ជីវិត និង សង្គម

ជាងគ្មានសាលា ច្នៃកង់ម៉ូតូធ្វើចម្លាក់សត្វដូចពិតៗ លក់បានទាំងប្រាក់ បានទាំងការសរសើរ

December 26, 2024
ថិញ រិទ្ធី
Heading
Option 1

កំពង់ស្ពឺ​: សំឡេង​ចម្រៀង​បន្លឺឡើងកំដរ​សិល្បករគ្មានសាលា​ឱ្យ​ប្រើអារម្មណ៍​​​​ផ្ចិត​ផ្ចង់ក្នុងការ​​បិទ​ស្បែក​សម្បកកង់​ម៉ូតូ​លើ​គ្រោង​ដែក បង្កើតបាន​ជា​ចម្លាក់សត្វ​នានា​ដូចជា រូបសេះ​សមុទ្រ និង​ដាយ​ណូ​ស័​រ​ដ៏​ធំ។

ដោយមាន​ទេពកោសល្យ​ពីធម្មជាតិស្រាប់​​លោក មានទិដ្ឋភាព អាច​​រចនា​សម្បក​កង់​ចេញ​ជា​រូប​សត្វយ៉ាង​រស់រវើក ដោយ​គ្រាន់តែ​​​មើល​យូ​ធូប​និង​ស្រាវជ្រាវ​បន្ថែម​។

​​លោក​បាន​ប្រាប់​ការ​ព័ត៌មាន SR News ថា៖​«​មូល​ហេតុដែល​រូបខ្ញុំ​ចាប់យក​របរ​ធ្វើ​រូបចម្លាក់​សត្វ​ចេញ​ពី​សម្បក​កង់​ម៉ូតូ​​ដោយ​ខ្ញុំ​គិតថា​​វាជា​របប​មួយ​មិនសូវមាន​អ្នកធ្វើហើយ​ខ្ញុំ​ចាត់ទុក​របរ​រូប​ចម្លាក់​នេះជា​អាជីព​ប្រចាំថ្ងៃ​ដោយ​គ្រាន់តែ​ខ្ញុំ​ធ្វើតាម​វីដេអូ​យូ​ធូប​និង​ស្រាវជ្រាវ​ខ្លះៗ​ហើយក៏​ចាប់ផ្តើមធ្វើ​វា​តែម្ដង​»​។

ត្បិត​តែវត្ថុធាតុ​ដើម​ធ្វើពី​សម្បក​កង់ម៉ូតូក៏ពិតមែនតែ​ទឹកដៃ​​ធ្វើចម្លាក់ប្លែកៗរបស់លោក ដែល​ត្រូវ​បានបង្ហោះ​តាម​បណ្ដាញ​សង្គម​​អាចទាក់ទាញ​​អតិថិជន​ឱ្យហ៊ាន​​ចំណាយ​ប្រាក់​ទិញ​វា​​យកទៅ​តាំងលម្អ។

​លោកទិដ្ឋភាព​បាន​បន្តទៀតថា៖​ ​«​ពេល​ឃើញ​វីដេអូ​ភ្លែត​ខ្ញុំ​ក៏​ចាប់ផ្តើម​ធ្វើ​ភ្លាម​ហើយ​ក៏មាន​អតិថិជនចាប់អារម្មណ៍ ហើយក៏​ទិញ​ភ្លែត​តែម្ដង​»​។​

​លោក​បាន​ចាប់យក​របរធ្វើ​ចម្លាក់ពីសម្បក​កង់ម៉ូតូ​​ក្នុង​ឆ្នាំ​២០១៩។ប្រមាណ ​​៥​ឆ្នាំ​កន្លងមកនេះ លោក​បានផ្ចិតផ្ចង់​ធ្វើ​រូបចម្លាក់​ជាច្រើន​​​តាមគំនិតច្នៃប្រឌិត​ផ្ទាល់ខ្លួនក៏​ដូចជា​តាម​ការ​កុម្ម៉ង់​ពី​អតិថិជន។

ចំពោះដំណើរការនៃការ​​ផលិតវិញ ​សិល្បករ​វ័យ ៣៦​ឆ្នាំ​រូបនេះ​បាន​រៀបរាប់ត្រួសៗ​​ថា៖«​​ដើម្បី​បាន​រូបចម្លាក់​មួយៗ​យើង​ត្រូវ​គូសព្រាង​រូប​ជាមុនសិន ឧទាហរណ៍​​ថា​យើង​ត្រូវធ្វើជា​រូប​ដំរី យើង​ត្រូវតែ​គូស​រូប​ដំរី​ឲ្យ​រួច​សិន ទើប​ផ្សា​ដែក​ធ្វើជា​គម្រោង​រូប​ដំរី​នោះទើប​យក​បន្ទះសម្បកកង់​ម៉ូតូ​មក​បិទ​ជុំវិញ​រូប​ទៅតាម​រូបរាង​គ្រោង​ដែក​ដែល​ផ្សា​រួច​នោះចុងក្រោយ​​យើង​ត្រូវ​លាងសម្អាត​រូបនោះរួច​បាញ់ថ្នាំ​ជាការ​ស្រេច»​។​

​យ៉ាងណាក្ដី ចំណុច​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ធ្វើរូបចម្លាក់នេះគឺ​ការ​ផ្សា​គ្រោង​ដែក​ឲ្យ​រឹងមាំ ដើម្បី​ធានា​បាន​ថា​វា​​អាច​ទ្រ​ទម្ងន់​ធ្ងន់បាន​។ការ​​​ចៀរ​សម្បក​​កង់​ម៉ូតូ​ទៀត​សោត ក៏​ទាមទារ​ការប្រុង ប្រយ័ត្ននិងបច្ចេកទេសដោយសារ​តែ​តំណាក់កាល​នេះ​អាចប្រឈម​នឹងគ្រោះថ្នាក់គ្រប់ពេលវេលា​។​

ចំណែក​ឯ​សម្បក​កង់​ម៉ូតូ​ចាស់ៗ លោក​មាន​​ឈ្មួញកណ្ដាលយក​មក​លក់​ឱ្យ​លោក​ដើម្បីប្រើប្រាស់ជា​វត្ថុធាតុ​ដើម​​ក្នុងការ​កែច្នៃ​ជា​រូប​ចម្លាក់។

​លោក ទិដ្ឋភាព បាន​បន្ថែមទៀតថា លោក​ក៏មាន​ស្នាដៃ​ធ្វើរួច​​ស្ដុក​​ក្នុង​រោង​ជាង​ផង​ដែរ​​ដូចជាក្បាលដំរី រមាស តោ ខ្លាឃ្មុំ​ស ហនុមាន ​​សត្វ​ដាយ​ណូ​ស័​រ និង​សេះ​សមុទ្រ។

ស្នាដៃ​របស់លោកត្រូវ​​​​​បាន​លក់​ចែក​ចាយ​ទៅដល់ខេត្តសៀមរាប បាត់ដំបង កំពង់ឆ្នាំង កណ្តាល និងបណ្ដា​​ខេត្ត​ក្រុង​មួយទៀត​។

រូប​ដែល​លោក​ផលិត​ចេញមក​​​មាន​ភិនភាគ​ដូច​ទៅនឹង​រូបភាព​ពិតៗដែល​នាំ​ឱ្យ​​សន្ទុះ​នៃ​ការគាំទ្រកាន់​តែ​​​ច្រើន។ ទន្ទឹម​នឹងនោះ លោក​ក៏​ទទួល​បាន​​ប័ណ្ណសរសើរ​ពី​ក្រសួងបរិស្ថានផង​ដែរ​។​

​សត្វ​ដាយ​ណូ​ស័​រ​និង​សេះ​សមុទ្រ​​កម្ពស់​ពីរ​ម៉ែត្រ​កន្លះ​ដូចគ្នា​មាន​តម្លៃ​២,០០០​ដុល្លារ។ សម្រាប់​​តម្លៃ​ដ៏​ខ្ពស់​នេះ លោក​​​ត្រូវ​ចំណាយ​រយៈ​ពេល​ក្នុង​ការផលិត​មួយខែ​កន្លះ​​ដោយ​ប្រើ​​កម្លាំង​កូនជាង​ចំនួន​បីនាក់ក្នុងចំណោម ៤​នាក់​ដែល​ត្រូវបានលោក​​​បណ្ដុះបណ្ដាល​ឱ្យ​​​បន្ត​​ជំនាញ​មួយ​នេះ​។

​​​​​សិប្បកម្ម​លោក ទិដ្ឋភាពស្ថិតនៅ​ភូមិ​ទួល​ពោធិ៍​ជ្រៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​ព័ត៌មាន​បន្ថែម​ពី រូបចម្លាក់​នេះអាច​ស្វែងរក​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក មាន ទិដ្ឋភាព Meantithpheapទំនាក់ទំនង​ទូរ​សព្ទ​លេខ ០១៥ ៤៧៧ ៧៧៣៕

អត្ថបទពេញនិយម

Wake Park Cambodia កន្លែងជិះស្គីលើទឹកដ៏ប្លែកដំបូងគេ នៅក្រុងសៀមរាប

ទិវាមច្ឆាជាតិ៖ ក្រុមអ្នកស្ទូចត្រី និងពលរដ្ឋ ស្នើឱ្យរួមគ្នាអភិរក្ស និងប្រលែងកូនត្រី

ទៅលេងរាម កុំភ្លេចឈាងចូលមើលដើមឈើយក្សអាយុកាលច្រើនសតវត្សរ៍

ល្ខោនខោលកាន់តែទទួលបានការចាប់អារម្មណ៍ច្រើន ក្រោយពីជាប់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

«កាហ្វេសំរាម» ហាងកាហ្វេដ៏ពេញនិយមលើភ្នំគិរីរម្យ ដែលអ្នកទេសចរមិនដែលរំលង