ភ្នំពេញៈ ពិព័រណ៍«ដីមាស» របស់សិល្បករល្បីលំដាប់អន្តរជាតិ លាង ស៊ីកន នឹងត្រូវតាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៥ខាងមុខនេះ។ ពិព័រណ៍ «ដីមាស» គឺជាពិព័រណ៍ទោលរបស់សិល្បករខ្មែរដំបូងគេ ដែលមានតាំងបង្ហាញនូវស្នាដៃសិល្បៈជាច្រើន និងរំលេចឱ្យឃើញពីភាពអស្ចារ្យនៃទឹកដី សិល្បៈ ចម្លាក់ និងរឿងរ៉ាវដែលទាក់ទងនឹងទឹកដីសុវណ្ណភូមិរបស់កម្ពុជាយើង។
សិល្បករ លាង ស៊ីកន បានប្រាប់សារព័ត៌មាន SR News ឱ្យដឹងថា លោកពិតជាមានមោទនភាពណាស់ ដែលស្នាដៃរបស់លោកបានតាំងបង្ហាញនៅសារមន្ទីរជាតិ ដែលជាកន្លែងតម្កល់ទុកនូវស្នាដៃរបស់បុព្វបុរស ហើយនេះក៏ជាលើកដំបូងផងដែរដែលសិល្បករជាតិមានពិព័រណ៍ទោលនៅទីនេះ។
លោកបញ្ជាក់ថា៖ «កាលពីមុនក៏មានការតាំងពិព័រណ៍នៅសារមន្ទីរដែរ តែតាំងពិព័រណ៍ទាំងនោះមានជាលក្ខណៈក្រុម និងពិព័រណ៍របស់សិល្បករបរទេស ហើយវេលានេះគឺជាពិពរណ៍តែឯងបានន័យថា ជាសិល្បករក្នុងស្រុក ខ្ញុំមានមោទនភាពខ្លាំងណាស់។ ទី២ សារមន្ទីរជាកន្លែងកំពូល តាំងនូវស្នាដៃបុព្វបុរស បានន័យថាជាកន្លែងបណ្តុំដូងព្រលឹងជាតិ ហើយខ្ញុំមានឱកាសបានបង្ហាញស្នាដៃខ្លួនដល់ភ្ញៀវជាតិ និងអន្តរជាតិនៅទីតាំងអស្ចារ្យបែបនេះ»។
លោក លាង ស៊ីកន បានបន្តថា ពិព័រណ៍ទោល «ដីមាស» នឹងធ្វើឡើងរយៈពេល២ខែ ចាប់ពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃ ទី១១ ខែមីនា ឆ្នាំ២០២៥ ដែលក្នុងនោះមានស្នាដៃសិល្បៈចំនួន ១៨ ផ្ទាំង។
ឈ្មោះពិព័រណ៍ «ដីមាស» ត្រូវបានលោក លាង ស៊ីកន ពន្យល់ថា អត្ថន័យនៃពាក្យថា «ដីមាស» គឺមានប្រវត្តិ និងធាតុផ្សំជាច្រើន តួយ៉ាងជនជាតិខ្មែរបានរស់នៅលើទឹកដីកំណើតនេះ ដូចមានបញ្ជាក់នៅក្នុងរឿងព្រះថោងនាងនាគ នៅពេលសមុទ្ររឹងទៅ បានក្លាយទៅជាផែនដី ឬទឹកដីរបស់ខ្មែរ ហើយបានកកើតជីវៈចម្រុះ និងវប្បធម៌ខ្លួនឯងតែម្តង។
លោកពន្យល់បន្តថា៖ «ទន្លេមេគង្គកើតមានជាច្រើនសតវត្សរ៍កន្លងមក ទន្លេនេះនាំហូរចូលដីល្បាប់ កាលណាទឹកហូរកាត់ទន្លេបួនមុខ វាហូរចូលទៅទន្លេសាបទៅក្នុងបឹងទន្លេសាប សម្រាប់ទស្សនៈរបស់ខ្ញុំ វាប្រៀបបានជាការកូរសមុទ្រទឹកដោះមួយបែបធម្មជាតិ បានន័យថា រៀងរាល់ឆ្នាំ វាហូរចូលបឹងទន្លេសាប វិលមួយជុំ ហើយចេញមកវិញ វាមានរឿងរ៉ាវប្រហាក់ប្រហែលគ្នាអ៊ីចឹង មួយឆ្នាំៗ វាកូរ វាបានដីល្បាប់ បានជីវចម្រុះ វាបានជីវិតផ្សេងៗរាប់មិនអស់ គឺពិសេសខ្លាំងណាស់ដូចកូរសមុទ្រទឹកដោះ គេបានទឹកអម្រឹត គេបានផ្កាបណ្ណាជាតិ និងអ្វីផ្សេងៗ»។
លោក ស៊ីកន បន្ថែមថា ទឹកដីខ្មែរមានសណ្ឋានដូចបាតខ្ទះ និងមានខ្ពង់រាបព័ទ្ធជុំវិញ ដែលជាលក្ខណៈ អំណោយផលជួយបន្ថែមនូវជីវភាពដល់តំបន់ផ្សេងៗពោល គឺហូរទម្លាក់ទៅកាន់តំបន់ទំនាបកណ្តាល ដែលជួយឱ្យការធ្វើកសិកម្មទទួលបានទិន្នផលល្អ និងមានតំបន់ជួរភ្នំក្រវាញដែលជាកន្លែងទាក់ទាញ យកទឹកភ្លៀងទៅសាបព្រោះឱ្យ ការដាំដុះនៅតំបន់ទំនាបកណ្តាលកាន់តែសម្បូរហូរហារ ជាពិសេសអាកាសធាតុ ខ្មែរទទួលឥទ្ធិពលខ្យល់ម៉ូសុង ដែលកត្តាទាំងនេះគឺជាអំណោយផលមាស ជាដីមាស ត្រូវនឹងឈ្មោះដែល ដូនតាហៅតំបន់អាស៊ីអាគ្នេយ៍ថា «សុវណ្ណភូមិ» ។
មិនត្រឹមតែប៉ុណ្ណោះ សិល្បកររូបនេះក៏បានរំឭកពីរឿងរ៉ាវដែលលោកបានជួបប្រទះពីកុមរាភាព ជាប់ទាក់ទងនឹងដីមាសថា៖ «ក្រោយការដួលរលំក្នុងឆ្នាំ១៩៧៩ ប្រទេសជាតិក៏បានរស់ឡើងវិញ ពេលហ្នឹងខ្ញុំនៅក្មេងពេលយើងឃ្លាន យើងដើររើសគ្រាប់ស្រូវនៅក្នុងស្រែ ដែលរាយប៉ាយពីមុន ហើយពេលភ្លៀងធ្លាក់ចុះមកវា (ស្រូវ) ដុះទាន់ពេលវេលា ចំពេលយើងអត់ ចឹងយើងបានច្រូតកាត់ បានព្រោះ បានធ្វើវាទៅទៀតនេះហើយខ្ញុំចាត់ទុកថា ជាដីមាស ស្រូវផ្លែមកដូចពណ៌មាស គ្រាប់ជាវាមាសយើងអាចទិញដូរលក់ជាមាស ព្រោះកាលជំនាន់មុន គេដូរមាស យើងមានស្រូវមានអី គេដូរជាមាស»។
«សរុបមក ដីមាស គឺជាដីដែលមានគុណប្រយោជន៍ហាក់បីដូចជាដីដែលមានញាណ សម្រាប់ខ្ញុំ វាមានឥទ្ធិពលមានដួងព្រលឹងរបស់បុព្វបុរសពីមួយជំនាន់ទៅមួយជំនាន់ បានន័យថា ពេលជាន់ទៅឱ្យយើងមានកម្លាំងឋាមពល យើងមានឋាមពល ដីក៏មានឋាមពល»។ នេះបើតាម លោក លាង ស៊ីកន៕