៏អាចកម្សាន្តជាមួយនឹងការស្ទូចត្រី បបក់ត្រី ដាក់បង្កៃបានផងដែរត្បិតទំនប់ដ៏ធំនេះ សម្បូរទៅដោយមច្ឆាតូចធំជាច្រើន និងជាប្រភពម្ហូបអាហារសម្រាប់អ្នករស់នៅក្នុងតំបន់ផងដែរ។
ជាពិសេសពេលល្ងាច ទំនប់ប្រទាក់ក្រឡាប្រែខ្លួនទៅជាទីគយគន់សម្រស់ថ្ងៃលិច ពណ៌ក្រហមឆ្អិនឆ្អៅ ក្បែរធម្មជាតិជួរភ្នំខៀវស្រងាត់ចំណែកពេលរាត្រី យើងអាចអង្គុយនិយាយលេង ស្តាប់សំឡេង ចង្រឹតយំ អាំងសាច់ រាំលេងក្រោមពន្លឺព្រះចន្ទ និងហ្វូងផ្កាយដ៏ស្រស់ស្អាតផងដែរ។ អ្វីដែលអ្នក ទាំងអស់គ្នាត្រួវដឹង គឺពេលព្រឹកព្រលឹមអ្នកស្រុកនៅទីនេះ តែងតែមកនេសាទនៅទំបន់ប្រទាក់ក្រឡា ដែលយើងអាចទៅរកទិញត្រីនិងបន្លែផ្សេងៗពីពួកគាត់បាន។
ការបោះតង់នៅទំនប់ប្រទាក់ក្រឡា ពុំមានការបង់ប្រាក់ឡើយដោយយើងអាចរើសទីតាំងតាមចិត្ត ស្រឡាញ់ ប៉ុន្តែបើចង់បោះតង់នៅកន្លែងដែលមានបន្ទប់ទឹកនិងក្បែរផ្ទះប្រជាពលរដ្ឋ តម្លៃត្រឹម ១ម៉ឺនរៀលប៉ុណ្ណោះហើយពួកគាត់រសរាយរាក់ទាក់ណាស់។
ជាទីឋានទេសចរណ៍ដែលរក្សាទុកនូវការចងចាំល្អៗ និងភាពសប្បាយរីករាយក៏ពិតមែនប៉ុន្តែទំនប់ ប្រឡាក់ក្រឡា បានលាក់នូវរឿងរ៉ាវសោតនាកម្មដ៏ឃោរឃៅនៃការសម្លាប់រង្គាលប្រជាជន នៅក្នុង សម័យខ្មែរក្រហម។ ដោយឡែកនៅអំឡុង ឆ្នាំ២០០៧ទំនប់នេះ ក៏ត្រូវបានបាក់ធ្លាយដោយសារកម្លាំងទឹកបុករុលខ្លាំង ហើយក្រសួងធនធានទឹកបានស្ថាបនាទំនប់បង្ហូរទឹកមួយខ្សែត្រង់ចំណុចចន្លោះភ្នំ ដើម្បីបង្ការការបាក់ធ្លាយប៉ុន្តែដោយសារបរិមាណលើសពីការផ្ទុកទើបធ្វើឲ្យទីនោះ ប្រែក្លាយជាកន្លែងលំហែកម្សាន្តដ៏ស្រស់ស្រាយបែបធម្មជាតិនិងទាក់ទាញបំផុត។
ទំនប់ប្រទាក់ក្រឡាមានទីតាំងស្ថិតក្នុងភូមិបុស្សញ៉ិញ ឃុំកូនសត្វ ស្រុកទឹកឈូភាគខាងកើតនៃទីរួមខេត្តកំពត ដោយបែកចេញពីផ្លូវជាតិលេខ៣៣ចុះតាមផ្លូវអភិវឌ្ឃន៍ត្រង់ចំណុចខ្លោងទ្វារសាលាស្រុកទឹកឈូ៕
ទីតាំង៖ https://maps.app.goo.gl/E7pjSfj7ms9LZXti6