យុវតីមានរូបសម្បត្តិស្រស់សោភា អនុសេនីយ៍ទោ ប៊ុន ជាវត្តី ស្ថិតក្នុងវ័យត្រឹមតែ ២៤ ឆ្នាំ ប៉ុន្តែកញ្ញាបានហែលឆ្លងការហ្វឹកហ្វឺនដ៏ក្ដៅគគុក បីដូចស្ថិតក្នុងស្ថានភាពសង្គ្រាមពិតៗ កំឡុងពេលបន្តការសិក្សាវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្ម នៅសាលាវិស្វកម្ម (Ecole du Genie) នៃសាធារណរដ្ឋបារាំង។
ផ្ដើមចេញពីការស្រឡាញ់ឯកសណ្ឋានទាហានរបស់ឪពុក កញ្ញា វត្តី បានជ្រើសរើសអាជីពក្នុងវិស័យការពារជាតិដោយបោះបង់ឱកាសជាគ្រូបង្រៀន ទៅសិក្សាបរិញ្ញាបត្រយោធានៅសាលានាយទាហានសកម្មខេត្តកំពង់ស្ពឺ នាពេលដែលកញ្ញាមានវ័យត្រឹមតែ ១៨ឆ្នាំ។
ក្រោយពីចំណាយពេល ៤ឆ្នាំ រៀនសូត្រទ្រឹស្តី ហ្វឹកហាត់កាយសម្បទា លោតឆ័ត្រ អនុវត្តកីឡា ហែលទឹក រត់ឧបសគ្គ និងភាសាបារាំងបានចូលបម្រើការនៅនាយកដ្ឋានទាក់ទងអន្តជាតិ នៃក្រសួងការពារជាតិ។
ចំណេះជំនាញទាំងនេះបាននាំឱ្យ វត្តី ត្រូវបានជ្រើសរើសទៅបន្តការសិក្សាវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្ម នៅសាលាវិស្វកម្ម (Ecole du Genie) នៃសាធារណរដ្ឋបារាំង កាលពីឆ្នាំ ២០២៣។
យុវតីដែលស្ទាត់ជំនាញភាសាបារាំងរូបនេះបានរំឭកប្រាប់ថា៖ «ក្នុងចំណោមអ្នកទៅរៀនវគ្គនេះសរុប១០៣ មានតែម្នាក់មកពីប្រទេសកម្ពុជាខ្ញុំមានអារម្មណ៍ថាមានមោទនភាពជាខ្លាំងដែលបានទៅរៀនតំណាងឱ្យប្រទេសកម្ពុជា»។
ការសិក្សារយៈពេល ១ឆ្នាំ ផ្ដោតលម្អិតទៅលើជំនាញវិស្វកម្មរួមមានយុទ្ធវិធីពាក់ព័ន្ធនឹងទ័ពវិស្វកម្ម ការដាក់មីន ដាក់អន្ទាក់ ស្វែងយល់ពីគ្រឿងចក្រដែលអាចប្រើប្រាស់នៅក្នុងជំនាញវិស្វកម្មដែលដើរតួយ៉ាងសំខាន់ក្នុងវិស័យកងទ័ព។
យុវតីមានស្រុកកំណើតពីទឹកដីខេត្តបាត់ដំបងរូបនេះបានពន្យល់ថា៖ «ជំនាញវិស្វកម្មគឺជាជំនាញមួយដែលយើងដាក់ចូលក្នុងជំនាញថ្មើរជើងដែរអាចជួយដល់កម្លាំងថ្មើរជើងនៅពេលប្រយុទ្ធជាក់ស្ដែងបាន។ ឧទាហរណ៍ថាដូចជា ការសាងសង់លេណដ្ឋាន អ៊ីចឹងប្រសិនបើអត់មានខាងទ័ពវិស្វកម្មទេ គឺអត់អាចមានលេណដ្ឋានបានទេ»។
ការហ្វឹកហាត់នៅប្រទេសជឿនលឿនធ្វើឱ្យ កញ្ញា វត្តី មានអារម្មណ៍រំភើប និងមោទនភាពដែលអាចជម្នះការលំបាកផ្នែកយេនឌ័រ វប្បធម៌ ទំនៀមទម្លាប់ម្ហូបអាហារ អាកាសធាតុ និងកម្រិតកាយសម្បទាជានារីភេទ ដែលមានត្រឹមតែ ៨នាក់ក្នុងចំណោមបុរស ៩៥នាក់មកពីបណ្ដាប្រទេសនានាជុំវិញពិភពលោក។
ក្រៅពីការលំបាកទាំងនេះ វត្តី ស្ទើរតែមិនជឿថា ខ្លួនអាចមកដល់ថ្ងៃនេះ ដោយកញ្ញាបានរៀបរាប់ថា៖ «មានច្រើនគ្រោះថ្នាក់ទី១ ផ្នែកយុទ្ធវិធីគឺពួកខ្ញុំបានចុះទីលានច្រើនដងនៅតាមខេត្តនៅតាមអង្គភាពផ្សេងៗ នៅក្នុងប្រទេសបារាំងហ្នឹងគឺយើងចុះយុទ្ធវិធីជាក់ស្ដែងគឺបីដូចជាយើងកំពុងស្ថិតនៅក្នុងសង្គ្រាមពិតៗមានការបាញ់ មានការធ្វើដំណើរតាមរថក្រោស រថពាសដែក»។
ក្រោយពីបញ្ចប់ការសិក្សានៅឆ្នាំ ២០២៤ ដោយនាំយកចំណេះដឹងពីប្រទេសជឿនលឿនមកបម្រើការនៅនាយកដ្ឋានទាក់ទងអន្តរជាតិនៃក្រសួងការពារជាតិកញ្ញា វត្តី ចង់លើកទឹកចិត្តស្ត្រីក្នុងវិស័យការពារជាតិឱ្យហ៊ានសាកល្បងដើម្បីសម្រេចគោលដៅអាជីពក្នុងក្ដីស្រមៃរបស់ខ្លួន។
យុវតីរូបនេះបាននិយាយថា៖ «នៅក្នុងវិស័យការពារជាតិខ្ញុំគិតថា ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការងារទំនាក់ទំនងផ្សេងៗក៏ដូចជាពិធីការ និងមានការងារជាច្រើនដែលគាត់ធ្វើបាន និយាយរួមបុរសធ្វើបាន គាត់ក៏ធ្វើបានដូចគ្នា»។
កញ្ញាក៏បានលើកពីចំណុចសំខាន់នៃការទទួលបានឱកាសទៅសិក្សាជំនាញយោធាផងដែរថា ចំណេះដឹងភាសាបារាំង និងបច្ចេកទេសគឺពាក់ព័ន្ធនឹងផ្នែកយុទ្ធវិធី ដែលអនុញ្ញាតឱ្យនាយទាហានទាំងអស់យល់ដឹង និងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រយុទ្ធនៅក្នុងសង្គ្រាមជាក់ស្ដែង។
ក្រោយពីបញ្ចប់ការសិក្សាវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មនៅប្រទេសបារាំង និងអនុសេនីយ៍ទោ ប៊ុន ជាវត្តី បានដាក់គោលដៅកាន់តែវែងឆ្ងាយ។
យុវតីរូបនេះបានប្រាប់ថា៖ «ទីមួយគឺគោលដៅក្នុងអាជីពការងាររបស់ខ្ញុំ ខ្ញុំចង់ទៅបន្តថ្នាក់ការពារជាតិនៅប្រទេសបារាំង ដែលជាសាលាចុងក្រោយសាលាធំជាងគេ សាលាសង្គ្រាម (The War College ឬ École de Guerre) សម្រាប់វិស័យយោធានៅប្រទេសបារាំង និងបន្តកិច្ចសហប្រតិបត្តិការរវាងយោធាបារាំង និងកម្ពុជាឱ្យកាន់តែស្អិតរមួត»៕