ជាមួយការបង្ហាញខ្លួនញឹកញយជាមួយឈុតLV ស្រោចខ្លួនមួយរយៈហើយនោះ ទីបំផុត Lisa នៃក្រុមចម្រៀង Blackpink ត្រូវបានប្រកាសតែងតាំងជាតារាតំណាងសម្រាប់ក្រុមហ៊ុន Louis Vuitton ដែលជាម៉ាកយីហោប្រណីត កាលពីថ្ងៃទី ២៥ ខែកក្កដាឆ្នាំ២០២៤។
នាយកផ្នែកសិល្បៈច្នៃប្រឌិតនៃប្រ៊េនLouisVuitton លោក Nicolas Ghesquiere បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាLisa មានភាពក្លាហាន និងច្នៃប្រឌិតតាមរយៈតន្ត្រីរបស់នាង។
លោកបានលើកឡើងថា៖ «ខ្ញុំរំភើបចិត្តយ៉ាងខ្លាំងក្នុងការស្វាគមន៍ Lisa ក្នុងនាមជាតារាតំណាងប្រ៊េន។ នាងមានស្មារតីក្លាហាននិងមន្តស្នេហ៍ដ៏ទាក់ទាញមិនគួរឱ្យជឿ។ នាងមានភាពក្លាហាននិងច្នៃប្រឌិតជាមួយនឹងតន្ត្រីរបស់នាង ដូចទៅនឹងម៉ូដសម្លៀកបំពាក់របស់នាងដែរហើយវាគឺជាឯកសិទ្ធិមួយក្នុងការរួមដំណើរជាមួយនាងសម្រាប់ប្រ៊េនរបស់យើង»។
Lisa បានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់រដូវរងាឆ្នាំ២០២៤ របស់ Louis Vuitton នៅទីក្រុងប៉ារីសកាលពីថ្ងៃទី៥ខែមីនា ដោយបានពង្រឹងទំនាក់ទំនងរបស់នាងជាមួយលោក Ghesquiere ក៏ដូចជាម៉ាកយីហោប្រណីតនេះផងដែរ។
បន្ទាប់ពីការបង្ហាញម៉ូដ Lisa ត្រូវបានគេប្រទះឃើញប្រើប្រាស់គ្រឿងតាក់តែងកាយជាច្រើនពីប្រ៊េនLouis Vuitton រាល់ពេលដែលនាងបង្ហាញខ្លួនជាសាធារណៈដោយរួមទាំងពាក់អាវ និងស្បែកជើងកវែងនៅមហោស្រពតន្ត្រី Coachella និងកាន់កាបូប LV Speedy នៅការប្រណាំងរថយន្តF1Grand Prix ។
ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាងLisaនិងលោក Frederic Arnault ដែលជាអ្នកស្នងមរតកនៃក្រុមហ៊ុនកាន់កាប់ទំនិញប្រណីត LVMH បានកើតឡើងជាលើកដំបូងនៅក្នុងខែកក្កដាឆ្នាំមុននៅពេលដែលពួកគេត្រូវបានប្រទះឃើញកំពុងទទួលទានអាហារជាមួយគ្នាឯទីក្រុងប៉ារីស។
ទោះបីជាភាគីទាំងពីរបានបដិសេធពីពាក្យចចាមអារ៉ាមដំបូងក៏ដោយប៉ុន្តែក្រោយមកពួកគេត្រូវបានគេប្រទះឃើញនៅជាមួយគ្នាឯបរិវេណសម្រាកនៅអាកាសយានដ្ឋានក្នុងទីក្រុងឡូសអេនជើលេសសហរដ្ឋអាមេរិក ក្នុងខែសីហា ឆ្នាំមុនដែលធ្វើឱ្យមហាជន និងហ្វេនៗមានការរំពឹងទុកជាបន្តបន្ទាប់។
ចាប់តាំងពីពេលនោះមកគូស្នេហ៍មួយគូនេះត្រូវបានគេឃើញជាមួយគ្នានៅទីក្រុងបាងកកនិងនៅសារមន្ទីរសិល្បៈក្នុងទីក្រុងប៉ារីស។ ពួកគេថែមទាំងបានចែករំលែករូបថតនៃការធ្វើដំណើររបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់តែងមិនបានទម្លាយពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈឡើយ៕