ភ្នំពេញៈអ្នកជំនាញមកពីមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក FredHutchinson និងសម្ព័ន្ធថែទាំមហារីកSeattle បានដាក់ចេញនូវកម្រងព័ត៌មានស្រាវជ្រាវទាក់ទងទៅនឹង«វិធីសាស្ត្រការពារស្ត្រីពីជំងឺមហារីកសុដន់»។ក្នុងអត្ថបទនេះ SR Digital Media បានដកស្រង់គន្លឹះចំនួន១០ ស្តីពី «វិធីការពារស្ត្រីពីជំងឺមហារីកសុដន់»ពីអ្នកជំនាញនៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកFred Hutchinson មកបង្ហាញលោកអ្នក៖
១.ជៀសវាងការលើសទម្ងន់
ភាពធាត់គឺជាកត្តាមួយដែលមានហានិភ័យ នៃការកើតជំងឺមហារីកសុដន់។ក្នុងពេលដែលស្ត្រីមានភាពធាត់ ឬលើសទម្ងង់នេះ ជំងឺមហារីកសុដន់កើតឡើងញឹកញាប់បំផុត ដូច្នេះស្ត្រីគ្រប់រូបគួរតែចេះតាមដានទម្ងន់និងកម្ពស់ឱ្យត្រឹមត្រូវតាមស្តង់ដា។
២.បរិភោគអាហារសុខភាព
ស្ត្រីគួរបង្កើតរបបអាហារនិងត្រូវទទួលទានបន្លែ ផ្លែឈើស្រស់ៗ គ្រាប់ធញ្ញជាតិនិងផលិតផលចម្រាញ់ចេញពីសណ្តែក ក៏ដូចជាទឹកដោះគោ យ៉ាអួដែលអាហារទាំងនេះសុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាព។ ចំពោះសាច់វិញគួរតែជ្រើសយកសាច់ប្រភេទណា ដែលគ្មានជាតិខ្លាញ់ច្រើន ដូចជាត្រីឬទ្រូងមាន់។ អ្នកគួរតែទទួលទានរបបអាហារនេះចាប់តាំងពីវ័យក្មេងនិងបន្តរហូតពេញមួយជីវិត នោះវាអាចការពារខ្លួនអ្នកពីជំងឺមហារីកសុដន់បាន៣%។ ចំណែកភេសជ្ជៈដែលមានជាតិស្ករខ្ពស់ និងអាហារកែច្នៃគួរតែជៀសវាងឱ្យបាន។
៣.ការធ្វើលំហាត់ប្រាណទៀងទាត់
ការស្រាវជ្រាវបានបង្ហាញថាការធ្វើលំហាត់ប្រាណជួយកាត់បន្ថយហានិភ័យយ៉ាងហោចណាស់ ១០ ភាគរយនៃជំងឺមហារីកសុដន់ទាំងមូល។ អ្នកអាចជ្រើសរើសការហាត់ប្រាណងាយៗដូចជា ការដើរ៣០នាទីក្នុងមួយថ្ងៃ ឬ ៥ថ្ងៃ ក្នុងមួយសប្តាហ៍ដើម្បីទទួលបានប្រសិទ្ធភាពការពារនេះ។
៤.ជៀសវាងគ្រឿងស្រវឹង ឬកំណត់ការទទួលទានតិចតួច
ការទទួលទានគ្រឿងស្រវឹងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកសុដន់របស់ស្ត្រី។ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ស្ត្រីគួរទទួលទានគ្រឿងស្រវឹង មិនឱ្យលើសពីមួយកែវក្នុងមួយថ្ងៃព្រោះស្រាប្រភេទណាក៏ដោយ សុទ្ធតែអាចបង្កើនហានិភ័យបានដែរ។ បើតាមអ្នកស្រាវជ្រាវការផឹកស្រាតិចតួច ឬមិនផឹកទាល់តែសោះ បានផ្តល់ផលល្អបំផុតសម្រាប់សុខភាពស្ត្រី។
៥.ជៀសវាងការព្យាបាលដោយប្រើថ្នាំអរម៉ូន
ការព្យាបាលដោយប្រើថ្នាំអរម៉ូនគឺមានប្រសិទ្ធភាពក្នុងការជួយជំរុញដល់ការមករដូវ,ការរាំងរដូវនិងល្អចំពោះស្ត្រីដែលមានរោគសញ្ញាមុនពេលអស់រដូវប៉ុន្តែការប្រើប្រាស់ថ្នាំអរម៉ូន មួយចំនួនអាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ដូច្នេះស្ត្រីគ្រប់រូបគួរជៀសវាងការប្រើប្រាស់ថ្នាំអរម៉ូន។
៦.ប្រើថ្នាំទប់ស្កាត់អរម៉ូនអ៊ឹស្ត្រូសែនប្រសិនបើសមាជិកគ្រួសារមានប្រវត្តិកើតជំងឺមហារីក
ក្នុងករណីសមាជិកក្រុមគ្រួសារអ្នកធ្លាប់មានអ្នកកើតជំងឺមហារីកសុដន់ នោះភាគរយនៃការកើតជំងឺមហារីកសុដន់អាចមានទៅលើអ្នកជំនាន់ក្រោយផងដែរ ដូច្នេះអ្នកអាចជ្រើសរើសការការពារមួយដែលសំខាន់គឺការប្រើប្រាស់ថ្នាំទប់ស្កាត់អរម៉ូនអ៊ឹស្ត្រូសែន ដោយត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ដើម្បីយល់ពីអត្ថប្រយោជន៍និងផលប៉ះពាល់នៃប្រភេទថ្នាំមួយនេះ។
៧.កុំជក់បារី
ការស្រាវជ្រាវបានបង្ហាញថាការជក់បារី បានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកសុដន់ចំពោះស្ត្រីមួយចំនួនផងដែរ ដូច្នេះ ស្ត្រីគ្រប់រូបគួរជៀសវាងឱ្យបាននូវការជក់បារី ឬចាប់ផ្តើមកាត់បន្ថយការជក់បារីបន្តិចម្តងៗរហូតកាត់ផ្តាច់បានទាំងស្រុង។
៨.បំបៅកូនដោយទឹកដោះម្តាយ
ចំពោះស្ត្រីដែលមានកូនគួរតែបំបៅកូនដោយទឹកដោះខ្លួនឯង ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ តាមការស្រាវជ្រាវស្ត្រីដែលបំបៅកូនដោយទឹកដោះ មានការថយចុះហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសុដន់។
៩.តាមដានព័ត៌មាន អំពីការកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ឱ្យបានទៀងទាត់
ការចូលមើលប្រភពព័ត៌មានល្បីៗទាក់ទងទៅនឹងការស្រាវជ្រាវអំពីការកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ អាចជួយឱ្យអ្នកមានចំណេះដឹងនិងយល់អំពីជំងឺមហារីក, មូលហេតុនៃការកើតជំងឺមហារីក,ការការពារនិងការព្យាបាល ក៏ដូចជាយល់ដឹងពីការធ្វើបច្ចុប្បន្នភាព (Update)ព័ត៌មានថ្មីនានាស្តីពីជំងឺមហារីកផងដែរ។
១០.ចូលរួមនិងគាំទ្រសកម្មភាពសង្គមដែលពាក់ព័ន្ធនឹងកីឡា
ការចូលរួមសកម្មភាពសង្គមដែលពាក់ព័ន្ធជាមួយនឹងកីឡា បានជួយលើកកម្ពស់ការធ្វើលំហាត់ប្រាណបង្កើតរបៀបរស់នៅឱ្យមានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្តជាពិសេសជួយឱ្យយើងមានទំនាក់ទំនងរស់នៅល្អ ក្នុងសង្គមបានយ៉ាងបរិបូរ៕