ចំណេះដឹង

លើសពីអំណាន មហោស្រពអក្សរសិល្ប៍ខ្មែរ នៅកំពង់ចាម មានទាំងសៀវភៅ និងសិល្បៈកម្សាន្តដល់យប់

October 23, 2024
August Stella
Heading
Option 1

កម្មវិធី «មហោស្រព​អក្សរសិល្ប៍​ខ្មែរ​»បាន​វិល​មកជាថ្មី​នៅ​ថ្ងៃទី ១ ដល់ ថ្ងៃទី ៣ខែវិច្ឆិកា ជាមួយ​ការ​តាំងពិព័រណ៍សៀវភៅ​​ ការ​ប្រកួតតែងនិពន្ធ​និង​ការ​សម្ដែង​សិល្បៈ​កម្សាន្ត​ដ៏សប្បាយរីករាយ នៅ​ទឹកដីក្រុងកំពង់ចាម។

ក្រោយពី​ទទួលបាន​ភាពជោគជ័យ​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់​ជាប់ៗ​គ្នា​កម្មវិធី «​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​» បាន​ឈាន​​ដល់​​ឆ្នាំ​ទី​ ៧ ​នេះហើយ។ ​ប្រធាន​​បទសម្រាប់ឆ្នាំ២០២៤​នេះគឺ​ «​អក្សរសិល្ប៍​បៃតង​» ចំពេល​ដែល​ពិភពលោក​​​កំពុង​ចាប់អារម្មណ៍រឿង​បរិស្ថានកិច្ចការអភិរក្សធម្មជាតិ ​និង​ការប្រែប្រួលអាកាសធាតុ​។

​​មហោស្រព​អក្សរសិល្ប៍​ខ្មែរត្រូវ​បាន​​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ ​២០១៧មកម្ល៉េះ​ក្នុង​គោលបំណង​បី​ធំៗ​គឺ៖ ទីមួយ​បណ្ដុះ​ស្មារតី​ស្នេហា​អក្សរសាស្ត្រ​ជាតិ​ ទី២ ​លើកកម្ពស់​នូវ​កិត្តិយសនិង​គុណ​តម្លៃ​របស់​អ្នកនិពន្ធ​ និង ទី៣ បង្កើន​ឱកាស​ក្នុងការ​ទំនាក់ទំនង ​និង​ពង្រីក​វិសាលភាព​ទីផ្សារ​ដល់​អ្នកនិពន្ធនិង​វិស័យ​បោះពុម្ពនិង​អក្សរសិល្ប៍​។​

ទីតាំងចំនួន​ ៣ ​ដែល​នឹង​មានការប្រារព្ធ​មហោស្រព​នេះ​រួមមាន​​វិទ្យាល័យព្រះសីហនុ វិទ្យាល័យ​ហ៊ុនសែន កំពង់ចាមនិង​មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម។

ការប្រារព្ធកម្មវិធី​​ដោយជ្រើសរើស​​ទឹកដី​​ខេត្ត​កំពង់ចាមលើកនេះ ​មានទំនាក់ទំនងជាមួយ​​​ស្នាដៃនិពន្ធ​របស់​​ទូត​សុច្ឆន្ទៈ​ទី១ ​នៃ​​មហោស្រព​អក្សរសិល្ប៍ខ្មែ​គឺ​អ្នកនិពន្ធជើងចាស់ ជុត ខៃ។

អ្នកនិពន្ធ​វ័យ ៨៤ឆ្នាំរូបនេះ​បាន​រំឭក​ប្រាប់​​​​ថា៖ «ពេលខាងមុខ​នឹង​មាន​ការតាំងពិព័រណ៍​សៀវភៅ​​របស់ខ្ញុំផង​ដែរ។​​កាលពី ៧០​ឆ្នាំមុន ខ្ញុំ​រៀន​នៅវិទ្យាល័យ​ព្រះសីហនុ​ សៀវភៅ​របស់ខ្ញុំខ្លះដូចជា [រឿង]អស្ដង្គត​នៃប្រជាជាតិមួយ [រឿង​] ​ក្មេងវត្ត​​សម័យ​បារាំង​ គឺរៀបរាប់ជាពិសេស ​​ខេត្ត​កំពង់ចាម​នេះតែម្ដង»។

​សិល្បការិនី ​ស៊ីនសេដ្ឋ​សុ​ជ្ឈ​តា ដែលជា​ទូត​សុច្ឆន្ទៈ​ទី ​២នៃ​មហោស្រព​អក្សរសិល្ប៍​លើក​ទី ​៧ ​មាន​ចំណាប់​​អារម្មណ៍​ថា ខ្លួន​ពិតជា​មាន​កិត្តិយស​ណាស់​​ដែល​ត្រូវបានតែ​ងតាំង​ជា​ទូត​សុច្ឆន្ទៈ​សម្រាប់​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ឆ្នាំ ​២០២៤​។​

ចៅស្រីអធិរាជ​សម្លេងមាស​​​រូបនេះ​បាន​បន្ត​ទៀត​ថា៖ «ក្នុងនាម​ខ្ញុំ​ជា​សិល្បករ​ផ្នែក​ចម្រៀង ​និង​អ្នកនិពន្ធ​បទ​ចម្រៀង​តួនាទី​មួយ​នេះ​មាន​អត្ថន័យ​ជាពិសេស​​ដែល​អនុញ្ញាតឱ្យ​ខ្ញុំ​បញ្ចូល​គ្នា​នូវ​សេចក្ដីស្រឡាញ់​របស់ខ្ញុំ​ចំពោះ​សិល្បៈ​ជាមួយ​មរតក​អក្សរសាស្ត្រ​ដ៏​សម្បូរបែប​របស់​កម្ពុជា»​។

 សិល្បការិនី ​ស៊ីនសេដ្ឋ​សុ​ជ្ឈ​តា បាន​និយាយ​ថា៖ «​នាង​ខ្ញុំ​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​សហគមន៍​យើង​ ដើម្បី​រំលេច​និង​ចែករំលែក​សំឡេង​ដ៏​គួរឱ្យកត់សម្គាល់ក៏ដូចជា​ដើម្បី​ឈ្វេងយល់​បន្ថែម​អំពី​រឿងរ៉ាវ​នៃ​អក្សរសាស្ត្រ​ខ្មែរ​។ សូម​អរគុណ​សម្រាប់​ឱកាស​ដ៏​មាន​អត្ថន័យ​មួយ​នេះ​!»​។​​

មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី ​៧ ឆ្នាំ​២០២៤ មាន​រយៈពេល​ចំនួន ៣​ថ្ងៃដោយ​​កម្មវិធី​ពិសេសៗ​ជាច្រើន​ដូចជា​៖មហោស្រព​កំណាព្យ​តូច​, កម្មវិធី​ណែនាំ​សៀវភៅ «​រលក​ថ្មី​៖ ស្នាដៃ​អក្សរសិល្ប៍​ពី ២០២១ដល់ ២០២៣», ពិព័រណ៍ «​បៃតង​», សិក្ខាសាលា​និពន្ធ​ច្នៃ​ប្រតិដ្ឋ​, វេទិកា​ពិភាក្សា «​តួនាទី​ប្រតិបត្តិ​ករ​វប្បធម៌​ក្នុងការ​លើកកម្ពស់និង​ចូលរួម​ការពារ​បរិស្ថាន​», អំ​ណាន​តាម​ទីតាំង​ជាក់លាក់​ស្ដីអំពី​ខេត្តកំពង់ចាម​, វេទិកាសេរី «​អំ​ណាន​បៃតង​», ទស្សនកិច្ច​វប្បធម៌​, កិច្ចពិភាក្សា «​ជំនួប​អ្នកនិពន្ធ​នៅ​កំពង់ចាម​», សិក្ខាសាលា «​បណ្តាំ​មួយ​នៃ​កវី​ឃុនស្រ៊ុន​», ប្រឡង​សំណេរ​បៃតង​, ប្រកាស​ជ័យលាភី​ស្នាដៃ​អក្សរសិល្ប៍​ច្នៃ​ប្រតិដ្ឋនិង​សិល្បៈ​ទស្សនីយភាព​ចម្រុះ(​របាំ​ប្រជាប្រិយ​, ចាប៉ីដងវែង​, ល្ខោនខោល​, អា​យ៉ៃ 5G នាង​ស៊ូ​ស៊ូ​, ល្ខោនបាសាក់​, និង​ចាប៉ីដងវែង​)​៕

អត្ថបទពេញនិយម

តើរលកកម្តៅពិភពលោក នឹងថយចុះ ឬកើនឡើងនាពេលអនាគត?

តស់! ស្វែងយល់ពីទិវាអន្តរជាតិសម្រាប់ការអភិរក្សស្រទាប់អូហ្សូន ២០២៤

សារៈប្រយោជន៍នៃដើមឈើក្នុងទីក្រុង

ស្អាតណាស់! សម្រស់ធម្មជាតិខេត្តមណ្ឌលគិរី នារដូវរស្សា

ពិធីបុណ្យស្រាបៀរ Oktoberfest អាល្លឺម៉ង់រៀបចំនៅកោះពេជ្រ ចុងខែតុលានេះ