ជីវិត និង សង្គម

គួរដឹង! រោគសញ្ញា និងមូលហេតុ បណ្តាលឱ្យកុមារកើតជំងឺទឹកនោមផ្អែម

October 22, 2024
សួស យ៉ាមី
Heading
Option 1

ភ្នំពេញៈ បច្ចុប្បន្នកុមារកម្ពុជាចំនួនជិត៧០០នាក់ បានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដែលកុមារទាំងនោះភាគច្រើន មានអាយុចន្លោះពី ៤ ទៅ ១៤ឆ្នាំ។ នេះបើតាមលោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៤។

លោកសាស្ត្រាចារ្យ លាងឈុន បានពន្យល់ថា ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលបណ្តាលមកពីការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ដូច្នេះកុមារដែលមានជំងឺទឹកនោមផ្អែមនេះ នឹងស្តែងចេញនូវរោគសញ្ញាដូចជា អស់កម្លាំងហេវហត់ ឃ្លាន ហូបច្រើន ផឹកទឹកច្រើន ប៉ុន្តែស្គមស្គាំង និងនោមច្រើន ជាពិសេសបើក្នុងករណីព្យាបាលមិនទាន់ពេលវេលា កុមារអាចនឹងសន្លប់ ឬឈានដល់ការបាត់បង់ជីវិតទៀតផង។  

រូបថត៖ ទទក

ទាក់ទងនឹងមូលហេតុដែលនាំឱ្យកុមារកើតជំងឺទឹកនោមផ្អែមប្រភេទ ១នេះវិញ អនុប្រធានមន្ទីរពេទ្យ ជ័យវរ្ម័នទី៧ រូបនេះអះអាងថា៖ «អ្នកវិទ្យាសាស្ត្រតាំងពីមុនមកមិនទាន់រកឃើញមូលហេតុពិតប្រាកដទេ  ប៉ុន្តែអ្នកវិទ្យាសាស្ត្រ បានសិក្សាលើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី១ហ្នឹង មានកត្តាមួយចំនួនដូចជា កូនក្មេងដែលបៅទឹកដោះគោ, មួយទៀតកូនក្មេងដែលធ្លាប់កើតជំងឺផ្សេងៗ ដូចជាវីរុស ថ្ងៃក្រោយមានផលវិបាកដែលនាំឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី១នេះ ហើយមួយទៀត តំណពូជដែលបានពីម្តាយ ពីឪពុកមកក៏រកឃើញថា កូនក្មេងងាយកើតជំងឺទឹកនោមផ្អែមណាស់»។

វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​​ទឹកនោមផ្អែម លោក​ស៊ុំ ស​ត្ថា បានឱ្យដឹងផងដែរថា កុមារ​ដែល​កើតជំងឺទឹក នោមផ្អែមប្រភេទទី១ អាចកើតឡើងដោយចៃដន្យដោយសារប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ទៅធ្វើឱ្យលំពែងខូច មិនអាចផលិតអាំងស៊ុយលីន និងគ្រប់គ្រងជាតិស្ករបាន​ ចំណែកការបរិភោគ​ភេសជ្ជៈ​ផ្អែម​ ក៏អាចធ្វើឱ្យកុមារកើតជំងឺនេះផងដែរ ហើយការចូលចិត្ត​ហូប​ភេសជ្ជៈ​ផ្អែម នឹង​ធ្វើឱ្យ​កុមារ​ឡើង​គីឡូ​ នៅពេលកុមារនោះ​​ធំ​ពេញរូបពេញរាង ​អាច​ប្រឈម​នឹង​កើត​ជំងឺ​ទឹក​ផ្អែម​ប្រភេទ​២ផងដែរ​។​

រូបភាព៖ ទទក

លោក​ស្រី អ៊ីវ ម៉ា​ឡែ​ន អនុប្រធាន​មន្ទីរ​​ពេទ្យ​គន្ធបុប្ផា បាន​ប្រាប់ឱ្យដឹងនាពេលកន្លងមកថា ការកើត​ជំងឺ ទឹកនោមផ្អែម​ទាំង​វ័យក្មេងនេះ​ អាច​មកពី​កត្តា​មួយចំនួន​ដូច​ជា ទី​១ ទាក់ទង​នឹង​កត្តា​សេ​នេ​ទិ​ក ឬ​កត្តា​ហ្ស៊ែន ទី​២ទាក់ទង​នឹង​កត្តាបរិស្ថាន​ពាក់​ព័ន្ធ​នឹង​បញ្ហា​អនាម័យ ឬ​អា​​ហារការផ្លាស់ប្តូរ​អាកាសធាតុ និង​បញ្ហា​ការរស់នៅ​ជាមួយ​បរិយាកាស​អួអាប់ ឬ​ស្ត្រេ​ស ​និងកត្តា​ជំងឺឆ្លង​ដោយ​វីរុស​មួយចំនួន​ផងដែរ​។

​ទាក់ទងនឹងការព្យាបាល និងថែទាំង លោក​ស្រី អ៊ីវម៉ា​ឡែ​ន ពន្យល់ថា អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី១ ​គឺ​ចាំបាច់​ត្រូវ​ប្រើ​អាំង​ស៊ុយ​លីន​បន្ថែម​ពី​ខាងក្រៅ ​ដើម្បី​ឱ្យជួយ​ទៅ​បំពេញ​មុខងារ​ដែល​ខ្វះខាត​ទាំងនោះ​ បើ​ទោះ​ជា​អ្នកជំងឺ​អាច​រក្សា​ជាតិ​ស្ករ​ក្នុង​ខ្លួន​បាន ​ដោយ​ការបន្ថែម​អាំង​ស៊ុយ​​លីននេះ​ពី​ខាងក្រៅ​ក្ដី ក៏​អ្នកជំងឺ​ត្រូវ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ខ្លួន​ឱ្យបាន​ត្រឹម​ត្រូវជា​ប្រចាំថ្ងៃ​ផងដែរ​ តាមរយៈ​ការ​​ទទួលទាន​អាហារ និង​ការធ្វើ​កីឡា​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ​ជំនាញ​​។​

​បើតាម​លោកស្រី អ៊ី​វ ម៉ា​ឡែ​ន ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ខ្លួន​បាន​ត្រឹមត្រូវ ​នឹង​នាំឱ្យ​កុមារ​អាចមាន​សុខភាព​ល្អ និង​បន្ត​រស់នៅ​ជាធម្មតា តែបើ​ការគ្រប់គ្រង​ជាតិ​ស្ករ​មិនបាន​ល្អ នឹង​នាំឱ្យ​កុមារ​ឆាប់​វិ​វ​ឌ្ឍ​ទៅរក​ស្ថានភាព​ធ្ងន់ធ្ងរ ដូចជា​ការ ខូច​ភ្នែក តម្រងនោមលើសឈាម ប៉ះ​ពាល់​សរសៃឈាម​តូចធំ និង​ប្រព័ន្ធ​ប្រាសាទ​ជាដើម​។

បើតាមអនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​អះអាងថា មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ទទួល​ព្យាបាល​កុមារ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ចន្លោះ​ពី​៦០​ ទៅ​ ៨០​ ករណី ​ក្នុង​ ១ ឆ្នាំៗ ប៉ុន្តែនៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​កុមារ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ​ដែល​មក​ស្វែងរក​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ហាក់​មានការ​កើនឡើង​៕

អត្ថបទពេញនិយម

«ផ្កាព្រៃរីស៊ត» ឋានសួគ៌សម្រាកលម្ហែ នៃដែនដីធម្មជាតិស្រស់បំព្រង ក្នុងស្រុកសំឡូត

ទិវាបង្ការការលង់ទឹកពិភពលោក អង្គការនៅកម្ពុជានៅតែពុះពារដោះស្រាយបញ្ហានេះ

ចានក្រដាស ផលិតចេញពីកាកអំពៅ មានគុណភាពខ្ពស់ ធន់ និងរក្សាទុកបានយូរ

អ្នកកើតខែសីហា ត្រូវនឹងតារានិករ Leo តើអ្នកមានចរិតលក្ខណៈបែបណា?

Microsoft ត្រៀមបញ្ឈប់បុគ្គលិក Xbox ល្បាក់ ៦៥០នាក់ ក្រោយការទិញយកក្រុមហ៊ុន Activision Blizzard