ជីវិត និង សង្គម

អត្តពលិកកូនកំព្រា ឈុន ប៊ុនថន ហ្វឹកហាត់រត់១២ឆ្នាំ ដើម្បីលទ្ធផលល្អបំផុតក្នុងព្រឹត្តិការណ៍អូឡាំពិក

October 22, 2024
SR Digital Content Creator
Heading
Option 1

ឈរ​​លើ​នាវានៅ​​​​​​ដង​ទន្លេ​សែន​​កាន់ទង់ជាតិ​កម្ពុជា​យ៉ាងស្វាហាប់​ អត្តពលិក​រត់ប្រណាំង ឈុន ប៊ុនថន ​ស្ថិត​ក្នុង​ចំណោម​​កីឡាករ​ និង​ប្រតិភូ​​កីឡាកម្ពុជា ​បានទៅចូលរួម​​ព្រឹត្តការណ៍កីឡាអូឡាំពិក Paris Olympics 2024 ​ដែល​​ចាប់​ផ្តើម​បើក​ជា​ផ្លូវការកាលពីថ្ងៃទី២៦ ខែកក្កដា និង​បញ្ចប់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

អត្តពលិកមក​ពី​ខេត្ត​ព្រៃវែង ដែល​ហែលឆ្លង​ជីវិត​​តស៊ូ​ជា​កូន​កំព្រា​រូបនេះ បាន​ដាក់ក្ដី​សង្ឃឹមថា ការ​ហ្វឹក​ហាត់​របស់លោក​អស់​រយៈពេល​ ១២​ឆ្នាំ​កន្លង​មក​នេះ នឹង​អាច​ឱ្យ​រូប​លោក​សម្រេច​បាន​លទ្ធផល​​ល្អ​បំផុត សម្រាប់​ការ​ប្រកួតលើ​វិញ្ញាសាររត់ប្រណាំង ៨០០ម៉ែត្រ នាថ្ងៃទី៧ ខែសីហា ខាង​មុខ​នេះ។

ទន្ទឹម​នឹង​នោះ កីឡាកររត់ប្រណាំង ឈុន ប៊ុនថន បាន​សម្ដែង​​ចំណាប់អារម្មណ៍រំភើប​ពុំ​​មាន​អ្វី​នឹង​បរិយាយ ដោយសារ​តែ​សមិទ្ធផល​នៅថ្ងៃ​នេះ​កើត​ចេញ​ពីសមត្ថភាព​របស់លោក​ពិត​ប្រាកដ។

កីឡាកររត់ប្រណាំង​​ដ៏ស្វាហាប់​រូបនេះ ​​ប្រាប់ SR Digital Media តាម​​សារ​ជាសំឡេងថា៖ «ខ្ញុំ​មានអារម្មណ៍​ថា​រំភើប​​ចំពោះសមត្ថភាព​ខ្លួន​ឯង ​ពិបាក​នឹង​សន្និដ្ឋាន​ ឬ​បរិយាយ​ថា​​​សប្បាយ​ចិត្ត​ខ្លាំង​ប៉ុណ្ណានូវ​អ្វី​ដែល​យើង​ខិត​ខំ​ប្រឹងប្រែង​​ជាយូរមកហើយ និយាយ​រួមទៅ យើង​ចូលរួម​ដោយ​សមត្ថភា​ព​របស់យើង​ ដែល​​ជាកីឡាករ​ឆ្នើ​ម​នៅប្រទេស​កម្ពុជា​ ​​ត្រូវ​បាន​​ជ្រើសរើស​​ទៅ​ចូលរួម​ព្រឹត្តិការណ៍អូឡាំពិក នៅប្រទេសបារាំង»។

​ដោយ​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន​​ លោក ឈុន ប៊ុនថន បាន​​​ហ្វឹកហាត់ជារៀង​រាល់ថ្ងៃ ដើម្បីត្រៀម​ខ្លួន​​ចូលរួម​ប្រកួត​នៅ​ព្រឹត្តិការណ៍​អូឡាំពិក ដែល​ការចូលរួម​នេះ អត្តពលិក​កម្ពុជា​​ទទួល​បាន​សិទ្ធិ​អនុគ្រោះ និង​ជ្រើសរើស​យ៉ាង​ល្អិតល្អន់​ពី​អន្ដរជាតិ។

អត្តពលិក​ ឈុន ប៊ុនថន បាន​លើកឡើង​ទៀត​ថា៖ «អ៊ីចឹង​យើង​មានអារម្មណ៍​ថា​ដូចជា​សុបិន​ក្លាយជាការពិត ហើយ​នេះ​ហើយជា​លើកទីមួយ​របស់ខ្ញុំ​ហើយ​ដែល​បានចូលរួម​ព្រឹត្តិការណ៍អូឡាំពិក ៤ ​ឆ្នាំម្ដង។ យើង​មិនអាច​និយាយ​ពាក្យ​ក្ដី​រំពឹង​ទេ យើង​អាច​និយាយ​ថា ​យើង​នឹង​ខិត​ខំប្រឹង​ប្រែង​ឱ្យ​អស់​ពីលទ្ធភាព ដើម្បី​ប្រកួត​ឱ្យ​បាន​លទ្ធផល​​ល្អ​នៅ​ក្នុង​កម្រិត​មួយ»​។

កីឡាករ​អត្តពលកម្ម ឈុន ប៊ុនថន និង​កីឡា​ហែល ២រូប គឺ​កីឡាករ កូសុង ដឺឡាបរ៉ារ៉ងឣង់ត្វ័ន ម៉ាតាំងក្លូឌ និង​កីឡាការិនី សាក់ប៊ុន ឣប្សរា​កាតារីណា គឺ​ជា​​អត្តពលិក​កម្ពុជា ៣រូប ដែល​ចូលរួម​ក្នុង​ចំណោម​អត្តពលិក​ប្រមាណ ១០,៥០០​នាក់ មកពីប្រទេស និង​​ដែនដី​ចំនួន ២០៦ ដែល​ត្រូវបានទទួលស្គាល់ដោយ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ។

​លោក ឈុន ប៊ុនថន គឺ​ម្ចាស់​មេដាយមាស​​លើ​ប្រភេទ​កីឡាអត្តពលកម្ម ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេមលើកទី ៣២ ជា​​​ឆ្នាំបើក​ទំព័រ​ប្រវត្តិសាស្ត្រ​​ ដែល​​ប្រទេស​​កម្ពុជា​​ធ្វើ​ម្ចាស់​ផ្ទះព្រឹត្តិការណ៍កីឡា​នេះ។ ​លោក​បាន​រត់​មក​ដល់​ទី​ផ្តាច់​​ព្រ័ត្រ​មុនគេ ក្នុង​​ថិរវេលា ១:៥២.៩១០ នាទី លើ​វិញ្ញាសា​រត់​ចម្ងាយ​៨០០ម៉ែត្រ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២៣ ជាមួយ​សម្លេង​ហ៊ោរ និង​ស្នូរទះដៃ​កងរំពង​ពី​មហាជន អបអរ​​មេដាយមាស​កីឡាអត្តពលកម្ម​ជាប្រវត្តិសាស្ត្រ។

ទោះ​ជា​ហែល​ឆ្លង​ឧបសគ្គជាច្រើនមិនថា​ការហ្វឹក​ហាត់​ក្នុងស្រុក ឬ​នៅប្រទេសទេ​ ក៏អត្តពលិក​ ឈុន ប៊ុនថន ពេញ​ចិត្ត​នឹង​ការ​លះបង់​មួយ​នេះ ព្រោះ​សមត្ថភាព និង​ទេពកោសល្យ​បាន​នាំ​លោក​ទៅ​កាន់​ឆាក​អន្តរជាតិ ពី​តំបន់អាស៊ី ទៅកម្រិត​ពិភពលោក។

កីឡាករ​ដែល​ល្បី​ចេះ​លេង​ចាប៉ីដង​វែង​រូបនេះ បាន​និយាយ​ថា៖ «យើង​បានឃើញ​អ្វី​ដែល​ខុសប្លែកច្រើនពី​នៅ​កីឡា​អាស៊ីយើង។ ទីនេះ​​មាន​មនុស្ស​ច្រើន ហើយខ្ញុំ​ពិត​ជា​រំ​ភើប​ខ្លាំង​នៅពេលដែលបាន​​​ជួប​កីឡាករ​ខ្លាំងៗ​ល្អៗ ជួប​កីឡាករ​ដែលជាអាយដលរបស់យើង»។

​អតីត​និស្សិត​ផ្នែក​សំណង់​ស៊ីវិល​ដែល​​ហ្វឹកហាត់​ក្លាយជា​​កីឡករ​ជម្រើសជាតិ​រូប​នេះ បាន​ធ្វើ​​ការហ្វឹកហាត់​​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិកឥត​រុញរា​​ចាប់តាំង​ពី​ឈ្នះមេដាយ​មាស​ស៊ីហ្គេម ២០២៣ មក។

លោក​ ប៊ុនថន និយាយ​ថា៖ «យើងហ្វឹកហាត់រហូត​ដើម្បី​​អូឡាំពិក​​នេះ។ អ៊ីចឹង​​បើ​គិត​ដល់​ថ្ងៃនេះ ២០២៤ វា​មាន​រយៈ​​ពេល​១​ឆ្នាំ​ជាង​ហើយ ដែលខ្ញុំ​បានហ្វឹកហាត់ ត្រៀម​ខ្លួន​ជា​រៀង​រាល់ថ្ងៃ ជម្នះ​ការ​លំបាកច្រើន​​រៀបរាប់​មិន​អស់​ទេ»។

បន្ទាប់ពី​បេសកកម្ម​​ទៅ​ចូលរួម​ប្រកួត​នៅព្រឹត្តិការណ៍​កីឡាអូឡាំពិក អត្តពលិក ឈុន ប៊ុនថន នៅតែ​បន្ត​គម្រោង​ហ្វឹកហាត់ជាអត្តពលិករត់ប្រណាំងតំណាង​ជាតិ​ក្នុងការ​ប្រកួត​ថ្នាក់តំបន់​ជា​បន្ត​បន្ទាប់ទៀត។

អត្តពលិក​វ័យ​សាមស្ដើង​រូបនេះ បាន​ឱ្យ​ដឹង​ថា៖ «តទៅមុខ​ទៀត ខ្ញុំ​មានគម្រោង​មួយដែរគឺ គឺ​សម្រាប់ការ​ត្រៀម​ប្រកួត​កីឡា​ស៊ីហ្គេម​លើកទី ៣៣ នៅ​ប្រទេស​ថៃ នៅ​ខែធ្នូ ​ឆ្នាំ ២០២៥​»៕

អត្ថបទពេញនិយម

អ្នកកែច្នៃហ្គាសទឹកដំបូងនៅកម្ពុជា គ្រោងពង្រីកសាខាទូទាំងខេត្តក្រុង ជួយ រថយន្តសំចៃប្រេងលើកស្ទួយបរិស្ថាន

បាត់ដំបង ទីក្រុងច្នៃប្រឌិតដំបូងរបស់ យូណេស្កូ ដែលសិល្បៈចម្អិនអាហារមាននិរន្តរភាពសម្រាប់បេតិកភណ្ឌម្ហូបខ្មែរ

២១ ត្រណម តាមជំនឿតៗក្នុងរដូវកាលបុណ្យសែនក្បាលទឹក

មិនចង់ឲ្យមុខជាំ ស្រីៗត្រូវចេះតិចនិកទាំងនេះ

Adobe ណែនាំគម្រូវីដេអូ AI នៅលើ Adobe Firefly សម្រាប់ការបង្កើតវីដេអូដែលមានគុណភាពខ្ពស់