ចំណេះដឹង

សៀមរាប​:​ខ្លែងឯក​ដ៏​ធំ​កំពុង​ប​ង្ហើរត្រដាង​ខ្លួន​​លើ​អាកាស​បន្លឺ​សម្លេង​យ៉ាង​គ្រលួច។នេះជា​ស្នាដៃ​របស់ ព្រឹទ្ធាចារ្យ ឈុំ ម៉ៅ ជា​អ្នក​ខេត្តសៀមរាបមួយ​រូបដែល​បាន​​​ធ្វើ​ខ្លែងឯក​ជាច្រើន​​តម្លៃ​រាប់រយ​ដុល្លារ​​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នា​រដូវ​បង្ហើរខ្លែងជារៀងរាល់ឆ្នាំ​។​

​ការ​បង្ហើរខ្លែង គឺជា​ទំនៀមទម្លាប់​ប្រពៃណី​​ខ្មែ​រ​តាំងពី​បរមបុរាណហើយ​​សព្វថ្ងៃនេះ លោក ព្រឹទ្ធាចារ្យ ឈុំ ម៉ៅ ក៏​នៅតែ​បន្តធ្វើ​ខ្លែង ដោយ​គោរព​តាម​ដូនតា​ខ្មែរ​ដើម្បី​ផ្សារភ្ជាប់​ទៅនឹង​ធម្មជាតិ​នៃ​ធាតុ​ទាំង​បួនដែល​ទ្រទ្រង់​នូវ​លោក គឺ​ធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ដែល​បានផ្តល់​នូវ​ជីវិត​រស់​នៅ​។

​ខ្លែងគឺជា​វត្ថុ​លេង​ម្យ៉ាងដែ​លអាច​ហោះ​បាន​ដោយសារ​កម្លាំង​ខ្យល់​ទាញ​។ក្រៅពី​ត្រូវបាន​ប្រើ​សម្រាប់​លេង​កម្សាន្ត​ហើយ វា​ក៏​ជា​សិល្បៈ​វប្បធម៌​របស់​ជនជាតិ​ខ្មែរ​ផងដែរ​។​

​ភាគច្រើន​គេ​តែង​បង្ហើរខ្លែង​លេង​កម្សាន្ត​ក្នុង​រដូវ​លំហើយចាប់ផ្ដើម​រាប់​ពីថ្ងៃ​ពាក់កណ្ដាល​ខែកញ្ញា ដល់​ពាក់កណ្ដាល​ខែធ្នូហើយ​ពេលខ្លះ​ខ្មែរ​យើង​លេង​បន្ត​រហូតដល់​សិ​សិ​រដូវ​។

​លោក ព្រឹទ្ធាចារ្យ ឈុំ ម៉ៅ បាន​រៀបរាប់​ឱ្យ SR News ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ធ្វើ​ខ្លែងឯក​នេះ​ព្រោះ​ជា​ទំនៀមទំលាប់​ខ្មែរ​ពី​បុរាណ​មក​ក៏ដូចជា​ខ្ញុំ​ធ្លាប់​ឃើញ ឪពុកធំ​ខ្ញុំគាត់​ធ្វើ​នៅក្រោម​ដើមឈើ តាំងពី​ខ្ញុំ​នៅ​ក្មេងៗដោយ​គាត់​តែងតែ​ប្រើ​ឲ្យ​ហុច​របស់​នេះ​របស់​នោះ អំឡុង​ពេលធ្វើ​ខ្លែងទើប​ខ្ញុំ​មានការ​ចង់ចាំ និង​របៀប ធ្វើ​ច្បាស់​»​។​

​ទើប​នៅក្នុង​ឆ្នាំ​២០០៧ ព្រឹទ្ធាចារ្យ ឈុំម៉ៅ ក៏បាន​ចាប់ផ្តើម​សាកល្បង​ធ្វើ​ខ្លែងឯក​តាម​ការចង់ចាំ​ក៏ដូចជារំលឹក​ដល់​អនុស្សា​វ​រី​ជាមួយ​ឪពុកធំ គ្រា​ដែល​ធ្វើ​ខ្លែង​នៅក្រោម​ដើមឈើ​។​

​លោក ព្រឹទ្ធាចារ្យ ឈុំ ម៉ៅ បាន​បញ្ជាក់ថា៖ « ដើម្បី​ធ្វើ​ខ្លែងឯក​មួយ​បានល្អលោក​ត្រូវ ជ្រើសរើស​ឬ​ស្សី​ណាដែរ​ចាស់​មាន​សម្បុរ​ក្រហម​យកមក​ពុះ​ហាលថ្ងៃ​រយៈពេល​២០​ថ្ងៃ​រួច​ត្រាំ​ទឹក​៥​យប់​ទៀត​ទើប​យកមកហាល​វា​ឲ្យ​ស្ងួត រួច​បិទ​សាច់​ឬ​ស្សី​ឲ្យ​ស្មើ ទើប​យកទៅ​ចង​ធ្វើជា​គ្រោងឆ្អឹងរួច​បិទ​ក្រដាស់​នៅលើ គ្រោង ឆ្អឹង​ខ្លែងឯក​។​ខ្លែង​មួយៗ​ត្រូវ​ចំណាយរយៈពេល​ធ្វើ​៣​ថ្ងៃ ដោយ​សម្រិត​ស​ម្រាំ​ង​ខ្លាំងណាស់»។

​ចំពោះ​ប្រភេទ​ខ្លែងឯក​យើង​អាចធ្វើ​ពី​ក្រណាត់ប្លា​ស្ទិ​ក ឬ ក្រដាស​ក៏បាន តែ​សម្រាប់​រូបលោក​ជ្រើសរើសយក​ក្រដាស​ឃ្លុំបេ​ម្សៅ​យកមក​ធ្វើ​ ដោយសារ​តែ​វា​ស្វិត​រឹងមាំ​ល្អ​សម្រាប់ធ្វើ​ខ្លែងបាន​គ្រប់ខ្នាត។

​លោក​ឈុំ ម៉ៅ បាន​រៀបរាប់ថា៖ ​«​ខ្ញុំ​តែងតែ​និយម​ធ្វើ​ខ្លែងឯក មាន​កម្ពស់​២​ម៉ែត្រ​៤​តឹក​និង ២​ម៉ែត្រ២​តឹក​ទៅតាម​ការចង់បាន​អតិថិជន​និង​ថែមទាំង​មាន​រំលេច​រូបភាព​ស្អាត​ទៀតផង​»​។

​លក្ខណៈ​ពិសេស​នៃ​ខ្លែង​ឯក​គឺ​ការ​បញ្ចេញ​សម្លេង។លោកព្រឹទ្ធាចារ្យ បាន​បន្ថែមទៀតថា បៀ​ប​ធ្វើ​ស្លាបឯក​ឲ្យ​ឮសូរ​បាន​ពី​រោះ​ត្រូវ​ជ្រើសរើសយក​ផ្តៅ​​ណា​ដែលមាន​ដើម​ចាស់​ក្រហម។ ផ្ដៅ​ត្រូវ​​បាន​យក​ហាលថ្ងៃ​ឲ្យ​ស្ងួត​រួច​បិត​​ឲ្យ​ស្តើង​ដើម្បី​បានជាសម្លេង​ឮសូរ​ខ្លាំង​ល្អ​។

​សម្រាប់​ខ្លែងឯកលម្អ​ដោយ​​គំនូរ​រូបភាព​មួយ​លោក​អាច​លក់បាន​តម្លៃ​២០០​ដុល្លារ​រីឯ​ខ្លែង​ឯក​ធម្មតា​គ្មាន​ការ​គូរ​រចនា​ លោកអាច​​លក់បាន​តម្លៃ​១០០​ដុល្លារ​។​ខ្លែង​របស់លោក​មានកា​រ​គាំទ្រ​ច្រើន​រហូត​លោក​មិនអាច​ធ្វើ​ទាន់​តាម​កា​រកុ​ម្ម៉​ង់​​​។​

​លោក​ព្រឹទ្ធាចារ្យ​បាន​ឱ្យដឹង​ថា ខ្លែង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បង្ហើរ​មាន​ច្រើន​ប្រភេទ​ណាស់​ដូចជាខ្លែងឯក ឬ​ខ្លែង​ព្នង ខ្លែង​ប្រ​ម៉​ង់ ខ្លែង​ហៅ​ប៉ៅ និង​ខ្លែង​កណ្តូងខ្លែង​កូន​មាន់ ខ្លែង​មេអំបៅ ខ្លែង​ផ្កាយ ខ្លែង​ខ្លោះ ខ្លែង​ផ្កា ជាដើម​។

រូបរាង​ខ្លែងគេ​អាចធ្វើ​ទៅតាម​ការចូល​ចិត្ត​រៀងៗ​ខ្លួន​ឬ​ទៅតាម​ការច្នៃប្រឌិត​។ចំពោះ​ខ្លែង​ដែល​គេ​និយម​ត​បង្ហើរ​ជាងគេ​គឺ​ខ្លែង​កណ្ដូង និង​ខ្លែងឯក ដែលត្រូវបាន​​បង្ហើរ​នៅតាម​ភូមិ​ស្រុក​ទីជនបទ​។​

លោក​ក៏មាន​បំណង​ចង់​បង្រៀន​ជំនាញ​ខ្លែងឯក​នេះ​ទៅកាន់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​ចេះច្បាស់​ដើម្បី​បន្ត​ថែរក្សា​ប្រពៃណី​បង្ហើរ​ខ្លែង​ខ្មែរ ជាពិសេស​ខ្លែង​ឯង​នេះ​កុំ​ឲ្យ​បាត់បង់​។​

​ជា​ចុងក្រោយ​លោក​បានអំពាវនាវ​ដល់​ប្រជាជន​ខ្មែរ​ទាំងអស់​សូម​​ឈប់​យល់ច្រឡំ​ និង​​​ផ្សព្វផ្សាយ​ជំនឿអកុសល​​ដែល​ថាខ្លែងឯកនេះ​បើ​ធ្លា​ក់លើ​ដំ​បូង​ផ្ទះ​អ្នកណា​ហើយ​ ត្រូវ​មាន​ការ​​សូត្រមន្ត​រំដោះគ្រោះ​ចង្រៃតទៅទៀត។​

​ព័ត៌មាន​បន្ថែម​ពី​ពី​ខ្លែងឯក​អាច​ទំនាក់​ទំ​នង​​​តាម​ទូរ​សព្ទ​លេខ ០១២ ៥៥៩ ៤៦៩៕

ចូលរួមបង្ហើរខ្លែងឯកនិងបំបាត់ពាក្យថាខ្លែងឯកចង្រៃ

ជំនឿអកុសលពីការបង្ហើរខ្លែងនេះ សាបរលាបបន្តិចម្ដងៗហើយ បើយើងចូលរួមផ្សព្វផ្សាយសម្ដីព្រឺទ្ធាចារ្យចាស់ៗដែលគាត់ជំនាញផ្នែកនេះ

ថិញ រិទ្ធី

Heading

ខែត្រជាក់​ចូលមក​ដល់មនុស្ស​ជាច្រើន​អាច​ជួបប្រទះ​បញ្ហា​ស្បែក​ស្ងួត និង​បែក​ស្រកាដែល​នេះ​គឺជា​បញ្ហា​ប្រឈម​ខ្លាំង​បំផុត​ក្នុង​រដូវរងា​។

​បញ្ហា​នេះ​អាច​ជៀសវាង​បានប្រសិនបើ​យើង​អនុវត្ត​ត​តិច​និក​ការពារ​ស្បែក​ឱ្យបាន​ត្រឹមត្រូវ​។អ្នកនឹង​អាច​រក្សា​ស្បែក​ឱ្យមាន​សុខភាព​ល្អ មាន​សំណើម និង​ភ្លឺរលោង​។

​ខាងក្រោម​នេះ​គឺជា​តិច​និក​មួយចំនួន​ក្នុងការ​ថែរក្សា​ស្បែកនិង​សម្រស់​ក្នុង​រដូវរងា​នេះ​៖

១. ផ្តល់​សំណើម​ដល់​ស្បែក​ឱ្យបាន​ញឹកញាប់​

​លាប​ក្រែ​មឬ​ឡេ​ផ្តល់​សំណើម​ភ្លាមៗ​ដល់​ស្បែ​កមុខ និង​ដងខ្លួន​បន្ទាប់ពី​ងូតទឹក​រួច​។​

២. ជៀសវាង​ការ​ងូតទឹក​ក្តៅ​

​ទឹក​ក្តៅ​អាច​កម្ចាត់​ប្រេង​ធម្មជាតិ​ចេញពី​ស្បែក​របស់​អ្នកដូច្នេះ​សូម​ជ្រើសរើស​ងូតទឹក​ក្តៅ​ឧណ្ហៗ មិន​ក្តៅ​ខ្លាំងឬ​ងូតទឹក​ធម្មតា​ជំនួស​វិញ ដោយ​កំណត់​ពេលវេលា​ងូតទឹក​របស់​អ្នក​ត្រឹម ៥-១០នាទី​បាន​ហើយ​។​

៣. ផ្តល់​សំណើម​ពី​ខាងក្នុង

​ផឹកទឹក​ឱ្យបាន​ច្រើន​ពេញ​មួយថ្ងៃ​តាម​ដែល​អាចធ្វើ​ទៅបានដើម្បី​រក្សា​ជាតិ​ទឹក​នៅក្នុង​ខ្លួន​។​បន្ថែម​ពី​នោះ​ទៀតអ្នក​អាច​បញ្ចូល​អាហារ​ដែលមាន​ជាតិ​ទឹក​ខ្ពស់ ដូចជា​ត្រសក់ ក្រូច និងបន្លែ​បៃតង​ជាដើម ។​

៤.ជូត​សម្អាត​ស្បែក​ថ្នមៗ​បន្ទាប់ពី​ងូតទឹក​រួច​

​ជៀសវាង​ការ​ដុសខាត់ ឬជូត​សម្អាត​ស្បែក​ខ្លាំងៗ​។ ចូរ​ជ្រើសរើស​ផលិតផល​ដែលមាន​សារធាតុអាស៊ីត​អាល់​ហ្វា​អ៊ី​ដ្រូ​ស៊ី​ស៊ី (AHAs) មក​លាប​លើ​ស្បែក​ជាប្រចាំ​ដើម្បី​ប្រឆាំងនឹង​ភាព​ចាស់​។​

៥. ប្រើប្រាស់​ឡេ​ការពារ​កម្តៅថ្ងៃ​ជាប្រចាំ

​ការពារ​ស្បែក​របស់​អ្នក​ជាមួយនឹង​ឡេ​ការពារ​កម្តៅ​ជាប្រចាំ​ថ្ងៃ​ទោះបីជា​ក្នុង​រដូវរងា​ក៏ដោយព្រោះ​កាំរស្មី UV នៅតែ​អាចធ្វើឱ្យ​ស្បែក​របស់​អ្នក​ខូចខាត​បាន​។​

៦. ការពារ​បបូរមាត់រ​បស់​អ្នក​

​ចូរ​ប្រើប្រាស់​ក្រែ​ម​បំប៉ន​បបូរមាត់​ដែលមាន​កម្រិតSPF ដើម្បី​ការពារ​ការ​ប្រេះនិង​ការ​ស្ងួត​បបូរមាត់​។ ចូរ​លាប​វា​ឱ្យបាន​ញឹកញាប់​ពេញ​មួយថ្ងៃ​។​

៧.ថែរក្សា​ស្រទាប់​ស្បែក​ដោយ​ប្រើប្រាស់​សេរ៉ូម​

​ចាប់ផ្តើម​ប្រើប្រាស់​ជាមួយនឹង​សេរ៉ូម​ផ្តល់​សំណើម​ដល់​ស្បែកដែលមាន​ផ្ទុក​អាស៊ីត Hyaluronic ដែលជា​សារធាតុ​ផ្តល់​សំណើម​ធម្មជាតិនិង​រក្សា​ជាតិ​ទឹក​សម្រាប់​ស្បែក​។

៨. ស្លៀក​សម្លៀកបំពាក់​ការពារ​ខ្ស​ល់​ត្រជាក់​

​ស្លៀក​សម្លៀកបំពាក់​ខោអាវ​រងានិង​រុំ​ករ​ជាមួយនឹង​កន្សែងដើម្បី​ការពារ​ស្បែក​រាងកាយ​ពី​ខ្យល់​ត្រជាក់​មក​ប៉ះ​លើ​ស្បែក​។​

៩. ជៀសវាង​ការលាង​សម្អាត​ដៃ​ច្រើនដង​ពេក​

​ក្នុង​រដូវ​ត្រជាក់ចូរ​ជៀសវាង​ការលាង​សម្អាត​ដៃ​ច្រើនដង​ក្នុង​មួយថ្ងៃ​។ចូរ​ប្រើប្រាស់​សាប៊ូ​លាងដៃ​ដែលមាន​សំណើម​ស្រាលៗហើយ​លាប​ក្រែ​ម​ដៃ​បន្ទាប់ពី​លាង​សម្អាត​រួច​។​

១០. លាប​ឡេ​លើ​ស្បែ​កមុខនិង​ដងខ្លួន​រៀងរាល់​យប់​មុន​ចូល​គេង

​មុន​ចូល​គេងចូរ​លាប​ឡេ​លើ​ស្បែក​ជា​រៀងរាល់​យប់ដែល​នេះ​ជា​វិធី​ដែល​ជួយផ្តល់​សំណើម​ដល់​ស្បែក​ពេញ​មួយ​យប់សម្រាប់​ការជួសជុល​កោសិការ​នៅលើ​ស្បែក​។​

​តាមរយៈ​ការប្រើប្រាស់​តិច​និក​ទាំងអស់នេះអ្នក​អាច​ការពារ​ស្បែក​របស់​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ពី​រង​ឥទ្ធិពល​អាក្រក់ដែល​បណ្តាលមកពី​បញ្ហា​អាកាសធាតុ​ត្រជាក់​៕

តិចនិកថែរក្សាស្បែកក្នុងរដូវរងា

ខែត្រជាក់ចូលមកដល់ មនុស្សជាច្រើនអាចជួបប្រទះបញ្ហាស្បែកស្ងួត និងបែកស្រកា ដែលនេះគឺជាបញ្ហាប្រឈមខ្លាំងបំផុតក្នុងរដូវរងា។ បញ្ហានេះអាចជៀសវាងបាន ប្រសិនបើយើងអនុវត្តតតិចនិកការពារស្បែកឱ្យបានត្រឹមត្រូវ។ អ្នកនឹងអាចរក្សាស្បែកឱ្យមានសុខភាពល្អ មានសំណើម និងភ្លឺរលោង។
វង់ អូន

Heading

ការប្រើប្រាស់​ស្ក្រា​ប់​កាហ្វេ​ដើម្បី​ខាត់​ស្បែ​កមុខ​ និង​ដងខ្លួន​គឺជា​វិធី​ធម្មជាតិ​មួយ​ដែល​អាចជួយ​ជម្រុះ​កោសិកា​ស្បែក​ចាស់ៗ និង​ធ្វើឱ្យ​ស្បែ​កភ្លឺ​ម៉ត់​ទន់​រលោង​។

អ្នក​ក៏​អាចធ្វើ​ស្ក្រា​ប់​នេះ​បាន​ដោយ​ខ្លួនឯង​នៅផ្ទះ​ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​ងាយៗ ដែល​​ស្រួល​រក​ទិញ​បាន​នៅតាម​ទីផ្សារ​ផងដែរ​។​

​ខាងក្រោម​នេះ​គឺជា​គ្រឿងផ្សំនិង​វិធីសាស្ត្រ​សាមញ្ញៗ​​ក្នុង​ការធ្វើ​ស្ក្រា​ប់​ផ្សំ​ពី​កាហ្វេ​៖

​គ្រឿងផ្សំ​៖

•​        ​ម្សៅ​កាហ្វេ ១០​ស្លាបព្រា​បាយ​

•​        អម្ពិល​​ទុំ មួយ​កូនចាន(​លាយ​ទឹក​បន្តិច​រួច ច្របាច់​យក​សាច់​អំពិល​ទុំ​សុទ្ធ​)

•​        ​ម្សៅល្មៀត ៥​ស្លាបព្រា​បាយ​

•​        ​ទឹកឃ្មុំ ៥​ស្លាបព្រា​បាយ​

•​        ​ទឹកដោះគោឆៅ កន្លះ​កំប៉ុង​

​អត្ថប្រយោជន៍​​៖

•​        ​កាហ្វេ​ជួយ​ជម្រុះ​កោសិកា​ស្បែក​ចាស់ៗ​​។​

•​        ​អំពិល​ទុំ​សម្បូរ​សារធាតុចិញ្ចឹម​ដូចជា​វីតាមីនC ជួយ​ឱ្យ​ស្បែក​មាន​សុខ​ភាពល្អ​។​

•​        ​ម្សៅល្មៀត​ជួយ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ម៉ត់​រលោង​។​

•​        ​ទឹកឃ្មុំ​ជួយ​ឱ្យ​ស្បែ​កមាន​សំណើម​ហើយ​ធន់​នឹងកម្ដៅ​ថ្ងៃ​។​

•​        ​ទឹកដោះគោឆៅសម្បូរ​ទៅដោយ​វីតាមីន ​និង​ប្រូតេអ៊ីនដែល​ជួយផ្ដល់​ជាតិ​ទឹក ​និងពន្យារ​ការ​វិវត្តន៍​នូវ​​ស្នាម​ជ្រីវជ្រួញ​នៅលើ​ស្បែក​។​

​វិធី​ធ្វើ​

១.លាយ​គ្រឿងផ្សំ​ទាំងអស់​បញ្ចូល​គ្នា

២.ច្របល់​ឱ្យ​សព្វ រហូត​បាន​ល្បាយ​ស្ក្រា​ប់​ខាប់​ល្មម​

៣.យក​ស្ក្រា​ប់​មក បន្ថែម​គ្រឿងផ្សំ​ផ្សេងៗ​ដូចជា យ៉ា​អួ ឬ​ពង​ទា​ផ្នែក​ពណ៌​សតាម​ចំណង់​ចំណូលចិត្ត និង​ប្រភេទ​ស្បែក​។​

​វិធី​ប្រើ​

១.ងូតទឹក​លាង សម្អាត ផ្ទៃមុខ និង​ដងខ្លួន​ឱ្យបាន​ស្អាត​ល្អ​ជាមួយ​សាប៊ូ​ជាមុនសិន​។​

២.ដុស​ស្ក្រា​ប់​លើ​ដងខ្លួន​ប្រមាណ ៥ នាទី រួច​អប់​ទុក​លើ​ស្បែក ១៥-៣០នាទី ដើម្បីឱ្យ​ជាតិ​ស្ក្រា​ប់​ជ្រាបចូល​ស្បែក​បានល្អ​។​

៣.មុន​លាង​សម្អាត​ដងខ្លួន​ យក​ស្ក្រា​ប់​មក​អប់​លើ​ផ្ទៃមុខ​ឱ្យបាន ​​៥​នាទី (សូម​ស្ក្រា​ប់​លើ​ផ្ទៃមុខ​ក្រោយ​ដងខ្លួន​)​។​

៤.​លាង​ជម្រះ​​ទឹក​ចេញ ទាំង​ផ្ទៃមុខ និង​ដងខ្លួន រួច​ជាការ​ស្រេច ។​

កំណត់ចំណាំ​

​ប្រើ​ស្ក្រា​ប់២-៣ ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ឆាប់​ទទួលបាន​ផល​ល្អ​។​

​លាងជម្រះ​ស្បែក​ឱ្យបាន​ស្អាត​ល្អមុន ​និង​ដុស​ស្ក្រា​ប់​លើ​ស្បែក​៕

ងាយៗរូបមន្តខាត់ស្បែកតាមបែបធម្មជាតិផ្សំពីកាហ្វេ ខាត់បានទាំងស្បែកមុខ និងដងខ្លួន

រដូវកាលត្រៀមខ្លួនធ្វើជាកូនក្រមុំ និងតែងខ្លួនញ៉ាំការបានមកហើយ ចឹងមកដឹងពីរូបមន្តខាត់ស្បែកផ្សំពីកាហ្វេ អស់លុយតិច តែស្អាតដោយសុវត្ថិភាពទាំងអស់គ្នា
វង់ អូន

Heading

អត្ថបទបន្ថែម

តើសិទ្ធិមនុស្ស ជាអ្វី?

​មនុស្ស​ទាំងអស់​កើតមក​មាន​សេរីភាពនិង​សមភាព​ក្នុង​ផ្នែក​សេចក្ដីថ្លៃថ្នូរ​និង​សិទ្ធិ​។ មនុស្ស​មាន​វិចារណញ្ញាណនិង​សតិសម្បជញ្ញៈ ជាប់​ពី​កំណើត ហើយ​គប្បី​ប្រ​ព្រឹ​ត្ដ​ចំពោះ​គ្នា​ទៅវិញទៅមកក្នុង​ស្មារតី​ភាតរ​ភាពជា​បងប្អូន​។​
សួស យ៉ាមី
December 6, 2024

ញ៉ាំអាហារហឹរបែបណាទើបមានគុណប្រយោជន៍ដល់សុខភាព?

ការញ៉ាំអាហារសជាតិហឹរ អាចមានប្រយោជន៍ដល់សុខភាព ប្រសិនបើការប្រើប្រាស់គ្រឿងហឹរ និងគ្រឿងផ្សំរសជាតិដទៃទៀតក្នុងបរិមាណមួយសមស្រប។ អាហារហឹរជាទូទៅមានសារធាតុ Capsaicin ដែលជាសារធាតុធម្មជាតិម៉្យាង ត្រូវបានរកឃើញនៅក្នុងម្ទេស ហើយវាមានគុណប្រយោជន៍ល្អដល់សុខភាព។
វង់ អូន
December 4, 2024

ធុងសំរាមច្នៃពីសម្បកកង់ឡានកំពុងផ្ទុះការគាំទ្រ

គ្រាន់តែឃើញធុងសំរាមច្នៃពីសម្បកកង់ឡានចាស់ៗ លោក ឡាយ គឹមសុងដែលមានទេពកោសល្យខាងកែច្នៃស្រាប់ បានចាប់យកគំនិតនេះមកធ្វើអាជីវកម្មតាមរយៈ សិប្បកម្មកូនខ្មែរ។ លោកអាចផលិតបានវត្ថុស្អាតៗជាច្រើនពីសម្បកកង់ឡានដែលគេបោះបង់ចោល ដោយចំណាយដើមទុនទាប ហើយថែមទាំងជួយដល់បរិស្ថានទៀតផង។
ថិញ រិទ្ធី
December 3, 2024

«ល្បែងទាញព្រ័ត្រ» ល្បែងពួកទេព និងពពួកយក្ស

ល្បែងទាញព្រ័ត្រ គឺជាល្បែងប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេងក្នុងពិធីក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងអំឡុងខែចេត្រ និងខែពិសាខ ដើម្បីបង្ហាញពីសាមគ្គីភាព ជា ធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត។
សួស យ៉ាមី
December 2, 2024

តើការរួមភេទតាមមាត់ អាចឆ្លងមេរោគអេដស៍ ដែរឬទេ?

ការឆ្លងមេរោគអេដស៍ពីការរួមភេទតាមមាត់ (ការផ្តល់ ឬទទួល)ជាមួយដៃគូដែលមានមេរោគ គឺទាបជាងហានិភ័យនៃការឆ្លងមេរោគអេដស៍ពីការរួមភេទតាមរន្ធគូទឬទ្វារមាស។
សួស យ៉ាមី
November 29, 2024

ល្ខោនខោលកាន់តែទទួលបានការចាប់អារម្មណ៍ច្រើន ក្រោយពីជាប់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ក្រោយពីត្រូវបានប្រកាសក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ ទម្រង់សិល្បៈល្ខោនខោល កាន់តែត្រូវបានផ្សព្វផ្សាយ និងលើកយកមកសម្ដែងជារឿយៗក្នុងព្រឹត្តិការណ៍តូចធំ ក៏ដូចជាការបើកវគ្គបង្រៀនបណ្ដុះបណ្ដាលអ្នកបន្តវេនជំនាន់ក្រោយផងដែរ។
ថិញ រិទ្ធី
November 29, 2024