ទេសចរណ៍

ការព្យាបាលដោយកប់ដី ប្រែក្លាយវាលខ្សាច់ស៊ីនជាំងទៅជាដែនទេសចរណ៍

October 22, 2024
August Stella
Heading
Option 1

ថាមពល​ព្យាបាល​នៃ​ព្រះអាទិត្យនិង​ខ្សាច់​បានប្រែក្លាយ​វាល​ខ្សាច់​ដ៏​ធំ​នៅក្នុង​តំបន់​ស្វយ័ត ស៊ីនជាំង​​ ​អ៊ុយហ្គ័រ ទៅជា​គោលដៅ​ទេសចរណ៍​ដ៏​ក្តៅគគុកផ្តល់​សុខុមាលភាព​ដល់​អ្នក​ដែល​ជឿ​លើ​ឱសថ​ធម្មជាតិនិង​ជួយ​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍​ក្នុងស្រុក​ឡើងវិញ​។​​

​អ្នកទេសចរ​ជាច្រើន​ទៅកាន់​តំបន់​នេះ​កំពុង​សម្រុក​ទៅកាន់ Turpan ដែលជា​ទីក្រុង​ដែលមាន​ចម្ងាយ​ប្រហែល ១៨០​គីឡូម៉ែត្រស្ថិតនៅ​​​ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី Urumqiក្នុង​តំបន់​​មាន​​មណ្ឌល​សុខភាព​ផ្តល់នូវ​កញ្ចប់​​​ស្នាក់នៅនិង​ការព្យាបាលដោយ​​​ខ្សាច់ គួបផ្សំ​​​ឱសថ​​ចិន​។​

​ការព្យាបាល​ដោយ​ខ្សាច់​គឺជា​ការព្យាបាល​បែប​ប្រពៃណី​ក្នុងចំណោមជនជាតិ​ ​ភាគ​តិច​អ៊ុយហ្គ័រ (Uyghurs) ដោយ​តំបន់ស៊ីនជាំង​​ មាន​ប្រវត្តិ​ដ៏​យូរលង់​ក្នុងការ​ប្រើប្រាស់​លក្ខណៈសម្បត្តិ​ព្យាបាល​នៃ​ខ្សាច់​ក្តៅរួមផ្សំ​ជាមួយនឹង​ការព្យាបាល​ផ្សេងទៀត ដើម្បី​លើកកម្ពស់​ចរន្ត​ឈាមព្យាបាល​ជំងឺ​ឈឺសន្លាក់​ឆ្អឹង និង​បង្កើន​គុណភាព​ដំណេក​ដែលជា​រឿយៗ​ទទួលបាន​លទ្ធផល​គួរឱ្យកត់សម្គាល់​។​

​នៅ​មជ្ឈមណ្ឌល​សុខភាព​ព្យាបាលដោយ​​ខ្សាច់ដែលមាន​ទីតាំងនៅ​តំបន់​ទេសភាព​វាល​ខ្សាច់ Kumtag នៃ​ស្រុក Shanshan នៃក្រុង​ Turpan ភ្ញៀវ​ត្រូវបាន​ផ្តល់ជូន​នូវ​បទពិសោធន៍​ពិសេស​នៃ​ការ​កប់​ផ្នែក​ដែលឈឺ​​នៃ​រាងកាយ​របស់​ពួកគេ​នៅក្នុង​ខ្សាច់​ក្រោម​ពន្លឺព្រះអាទិត្យ​ដ៏​ក្ដៅគគុកជាមួយនឹង​សីតុណ្ហភាព​នៃ​ផ្ទៃ​ខ្សាច់​ឡើងដល់ ៥០​អង្សាសេ​​។​

​បុគ្គលិក​មកពី​មន្ទីរវេជ្ជសាស្ត្រ​ Shanshan County of Uygur Medicine ដែល​សាងសង់​មណ្ឌល​សុខភាព នឹង​លាប​ប្រេង​​អូ​លីវ​លើ​​​រាងកាយ​របស់​ភ្ញៀវត្រង់​ផ្នែក​ដែលឈឺ​សាកល្បង​សីតុណ្ហភាព​ខ្សាច់ ជីក​រន្ធដ៏​​សមរម្យនិង​ជួយ​ភ្ញៀវ​ចាប់ផ្តើម​ការព្យាបាល​។ ឆ័​ត្រធំៗ​អាច​​ត្រូវបាន​ផ្តល់ជូនភ្ញៀវ​​សម្រាប់​ការការពារ​ពន្លឺព្រះអាទិត្យ​។​

​ការរួមបញ្ចូល​គ្នា​នៃ​ពន្លឺព្រះអាទិត្យ កំដៅ​ស្ងួត សម្ពាធនិង​កម្លាំង​ម៉ាញេទិក ត្រូវបាន​គេ​ប្រើ​ជា​ញឹកញាប់​ដើម្បី​កាត់បន្ថយ​ការឈឺ​ចាប់ក្នុង​​​លក្ខខណ្ឌ​ដូចជាជំងឺ​រលាក​សន្លាក់ឆ្អឹង និង​ជំងឺ​ពុក​ឆ្អឹង​។​

លោក ​Zhou Jianli ដែល​បាន​រងរបួស​ចង្កេះ​បាន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​នេះ​បាន​និយាយថា​៖ «ការព្យាបាល​ដោយ​ខ្សាច់​មាន​ប្រយោជន៍​ជាង​ការ​ស្អំ​កម្ដៅ​ហើយ​ក៏មាន​អារម្មណ៍ស្រួលខ្លួនផង​​ដែរ​»​។​

រីឯ​លោក Xie Zongheng និង​ប្រពន្ធ​របស់គាត់​ដែល​បើកឡាន​មកពី​ខេត្ត​​ក្វាង​ទុងបានជ្រើសរើស​កញ្ចប់​ព្យាបាល​ខ្សាច់​រយៈពេល​ប្រាំពីរ​ថ្ងៃ​នៅ​មជ្ឈមណ្ឌល​មួយ​នេះ​។​

លោក Xieបាននិយាយ​ថា៖ «​ក្វាង​ទុង​មាន​អាកាសធាតុ​ក្ដៅ​សើម​គួរសម​។យើង​មក​ទីនេះ​ដើម្បី​គេចពី​សំណើម»។

​​បន្ទាប់ពី​ការព្យាបាល​ លោកបាន​ប្រាប់​​ថា៖ ««​ដំបូង​វា (​ខ្សាច់​) ក្តៅប៉ុន្តែ​ប៉ុន្មាន​នាទី​ក្រោយមក សីតុណ្ហភាព​មាន​ផាសុកភាព​។រាងកាយ​ទាំងមូល​របស់ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល»។

អ្នកស្រី Reyima Arken វេជ្ជបណ្ឌិត​នៅ​មជ្ឈមណ្ឌល​បាន​និយាយថាសេវា​ព្យាបាលនៅវាលខ្សាច់​ចាប់ផ្តើម​បន្ទាប់​ពី​ម៉ោង ៥:៣០ល្ងាចដែលជា​វិធានការ​ចាំបាច់​ដើម្បី​ការពារ​ភ្ញៀវ​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។នៅពេល​ព្រឹក និង​ពេលយប់ ការព្យាបាល​ត្រូវធ្វើឡើង​ក្នុងអគារ​ ដោយ​ប្រើ​ខ្សាច់កម្ដៅ​​​លាយ​ជាមួយ​ឱសថ​បុរាណ​ចិនឬ​អំបិល​។​

​អ្នកស្រី​បាន​បន្ថែមថា ក្នុងអំឡុងពេល​នៃ​វគ្គ​ព្យាបាល​នីមួយៗដែលមាន​រយៈពេល​ប្រហែល​ពី ១៥ ទៅ ៣០ នាទី បុគ្គលិក​របស់​មជ្ឈមណ្ឌល​យកចិត្តទុកដាក់​លើ​តម្រូវការ​ផ្សេងទៀតដូចជា​ការផ្តល់​ទឹក​ដល់​ភ្ញៀវ ឬ​ជួយ​ពួកគេ​ជូត​ញើស​។​​

​យោងតាម​អាជ្ញាធរ​ក្នុង​តំបន់​បានឱ្យដឹងថា មនុស្ស​ប្រហែល ៥៥០០០​នាក់​បាន​ឆ្លងកាត់​ការព្យាបាល​នៅក្នុង​ស្រុកShanshan ពី​ខែមិថុនា​ដល់​ខែកក្កដាដែល​បាន​នាំ​​​ប្រាក់ចំណូល​ពី​ទេសចរណ៍​ប្រហែល ៨លាន​យន់​ (ប្រមាណ ១,១២​ដុល្លារ​អាមេរិក)​៕

ប្រភព៖ AsiaNews Network/CHINA DAILY

អត្ថបទពេញនិយម

ហ្វេនគាំទ្រខ្លាំង រឿងប្រវត្តិស្នេហ៍នាងនាថ ដាក់ម៉ោងចាក់បញ្ចាំងជាប់គ្នារដឹក ដល់កណ្ដាល អាធ្រាត្រ

កន្លែងដើរលេងទាំង៥ ដ៏ស្រស់ស្អាតនៅខេត្តកំពត

«ផ្កាព្រៃរីស៊ត» ឋានសួគ៌សម្រាកលម្ហែ នៃដែនដីធម្មជាតិស្រស់បំព្រង ក្នុងស្រុកសំឡូត

សារៈប្រយោជន៍នៃដើមឈើក្នុងទីក្រុង

ជាង១ទសវត្សរ៍ KA-Tours នាំភ្ញៀវទេសចរជិះស៊ីក្លូ ស្វែងយល់ពីប្រវត្តិអគារស្ថាបត្យកម្មចាស់ៗនៅរាជធានីភ្នំពេញ