ពានរង្វាន់ Grammy Awards ឆ្នាំ ២០២៥ មិនបានសម្រាំងបេក្ខភាពអ្នកដណ្ដើមពានមកពីពិភពចម្រៀង K-pop ឡើយ ទោះបីជាក្រុមតារាទាំងនោះចេញសុទ្ធតែបទផ្ទុះអាល់ប៊ុមក៏លក់ដាច់ ហើយភាពច្នៃប្រឌិតនៃសិល្បៈក៏ត្រូវបានគេទទួលស្គាល់ក្នុងវិស័យតន្ត្រីជាសកល។
អវត្តមានតារា K-pop បានធ្វើឱ្យមហាជនមិនអស់ចិត្តដោយពួកគេយល់ថា ពានរង្វាន់នេះហាក់មិនបានរាប់បញ្ចូលសិល្បករ K-pop ទាល់តែសោះ។
កាលពីសប្ដាហ៍កន្លងទៅនេះ បញ្ជីពេញលេញនៃឈ្មោះបេក្ខភាពសម្រាំងឈានទៅដល់ការឈ្នះពាន Grammy ត្រូវបានប្រកាស ដោយ Beyoncé នាំមុខគេ សម្រាប់បេក្ខភាពដណ្ដើមពានចំនួន ១១ប្រភេទ វ៉ាដាច់ Taylor Swift និងសិល្បករល្បីៗផ្សេងទៀត។
ទោះបីជាមានការរិះគន់យ៉ាងខ្លាំងពីអវត្តមានក្រុម K-pop ធំៗដូចជា BTS, BLACKPINK, Stray Kids និង SEVENTEENក៏ដោយក៏មិនមានសិល្បករ ឬចម្រៀង K-pop ណាមួយត្រូវបានបញ្ចូលក្នុងប្រភេទពានរង្វាន់ Grammy Awards ឆ្នាំនេះដែរ។
ក្នុងចំណោមករណីមិនអស់ចិត្តនោះ រួមមាន Lisa សមាជិកក្រុម BLACKPINK ដែលមនុស្សជាច្រើនរំពឹងថានាងនឹងត្រូវបានគេជ្រើសរើសសម្រាប់បទNew Woman ដែលនាងបានសហការច្រៀងជាមួយតារាចម្រៀងអេស្ប៉ាញRosalía។
តារាចម្រៀងវ័យ ២៧ឆ្នាំរូបនេះបានបញ្ជូនស្នាដៃរបស់នាងទៅប្រកួតសម្រាប់ប្រភេទពានរង្វាន់ Record of the Year និង Song of the Year របស់ Grammy។
Lisa ដែលមានឈ្មោះពេញថាLalisa Manoban ក៏ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងសម្រាប់ពានរង្វាន់ជាសិល្បករថ្មីល្អបំផុតនិងការសម្តែងទោលល្អបំផុតជាមួយនឹងបទចម្រៀងទោល Rockstar របស់នាង។
ទន្ទឹមនឹងនេះដែរ ក្រុមច្រៀង StrayKids បានដាក់នូវអាល់ប៊ុម Ate សម្រាប់ប្រកួតដណ្ដើមពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំនិងអាល់ប៊ុមចម្រៀងប៉ុបល្អបំផុត ដោយបទរបស់ពួកគេ Chk Chk Boom ត្រូវបានចាត់ទុកថាជាស្នាដៃដ៏លេចធ្លោទាំងភាពច្នៃប្រឌិតនិងការសម្ដែងរួមគ្នា។
ខណៈពេលអត់មានក្រុម K-pop ណាមួយជាប់ក្នុងបញ្ជីសម្រាំងរបស់Grammy ពួកគេក៏ធ្លាប់បានឈ្នះពានរង្វាន់ដោយអាស្រ័យលើចង្វាក់ភ្លេងនិងដៃគូចម្រៀងដែលពួកគេសហការជាមួយផងដែរ ដូចជា Aespa បានចូលរួមចំណែកដល់ Djesse Vol.4 ជាអាល់ប៊ុមរបស់ Jacob Collier ទទួលបានការសរសើរជាអាល់ប៊ុមប្រចាំឆ្នាំ។
Stray Kids ក៏បានចូលរួមបទភ្លេងក្នុងរឿងហូលីវូដDeadpool & Wolverine ដែលត្រូវបានជ្រើសរើសសម្រាប់ប្រភេទបទចម្រៀងឆ្នើមក្នុងខ្សែភាពយន្តទស្សនីយភាព ។
លើសពីនេះ Jungkook សមាជិកក្រុម BTS តាមរយៈបទការច្រៀងរួមក្នុងបទ Coming Home របស់ Usher ក៏បានជាប់ជាបទចម្រៀង R&B ល្អបំផុតផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការឈ្នះពានរង្វាន់ដោយពឹងផ្អែកលើការសហការជាមួយតារាចម្រៀងអាមេរិកមិនបានធ្វើឱ្យអ្នកគាំទ្រតារា K-popពេញចិត្តនោះទេ។ពួកគេរំពឹងថា តារា K-pop នឹងអាចដណ្ដើមពានGrammy តាមរយៈស្នាដៃចម្រៀងរបស់ពួកគេសុទ្ធសាធ៕
ប្រភព៖ The News International