ភ្នំពេញៈ គេហទំព័រទេសចរណ៍ដ៏ល្បីTripadvisor បានចាត់ទុក ទីក្រុងភ្នំពេញដែលជារាជធានី និងជាបេះដូងនៃ ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុត (Best of the BestDestinations) នៅក្នុងឆ្នាំ២០២៤ លើពិភពលោក។
ការផ្តល់នូវពានរង្វាន់កិត្តិយសនេះគឺធ្វើឡើងតាមរយៈការវាយតម្លៃ និងការបញ្ចេញមតិរបស់អ្នកធ្វើដំណើរឬភ្ញៀវទេសចរជុំវិញពិភពលោកនៅលើ Tripadvisor ក្នុងរយៈពេល ១២ ខែ ដែលពួកគេបានមកលេងប្រទេសកម្ពុជា ដែលក្នុងនោះរួមមានទាំងការស្នាក់នៅ ការញ៉ាំអាហារ ការដើរកម្សាន្តបដិសណ្ឋារកិច្ច និងសេវាកម្មកម្សាន្តនានា។
សារព័ត៌មានឌីជីថល SR នឹងដកស្រង់ពីចំណុចទាក់ទាញ និងលក្ខណៈពិសេសនៃទីក្រុងភ្នំពេញ ដែលគេហទំព័រទេសចរណ៍ Tripadvisor បានចុះផ្សាយនាពេលកន្លងមក៖
ព្រះបរមរាជវាំង៖គឺជាសំណង់អាគារដែលមានរចនាសម្ព័ន ជាព្រះរាជដំណាក់របស់អង្គព្រះមហាក្សត្រនៃកម្ពុជាដែលទ្រង់គង់ប្រថាប់រស់នៅជាអចិន្ត្រៃយ៍ ។ ជាកន្លែងដែលគួរទៅទស្សនា ព្រោះបង្ហាញអំពីស្ថាបត្យកម្មខ្មែរ ដ៏ល្អប្រណិត និងសម្បត្តិវប្បធម៌ ប្រពៃណី ទំនៀមទំលាប់។
ព្រះវិហារព្រះកែវមរកត៖គឺជាវិហារពុទ្ធសាសនា ដែលមានទីតាំងនៅភាគខាងត្បូងព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។ វិហារនេះត្រូវបានកសាងឡើងនៅចន្លោះឆ្នាំ (១៨៨៥-១៩០២)តាមលំនាំស្ថាប័ត្យកម្មខ្មែរបុរាណសុទ្ធសាធ នៃសំណង់ឈើក្នុងរាជ្យព្រះបាទនរោត្ដម។ជាកន្លែងដែលគួរទៅទស្សនាដែលបង្ហាញអំពីស្ថាបត្យកម្មខ្មែរដ៏ល្អប្រណិតនិងសម្បត្តិវប្បធម៌ ប្រពៃណី ទំនៀមទំលាប់។
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១)៖ ជាទីកន្លែងរំលឹកដ៏ក្រៀមក្រំនៃប្រវត្តិសាស្ត្រដ៏សោកនាដកម្មរបស់ប្រទេសកម្ពុជាក្រោមរបបខ្មែរក្រហម។
មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (វាលពិឃាដ)៖ វាជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតដែលផ្តល់នូវទិដ្ឋភាពដ៏សោកសៅទៅកាន់អតីតកាលរបស់ប្រទេសកម្ពុជា។
សារមន្ទីរជាតិកម្ពុជា៖គឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជាដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់។សារមន្ទីរជាតិមានរក្សាទុករូបសំណាកនិងភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជា ជាច្រើនតាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និង សម័យក្រោយៗមកទៀត ហើយវាជាកន្លែងប្រមូលផ្តុំសិល្បៈខ្មែរយ៉ាងច្រើនរួមទាំងចម្លាក់ សេរ៉ាមិច និងវត្ថុជនជាតិ។
វត្តភ្នំ៖ជាវត្តពុទ្ធសាសនបណ្ឌិត្យ ក្នុងក្រុងដូនពេញ រាជធានីភ្នំពេញជាវត្តដែលតំណាងឲ្យឈ្មោះទីក្រុងភ្នំពេញនិងជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយផ្នែកនៃអត្តសញ្ញាណជាតិខ្មែរ។
ក្រៅពីនេះ នៅក្នុងទីក្រុងភ្នំពេញមានលក្ខណៈពិសេសៗជាច្រើនទៀតដូចជា៖
កន្លែងធ្វើម្ហូប៖ទីក្រុងភ្នំពេញកំពុងទទួលបានការទទួលស្គាល់ចំពោះមុខម្ហូបដ៏រស់រវើករបស់ខ្លួនដោយលាយបញ្ចូលនូវរសជាតិប្រពៃណីខ្មែរ ជាមួយនឹងឥទ្ធិពលអន្តរជាតិ។
សណ្ឋាគារប៊ូទិក និងកន្លែងស្នាក់នៅប្រណិត៖ ទីក្រុងភ្នំពេញកំពុងមានការកើនឡើងនៃសណ្ឋាគារលំដាប់ខ្ពស់និងកន្លែងស្នាក់នៅបែបប៊ូទិក ដែលបង្កើនបទពិសោធន៍ដល់អ្នកធ្វើដំណើរ។
ការកម្សាន្តពេលរាត្រី និងការកម្សាន្ត៖ បារ ក្លឹបកម្សាន្ត និងការសម្តែងវប្បធម៌ជាច្រើនកំពុងធ្វើឱ្យជីវិត ពេលរាត្រីរបស់ទីក្រុងកាន់តែមានភាពរស់រវើក។
ការអភិវឌ្ឍន៍មាត់ទន្លេ៖តំបន់មាត់ទន្លេដែល កំពុងទាក់ទាញទាំងអ្នកស្រុក និងអ្នកទេសចរជាមួយ នឹងសួនកម្សាន្តហាងកាហ្វេ និងទេសភាពដ៏ស្រស់ស្អាត ជាពិសេសការជិះទូកកម្សាន្តតាមដងទន្លេ។
សីលធម៌ក្នុងស្រុក៖ ប្រជាជនមានសីលធម៍ ចេះគោរពគ្នាទៅវិញទៅមកមានទំនៀមទម្លាប់ ប្រពៃណីរបស់ខ្លួន៕