ទេសចរណ៍

៨ ចំណុច ដែលអ្នកគួរស្នាក់នៅផ្ទះសហគមន៍ (Homestay)

October 22, 2024
សួស យ៉ាមី
Heading
Option 1

ភ្នំពេញៈ ផ្ទះ​ស្នាក់​តាម​សហគមន៍គឺជា​ទីតាំង​ទេសចរណ៍​ដែល​អ្នក​គួរតែ​សាកល្បងព្រោះ​វា​នឹងធ្វើឱ្យ​អ្នកទទួលបាន​បទពិសោធ​ន៍​ថ្មី នៃ​ការ​ដើរលេង​បែប​ឯកជនប្លែក​អារម្មណ៍ ជាពិសេស​ការ​ស្នាក់នៅ មានតម្លៃ​ធូរ​ថ្លៃ និង​ចំណេញ​ច្រើនតួយ៉ាង​ការ​ស្នាក់នៅ​ភូមិ​បណ្តែត​ទឹក ឧទ្យាន​ជាតិ តំបន់​ការពារ ភូមិ​តាម​តំបន់ឬ​សហគមន៍​ជនជាតិដើម​ភាគតិច​ដាច់ស្រយាល​ជាដើម​។

ក្នុង​អត្ថបទ​នេះសារព័ត៌មាន​ឌីជីថល SR លើកយក​ពី​អត្ថប្រយោជន៍​ទាំង​៨ ដែល​អ្នក​គួរ​ស្នាក់​នៅផ្ទះ សហគមន៍​៖

១.ជួប​ជាមួយ​ប្រជាជន​ក្នុង​តំបន់​

​នៅពេល​អ្នកស្នាក់នៅ​ផ្ទះ​សហគមន៍អ្នកនឹង​បាន​ប្រាស្រ័យ​ទាក់ទង​នឹង​ប្រជាជន​ផ្ទាល់ឬ​អ្នក​អាច​រស់នៅ​ជាមួយ​ពួកគេ​បាន​ផងដែរជាពិសេស​បានដឹង​ពី​របៀប​រស់នៅ​របស់​ព​ល​រដ្ឋ​ក្នុង​តំបន់ដែល​មិន​ដូច​ការ​គេង​តាម​ផ្ទះសំណាក់ សណ្ឋាគារ នៅតាម​កន្លែង​ដើរលេង​នានា​ឡើយ​។

២. តម្លៃ​ស្នាក់នៅ​ធូរ​ថ្លៃ​

​ការ​ស្នាក់​នៅផ្ទះ​ស្នាក់​សហគមន៍មានតម្លៃ​ធូរ​ថ្លៃ​ចាប់ពី ៣ ទៅ ៧ ដុល្លារ​ក្នុង​មួយ​យប់ សម្រាប់​មនុស្ស​ម្នាក់ដោយ​អាស្រ័យ​លើ​កន្លែង​ស្នាក់នៅ និង​ភាពដាច់ស្រយាល​នៃ​ទីតាំងហើយ​ចំណុច​នេះ​ធ្វើឱ្យ​អ្នក​ចំណេញ ដោយ​មិនចាំបាច់​ចំណាយ​ច្រើនក្នុងការ​ស្នាក់នៅនិង​បាន​ចូលរួម​ដល់​សហគមន៍​ផងដែរ​។

៣.ដឹង​ពី​ស្ថានភាព​ជាក់ស្តែង និងជីវិត​ពិតប្រាកដ

​ចង់​ភ្លក្ស​រសជាតិ​ដើរលេង​ប្លែកអារម្មណ៍អ្នក​គួរ​ទៅឱ្យ​ហួស​ពី​កន្លែង​ដើរលេង​ល្បីៗ​នៅតាម​តំបន់​ទីក្រុង ទីប្រជុំជនឬ​ទីក្រុង​ឆ្នេរសមុទ្រ ដោយ​អ្នក​គួរ​ទៅលេង និង​ស្នាក់​នៅផ្ទះ​សហគមន៍​វិញព្រោះ​នៅ​ទីនោះ  

​អ្នកនឹង​បានឃើញ​ស្ថានភាព​ជាក់ស្តែងនិង​បាន​មើល​ពី​ជីវិត​ប្រជាជន ហើយ​សហគមន៍​ទាំងនោះ នឹង​នាំ​អ្នក​ទៅលេង​នៅ​តំបន់​នានា​ដូចជា​តំបន់​ប្រវត្តិសាស្ត្រ​ដែល​មិនសូវមាន​គេ​ស្គាល់ ឬ​តំបន់​ទេសចរ​ថ្មី ប្លែកក៏ដូចជា​បាន​ទៅ​ជួប​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​តំបន់​ដាច់ស្រយាល​ផងដែរ​។

៤.ញ៉ាំ​អាហារ​តាម​ផ្ទះ​សហគមន៍

​ខុសពី​ការ​ញ៉ាំ​អាហារ​តាម​ភោ​ជនី​ដ្ឋា​នអាហារដ្ឋាន ឬ​តូប​អាហារនៃ​រមណីយដ្ឋាន​នានា ការ​ញ៉ាំ​អាហារ​នៅផ្ទះ​សហគមន៍អ្នកនឹង​បាន​ភ្លក្ស​ស្នាដៃ​របស់​ប្រជា​សហគមន៍​ផ្ទាល់ ដោយ​ញ៉ាំ​អាហារ​នៅ​ទីតាំង​ដែល​សហគមន៍​រៀប​ចំ​ឱ្យជា​លក្ខណៈ​ជុំ​គ្នាដែល​នេះ​អ្នក​ហាក់ដូចជាញ៉ាំ​អាហារ​ជាមួយ​ក្រុម​គ្រួសារនៅផ្ទះ​ដូច្នោះ​ដែរ​។

៥. ផ្តល់​ឱ្យ​អ្នក​នូវ​បទពិសោធន៍​ថ្មី​ពី​អ្នកស្រុក​

​ផ្ទះ​ស្នាក់​សហគមន៍​ភាគច្រើនមិន​ត្រឹមតែ​ផ្តល់​កន្លែង​ស្នាក់នៅ​ប៉ុណ្ណោះ​ទេប៉ុន្តែ​ក៏មាន​បទពិសោធន៍​ក្នុងស្រុក​ផ្សេងទៀត​ផងដែរ ដូចជា​ការរៀន​ធ្វើ​ម្ហូប ដំណើរ​កម្សាន្ត​តាម​ភូមិការធ្វើ​សិប្បកម្ម ការ​ជិះ​កង់ ការ​ជិះ​រទេះគោ ឬ​គោយន្តនិង​សកម្មភាព​ជាច្រើន​ទៀត​។ សកម្មភាព​ទាំងនេះហាក់ដូចជា​អ្នកជា​ប្រជាជន​រស់នៅ​ទីនោះ​ផ្ទាល់ ដែល​កំពុង​ធ្វើ​កិច្ចការ​ប្រចាំថ្ងៃហើយ​នោះ​អ្នក​កាន់តែដឹង​ពី​សហគមន៍​មូលដ្ឋាន​ច្បាស់​។​

៦. រៀន​វប្បធម៌និង​ទំនៀមទម្លាប់​ក្នុងស្រុក​

​ស្នាក់​នៅផ្ទះ​តាម​សហគមន៍អ្នកនឹង​បាន​យល់ដឹង​ពីរ​ប្ប​ធម៌ ទំនៀមទម្លាប់​របស់​អ្នកស្រុក​ក្នុង​តំបន់​ផ្ទាល់ថា​តើតំបន់​នេះ​មាន​ទំនៀម​បែបណា? គេ​និយម​ធ្វើ​កម្មវិធី​អ្វីខ្លះ?និងមានតំណមអ្វីខ្លះ ដែល​វា​ហាក់​ខុសប្លែក​ពីអ្វី​ដែល​អ្នក​បានដឹង​ពី​គេ​តៗ​គ្នាឬ​បាន​អាន​ចេញពី​មេរៀន ឬ​សៀវភៅ​។

៧.ស័ក្ក​សម​ចំពោះ​អ្នក​ចូលចិត្ត​ដើរលេង​ម្នាក់ឯង

​ការធ្វើដំណើរ​តែម្នាក់ឯងគឺជា​បទពិសោធន៍​មួយ​ល្អ​ក្នុង​ជីវិត​ដែល​បង្ហាញ​ពី​ភាពក្លាហាន​។ អ្នក​ចូលចិត្ត ដើរលេង​ម្នាក់ឯងកាន់តែ​ស័ក្ក​សមចំពោះ​ការ​ស្នាក់​នៅតាម​ផ្ទះ​សហគមន៍ព្រោះ​អ្នក​នឹងមាន​ទំនុកចិត្ត​ខ្ពស់ ដោយសារតែ​ប្រជា​សហគមន៍គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ ដែល​កំដរ​អ្នក​ទៅ​កាន់តែ​កម្សាន្ត​នានាញ៉ាំ​អាហារ​ជាមួយគ្នា ហើយអ្នកបានស្នាក់​នៅផ្ទះ​តែមួយ​ជាមួយ​ប្រជា​សហគមន៍។  

៨ . អនុស្សាវរីយ៍​ល្អៗដែល​អ្នក​មិនអាច​បំភ្លេចបាន​។​

​ការ​ស្នាក់​នៅផ្ទះ​សហគមន៍នឹង​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ល្អ​ក្នុងការ​ចងចាំ ដោយសារតែ​ភាពរួសរាយ​រាក់ទាក់, ស្នាដៃ​ធ្វើ​ម្ហូប​ដ៏​ឆ្ញា​ញ់​ជាប់មាត់, ការរស់នៅ​ពិតៗ​ក្នុងភូមិនិង​ការកម្សាន្ត​លក្ខណៈ​ឯកជន សេរីភាព និង​មេរៀន​ជី​វីត​ជាច្រើនដែល​ផ្តល់ឱ្យ​អ្នក​តាមរយៈ​ផ្ទះ​សហគមន៍​៕

អត្ថបទពេញនិយម

«ភ្នំទឹកធំ» ឈរកណ្តាលទឹក ស្អាតខ្លាំងក្នុងរដូវវស្សា ជាប់ព្រំដែនវៀតណាម

ជាងចម្លាក់លើស្បែកគោ ដាក់បេះដូង និងពេលវេលា ១២ឆ្នាំ ទំរាំក្លាយអ្នកមានទឹកដៃអាជីព

ជិះឡានលើទឹកមើលទេសភាពតាមដងព្រែក ញ៉ាំអាហារ គេងលម្ហែ នៅភូមិថ្មីកំពត

ពលរដ្ឋសហគមន៍ ៥ ម៉ឺននាក់ អាចទទួលផលពីគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា

ស្អាតណាស់! សម្រស់ធម្មជាតិខេត្តមណ្ឌលគិរី នារដូវរស្សា