សៀមរាប :ដូនតាខ្មែរយើងបានបន្សល់ទុកក្បួនខ្នាតសិល្បៈចម្លាក់ជាច្រើនប្រភេទ រាប់តាំងពីចម្លាក់លើថ្ម ឈើ ប្រាក់ ស្ពាន់ និងលើស្បែកសត្វជាដើម។ អ្នកបន្តវេនមរតកនេះទាមទារពេលវេលាការហ្វឹកហាត់ និងបេះដូងស្រឡាញ់ជំនាញនេះពិតៗ ទើបអាចអាស្រ័យផលរបរបានយូរអង្វែង។
ក្នុងចំណោមអ្នកជំនាន់ក្រោយទាំងនេះ យុវជនខា គឹមឈុយ បានក្លាយជាជាងចម្លាក់លើស្បែកគោអស់ជាង ២ឆ្នាំមកហើយបន្ទាប់ពីរូបលោកបានសិក្សាជំនាញនេះជាង១ទសវត្សរ៍ ជាមួយនឹងលោកគ្រូ ញឹកសេរីរតនា នៅសិប្បកម្ម Little Angels។
លោកបានប្រាប់ SRNews ថា៖ «គិតមកដល់ពេលបច្ចុប្បន្ននេះ ខ្ទង់ជាង ១២ឆ្នាំមកហើយដែលខ្ញុំបានសិក្សានៅទីនោះ។ កាលគ្រានោះខ្ញុំជាក្មេងកំព្រា ហើយបានចូលរៀននៅទីនោះពេលដែលយើងអាចឆ្លាក់បានហើយយើងអាចលក់រូបចម្លាក់នោះយកលុយដើម្បីផ្គត់ផ្គង់ការសិក្សាបាន។
កត្តាជីវភាពពុំអាចឱ្យលោកបន្តការសិក្សាបានខ្ពង់ខ្ពស់នោះទេតែមូលហេតុដែលលោក គឹមឈុយ បានចូលរៀនឆ្លាក់ស្បែក គឺកើតចេញពីចិត្តស្រឡាញ់ជំនាញនេះផងដែរ។
លោកបានរៀបរាប់ប្រាប់ SRNews ថា៖ «បានជាខ្ញុំចាប់យកមុខរបបជាជាងចម្លាក់លើស្បែកគោនេះ ដោយសារតែចិត្តស្រឡាញ់ចង់ថែវប្បធម៌ដូនតាដែលមានតាំងពីយូរលង់ណាស់មកហើយ»។
ចម្លាក់ស្បែកត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនមុននឹងលេចរូបរាងជាស្នាដៃដ៏ប្រណីត។យោងតាមលោក គឹមឈុយ ដំបូងឡើយលោកត្រូវទៅទិញស្បែកគោស្រស់ៗ ពីហាងកាប់គោយកមកលាតត្រដាងដើម្បីចៀរយកសាច់ និងខ្លាញ់ឲ្យស្អាត រួចហាលវាឲ្យស្ងួតល្អកុំឱ្យធុំក្លិនដោយត្រូវប្រើរយៈពេលប្រាំពីរទៅដប់ថ្ងៃ។
លោកបានបញ្ជាក់ផងដែរថា៖ «ស្បែកគោដែលយើងយកមកធ្វើគឺមិនឲ្យលើសដប់ពីរម៉ោងទេដែលវាអាចបណ្ដោយឲ្យស្បែកគោអន់ និងឆាប់ពុកផុយ»។
បន្ទាប់ពីហាលវាស្ងួចចប់សព្វគ្រប់ហើយ លោកត្រូវយកវាមកកាត់ទៅតាមខ្នាតដែលត្រូវឆ្លាក់។ រាល់ចម្លាក់នីមួយៗទាមទារការគូររូបព្រៀងនៅលើស្បែកគោសិនទើបជាងអាចឆ្លាក់ទៅតាមក្បូរក្បាច់រចនាដូចដែលបានគ្រោងទុក។
ទំរាំអាចរំលេចចេញជាស្នាដៃដ៏ល្អឥតខ្ចោះជាងចម្លាក់វ័យ ២៧ឆ្នាំរូបនេះ បានលើកពីផលលំបាកថា៖ «ការឆ្លាក់រូបនីមួយៗត្រូវការភាពម៉ឺងម៉ាត់ម៉ត់ចត់ ព្រោះបើឆ្លាក់ខុសហើយ មិនអាចកែបានទេ»។
បន្ទាប់ពីឆ្លាក់រួច ស្បែកគោត្រូវបានយកទៅលាបថ្នាំពណ៌ដើម្បីកម្ចាត់ក្លិន និងអាចរក្សាទុកបានយូរ។
លោក គឹមឈុយ បញ្ជាក់ផងដែរថា៖ «ការលាបថ្នាំពណ៌នេះទៀតសោធយើងលាបទៅតាមការចង់បានរបស់អតិថិជន មានដូចជាពណ៌ស ពណ៌ក្រហម ពណ៌ក្រមៅ ឬពណ៌កាហ្វេពណ៌ខ្មៅជាដើម»។
ចម្លាក់លើស្បែកគោមាន ៣ ខ្នាតសម្រាប់អតិថិជនជ្រើសរើសគឺខ្នាតតូច តម្លៃចាប់ពី ៥ ដុល្លារ ដល់ ៥០ដុល្លារ ខ្នាតកណ្ដាល តម្លៃពី ៥០ដុល្លារដល់ ៨០ដុល្លារ និងខ្នាតធំ តម្លៃពី ៣០០ ដុល្លារ ដល់ជាង១០០០ដុល្លារ។អតិថិជននិយមជាវចម្លាក់ស្បែកគោយកទៅដាក់តាំងលម្អផ្ទះនិងការិយាល័យធ្វើការជាដើម។
សិប្បកម្មចម្លាក់ស្បែកគោ មានទីតាំងស្ថិតនៅភូមិព្រះដាក់ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ភ្ងៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកដល់កន្លែងផ្ទាល់និងបានឃើញទឹកដៃរបស់លោក តែងតែនាំគ្នាសរសើរថា ចម្លាក់មានភាពរស់រវើកហើយខ្លះថែមទាំងជួយទិញទៀតផង។
សម្រាប់គម្រោងទៅថ្ងៃអនាគត នៅពេលដែលមុខរបររបស់លោកឈរជើងបាននឹងធឹងហើយលោកនឹងចាប់ផ្តើមទទួលបង្រៀនសិស្ស ដើម្បីបន្ត និងរក្សាសិល្បៈមួយនេះឲ្យគង់វង្សតរៀងទៅ។
ព័ត៌មានបន្ថែមពីចម្លាក់ស្បែកគោ អាចស្វែងរកលើគេហទំព័រហ្វេសប៊ុកចម្លាក់ស្បែកគោ ឬទំនាក់ទំនងទូរសព្ទលេខ ០៦០ ៦២៩ ១៧៤៕