ភ្នំពេញ:ខ្មែរយើងមានម្ហូបអាហារឆ្ងាញ់ៗជាច្រើនមុខហើយអាហារទាំងនោះបានវិវត្តខ្លួនទៅជាអាហារ វេចខ្ចប់ដើម្បីងាយស្រួលទុកបានយូរមិនពិបាកក្នុងការចម្អិន។
អាហារទាំងនោះមានដូចជាបុកត្រីឆ្អើរ បុនកន្ទុយហេស ប្រហុកអង្ក្រង កាពិឆាបាត់ដំបង ប្រហុកឦសានប្រហុកខ្ទិះសាច់ប្រឡាក់ និងអាហារជាច្រើនមុខទៀតដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងនិងក្រៅស្រុក។
ការនាំចេញអាហារប្រពៃណីទៅបរទេសអាចធ្វើទៅបានអាស្រ័យលើសុវត្ថិភាពចំណីអាហារ និងការវេចខ្ចប់មានស្ដង់ដារពីបណ្ដាសិប្បកម្មនិងសហគ្រាសស្រុកក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក
ក្រុមហ៊ុនមួយនេះបានចាប់ផ្ដើមផលិតម្ហូបអាហារវេចខ្ចប់នៅពេលដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកជួបវិបត្តិកូវីដ ១៩។
ខណៈពេលដែលមានការបិទខ្ទប់ការធ្វើដំណើរ ហើយហាងទំនិញនិងផ្សារក៏ផ្អាកដំណើរការនោះអាជីវកម្មមួយនេះបានប្រែក្លាយវិបត្តិទៅជាឱកាស។
ប្រជាជនមិនអាចចេញទៅខាងក្រៅដើម្បីទិញរបស់របរប្រើប្រាស់និងចំណីអាហារបាននោះទេ ដូច្នេះម្ចាស់អាជីវកម្មក៏បានពិភាក្សាជាមួយនឹងចុងភៅលៃលកយ៉ាងណាធ្វើម្ហូបវេចខ្ចប់ដឹកជញ្ជូនដល់គេហដ្ឋានអតិថិជនតែម្ដង។
អាហារទាំងនោះសុទ្ធសឹងជាមុខម្ហូបខ្មែរដូចជាប្រហុកអង្ក្រង បុកកន្ទុយហេស និងកាពិឆាបាត់ដំបងជាដើម ដោយផ្ដើមចេញពីការវេចខ្ចប់ងាយៗដាក់ក្នុងកំប៉ុងជ័រ។នេះបើយោងតាមការរំឭកប្រាប់ពីលោក ជា ចិត្រាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន។
លោកបានឱ្យដឹងទៀតថា៖ «បន្ទាប់ពីមានការផ្ទុះការចាប់អារម្មណ៍និងគាំទ្រខ្លាំងយើងក៏ពិភាក្សាជាមួយអ្នករួមបណ្តាក់ទុនម្តងទៀតដើម្បីបង្កើតជាសហគ្រាសក្នុងគោលបំណងចង់ឲ្យក្មេងៗជំនាន់ក្រោយបានស្គាល់ក៏ដូចជាចង់រក្សាកេរដំណែលម្ហូបអាហារខ្មែរឲ្យទៅជាស្តង់ដារដូចជាផលិតផលផ្សេងៗដែលនាំចូលហើយក៏ដើម្បីប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូលនិងធ្វើការនាំចេញទៅក្រៅប្រទេសផងដែរ»។
គោលដៅនេះអាចសម្រេចបានដោយអាស្រ័យលើទីផ្សារគុណភាព តម្លៃ និងរសជាតិរបស់ផលិតផលផងដែរ។អាហារខ្មែរនីមួយៗត្រូវបានឆ្លងកាត់ដំណាក់កាលផលិតជាច្រើនមុននឹងឈានដល់ការវេចខ្ចប់ច្រកកំប៉ុង។
លោក ចិត្រា បន្ថែមទៀតថា៖ «ដើម្បីបុកត្រីឆ្អើរឲ្យបានឆ្ងាញ់យើងត្រូវមានគ្រឿងផ្សំដូចជាអំបិល ស្ករ បន្លែ ត្រីអណ្ដែងឆ្អើរ មើមរំដេង ។ល។មកលាងសម្អាតឲ្យស្អាតរួចយកបន្លែហាន់ឲ្យល្អិតៗ»។
រសជាតិឆ្ងាញ់ និងគុណភាពល្អក៏ពឹងផ្អែកលើការសម្រិតសម្រាំងសាច់ត្រីផងដែរ ដោយលោកបានបញ្ជាក់ថា៖ «យើងជ្រើសរើសយកត្រីអណ្ដែងសាច់លឿងលេខមួយយកមកធ្វើដើម្បីធានាបាននូវរសជាតិពិសេស។ត្រីអណ្ដែងអាំងដែលយើងយកមកបេះយកតែសាច់ទេ ឆ្អឹងនិងស្បែកមិនយកទេ»។
គ្រឿងផ្សំទាំងអស់គឺត្រូវយកទៅរម្លីងឲ្យឡើងឈ្ងុញទើបយកមកលាយបញ្ចូលគ្នាក្នុងម៉ាស៊ីនកិនឲ្យម៉ដ្តរួចច្រកកែវ ហើយយកទៅសម្លាប់មេរោគដើម្បីធានាបានអនាម័យល្អ។
ប្រធានគ្រប់គ្រងវ័យ៣០ឆ្នាំរូបនេះបានបញ្ជាក់ទៀតថាបុកត្រីឆ្អើរដែលជាម្ហូបពិសេសលក់ដាច់ជាងគេនោះ មានការវេចខ្ចប់ពីរប្រភេទគឺទម្ងន់មួយខាំកន្លះមានតម្លៃ១៥.០០០រៀល និងទម្ងន់បួនខាំមានតម្លៃ៣២.០០០រៀល។
បុកត្រីឆ្អើរ បុកកន្ទុយហេសប្រហុកអង្ក្រង និងឆាកាពិបាត់ដំបង ត្រូវបានអតិថិជនមានការគាំទ្រជាខ្លាំង មិនថាក្នុងស្រុកឬសហគមន៍ខ្មែរនៅប្រទេសកូរ៉េខាងត្បូង នូវែលសេឡង់ អូស្ត្រាលី កាណាដា និងសហរដ្ឋអាមេរិក។
ក្រុមហ៊ុនក៏គ្រោងនឹងបន្ថែមជម្រើសអាហារវេចខ្ចប់ដោយធ្វើអាម៉ុកនិងនំបញ្ចុកក្រៀមលក់ចែកចាយផងដែរ។
ក្រៅពីជាអាជីវកម្មផលិតនិងវេចខ្ចប់អាហារប្រពៃណីលក្ខណៈស្ដង់ដារ សហគ្រាសមួយនេះបានរួមចំណែកនៅក្នុងសង្គមជាច្រើនដូចជាការនាំយកគ្រឿងឧបភោគបរិភោគនិងសម្ភារៈសិក្សាទៅចែកជូនមណ្ឌលកុមារកំព្រានៃអង្គការនៅអង្គការមែកឈើកុមារអូទីសឹមនិងមណ្ឌលកុមារកំព្រាជាច្រើនកន្លែងទៀតផងដែរ។
ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.កមានទីតាំងស្ថិតនៅផ្ទះលេខ៣០៥ផ្លូវ១០០៥ ភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសេនសុខ ភ្នំពេញ។
ព័ត៌មានបន្ថែមពី ផលិតនេះអាចស្វែងរកលើគេហទំព័រហ្វេសប៊ុកអ៊ីអ៊ែនអឹមយ៉ាំមីឬទំនាក់ទំនងទូរសព្ទលេខ ០១០/០១៧ ២៦៨ ៨៦៨៕