ភ្នំពេញៈ សិល្បករចាប៉ីដងវែងមកពីបណ្តារាជធានី-ខេត្ត នឹងប្រមូលផ្តុំគ្នាសម្តែងសិល្បៈចាប៉ីដងវែង ក្នុងកម្មវិធី «តន្ត្រីចាប៉ីភូមិខ្ញុំ»ក្រោមប្រធានបទ «រំឭកបុព្វការី ចាប៉ីដងវែង» ដើម្បីអបអរសាទរ ខួបលើកទី៨ ចាប៉ីដងវែងរបស់កម្ពុជាចុះជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
ប្រធានក្រុមសហគមន៍ចាប៉ីអមតៈ លោក ពេជសារ៉ាត បានប្រាប់សារព័ត៌មាន SR News ថា កម្មវិធី «តន្ត្រីចាប៉ីភូមិខ្ញុំ»ឆ្នាំ២០២៤ នេះ កើតចេញពីការបោះឆ្នោតរបស់សិល្បករចាប៉ីដងវែង ចំនួន១០២នាក់ ដើម្បីអបអរខួបលើកទី៨ ដែលចាប៉ីដងវែងរបស់កម្ពុជា បានចូលជាសម្បតិ្តបេតិកភណ្ឌវប្បធម៌ អរូបីរបស់អង្គការយូណេស្គូ។
លោក ពេជ សារ៉ាត បន្តថា ក្នុងកម្មវិធីនេះនឹងមានការសម្តែងពិសេសដូចជា សិល្បៈចាប៉ីដងវែងចំនួន ៨ ដើម ដែលមានន័យថា ខួប៨ឆ្នាំរបស់ចាប៉ីដងវែងនិងការសម្តែងសិល្បៈចាប៉ីដងវែងចំនួន ២៤ដើម ដែលមានន័យថា អត្តសញ្ញាណឆ្នាំ ២០២៤។
ទាក់ទងនឹងការសម្តែងចាប៉ី៨ដើម និង២៤ដើម លោកសារ៉ាតពន្យល់ដូច្នេះថា៖ «យើងនឹងលេងចាប៉ី៨ ដើមជាមួយនឹងឧបករណ៍ទ្រ ស្គរ ឈឹងជាដើម យើងលេងជាលក្ខណៈប្រគុំនិងមានអ្នកច្រៀងផងដែរ ព្រោះចាប៉ីចូលរួមលេងជាមួយនឹងវង់ភ្លេងមហោរី ហើយមុននឹងចូលមហោរីយើងរំលេចចាប៉ីដងវែង ជាលក្ខណៈជាក្រុម នេះគឺជាភាពអស្ចារ្យ វាមានអភិរក្សផង អភិវឌ្ឍន៍ និងច្នៃប្រឌិតផង»។
«ចាប៉ី២៤ដើម យើងសម្តែងដោយសិល្បករ២៤នាក់ មកពីខេត្តក្រុងមួយចំនួន យើងមានប្រគុំលក្ខណៈ ហៅថាដំណើរបទ យើងមានបញ្ជូលស្គរ យីកេ ស្គរដៃនៅក្នុងវង់ភ្លេង អារក្សចូលផងដែរ»។ នេះបើតាមលោក ពេជ សារ៉ាត
ព្រឹត្តការណ៍ចាប៉ីដងវែង ប្រចាំឆ្នាំ ២០២៤នេះនឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែវិច្ចកា ឆ្នាំ២០២៤ នៅ ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល វេលាម៉ោង៩ព្រឹក ដែលនឹងមានការចូលរួមពីសិល្បករចាប៉ីដងវែង ជាច្រើនរូបនិងសិល្បករល្បីៗដូចជា លោក ដួង សុខគា អ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី អូនផ្អែម(ចាប៉ីផ្អែម)។
ប្រធានក្រុមសហគមន៍ចាប៉ីអមតៈ បានឱ្យដឹងថានៅក្នុងព្រឹត្តិការណ៍ «តន្ត្រីចាប៉ីភូមិខ្ញុំ» នឹងមានកម្មវិធី ជាច្រើនដូចជា ការសំពះគ្រូចាប៉ីដងវែងការបង្រៀនចាប៉ីដងវែង ការប្រកួតប្រជែងសម្តែងចាប៉ី ជាលក្ខណៈជាក្រុមដែលមានគ្រូបង្គោលមកពីបណ្តាខេត្ត មានការសម្តែងឆៃយ៉ាំស្រុកស្រែ និងការសម្តែង យុទ្ធគុនខមដែរផងដែរ។
លោកបន្តថា ចាប់ពីម៉ោង៤រសៀលតទៅ នឹងមានការច្រៀងលេងរាំកម្សាន្ត នៅខាងមុខផ្សារទំនើបជីបម៉ុង ដែលមានតាំងរូបចាប៉ីយក្ស ដើម្បីអបអរសាទរ ចាប៉ីដងវែងដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ រយៈពេល៨ឆ្នាំកន្លងមក ដែលនេះជាការសបញ្ជាក់ពីការផ្តល់សេចក្តីស្រឡាញ់ដល់ចាប៉ីដងវែងហើយបងប្អូនប្រជាពលរដ្ឋ អាចចូលរួមកម្សាន្តបានតាមសប្បាយ។
សិល្បករចាប៉ីរូបនេះ រៀបរាប់ពីអារម្មណ៍ថា៖ «សម្រាប់ឆ្នាំនេះខ្ញុំមានអារម្មណ៍ថារំភើប និងសប្បាយចិត្ត មែនទែន ដោយសារតែការជ្រោមជ្រែងរបស់ពុកម៉ែបងប្អូន ជាពិសេសឃើញថា យុវជនងាកមករួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាស្រឡាញ់សិល្បៈវប្បធម៌ខ្មែរកេរដំណែលពីដូនតា ទោះបីយ៉ាងណា យើងជួបគ្នាម្តង យើងផ្តោះផ្តង យើងប្រឹងប្រែង ឱ្យចាប៉ីរស់រវើកនៅក្នុងពេលអនាគតហើយនេះក៏ជារូបភាពមួយក្នុងការបន្តវេនផងដែរ៕