ជីវិត និង សង្គម

សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប រួមចំណែកនាំចំណូល និងកាត់បន្ថយចំណាកស្រុក

December 4, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

សៀមរាប​៖ ​ចងក្រង​កសិករ​ជា​ក្រុមៗ​ដើម្បី​ងាយស្រួល​រក​ទីផ្សារ​និង​កាត់បន្ថយ​ការ​ចំណាកស្រុក​ សមាគម​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​សៀមរាប ​ត្រូវបាន​បង្កើត​ឡើង​​ក្នុង​ឆ្នាំ២០១៨​ ដោយមានការ​ចូលរួម​ពី​សមាជិក​ប្រមាណ ៤០០​នាក់។

​កញ្ញា ចៅ សុភ័ក្ត្រ​ត្រា បុគ្គលិក​សម្របសម្រួល​ទីផ្សារ​សមាគម​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​សៀមរាប បាន​ប្រាប់​សារព័ត៌មានSRNews ៖«​ការបង្កើត​សមាគម​នេះ​ឡើងដើម្បី​ងាយស្រួល​រក​ទីផ្សារ​ជូន​កសិករ ឧទាហរណ៍​ថា កសិករ​គាត់​មាន​ផលិតផល​រួចហើយ​តែ​គាត់​ពិបាក​ការនាំ​យកមក​ទីផ្សារ​ខាងក្រៅមានន័យថា​គាត់​មានតែ​ម៉ូយ​ដែល​នៅ​ជិតៗ​ទីតាំង​គាត់​ប៉ុណ្ណោះ»។

អ្នកសម្របសម្រួល​រូបនេះ​បាន​បន្តទៀត​ថា៖«ណាមួយ​យើង​ចង់​កាត់បន្ថយ​ការ​ចំណាក ស្រុក​របស់​ពួកគាត់​ផងដែរ ក្រោម​ការគាំទ្រ​បច្ចេកទេស​របស់​អង្គការ​អា​គ្រី​ស៊ុត ​ដែល​ផ្ដល់ជូន​នូវ​វិធីសាស្ត្រ​ដាំ​ដុះ រហូតដល់​ការកែច្នៃ​»​។​

​សមាគម​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​សៀមរាប​មាន​សមាជិក​ប្រមាណ​ជាង​៤០០​នាក់ ​ក្នុង​ការដាំ​បន្លែ​ធម្មជាតិ​ស្រស់ៗ និង​​គ្រឿងទេស​​កែច្នៃ​ជាច្រើន​មុខ​ផងដែរ​។​ សមាជិក​មក​ពី៥ គោលដៅ​ក្នុង​​ខេត្តសៀមរាប​រួមមាន​៖ សង្កាត់​ក្របី​រៀល សង្កាត់​ជ្រាវ ក្រុង​សៀមរាបស្រុក​ពួក ស្រុក​បន្ទាយស្រី និង​ស្រុក​ស្វាយ​លើ​។​

​តាំងពី​បង្កើត​សមាគម​នេះ​ឡើង​យើងមាន​អង្គការ​អា​គ្រី​ស៊ុត បាន​​​ចុះ​សម្របសម្រួល​បង្រៀន​បច្ចេក​ទេស​ផ្ទាល់ ក៏ដូចជា​ផ្ដល់ជូន​នូវ​វិធីសាស្ត្រ​ដាំ​ដុះ​និង​កែច្នៃ​ដល់​កសិករ ​ដែលជា​សមា​ជិ​ក​សមាគមន៍​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​សៀមរាប​។

​កញ្ញា សុភ័ក្ត្រ​ត្រា បាន​ពន្យល់ថា​៖ «​ឧទាហរណ៍​ទៅលើ​បន្លែ យើង​មាន​បុគ្គ​លិក​បច្ចេកទេស​សម្រប​សម្រួល​ដល់​កសិករ​ថាតើ​ការ​ថ្នាំ​កសិកម្ម​ម៉េច​? យើង​ដាំ​បន្លែ​បែប​បរិស្ថានវិទ្យា​បែប​ម៉េច​?ឬ​ការកែច្នៃ​បែប​ម៉េច​»​។​

​ក្រោយពី​ការ​ចងក្រង​ជា​សមាគមអ្នក​ដាំ​បន្លែ​សុវត្ថិភាព​សៀមរាប​នេះ​មកប្រជាពលរដ្ឋ​ក្នុង​តំបន់​គោលដៅ មាន​ជីវភាព​​ប្រសើរ​ជាង​មុនសមាជិកគ្រួសារ​​ទទួលបានការអប់រំ ​ហើយអត្រា​​​ចំណាកស្រុក​ក៏ថមថយ។

​អ្នកសម្របសម្រួលវ័យ២៧​ឆ្នាំ រូបនេះ​បានលើកឡើង​បន្តថា​៖ «មួយវិញទៀត​ពួកគាត់​មានលទ្ធភាព​បញ្ជូន​កូនចៅ​របស់គាត់​បាន​ទៅ​រៀន​ចប់​ចុង​ចប់​ដើម​មាន​អ្នកខ្លះ​រៀន​រហូតដល់​ចប់​ម​ហា​វិទ្យាល័យ​ទៀតផង​»​។

​ក្រៅពី​ការដាំ​បន្លែ​តាមបែប​បុរាណ​លក្ខណៈ​គ្រួសារសមាគម​មានការ​ណែនាំ​ប្រជា​កសិករ​​មកដាំ​​បន្លែ​បែប​​​សរីរាង្គ​ធម្មជាតិ ហើយ​ណែនាំ​ការ​​កែច្នៃ​ទៅជា​ផលិតផល​សម្រេច​ផ្សេងៗដើម្បី​​បង្កើន​ចំណូល​​​មួយកម្រិត​​ទៀត​។​

​មកទល់បច្ចុប្បន្ន​បន្លែ​សុវត្ថិភាព​របស់​ប្រជាកសិករ​ ក្រៅពី​លក់​នៅក្នុង​ភូមិ​ស្រុក​ដែល​បាន​ដាំ​ដុះក៏ត្រូវបាន​​ចែកចាយ​ទៅតាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នានា​ផង​ដែរ។​

​កញ្ញា សុភ័ក្ត្រ​ត្រា បានរំឭក​ប្រាប់ថា៖ «​ដំបូង​ឡើយ​បន្លែ​របស់គាត់​បាន​លក់​តែ​បណ្ដុំ​ភូមិ​ឃុំ និង​នៅតាម​ផ្សារ​​តូចៗ ​ដែល​នៅ​ជិត​គាត់ តែ​មកដល់​ពេលបច្ចុប្បន្ន​បន្លែ​សុវត្ថិភាព​របស់គាត់​យើង​បាន​នាំយកទៅ​ចែកចាយ​តាម​សណ្ឋាគារភោ​ជនីយ​ដ្ឋា​ន និង​ម៉ា​ត​មួយចំនួន​ក្នុង​ខេត្តសៀមរាប។ រីឯ​ផលិតផល​កែច្នៃ​យើង​មាន​នាំ​ចេញទៅ​ខេត្ត​ផ្សេង​មួយចំនួន​ផងដែរ​»​។​

​សមាគម​មានការ​ណែនាំ​ប្រជា​សមាគមន៍​ដាំ​ដំណាំ​ដូចជា​៖ស្ពៃ​តឿ ស្ពៃចង្កឹះ ត្រសក់ ត្រប់ សណ្ដែក​គួរ ស្លឹកគ្រៃ​ជាដើម ដែល​មិនសូវ​មានការ​នាំចូល​ច្រើន​​ដូចជា​ស្ពៃបូកគោនិង​​ការ៉ុត​នោះទេ​។

​​ផលិតផល​កែច្នៃពី​សមាគម​​រួមមាន​៖ប្រេង​រឺត​ស្លឹកគ្រៃ ប្រេង​ស្លឹង​គ្រៃ​ម៉ាស្សា តែ​ស្លឹកគ្រៃ តែ​ម្ជូរ​ល្មម ឬ​តែ​ម្ជូរ​ព្រឹកតែ​ព្នៅ តែ​ខ្ជាយ​ខ្មៅ ម្សៅ​រមៀត រ​មៀត​សូន​ទឹកឃ្មុំ ទឹកឃ្មុំ​ធម្មជាតិ ដែល​សុទ្ធសឹង​ជា​តែ​ដែល​ជួយ​ដល់​សុខភាពហើយ​ក៏មាន​ប្រភេទ​ស្រា​អង្ករ ស្រា​ស្វាយ ភេសជ្ជៈ​ដែល​ផលិត​ពី​ផ្លែឈើ​ធម្មជាតិ និង​មុខទំនិញ​បន្ទាប់បន្សំ​ជាច្រើន​ផងដែរ​។​​

​​​ជាមួយ​ផលិតផល​សម្រេច​ដ៏​សម្បូរបែបតំណាង​សមាគមអ្នក​ដាំ​បន្លែ​សុវត្ថិភាព ​បាន​លើក​​ឡើង​​​ថា​៖ ​«ដោយមាន​ការគាំទ្រ និង​ជ្រោម​​ជ្រែង​ពី​សំណាក់​ក្រសួង​ពាក់ព័ន្ធមន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​អភិវឌ្ឍន៍ជនបទ ក៏ដូចជា​រដ្ឋបាលខេត្ត​សៀមរាប​ផ្ទាល់ តាមរយៈ​ការផ្ដល់​ឱកាស​ហៅ​សមាគម​យើង​ទៅ​ដាក់តាំង​ពិព័រណ៍​​ផលិតផល​តំណាង​ខេត្ត​ក្នុង​កម្មវិធី​នានាពិសេស​មានការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​»​។​

​តម្លៃ​លក់​លើ​ទីផ្សារអាស្រ័យ​លើ​ការចំណាយ​លើ​វត្ថុធាតុដើម​ធម្មជាតិ និង​កម្លាំង​ពលកម្ម​ប្រជា​សហគម៍​​​ផ្ទាល់ដោយ​សមាគម​មិ​នមាន​ឧបករណ៍​ទំនើបៗ​ដូច​សហគ្រាស​ធំៗ​នោះទេ​។​

​កញ្ញា សុភ័ក្ត្រ​ត្រា បាន​ពន្យល់ថា​៖ «​មាន​អ្នកខ្លះ​ត្អូញ​ថា ផលិតផល​ក្នុងស្រុក​សោះ ម៉េច​ក៏​ថ្លៃ​ម៉េ​ស​? តែ​មែនទែនទៅ​ថ្លៃ​ដោយសារតែ សម្បក​វេច​ខ្ចប់ សុទ្ធសឹងតែ​ជា​របស់​នាំចូលណាមួយ​ផលិតផល​របស់​យើង​ផលិត​ដោយ​ដៃ​ប្រជា​សហគម​ផ្ទាល់ មិនមាន​ម៉ាស៊ីន​ក្នុងការ​កែច្នៃ​ដូច​ទៅ​ហ្នឹង​សហគ្រាស​ផ្សេងៗ​នោះទេទើប​ធ្វើឱ្យ​តម្លៃ​រៀង​ខ្ពស់​បន្តិច​»​។​

​សមាគម​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​សៀមរាបនាពេល​បច្ចុប្បន្ន​មាន​ក្រុម​ផលិត​ចំនួន​៦​ក្រុម ដើម្បី​ផលិត​ផ្គត់ផ្គង់​ទី​លើ​ទីផ្សារ​រួមមាន​៖ក្រុម​ផលិត​ខ្ជាយ​ខ្មៅ​, ក្រុម​ផលិត​ប្រេង​ក្រ​អូប​, ក្រុម​ផលិត​ស្រា និង​ភេសជ្ជៈ​, ក្រុម​ផលិត​គ្រឿងទេស​ស​ម្ងួ​ត​,ក្រុម​ផលិត​ថ្នាំពុល​កសិកម្ម​, និង​ក្រុម​ដាំ​បន្លែ​សុវត្ថិភាព​។​

​ផលិតផល​ដែល​សមាគម​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​សៀមរាបមាន​លក់​នៅ​ហាង​របស់​សមាគម​ផ្ទាល់​ដែល​ស្ថិតនៅ​ជើងភ្នំ​គូលែន និង​មួយ​ទីតាំង​ទៀត​ស្ថិតនៅ​ឃុំ​ឃុន​រាមស្រុក​បន្ទាយស្រី​។ នៅ​រាជធានី​ភ្នំពេញ ផលិតផល​សមាគម​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​សៀមរាបអា​ចរក​ជាវ​បាន​នៅ​ហាង​មួយចំនួន​រួមមាន​ម៉ា​ត ខេមរៈ​អាហារ ផ្សារ​លក់​ផលិតផល​ខ្មែរ និង​ហាងសុខ ហ្វា​ម នៅ​ជិត​ផ្សារកណ្ដាល ជាដើម​។​

​ដោយ​មើលឃើញថា​ប្រជាជន​ខ្មែរ​យើង​មួយចំនួន​គាំទ្រ​ផលិតផល​នាំចូល​ច្រើនជាង​ផលិត​ក្នុងស្រុកកញ្ញា សុភ័ក្ត្រ​ត្រា ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ជួយ​គាំទ្រ​របស់​ក្នុងស្រុក​ឱ្យបាន​ច្រើនពិសេស​ផលិតផល​ដែល​ធ្វើ​ដោយ​ដៃ​របស់ សមាគម​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​សៀមរាប ដែលមាន​លក់​នៅលើ​ទីផ្សារតាម​ម៉ា​ត ផ្សារ​ធម្មជាតិ ឬ​នៅតាម​កម្មវិធី​តាំង​ពិរ​ព័​ណ៌​នានា​ជាដើម​។​

​សមាគម​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​សៀមរាបត្រូវបាន​បង្កើតឡើង​ក្នុង​ការជួយ​សម្រួល​ជីវភាព​ប្រជាកសិករ​បង្កើន​ចំណូល​បន្ថែម​ពីរ​បរ​ធ្វើស្រែ​ចម្ការក៏ដូចជា​រួមគ្នា​អភិរក្ស​ធនធានធម្មជាតិ​ឱ្យនៅ​គង់វង្ស​ផងដែរ​។​

​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កអ្នក​ដាំ​បន្លែ​សុវត្ថិភាព​សៀមរាប The Green Farmers Siem Reap ឬ​តាមរយៈ​លេខ​ទូរ​សព្ទ 070 256 084៕

អត្ថបទពេញនិយម

ភូមិ Zombie នៅក្រុងហ្សាការតា អត់មនុស្សដោយសារទឹកជំនន់រាល់ឆ្នាំ

នំបញ្ចុកដំឡូងពណ៌ស្វាយ ផ្តោតលើសុខភាពអនាម័យ ល្បីរសជាតិឆ្ងាញ់

វិធីសាស្រ្តចំនួន ៥ ទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាមនៅរដូវវស្សា

អ្នកកំពង់ឆ្នាំង កែច្នៃទូកត្នោតដែលគេបោះបង់ចោល រកបានចំណូលរាប់ពាន់ដុល្លារ

ក្រុមអ្នកស្រាវជ្រាវអះអាងថា ពស់ពិសចឹក មិនប្រាកដថាមានពិសទេ