ភ្ញៀវទេសចរកម្ពុជាដែលទៅទស្សនាប្រទេសសិង្ហបុរីភាគច្រើនតែងតែឆ្ពោះទៅទិសដៅទេសចរណ៍ Gardens by the Bay។លើសពីការថតរូបជាមួយបុប្ផា និងរុក្ខជាតិរាប់ពាន់ប្រភេទ ពិព័រណ៍ «សួនផ្កាកេសរកូលអង្គរវត្ដ»ដែលរំលេចវប្បធម៌ខ្មែរជាមួយសម្រស់ធម្មជាតិ គឺជាទីតាំងដែលអ្នកទស្សនាទាំងឡាយមិនអាចរំលងភ្នែកបាន។
នៅក្រោមដំបូលអគារកញ្ចក់ដ៏ធំឈ្មោះថាព្រៃពពក(Cloud Forest) ចំណុចកណ្តាលនៃការតាំងពិព័រណ៌វប្បធម៌រុក្ខជាតិខ្មែរនេះគឺកូនសំណង់ចម្លងតាមប្រាសាទអង្គរវត្តដ៏ល្បីល្បាញជានិមិត្តរូបនៃប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជា។
មគ្គុទ្ទេសក៍ទេសចរណ៍ខ្មែរលោកសុទ្ធ បញ្ញា ដែលបានដឹកនាំភ្ញៀវទៅកម្សាន្តនៅប្រទេសសិង្ហបុរី បានលើកឡើងថា ព្រៃពពកនិងសួនផ្កាក្នុងអគារកញ្ចក់ (Flower Dome) គឺជាទស្សនីយភាពដ៏ស្អាតអស្ចារ្យដែលភ្ញៀវទេសចរគួរទិញសំបុត្រចូលទស្សនា។
មគ្គុទេសក៏បទពិសោធច្រើនឆ្នាំរូបនេះបាននិយាយថា៖«មកដល់ប្រទេសសិង្ហបុរី យើងពិតជា recommend ណែនាំភ្ញៀវឱ្យទៅទស្សនាអគារផ្ការបស់ Garden by the Bay ជាពិសេសព្រៃពពកតែម្ដង ដោយខាងក្នុងវាត្រជាក់ អត់ក្ដៅដូចនៅខាងក្រៅទេហើយងាយស្រួលដើរលេង តែក៏អាចនឹងវង្វេងដែរព្រោះវាធំ»។
ភ្ញៀវទេសចររឹតតែពុំគួររំលងឱកាសទស្សនាព្រៃពពកដែលពេលនេះកំពុងដាក់តាំងពិព័រណ៍ «សួនផ្កាកេសរកូលអង្គរវត្ដ» ដ៏ស្អាតអស្ចារ្យ។
ក្នុងចំណោមភ្ញៀវទេសចរដែលកំពុងឈរថតរូបនៅមុខចម្លាក់ក្បាលនាគលោក វណ្ណៈ ដែលនាំក្រុមគ្រួសារកូនៗទៅទស្សនាព្រៃពពក មានអារម្មណ៍រំភើបនិងស្ញប់ស្ញែងភាពអស្ចារ្យនៃពិព័រណ៍សួនផ្កាកេសរកូលអង្គរវត្ដ ដែលអាចឱ្យភ្ញៀវជាតិនិងអន្តរជាតិស្វែងយល់ពីការផ្សារភ្ជាប់វប្បធម៌ប្រវត្តិសាស្ត្រ និងផ្កាកេសរកូលនៅកម្ពុជា។
លោកបាននិយាយថា៖ «ខ្ញុំចាប់អារម្មណ៍ឃើញភ្ញៀវទេសចរអន្តរជាតិជាច្រើនមកមើលកន្លែងតាំងបង្ហាញសួនផ្កាកេសរកូលអង្គរវត្ដហើយពួកគេមិនត្រឹមតែមកថតរូបទេ ពួកគេខំអានព័ត៌មានអំពីយើង និងចំណាយពេលយូរឈរសម្លឹងមើលចម្លាក់មើលល្ខោនស្បែក និងពិសេសរូបប្រាសាទអង្គរ»។
លោករីករាយនឹងទស្សនាផ្កាក្នុងសំណង់ផ្ទះកញ្ចក់មានបរិយាកាសម៉ាស៊ីនត្រជាក់ដែលចៀសផុតពីអាកាសធាតុក្ដៅសើមបែបត្រូពិកនៅសិង្ហបុរី តែលោកបញ្ជាក់ថា៖ «យើងក៏ពិបាកថតរូបដែរព្រោះមានមនុស្សច្រើនពេក»។
ក្រៅពីកូនសំណង់ចម្លងតាមប្រាសាទអង្គរវត្តពិព័រណ៍នេះក៏មានរូបចម្លាក់ពណ៌នាអំពីសត្វព្រៃចម្រុះរបស់ប្រទេសកម្ពុជារួមទាំងដំរីអាស៊ី គោព្រៃ ដែលសត្វដ៏កម្រមួយ។រូបចម្លាក់ទាំងនេះត្រូវបានតាក់តែងលម្អដោយផ្កាកេសរកូលកម្ពុជាពូជកម្រដែលស្ដែងចេញពីកិច្ចខិតខំអភិរក្សធម្មជាតិផងដែរ។
ការដាក់តាំងបង្ហាញ «សួនផ្កាកេសរកូលអង្គរវត្ដ»គឺកិច្ចសហការរវាងស្ថានទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និង Gardens by the Bay ដែលត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៤។
យោងតាម អ្នកស្រី សេនឌី ដែលជាមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិសិង្ហបុរីព្រៃពពកគឺជាកន្លែងដែលនាំយករុក្ខជាតិជាច្រើនប្រភេទមកពីជុំវិញពិភពលោកមកដាំបង្ហាញជូនភ្ញៀវទេសចរ។
អ្នកស្រីលើកឡើងថា៖ «យើងមានសួនផ្កាជាច្រើនប្រភេទផ្សេងៗគ្នាមកពីជុំវិញពិភពលោកដូចជាសួនច្បារបែបអឺរ៉ុប សួនច្បារបែបអាហ្វ្រិកខាងត្បូង ហើយសូម្បីតែរុក្ខជាតិកម្រក្នុងអាកាសធាតុផ្សេងៗគ្នាក៏ត្រូវបានដឹកជញ្ជូនមកដាំ ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ ដោយផ្អែកលើលក្ខខណ្ឌលូតលាស់របស់ពួកវាខុសៗគ្នា»។
សម្រាប់ភ្ញៀវទេសចរណ៍ខ្មែរដូចជាវណ្ណៈឱកាសដើម្បីទស្សនាការតាំងពិពណ៌វប្បធម៌ផ្ទាល់ខ្លួនរបស់ពួកគេក្នុងបរិយាកាសអន្តរជាតិនេះពិតជាអត្ថន័យពិសេសណាស់។
លោកលើកឡើងថា៖ «សម្រាប់ភ្ញៀវខ្មែរវាពិតជាមានតម្លៃក្នុងការបានទស្សនាការតាំងពិព័រណ៍អត្តសញ្ញាណវប្បធម៌ធម្មជាតិរបស់ប្រទេសយើងនៅព្រៃពពក»។
ពេលវេលាទស្សនាក៏មានកំណត់ផងដែរ។ពិព័រណ៍ «សួនផ្កាកេសរកូលអង្គរវត្ដ» នឹងបើកឱ្យអ្នកទស្សនារហូតដល់ថ្ងៃទី ៨ខែកញ្ញា ឆ្នាំ ២០២៤៕