សេដ្ឋកិច្ច

តាកែវ:ដោយសារ​តែតម្លៃ​ថ្លៃនិង​លំហូរ​ចូល​នៃ​ផលិតផល​សូត្រ​រោង​ចក្រធូរថ្លៃ​​ពី​ប្រទេសជិតខាងសូត្រ​ខ្មែរ​ប្រណីត​ដែល​ត្បាញ​ដោយដៃយ៉ាង​ផ្ចិតផ្ចង់ ប្រឈម​ការ​​​ពិបាក​ឈរជើង​លើទីផ្សារជាហេតុ​នាំ​ឱ្យ​មាន​​ការ​បាត់បង់​អ្នក​តម្បាញ​ប្រពៃណីដែលពុំអាច​ប្រើចិញ្ចឹមជីវិត​ដោយ​កីតម្បាញ​ចិញ្ចឹមជីវិតនិង​ឈាន​​ដល់ការ​ធ្វើ​ចំណាកស្រុក។

មូលហេតុ​នេះ​ហើយ​​ដែល​នាំឱ្យ​អ្នកស្រី ឃុយចាន់ស៊ូ បាន​សម្រេចចិត្ត​​ប្រមែប្រមូលអ្នក​សិប្បករ​តម្បាញ​នៅខេត្ត​តាកែវមក​រួមគ្នា​ផលិត​សូត្រ​ប្រពៃណីដើម្បីលើកស្ទួយ​​​​ទំនៀម​ទម្លាប់ផលិត​​វាយនភ័ណ្ឌ​មរតក​ដូនតា នៅ​លើ​ទីផ្សារ​​ពោរពេញដោយការ​ប្រកួតប្រជែង​។

ស្ថាបនិក​​​​សិប្បកម្ម​ស៊ូ​កប្បាស អ្នកស្រី​ ចាន់​ស៊ូបាន​រៀបរាប់​ឱ្យសារព័ត៌មានSR Newsដឹងថា​៖ «​ដោយ​ខ្ញុំ​សង្កេតឃើញថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃតម្បាញ​មានការ​ថយចុះ​ជា​លំដាប់​ហើយ​គុណភាពក៏​មិនល្អ​ដូច​ពីមុន​ដែរ»។

អ្នកស្រី​បាន​បន្ត​ទៀត​ថា៖«​ក្នុងនាម​ខ្ញុំ​ជាកូន​អ្នក​តម្បាញ​ម្នាក់​ដែល​បាន​សិក្សា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ម្នាក់តើ​ខ្ញុំ​ត្រូវ​មានគំនិត​អ្វីមួយ ដើម្បី​ជួយអ្នកភូមិ​ស្រុក​របស់ខ្ញុំអ៊ីចឹង​ទើប​ខ្ញុំ​ខិតខំ​រៀនសូត្រ​និង​បានរៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារតើ​ត្រូវធ្វើ​ម៉េចដើម្បីស្តារ​ទីផ្សារ​តម្បាញ​សូត្រ​ឡើងវិញ​»​។​

​ទើប​នៅក្នុង​ឆ្នាំ​២០២១អ្នកស្រី ចាន់​ស៊ូ បាន​ចាប់ផ្ដើម​បោះបង់​ការងារ​​​ទាំងអស់​មក​ផ្ដោត​តែ​លើ​​សិប្បកម្ម​ស៊ូ​កប្បាសដើម្បី​ធានា​ថា​ការ​ដំណើរការ​បានរលូន តាមរយៈបទពិសោធន៍ជា​កូនចៅអ្នកតម្បាញនិង​ចំណេះដឹងផ្នែកទីផ្សារ​ពី​ថ្នាក់ឧត្តមសិក្សា។​

អ្នកស្រី ចាន់​ស៊ូ បាន​រៀបរាប់​បន្តទៀតថា៖«​ខ្ញុំ​បាន​ប្រមែប្រមូល​កៀរគរ​អ្នក​ស្រុកភូមិ​របស់ខ្ញុំ​មកវិញ ដើម្បី​ឲ្យតម្បាញ​សូត្រ​មានពន្លឺឡើងវិញ​ដើម្បី​លើកកម្ពស់​ឲ្យ​ស្ត្រី​មេផ្ទះមានការ​ងារ​ធ្វើអាច​រកប្រាក់​ចំណូល​បានកុំ​ឲ្យ​ពួកគាត់​ធ្វើការ​ចំណាកស្រុក​បន្តទៀត​»​។​

សព្វ​ថ្ងៃ ស៊ូកប្បាស​​មាន​បុគ្គលិក​​២​នាក់ ដែលសុទ្ធសឹងតែជាស្រ្តីមេផ្ទះ​មក​បំពេញ​ការងារជាអ្នកតម្បាញយ៉ា​ងស្ទាត់ជំនាញ ដើម្បីយកស្នាដៃដ៏​ល្អឯកមួយនេះមក​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ជាតិនិងអន្តរជាតិក្នុងទម្រង់ជាផលិតផល​ផ្សេងៗគ្នា។

​ស្ត្រី​វ័យ​៣៣​ឆ្នាំ​​រូបនេះ​បាន​បន្ថែមទៀតថា៖«​កន្សែង​សូត្រ​ដែល​ខ្ញុំ​ត្បាញ​រាល់ថ្ងៃ​មាន​២​ប្រភេទ គឺ​កន្សែង សូត្រ​លាតនិង​កន្សែង​សូត្រ គោម​(​ហូល​) តែ​ក្រៅពី​កន្សែង​សូត្រ​ខ្ញុំ​ក៏មាន​ផលិត​ជា​កន្សែងអំបោះ ក្រណាត់ ផាហ៊ុមហើយក៏​មាន​ច្នៃ​ក្រមា​ខ្មែរ​ដេរ​ធ្វើជា​ប្រដាប់​ចង​សក់​សម្រាប់ យុវវ័យ​ដែលកំពុង​ពេញ និយម​​ផ​ងដែរ​»​។

កន្សែង​សូត្រ​​ខ្នាតតូច​មាន​ទំហំ​ទទឹង​៥​តឹកនិង​បណ្តោយ​១,៨ ម៉ែត្រ​ ​មានតម្លៃ​៣៥​ដុល្លារ និងខ្នាត​ធំ​ដែល​មាន​ទទឹង​១,២​ម៉ែត្រ តម្លៃ​៤៥​ដុល្លារ។កន្សែង​សូត្រនេះ​​ទទួល​បាន​ការ​គាំទ្រ​ពី​ភ្ងៀ​វ​ជាតិ​និង​អន្តរជាតិ។​​​

ដើម្បីប្រើប្រាស់ផលិតផលសូត្រឲ្យបានយូរ​​អ្នកស្រីបានណែនាំ​មិនឱ្យ​​យកកន្សែងសូត្រ​ទៅ​បោកគក់​ក្នុង​​​​ទឹក​ធម្មតា​បានទេ ដោយសារ​សាច់​អំបោះ​សូត្រ​អាច​ខូច​ទ្រង់​ទ្រាយ​ពេល​ត្រូវ​ទឹក​សើម​។​

​​​ទោះជា​សិប្បកម្ម​​ស៊ូកប្បាស​ត្រូវ​ប្រឈម​នឹងទីផ្សារ​ដែល​សម្បូរផលិតផល​សូត្រ​នាំ​ចូល​ក៏ពិតមែនតែអ្នកស្រី​ ចាន់ស៊ូ ​​​នៅតែបន្ត​​លើកស្ទួយអត្តសញ្ញាណសូត្រ​ខ្មែរ​ឱ្យ​បរទេសស្គាល់​កាន់តែ​ច្រើន។

ក្រៅពី​ប្ដេជ្ញាថានឹង​​ជួយ​អភិរក្ស​តម្បាញ​ខ្មែរ​​​ឲ្យ​មាន​ឈ្មោះ​បោះ​សម្លេង​កាន់តែខ្លាំង  សិប្បករ​ជាកូន​អ្នកតម្បាញ​​នៅស្រុកព្រៃកប្បាស​រូបនេះ​​បានសង្កត់ធ្ងន់​ថា៖«ពិសេស​បង្កើត​វត្ថុធាតុដើម​ដោយ​ខ្លួនឯង ដូចជា​អំបោះ​កប្បាស​​និង​ល័ក្ដ​ខ្មែរនិង​ចងក្រង​សៀវភៅ​តម្បាញ​ស្រុក​ខ្មែរ​​មួយ​ដែល​និយាយ​ពី​តម្បាញ​តាំងពី​បុរាណកាល​រហូ​ត​មក​ដល់​​​ប​ច្ចុ​ប្បន្ន»​។​

ព័ត៌មានបន្ថែមសូមទំនាក់ទំនងហ្វេសប៊ុកផេកស៊ូកប្បាស SouKabasCambodia ឬតាមទូរសព្ទលេខ០៧៧ ៣៦០ ១៤៤៕

ស្ថាបនិកសិប្បកម្មស៊ូកប្បាស ជម្នះឧបសគ្គដើម្បីអភិរក្សតម្បាញខ្មែរឱ្យល្បីល្បាញលើទីផ្សារ

ដោយសារតែតម្លៃថ្លៃ និងលំហូរចូលនៃផលិតផលសូត្ររោងចក្រធូរថ្លៃពីប្រទេសជិតខាង សូត្រខ្មែរប្រណីតដែលត្បាញដោយដៃយ៉ាងផ្ចិតផ្ចង់ ប្រឈមការពិបាកឈរជើងលើទីផ្សារ ជាហេតុនាំឱ្យមានការបាត់បង់អ្នកតម្បាញប្រពៃណីដែលពុំអាចប្រើចិញ្ចឹមជីវិតដោយកីតម្បាញចិញ្ចឹមជីវិត និងឈានដល់ការធ្វើចំណាកស្រុក។

ថិញ រិទ្ធី
Heading

តាខ្មៅ​: ក្រោយពី​ដំណើរការ​ចាប់តាំងពីឆ្នាំ២០១៩ ​ឥដ្ឋ​អេកូ​រាប់សិបដុំ​ច្នៃ​ពី​សំរាមប្លាស្ទិក ទទួលបានការ​គាំទ្រ​ច្រើនពីអតិថិជនហើយ​ម្ចាស់សិប្បកម្ម​ក៏បានអះអាង​ដែរថា ផលិតផល​គ្រឿង​​វិស័យសំណង់​នេះ​មិនត្រឹមតែ​ជួយបរិស្ថានទេថែមទាំង​មានគុណភាពអាយុកាល​យូរអង្វែង​ក្នុង​វិស័យសំណង់។

លោក សុខ ធី ស្ថាបនិក​ក្រុមហ៊ុន Eco-Bricksបាន​ប្រាប់​សារព័ត៌មាន SR News ថា​​៖ «ឥដ្ឋ​របស់​យើង​អាចមាន​អាយុកាល​ជាង​១០០ ឆ្នាំនិង​មាន​កម្លាំង​ខ្លាំង​ជាង​ឥដ្ឋ​ដីឥដ្ឋ​ក្រហម​ស្តង់ដារ​ពី ៥​ទៅ ៦​ដង​»​។

ទំរាំ​តែ​មានថ្ងៃ​នេះ ក្រុមហ៊ុន​ផលិត​ឥដ្ឋ​អេកូ​បាន​ឆ្លង​កាត់​ឧបសគ្គជាច្រើនទាំងការ​ខ្វះ​ខាតដើម​ទុននិង​វត្ថុធាតុដើម​។

កាលណោះ លោក​ ធី ​មិនមាន​សូម្បីតែ​ម៉ាស៊ីន​សម្រាប់​កិន​ប្លា​ស្ទិ​ក។​លោក​ត្រូវ​ប្រើ​កន្ត្រៃ និង​កាំបិត ដើម្បី​កាត់​ប្លា​ស្ទិ​ក ជា​បំណែក​តូចៗ​។

តាមរយៈ​ការ​សិក្សា​ពី​អ៊ីនធើណិតគួបផ្សំ​នឹង​បទពិសោធន៍​ពីប្រទេស​​ថៃ ម៉ាឡេស៊ី ហ្វីលីពីន ចិន និង​ឥណ្ឌា​លោក​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ដំបូង​នៅ​ឆ្នាំ២០១៩។

រោងចក្រ​កែច្នៃ​សំរាម​ប្លា​ស្ទិ​ក​នេះ​ក៏បាន​បំផុសគំនិត​ឲ្យ​ប្រជាជន​ខ្មែរ​យល់ដឹង​ពី​ការកែច្នៃ​សំរាម​ទៅជា​ឥដ្ឋនិង​បានធ្វើ​ឲ្យ​ពួកគេ​បាន​ប្លា​ស់​ប្តូរ​ផ្នត់គំនិត​ពី​ការ​បោះចោល​សំរាមឬ​ដុត​ប្លា​ស្ទិ​ក​។  

លោក សុខ ធី បានឱ្យដឹងថា​៖ «​ប្លា​ស្ទិ​ក​ទម្ងន់​២ គីឡូក្រាម​អាច​ផលិត​ឥដ្ឋ​អេកូ​បាន​មួយ​ដុំហើយ​ឥដ្ឋ​មួយ​ដុំ​មានតម្លៃ​១០០០​រៀលហើយ​អតិថិជន​ក៏​អាចធ្វើ​ការជ្រើសរើស​ប្រភេទ​ឥដ្ឋ​អេកូ ទៅតាម​ការចង់បាន​ផងដែរដោយមាន​៣ ប្រភេទ​គឺ ឥដ្ឋ​ឡាំ​តូ ឥដ្ឋ​សម្បកឈើ និង​ឥដ្ឋ​ធម្មតា​»​។​

សូម្បី​តែដំណើរការ​ផលិត​ឥដ្ឋ​អេកូ ក៏លោក ធី បានព្យាយាមបញ្ចៀសផល​ប៉ះពាល់ដល់បរិស្ថានផង​ដែរ។

លោក​បាន​ឱ្យដឹងទៀតថា៖ «​យើង​ស​ម្ងួ​ត​ឥដ្ឋ​ដោយ​មិន​ប្រើ​ឈើ​ដុត​ស​ម្ងួ​ត​នោះទេដោយ​សង្វាក់​ផលិតកម្ម​របស់​យើង​ធ្វើតាម​បច្ចេកទេស​ដោយ​គ្រាន់តែ​ស្រោច​ទឹក​ប៉ុណ្ណោះ។​នេះ​ក៏​ជួយ​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​និង​កាត់បន្ថយ​តម្លៃ​ថ្លៃដើម​ផងដែរ​»​។​

​​ ​សព្វថ្ងៃនេះ ក្រុមហ៊ុន Eco-Bricksបានឈ្នះ​ពានរង្វាន់​ចំនួន​៤​សម្រាប់​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ​និង​បាន​លក់គម្រូ​​អាជីវកម្ម​ជា​​ហ្វ្រេ​ន​ឆាយទៅ​​ចំនួន​១០​ក្រុមហ៊ុន​ផ្សេងទៀដោយបង្រៀន​​បច្ចេកទេស​ផលិត​ដល់ក្រុមហ៊ុនទាំងនោះ​ក្នុងការ​​ផលិត​ឥដ្ឋ​អេកូ​មានគុណ​ភាពដូចគ្នា​នឹងក្រុមហ៊ុន​មេ​។​

​​សិប្បកម្ម​ផលិត​ឥដ្ឋ​អេកូ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ហូរ​លិចសង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ហ្វេ​ស​ប៊ុ​ក​ផេ​ក ឥដ្ឋ​អេកូ Eco-Bricks​ឬ​សូម​ទំនាក់ទំនងទូរ​សព្ទ​លេខ ០៨៥ ២២៤ ៤៦៦៕

ឥដ្ឋអេកូកែច្នៃពីសំរាមប្លាស្ទិក ជួយបរិស្ថាន ហើយមាំធន់សម្រាប់សំណង់

សាកគិតមើលទៅ ប្លាស្ទិកទម្ងន់២ គីឡូក្រាមអាចផលិតឥដ្ឋអេកូបានមួយដុំ ហើយឥដ្ឋមួយដុំមានតម្លៃតែ ១០០០រៀល។ អ៊ីចឹងផ្ទះមួយខ្នង ជួយកាត់បន្ថយសំរាមប្លាស្ទិកបានប៉ុន្មានដែរ?
January 14, 2025
Heading

ភ្នំពេញ : ​ស្ថិតនៅ​សិប្បកម្ម​មួយកន្លែងនៃសង្កាត់​ចោមចៅដប​ប្លា​ស្ទិ​កជាង​៤០០​តោន​នៅ​ក្នុងស្ដុក​កំពុង​​រង់ចាំ​កម្មករ​ដែល​កំពុងតែ​ញាប់​ដៃញាប់ជើង​ហូត​ជា​សរសៃៗ​ដើម្បី​កែច្នៃ​ជា​អំបោស​ប្រើប្រាស់​ប្រចាំថ្ងៃ។

​​ភាព​មមាញឹក​នៃចង្វាក់​ផលិតកម្ម​នេះ​ត្រូវបាន​ត្រួត​ពិនិត្យ​ដោយ​លោក​លោក ហាស់ គា ដែល​កំពុង​ឈរ​ក្នុង​រោង​សិប្បកម្ម​ផលិត​អំបោស​ខណៈ​​កម្មករ​ជាច្រើន​ពាក់ស្រោមដៃការពារ​ការមុត​កំពុង​អង្គុយ​ហូត​សរសៃ​ជ័រ​ចេញពី​ដប​ប្លា​ស្ទិក​។​

លោក​ គា ដែល​ជា​ម្ចាស់សិប្បកម្ម បានធ្វើ​ឱ្យ​​គំនិតផលិត​​អំបោស​ពី​ដប​ប្លាស្ទិក​​ក្លាយជា​អាជីវកម្ម​​ពិតៗ​តាមរយៈ​ការ​​មើលវីដេអូលើ​​យូ​ធូប​គួបផ្សំ​នឹង​ការ​ខិតខំ​​ស្រាវជ្រាវ​បន្ថែម។

​​លោក​​បាន​ប្រាប់​សារព័ត៌មាន SR News ថា៖ ​«​​ដំបូង​ខ្ញុំ​គ្រាន់តែ​មើល​យូ​ធូប​ឃើញ​វីដេអូបរទេស​បង្ហាញ​ពី​ការផលិត​អំបោស​ពី​ដប​​ទឹក​សុទ្ធ ពេលនោះ​ខ្ញុំ​គិតថា​នៅ​ស្រុក​យើងសម្បូរ​ដប​ទឹក​សុទ្ធ ហើយ​មានតម្លៃ ថោក​ទៀតផងខ្ញុំ​ក៏បាន​ស្រាវជ្រាវ​លំអិត​បន្ថែម​ពី​ដំណើរ​ការផលិត​»​។​

​​នៅក្នុង​ដើមឆ្នាំ​២០២៣ សិប្បកម្ម​កែច្នៃ​ប្លា​ស្ទិកក្នុង​ភូមិ​ព្រៃទា ២ សង្កាត់​ចោមចៅ ៣ ខណ្ឌពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ត្រូវបាន​បង្កើត​និង​បានផ្ដល់​ការងារ​ដល់​អ្នក​រស់​នៅ​ជុំវិញ​​​នោះ​ប្រមាណ​ជា​ជិត៣០​នាក់។

​កម្មករ​ទាំងនោះ​សុទ្ធសឹងតែ​ជា​ស្ត្រី​វ័យ​ចំណាស់ៗនិង​មាន​ជីវភាព​ខ្សត់ខ្សោយ ដោយ​ពួកគាត់​ជា​អ្នក​កែច្នៃអំបោស​ពីដបប្លាស្ទិក ដែល​​កំពុងមាន​គាំទ្រ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​។​

​លោក គាដែលជា​ម្ចាស់​សិប្បកម្ម​កែច្នៃ​អំបោស​ប្លា​ស្ទិក​បាន​សម្ដែងចំណាប់អារម្មណ៍ថា៖ «​ខ្ញុំ​សប្បាយចិត្ត​ដែលសិប្បកម្ម​របស់ខ្ញុំ​បានរួម​ចំណែក​ក្នុង​ការជួយ​សម្រាល​បន្ទុក​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ជាពិសេស​អ្នក​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ ថែមទាំង​បាន​ជួយ​បរិស្ថាន​បាន​មួយកម្រិត​​ទៀតផង»​។​

​អំបោស​ធ្វើ​អំពី​ដប​ទឹក​សុទ្ធធន់​​​មិនថា​ការ​​​បោស​ដី​ភក់ ​ស្លឹកឈើ ​សំរា​ម​សើម សំរាម​ស្ងួត លាមក​សត្វ គ្រួស​​​ថ្ម ជាដើម​ហើយ​ងាយ​លាង​ទឹកសម្អាតយក​មកប្រើប្រាស់ឡើងវិញ។

វត្ថុធាតុ​ដើម​​ក្នុងការ​ធ្វើអំបោស​មិន​មានអ្វី​ច្រើន​លើសពី​ដប​ប្លាស្ទិកដងឫស្សី លួស និង​សរសៃជ័រនោះទេ។

​លោក​ គា បាន​រៀបរាប់ពីដំណើរការ​ផលិត​ថា៖​«ដើម្បី​ផលិត​បានជា​អំបោស​ដ៏​រឹងមាំ​មួយ​បានយើង​ត្រូវការ​ដង​ឫស្សី មួយ ម៉ែត្រ​២​តឹក​យកមក​បំពាក់​ជើងក្អែក​លួស​២​លី​កន្លះ​ជាមួយនឹង​សរសៃ​ជ័រ​៥​​ខាំ​មក​រុំ​ចុង​អំបោស​យក​ប្រវែង​បួន​តឹករួច​ឃ្លុំបេ​ដោយ​ដប​ទឹក​សុទ្ធ​នៅជាប់​នឹង​​ក្បាល​អំបោស​ដើម្បី​ឲ្យ​មានសោភ័ណភាព​រួច​ក្រង​សរសៃ​ជ័រ​ដប​ទឹក​សុទ្ធ​ដោយ​ប្រើ​ខ្សែ​តាន់​ស្វិត​ដើម្បី​ឲ្យ​សរសៃ​អំបោស​រឹង​បន្តិច»​​។​

​​ក្នុង​មួយថ្ងៃៗ​សិប្បកម្ម​របស់លោក​អាច​ផលិត​អំបោស​បាន​ពី​២០០​ទៅ​៥០០​ដើម​ជាមួយ​​កម្លាំង​​កម្មករ ១​៦​នាក់​។​​អំបោស​១​ដើម​មានតម្លៃ​១០,០០០ រៀល​និង​១៥,០០០​រៀល​។​

​ម្ចាស់​អាជីវកម្ម​​វ័យ​៤០​ឆ្នាំ​រូបនេះ​បានបង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ​ពេល​មាន​ក្រុមហ៊ុន​បោសសម្អាត​តាម​ដងផ្លូវ​ទីសាធារណៈ​មួយ​បាន​កុម្ម៉ង់​អំបោស​ពី​សិប្បកម្ម​លោក​យកទៅ​ប្រើប្រាស់​ប្រចាំថ្ងៃ។

​លោក​រំពឹង​ថា បើ​​មាន​​​ក្រុមហ៊ុន​ដទៃ​ផ្សេងទៀចាប់​​អារម្មណ៍​​កុម្ម៉ង់បន្ថែម​នោះវា​​រឹត​តែ​ល្អ ដោយសារ​​សិប្បកម្ម​នេះ​គាំទ្រ​ការ​កែច្នៃ​ប្រើប្រាស់​ឡើងវិញ ហើ​យ​ផលិតផល​ត្រូវបាន​​ធ្វើ​ដោយ​ដៃ​សុទ្ធសាធ​​​។​

​​នា​​ថ្ងៃ​អនាគត លោក គា ​ចង់​ពង្រីក​សិប្បកម្ម​នេះ​ឱ្យ​កាន់តែ​ធំ​ថែមទៀត​ដើម្បី​​​ជួយ​ដល់​អ្នក​ខ្វះខាត​ឲ្យ​បាន​កាន់តែច្រើនក៏ដូចជា​រួមចំណែក​កែច្នៃកាកសំណល់ដប​ប្លាស្ទិក​ជា​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ។​

​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ហ្វេ​ស​ប៊ុ​ក​ផេ​ក អំបោស​ប្រើ​មិន​ខូចឬ​សូម​ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០១៧ ២២២ ០០០៕

អំបោសធ្វើពីសរសៃដបប្លាស្ទិកធន់មាំ ទទួលការគាំទ្រកាន់តែខ្លាំង

គ្រាន់តែមើលយូធូប បុរសម្នាក់នេះបានខិតខំស្រាវជ្រាវបន្ថែម រហូតបង្កើតបានសិប្បកម្មដែលស្ដុកដបទឹកប្លាស្ទិក ៤០០តោនសម្រាប់កែច្នៃទៅជាអំបោសប្រើប្រាស់។
January 9, 2025
Heading

អត្ថបទបន្ថែម

ខេត្ដ​ព្រះសីហនុ​៖ ក្នុង​រយៈពេល ១១ ខែកន្លងមក​នេះ​ ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុបានសម្រេច​ជាគោលការណ៍​ផ្ដល់​ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួល​នីតិវិធី និង​ការសម្របសម្រួល​ដោះស្រាយ​វិវាទចំ​នួន២១៣ គម្រោង ​ដែលមាន​ទុនវិនិយោគ ៦០២៦ លាន​ដុល្លា​អាមេរិក ដែលត្រូវបានរំពឹង​ថា​នឹង​បង្កើត​ការងារដល់​កម្មករ​និយោជិតប្រមាណ​ ៣៩​៥៧៨ កន្លែង​។​

ប្រភព៖ ក្លិបអ្នកកាសែតកម្ពុជា

ទិន្នន័យ​នេះ​ត្រូវ​បាន​លើកឡើង​ដោយ លោក ហ៊ាន សា​ហ៊ី​ប ទីប្រឹក្សា​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប និង​​វាយតម្លៃ​ការអនុវត្ត «កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុឆ្នាំ​២០២៤» កាលពី​រសៀល​ថ្ងៃទី​ ១៦ ខែធ្នូ ឆ្នាំ​២០២៤ នៅ​រមណីយដ្ឋាន​ម៉ាហ្វីយ៉ា (Mafiya’s Resort) ក្រុង​កោះរ៉ុងខេត្ត​ព្រះសីហនុ​។

​​​​​គម្រោង​ទាំងអស់​រួមមាន៖

·        ​គម្រោង​ពាក់ព័ន្ធ​នឹង​អគារ​កំពុង​ជាប់គាំង ចំនួន ១០៣គម្រោង ស្មើនឹង ៤៨% មាន​ទុនវិនិយោគ​សរុប ២៥១០ លាន​ដុល្លារ​អាម៉េរិកដែល​ប៉ាន់ស្មាន​អាចបង្កើត​ការងារ​ចំនួន ៤ ៥៥៨ កន្លែង​

·        ​គម្រោង​ពុំ​ពាក់ព័ន្ធ​នឹង​អគារ​ជាប់គាំង ចំនួន ៨៦ គម្រោងស្មើនឹង ៤០% មាន​ទុនវិនិយោគ​សរុប ២ ៦៩៩ លាន​ដុល្លារ​អាម៉េរិកដែល​ប៉ាន់ស្មាន​អាចបង្កើត​ការងារ​ចំនួន ៣០ ២៣១ កន្លែង​

·        ​ការពង្រីក​គម្រោង ចំនួន ១៧ គម្រោង ស្មើនឹង ៨% មាន​ទុនវិនិយោគ​សរុប ៧៦៨ លាន​ដុល្លារ​អាម៉េរិក ដែល​ប៉ាន់ស្មានអាចបង្កើត​ការងារ​ចំនួន ៤ ៧៤៨ កន្លែង​

·        គម្រោង​វិនិយោគ​/​ធុរកិច្ច​ដែលមាន​ស្រាប់ ចំនួន ៧ គម្រោងស្មើនឹង ៣% មាន​ទុនវិនិយោគ​សរុប ៣០ លាន​ដុល្លារ​អាម៉េរិកដែល​ប៉ាន់ស្មាន​អាចបង្កើត​ការងារ​ចំនួន ៤១ កន្លែង​។​

ប្រភព៖ ក្លិបអ្នកកាសែតកម្ពុជា

​សូម​គូសបញ្ជាក់ថា គម្រោង​ទាំងអស់​ខាងលើគ្របដណ្ដប់​លើ​វិស័យ​សំខាន់ៗ រួមមាន អចលនទ្រព្យ (​អគារ​ពហុ​មុខងារ និងគម្រោង​អភិវឌ្ឍ​លំនៅឋាន​) មាន ៨៦ គម្រោង ស្មើនឹង ៤០% ដែលមាន​ទុនវិនិយោគ ២ ១៥៥លាន​ដុល្លារ​អាម៉េរិក​, ទេសចរណ៍ មាន ៦០ គម្រោង ស្មើនឹង ២៨% ដែលមាន​ទុនវិនិយោគ ២ ១៨១ លាន​ដុល្លារ​អាម៉េរិក​, ឧស្សាហកម្មមាន ៣៥ គម្រោង ស្មើនឹង ១៦% ដែលមាន​ទុនវិនិយោគ ១ ១៩០ លាន​ដុល្លារ​អាម៉េរិក​,និង វិស័យ​ផ្សេងទៀត មាន ៣២ គម្រោង ដែលមាន​ទុនវិនិយោគ ២៣៧លាន​ដុល្លារ​អាមេរិក​។

យោង​តាម​​ប្រសាសន៍​លោក ម៉ាង ស៊ីណេត អភិបាល​នៃគណៈអភិបាលខេត្តខេត្តព្រះសីហនុ ខេត្ត​ឆ្នេរ​សមុទ្រ​មួយនេះ​​មានផ្ទៃដីសរុប ២.៦៥៨,៩០គីទ្បូម៉ែត្រក្រទ្បានិ​ង​មានប្រជាជនប្រមាណ ៣១០.០០០នាក់ និងមានកោះតូច-ធំ​ចំនួន៣២ថ្មដុះចំនួន១ និងថ្មប៉ប្រះទឹកចំនួន៥ ឆ្នេរសមុទ្រប្រវែង១៧៥,៨១គីទ្បូម៉ែត្រទឹកសមុទ្រខៀវស្រងាត់ ឧទ្យានជាតិសមុទ្ររាម ឧទ្យានសមុទ្រកោះរ៉ុង កោះរ៉ុង សន្លឹមស្មៅសមុទ្រ ផ្កាថ្ម ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ជម្រាលភ្នំ ទឹកជ្រោះគម្របព្រៃឈើធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលភ្ញៀវទេសចរអាចមកសម្រាកកម្សាន្តនិងរីករាយជាមួយនឹងធម្មជាតិ ទាំងអស់នេះ។

លោកបាន​ឱ្យដឹង​ផង​ដែរថា​៖ «ក្នុងឆ្នាំ២០២៣ខេត្តព្រះសីហនុទទួលបាន ផលិតផលសរុបចំនួន ១.៦១៦,៧លានដុល្លារអាមេរិក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់(GDP) ចំនួន៤.៦០២​ដុល្លារ​អាមេរិក មានអត្រាកំណើនសេដ្ឋកិច្ច ៦% ដោយបានកាត់បន្ថយអត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម១,២២% នៅឆ្នាំ២០២៣៕

ប្រភព៖ ក្លិបអ្នកកាសែតកម្ពុជា

គម្រោងអភិវឌ្ឍន៍ ២១៣ គម្រោង រំពឹងផ្ដល់ការងារដល់មនុស្សជិត ៤ ម៉ឺននាក់ នៅខេត្តព្រះសីហនុ

ក្នុងរយៈពេល ១១ ខែកន្លងមកនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទចំនួន ២១៣ គម្រោង ដែលមានទុនវិនិយោគ ៦០២៦ លានដុល្លាអាមេរិក ដែលត្រូវបានរំពឹងថានឹងបង្កើតការងារដល់កម្មករនិយោជិត ប្រមាណ ៣៩៥៧៨ កន្លែង។
វង់ អូន

ខេត្ដ​ព្រះសីហនុ​៖ កន្លងមក រាជរដ្ឋា​ភិបាល​បាន​ដាក់ចេញ​វិធានការ​ជា​កញ្ចប់ដើម្បី​ដោះស្រាយ​គម្រោង​វិនិយោគ​ជាប់គាំង​នៅ​ខេត្ត​ព្រះសីហនុពោលគឺ​គម្រោង​វិនិយោគ​ ដែល​ត្រូវ​បាន​សាងសង់ ហើយ​​បាន​ផ្អាក ពន្យារ និង​/​ឬពុំមាន​សកម្មភាព វិនិយោគ ឬ​​សកម្មភាព​ធុរកិច្ច ​​ចាប់ពី​ឆ្នាំ ២០១៦​។​

​ផ្អែក​តាម​បទពិសោធន៍​ក្នុងការ​អនុវត្ត ​​វិធានការ​កន្លងមក​បានផ្តល់​សញ្ញា​វិជ្ជមាននិង​បង្កើន​ជំនឿ​ទុកចិត្ត​ដល់​​វិនិយោគិន ប៉ុន្តែ​បាន​កម្រិត​ត្រឹម​គម្រោង​វិនិយោគ​ជាប់គាំង។

​ជាក់ស្ដែង​សកម្មភាព​វិនិយោគ​ និង​សកម្មភាព​ធុរកិច្ច ក៏បាន​​និង​កំពុង​ជួបប្រទះ​បញ្ហា​ប្រឈម​ដូចជាការបង់​ពន្ធអាករ និង​កម្រៃ​ផ្សេងៗ​ច្រើន សំណង់​សាងសង់​ពុំមាន ឬ​ខុស​លិខិត​អនុញ្ញាត​សាងសង់និងការសាងសង់​ពុំមាន​ការត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព​ ការកំណត់​តម្លៃ​អចលនទ្រព្យ​ខ្ពស់​ កង្វះ​ទុនវិនិយោគ​បន្ថែមនិងវិវាទ​រវាង​ម្ចាស់​សំណង់ និង​ម្ចាស់​ដី​ជាដើម​។​

​ដើម្បី​ដោះស្រាយ​គម្រោង​វិនិយោគ​ជាប់គាំង​នៅ​ខេត្ត​ព្រះសីហនុឯកឧត្តម ជា កុក​ហុង ដែលមាន​តួនាទី​ជា​ប្រធាន​លេខាធិការដ្ឋាន​ផែនការមេ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុបាន​ថ្លែង​​ក្នុង​វេទិកា​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ ដោយ​គូសបញ្ជាក់នូវ​​វិធានការ​បន្ថែម ដាក់ចេញ​ដោយ​​រាជរដ្ឋាភិបាល ​ដូចខាង​ក្រោមនេះ​៖

Facebook Page: រដ្ឋបាលខេត្តព្រះសីហនុ

១. លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​, ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូលនិង ពន្ធ​អប្បបរមា រយៈពេល ៣ ឆ្នាំ បន្ថែមសម្រាប់​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ (​គ​.​ល​.​គ​) និងសហគ្រាស​ធុន​តូច និង​មធ្យម ដែល​បាន​ចុះបញ្ជី​ពន្ធដារ​។

២. លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល ៣ ឆ្នាំ​, ពន្ធ​អប្ប​បរិ​មា​រយៈពេល៣ ឆ្នាំ និង ប្រាក់​រំដោះ​ពន្ធ​លើ ប្រាក់ចំណូល រយៈពេល ៣ ឆ្នាំសម្រាប់​គម្រោង​វិនិយោគ ឬ សកម្មភាព​ធុរកិច្ច​នានា ដែល​ពុំ​ស្ថិតនៅក្រោម​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

៣. លើកលែង​អាករ​លើ​តម្លៃបន្ថែម តាម​អត្រា​សូន្យ​ភាគរយចំពោះ​សហគ្រាស​តាម​របប​ស្វ័យ​ប្រកាស​ដែល ផ្គត់ផ្គង់​ក្នុងស្រុក​នូវ​ទំនិញ ឬសេវា​ដល់​គម្រោង ឬ សកម្មភាព​ធុរកិច្ច​ជាប់គាំង​ក្នុង ខេត្ត​ព្រះសីហនុ ក្នុងការសាងសង់​បញ្ចប់ និង ការជួសជុល​កែលម្អ​លើ​អគារ​ដែល​ជាប់​តាំង​។

៤. លើកលែង​ពន្ធ​កាត់​ទុក លើ​ការជួល​អចលនទ្រព្យ រយៈពេល ៥ឆ្នាំ​។

៥. លើកលែង​ពន្ធ​អចលនទ្រព្យ និង លើកលែង​ទណ្ឌកម្ម​រដ្ឋបាល(​ពន្ធ​បន្ថែម និង ការប្រាក់​) ចាប់ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០២៥ហើយ​ការលើកលែង​នេះ​ពុំមាន​អានុភាព​ប្រតិសកម្ម​ចំពោះ ប្រាក់​ពន្ធ រួមទាំង​ទណ្ឌកម្ម​រដ្ឋបាល (​ពន្ធ​បន្ថែម និង ការប្រាក់​) ដែល​បាន​បង់​រួចហើយ​នោះទេ​។

៦. លើកលែង​ការបង់ថ្លៃ​សេវាសាធារណៈ និងថ្លៃ​លើ​សស​ន្ទ​ស្សន៍​ប្រើប្រាស់​ដី ចំពោះ​ការស្នើសុំ​លិខិត អនុញ្ញាត​សាងសង់លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សំណង់ លិខិត​បិទ​ការដ្ឋាន​សំណង់ ឬ វិញ្ញាបនបត្រប្រើប្រាស់​សំណង់​។​

៧. សម្រួល​នីតិវិធី និង បែបបទ​នៃ​ការស្នើសុំ​លិខិតអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ចពាក់ព័ន្ធ​នឹង​ការងារ​សំណង់ រួមទាំង​កាត់បន្ថយ​រយៈពេល​នៃ​ការស្នើសុំ​លិខិតអនុញ្ញាតឬ វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់​។

៨.​ សម្របសម្រួល​ក្នុងការ​ផ្តល់​ការអនុគ្រោះ​លើ​ថ្លៃ​ត្រួតពិនិត្យ និងបញ្ជាក់​គម្រោង​ប្លង់​ស្ថាបត្យកម្ម ប្លង់​គ្រឿង​ផ្តុំ សំណង់ និង ថ្លៃ​ត្រួតពិនិត្យនិង បញ្ជាក់​គុណភាព និង សុវត្ថិភាព​សំណង់ ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័នវិស័យ​ឯកជន ម្ចាស់​ដី និង ម្ចាស់​សំណង់​។

៩. សម្រួល​បែបបទ និង នីតិវិធី​វិនិយោគ និង ធុរកិច្ចរួមទាំង​ការស្នើសុំ​អាជ្ញា​បណ្ណ វិញ្ញាបនបត្រ និង លិខិត អនុញ្ញាត​នានាព្រមទាំង​ការចុះបញ្ជី​ជា គ​.​ល​.​គ និង សហគ្រាស​។

១០.​ រៀបចំ​គោលការណ៍ និងសម្របសម្រួល​ការបង្កើត​ទីផ្សារ​លក់ឡៃ​ឡុង​អចលនទ្រព្យ និង ផ្តល់​សេវា​ផ្គូផ្គងវិនិយោគិន រួមទាំង​កំណត់​តម្លៃ​យោង សម្រាប់​អចលនទ្រព្យ ក្នុង​ខេត្ត​ព្រះសីហនុ​។

១១. ​រៀបចំ​តំបន់​គម្រោង​វិនិយោគ និង​/​ឬ តំបន់​អភិវឌ្ឍនៅតាម​ភូមិ សង្កាត់ និង ផ្លូវ​សំខាន់ៗ ដូចជា តំបន់ ទេសចរណ៍​ពិសិដ្ឋតំបន់​លក់ទំនិញ​រួច​ពន្ធ​ដែល​គ្រប់​ជាតិ​សាសន៍​អាច​ទិញ​បាន វិថី អាហារ និងរមណីយដ្ឋាន​/ កន្លែង​កម្សាន្ត ជាដើម ជា​ជំហានៗ ស្របតាម​សក្តានុពល និងភូមិសាស្ត្រ​ជាក់ស្តែង​។

១២. ​ជំរុញ​ការប្រើប្រាស់​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការស្របតាម​បទ​ប្ប​ញ្ញ​តិ​ច្បាប់ ចំពោះ​វិវាទ​ដែល ពាក់ព័ន្ធ​នឹង​ការវិនិយោគ ។​

​គួរ​បញ្ចាក់​ឱ្យដឹង​ផងដែរ​ថា​រាជរដ្ឋាភិបាលនៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ដាក់ឱ្យអនុវត្ត «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុឆ្នាំ ២០២៥» ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នៅ​ខែ មករា ឆ្នាំ ២០២៤៕​

១២ វិធានការ ដើម្បីដោះស្រាយបញ្ហាអគារកំពុងជាប់គាំងនៅខេត្តព្រះសីហនុ

ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ ឯកឧត្តម ជា កុកហុង ដែលមានតួនាទីជាប្រធានលេខាធិការដ្ឋានផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ បានថ្លែងក្នុងវេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ ដោយគូសបញ្ជាក់នូវវិធានការបន្ថែម ដាក់ចេញដោយរាជរដ្ឋាភិបាល ដូចខាងក្រោមនេះ៖
វង់ អូន

កំពតៈ សហក្រិនស្ត្រីផលិតអំបិលនៅក្នុងខេត្តកំពតទទួលបានឱកាសពង្រីអាជីវកម្មរបស់ខ្លួន តាមរយៈ កម្ចីប្រាក់ដែលមានអត្រាការប្រាក់ទាបរបស់ធនាគារប្រៃសណីយ៍(CPBank) ដែលជាគម្រោងក្រោម ភាពជាដៃគូរវាងធនាគារអភិវឌ្ឃន៍អាស៊ី ADBនិង CP Bank។  

អ្នកស្រី ហុង ស្រីមុំ ជាសហក្រិនស្ត្រីផលិតអំបិលនៅក្នុងស្រុកទឹកឈូខេត្តកំពតបានឱ្យដឹងថា កម្ចីប្រាក់ របស់ធនាគារប្រៃសនីយ៍ បានផ្តល់នូវឱកាសដ៏ល្អប្រសើរក្នុងការជួយដល់អ្នកស្រីក្នុងការពង្រីកអាជីវកម្ម ដើម្បីទទួលបានចំណូលបន្ថែម និងផ្តល់នូវទំនុកចិត្តផងដែរ។

អ្នកស្រីរៀបរាប់ពីការពង្រីកអាជីវកម្មតាមរយៈកម្ចីប្រាក់របស់ធនាគារប្រៃសនីយ៍យ៉ាងដូច្នេះថា៖ «ខ្ញុំខ្ចីប្រាក់រយៈពេល៦ឆ្នាំពីធនាគារប្រៃសនីយ៍ ទី១ ខ្ញុំពង្រីកស្រែបណ្តុះអំបិលកាលពីមុនមានចំនួន ២៥ស្រែ ពេលនេះខ្ញុំមាន៣៥ស្រែនិងរៀបចំឃ្លាំងអំបិលផ្សេងៗដែលធ្លុះធ្លាយ បើនិយាយកាលពីមុន មានផលលំបាកណាស់កាលមុនស្រែបណ្តុះយើងវាតិច យើងបានទិន្នផលតិច លុយយើងក៏វាដូច្នេះដែរ អ៊ីចឹងការផ្គត់ផ្គង់ក្នុងគ្រួសារឱ្យកូនទៅរៀនក៏ពិបាកដែរតែពេលនេះយើងងាយស្រួល ព្រោះយើងទទួល បានចំណូលច្រើន ហើយនៅពេលបង់ដាច់យើងសល់ដីស្រែអំបិល ១០ ហ្នឹង»។

អ្នកស្រីបន្ថែមថា កម្ចីប្រាក់របស់ធនាគារប្រៃសណីយ៍មិនមានភាពស្មុគស្មាញរហ័សទាន់ចិត្ត និងមានអត្រា ការប្រាក់ទាបដែលកត្តាទាំងនេះផ្តល់ជូនឱ្យអតិថិជនដូចជាលោកស្រីនូវភាពងាយស្រួលនិងអត្ថប្រយោជន៍ច្រើន។

«តាមរយៈកម្ចីនេះ មានភាពងាយស្រួលពេលខ្ញុំការដាក់ឯកសារទៅហ្នឹង ពួកគាត់មករៀបចំឱ្យខ្ញុំទាន់ចិត្ត ព្រោះពេលនោះខ្ញុំត្រូវការប្រញាប់ដែរ ហើយបើថាខាងធនាគារគាត់ឱ្យ គឺរៀបចំឯកសារ គឺបានតែម្តង»។ នេះបើតាមអ្នកស្រី ស្រីមុំ

ស្ត្រីរូបនេះបង្ហាញពីភាពសប្បាយចិត្ត ដោយមើលឃើញថាសហក្រិនស្ត្រីអាចធ្វើអ្វីបានគ្រប់យ៉ាង ជាពិសេសការបង្កើតមុខរបរ និងការពង្រីអាជីវកម្មមិនដូចពាក្យថា «ស្ត្រីបង្វិលចង្ក្រានមិនជុំ»។

កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) និងធនាគារប្រៃសណីយ៍កម្ពុជា(CP Bank) បានចុះហត្ថលេខាលើប្រាក់កម្ចីរហូតដល់១០លានដុល្លារដើម្បីគាំទ្រដល់ការស្តារឡើងវិញ នូងស្ថានភាពសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជាពីផលប៉ះពាល់កន្លងមកដោយជំងឺកូវីដ ១៩ តាមរយៈការពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ។យ៉ាងហោចណាស់ ៥០% នៃប្រាក់កម្ចីនេះ ត្រូវបាន បម្រុងទុកសម្រាប់ផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនមីក្រូតូច និងមធ្យមដែលដឹកនាំដោយស្ត្រី។

ទាក់ទងនឹងគម្រោងនេះអ្នកស្រី ស្រីមុំ យល់ឃើញថា៖ «គម្រោងនេះ គឺជាគម្រោងល្អខ្លាំងណាស់ ឱ្យស្រ្តីទាំងអស់ដែលអត់ហ៊ានខ្ចីឱ្យហ៊ានខ្ចី ព្រោះយើងអាចខ្ចីធនាគារដោយពេញចំហ បើមិនអ៊ីចឹងទេ យើងទៅខ្ចីខាងក្រៅគឺមានការប្រាក់ថ្លៃ អ៊ីចឹងខ្ញុំណែនាំស្ត្រីទាំងអស់ ដែលខ្វះដើមទុនរកស៊ីអ៊ីចឹងអាចទៅធនាគារប្រៃសនីយ៍ទៅមិនខុសចិត្តទេ ព្រោះខ្ញុំពង្រីកបានច្រើនណាស់»។  

លោកស្រី Jyotsana Varma នាយិកាធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) មានប្រសាសន៍ថាលោកស្រីពិតជាមានសេចក្តីសប្បាយរីករាយណាស់ នៅពេលដែលអ្នកទទួលផល ដូចជាអ្នកស្រីស្រីមុំ ដែលបានខ្ចីប្រាក់ដោយប្រើប្រាស់ទទួលបានប្រសិទ្ធភាព ហើយលោកស្រីសង្ឃឹមថា គម្រោងនេះនឹងអាចពង្រីកភាពជាសហក្រិនរបស់ស្រ្តីនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត៕

ADB ជួយសហក្រិនស្រ្តី ពង្រីកអាជីវកម្មតាមរយៈកម្ចីពីធនាគារប្រៃសណីយ៍ (CP Bank)

សហក្រិនស្ត្រីផលិតអំបិលនៅក្នុងខេត្តកំពត ទទួលបានឱកាសពង្រីអាជីវកម្មរបស់ខ្លួន តាមរយៈ កម្ចីប្រាក់ដែលមានអត្រាការប្រាក់ទាបរបស់ធនាគារប្រៃសណីយ៍ (CP Bank) ដែលជាគម្រោងក្រោម ភាពជាដៃគូរវាងធនាគារអភិវឌ្ឃន៍អាស៊ី ADB និង CP Bank។
សួស យ៉ាមី

​ភ្នំពេញ​:ធ្លាប់តែ​ឃើញ​កាបូបដៃ​ដាក់​លុយ​បុរសធ្វើ​អំពី ជ័រ ស្បែក​សត្វ ត្រ​ណាត់​ជាដើមតែ​សិប្បកម្ម​ឈ្លាសវៃ​មួយ​នេះ ​បានច្នៃ​ពោះវៀន​កង់ឡាន​ធ្វើជា​កាបូប​លុយ​បុរស​ ដែលមាន​រូបរាង​ពណ៌​ស្រស់ស្អាត​ធន់​នឹង​​ការប្រើប្រាស់​បានយូរតម្លៃ​សមរម្យហើយ​​ក៏​កំពុង​បោះជំហាន​ទៅកាន់​បណ្ដា​​​ប្រទេស​នៅ​អឺរ៉ុប​ផងដែរ​។​

​គោលបំណង​ធំ​បំផុត​នៃ​ការបង្កើត​សិប្បកម្ម​ឈ្លាសវៃ​នេះ​ឡើងគឺ​ដើម្បី​ជួយផ្តល់​ឱកាស​ការងារ​ដល់​ជនពិការក៏ដូចជា​អ្នក​មិនមាន​ការងារ​ធ្វើ​ នៅតាម​សហគមន៍​ឲ្យ​ពួកគាត់​មាន​ប្រាក់ចំណូលសមរម្យ​​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។

ការផលិតកាបូបពី​ពោះវៀន​​កង់ឡាន​ក៏​រួមចំណែក​លើក​កម្ពស់ការយល់ដឹងពីបរិស្ថាននិងផលិតផល​កែច្នៃដោយដៃ របស់​សិប្បករ​ខ្មែរ​ផង​ដែរ។​

​ស្ថាបនិក​សិប្បកម្ម​​ លោក ឡាវ ចំរើនបាន​រៀបរាប់ឱ្យដឹងថា​៖ «​យើង​យក​វត្ថុធាតុដើម​ដែល​គេ​បោះចោល​យកមក​កែច្នៃ​ធ្វើជា​របស់​ប្រើប្រាស់​​ដើម្បី​ជួយ​កាត់បន្ថយ​ការបំពុល​បរិស្ថានក៏ដូចជា​ចង់​ផ្សព្វផ្សាយ​អំពី​ផលិតផល​ធ្វើ​ដោយ​ដៃ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​»​។​

ដំណើរ​ការ​ផលិត​កាបូប​ពីពោះវៀន​កង់ឡានមានរយៈពេលប្រមាណ​១០​ឆ្នាំ​មក​នេះ​ លោក​ត្រូវការ​​វត្ថុធាតុដើម​ពីរ​សំខាន់ៗគឺ​ទី​១​ពោះវៀន​កង់ឡាន​ចាស់ៗ និង​ទី​២ ក្រណាត់​សម្រាប់​​ការដេរ​ធ្វើជា​ហោប៉ៅ​។

​លោក​បាន​ប្រាប់​សារព័ត៌មាន SR News ថា​៖ «​​យើង​ត្រូវយក​ពោះវៀន​កង់ឡាន​លាងសម្អាត​​ទឹក​ឲ្យ​ស្អាតរួច​យក​វា​មក​កាត់​ទៅតាម​ខ្នាត និង​ពុម្ព​ដែល​យើង​ត្រូវការ​។ សម្រាប់​​ផ្នែក​ខាងមុខនៃ​កាបូប​យើង​ក៏​កាត់​ច្នៃ​ម៉ូត​និង​អ៊ុត​វា​បន្ថែមទៀត​ដើម្បីឱ្យ​វា​មានគុណ​ភាពល្អបន្ទាប់ពី​រចនា​ម៉ូត​ផ្នែក​ខាងមុខ​កាបូប​ហើយ យើង​ត្រូវ​ផ្គុំ​កម្ដៅ​ឲ្យ​វាទ​ន់​​ ដើម្បី​ងាយស្រួល​ដេរ​ភ្ជាប់​គ្នា​ជាការ​ស្រេច​»​។​

​បុរស​វ័យ​៤៣​ឆ្នាំ​រូបនេះ​បាន​បន្ថែមទៀតថាទន្ទឹមនឹង​ការផលិត​បាន​កាបូប​ដ៏​ស្រស់ស្អាត​នេះ​ លោក​ក៏​ត្រូវជម្នះ​កត្តា​​ប្រឈមក្នុង​​​​ការផលិតផង​ដែរ​ដូចជា​ពិបាក​ក្នុងការ​ដេរ (​ស្វិត​)​និង​ត្រូវ​ការលាងសម្អាត​​ជាច្រើន​​ដង។​

​ចំពោះ​វត្ថុធាតុដើមពោះវៀន​កង់ឡាន លោក​​ត្រូវ​ដើរ​ទិញ​ពី​អ្នក​ប៉ះ​កង់​ឡានធំៗ​នៅតាម​ជាយក្រុងដោយ​​តម្រូវ​តាម​លក្ខខណ្ឌ និងបរិមាណ​​ផលិតជាក់ស្ដែង​របស់លោក​​។​

​សិប្បកម្ម ឈ្លាសវៃ ផលិត​កាបូបដៃ​ប្រុស​មួយ​នេះ​ក្នុង​មួយថ្ងៃៗសិប្បករ​​ម្នាក់ៗ​អាច​ផលិត​បាន​ពី២ ទៅ ៥ កាបូប ទៅតាម​ម៉ូតស្រួល ឬម៉ូដ​​ស្មុគស្មាញ​ពិបាកផលិត​​។ កាបូប​ដៃបុរសធ្វើ​ពីពោះវៀន​កង់ឡាន​​មានតម្លៃ​ចាប់ពី៣០,០០០​​រៀល រហូតដល់ ៦០,០០០​រៀល​។​

​ក្រៅពី​ផលិត​កាបូបដៃ​ដាក់​លុយ​បុរស​សិប្បកម្មនេះ​ក៏មាន​ផលិត​កាបូប​ស្រី កាបូបស្ពាយ កាបូប​យួរដៃ គម្រប​​សៀវភៅ ប្រដាប់​ដាក់​កាតនិងរបស់របរ​ជាច្រើន​មុខ​ទៀត​។​

​សព្វថ្ងៃនេះ​សិប្បកម្ម​ឈ្លាសវៃ​មាន​ជាងដេរ​១០​នាក់ដែល​កំពុងបំពេញការងារ​នៅតាម​សហគមន៍។

លោក ឡាវ ចំរើន បានឱ្យដឹង​ទៀត​​ថា៖ «​សម្រាប់កាបូបនេះ​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​ភ្ញៀវ​ក្រៅ​ស្រុក ហើយ​យើង​ក៏មាន​ការនាំ​ចេញទៅ​លក់​នៅ​ស្រុក​ក្រៅ​ផងដែរដូចជា​ប្រទេស អង់គ្លេស​និង អូស្ត្រាលី»​។​

​​សម្រាប់គម្រោង​​ទៅ​ថ្ងៃ​អនាគតខាង​សិប្បកម្ម​នឹង​ខិតខំ​ស្វែងរក​អតិថិជន​ឱ្យបាន​ច្រើន ដើម្បី​បង្កើន​ការ​ផលិត​ផ្ដល់ការងារ​ដល់​ប្រជាជន​នៅសហគមន៍ និង​បន្តផ្សព្វផ្សាយ​​ផលិតផលសិប្បកម្ម​​ជនពិការ​​កម្ពុជា​យើង​ផងដែរ​។

​សិប្បកម្ម​ឈ្លាសវៃ ស្ថិតនៅ​ផ្ទះ​លេខ​១១៥  ផ្លូវ ៣០សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​​ព័ត៌មាន​បន្ថែម​ពី​កាបូប​លុយ​បុរសអាច​ស្វែងរក​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក Smart Craft Cambodia​ឬ​ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០១២ ៦៣៣ ៩៣៨៕​

កាបូបលុយធ្វើពីពោះវៀនកង់ឡានកំពុងនាំចេញទៅអឺរ៉ុប

ធ្លាប់តែឃើញកាបូបដៃដាក់លុយបុរសធ្វើអំពី ជ័រ ស្បែកសត្វ ត្រណាត់ជាដើម តែសិប្បកម្មឈ្លាសវៃមួយនេះ បានច្នៃពោះវៀនកង់ឡានធ្វើជាកាបូបលុយបុរស ដែលមានរូបរាងពណ៌ស្រស់ស្អាតធន់នឹងការប្រើប្រាស់បានយូរ តម្លៃសមរម្យហើយក៏កំពុងបោះជំហានទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុបផងដែរ។
ថិញ រិទ្ធី

ព្រៃវែង​:​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ដុះ​ចេញពី​ភក់​ ឈូក​មិនត្រឹមតែ​មាន​ផ្កា​ស្អាត​នោះទេ។មើម​របស់​វា​គឺ​ជា​ប្រភព​អាហារ​ដ៏​មាន​ឱជារស និង​ពេញនិយម​​ទទួលទាន​នៅ​បណ្ដា​ប្រទេស​ដូចជាចិន​ ​កូរ៉េ និង​ជប៉ុន។

​ប្រជាប្រិយភាព​នៃការបរិភោគ​មើមឈូក​គួបផ្សំ​នឹង​គុណប្រយោជន៍​សុខភាព​ជាច្រើន​ទៀតនោះបានធ្វើ​ឱ្យ​​អតីត​ពលករ​ខ្មែរទៅ​ធ្វើការ​នៅ​ប្រទេសជប៉ុន​​ម្នាក់​​ចាប់ផ្ដើម​ដំណើរការ​កសិដ្ឋាន​​មើម​ឈូក ខេ ធី ដោយ​នាំ​បច្ចេកទេស​ដាំឈូ​កយក​មើម​ដំបូងបង្អស់​មក​ផ្គត់ផ្គង់ទីផ្សារ​ក្នុងស្រុក​។

លោក ឡុង គ​ន្ធា ​បាន​ចាក​ចេញពី​ស្រុកកំណើត​​ដើម្បី​ស្វែងរក​ចំណេះ​ជំនាញតាមរយៈ​ការ​​​ដាក់ពាក្យ​ធ្វើជា​​ពលករ​ទៅធ្វើការ​នៅ​​​ប្រទេស​ជប៉ុន​ផ្នែក​ដំណាំ​ឈូក​យក​មើម​ចាប់​ពី​ឆ្នាំ​២០១៥រហូតដល់ ២០២៣។​

​កំឡុងពេល​ធ្វើជា​ពលក​រ​នៅ​ជប៉ុន លោក​បាន​យ​កចិត្តទុកដាក់ផ្តោត​លើការងារ​​​នេះ​យ៉ាងខ្លាំង ​ដោយ​លោក​​គិតថា​ចំណេះជំនាញ​​នេះអាច​យក​មក​បង្កើត​ជា​មុខរបរ​ចិញ្ចឹមជី​វិត​​នៅ​កម្ពុជា​។

​លោក​បាន​ប្រាប់ SR News ថា​៖ «​នៅក្នុង​ឆ្នាំ​២០២០​ខ្ញុំ​បាន​ត្រឡប់​ប្រទេស​កម្ពុជា​វិញ ​ដើម្បី​នាំ​បច្ចេកទេសនេះ​មក​ដាំ​ដុះ​ក្នុង​ស្រុកកំណើត​​ដែល​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ចម្ការ​ឃុំ​ស្មោង​ខាងជើង​ស្រុក​កំចាយមារ​ខេត្តព្រៃវែងប៉ុន្តែ​ខ្ញុំ​នៅតែ​ឡើង​ចុះទៅ​ជប៉ុន​នៅឡើយ​រហូតដល់​២០២៣​ទើប​ខ្ញុំ​ឈប់​ទៅ​ប្រទេស​ជប៉ុន»​។​

​លោក​បាន​បន្ថែមទៀតថា៖ «ថ្វីត្បិតតែ​ខ្ញុំ​មានចំណេះ​ជំនាញ​ខាង​ដាំ​ឈូក​យក​មើម​នេះ​ក៏ពិតមែនតែ​រយៈពេល​ប្រាំបី​ឆ្នាំ​មកនេះ​ខ្ញុំ​​នៅតែ​បន្ត​ការរៀន​និង​ស្រាវជ្រាវ​បន្តទៀត​ដែរ​»​។​

សព្វថ្ងៃនេះ​លោកមាន​ផ្ទៃ​ដី​ប្រហែល​៣​ទៅ​៤​ហិកតាដោយ​ធ្វើការ​ដាំបណ្ដាក់គ្នារហូត​​ព្រោះ​ដំណាំ​ឈូក​យក​មើមនេះជា​រុក្ខជាតិ​​មាន​អាយុ​ខ្លី។ ដើមឈូក​​ទាមទារ​​​ការ​មើលថែ​ជា​ប្រចាំ​ថ្ងៃ​ផងដែរ​ទើបវា​អាច​​ផ្ដល់​ទិន្នផល​បានខ្ពស់។

លោក​បាន​ឱ្យដឹងទៀត​ថា៖ «ដំណាំ​ឈូក​នេះ​ប្រើ​រយៈពេល​តែ​បី​ខែ​ប៉ុណ្ណោះ​​អាច​ប្រមូល​ផល​បាន​ហើយ ហើយ​ចំពោះ​ដំណាំ​ឈូក​នេះ​ ​យើង​ប្រមូល​ផល​បានតែ​ម្ដងគត់គឺ​យើង​ត្រូវ​ភ្ជួរ​វា​ដើម្បី​ដាំ​ដុះ​ឡើងវិញ»។

លោក​អាចប្រមូលផល​បាន​ប្រមាណ១តោន​កន្លះ​ក្នុងមួយ​ថ្ងៃ ​ប៉ុន្តែ​ទិន្នផល​​មិនអាច​​បំពេញតម្រូវការ​លើ​ទីផ្សារ​បាន​នៅឡើយ​ទេដែល​​តម្រូវ​ឲ្យ​រូបលោកត្រូវ​​ស្វែងរក​ផ្ទៃដី​បន្ថែមទៀត​ដើម្បី​អាចប្រមូលផល ​មើម​​ឈូក២តោន​ក្នុង​មួយថ្ងៃ ​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​។​

មិនមែនដើម​ឈូកទាំងអស់សុទ្ធតែអាចដាំដើម្បីប្រមូលផលមើមនោះទេ។វាអាស្រ័យទៅលើពូជ និង​លក្ខខណ្ឌលូតលាស់ ដូចជា​គុណភាពដី ជម្រៅទឹក សីតុណ្ហភាពពន្លឺព្រះអាទិត្យ និងកត្តា​សត្វល្អិត ដែលអាច​រំខានដល់ការលូតលាស់របស់ឫស។

ក្រៅពី​​បញ្ជាក់ថា ​ដំ​ណាំ​ឈូក​យក​មើម​នេះ ​លោក​ត្រូវ​នាំ​ពូជ​​ពី​ប្រទេស​ជប៉ុន​ ​​​លោកគ​ន្ធា​បាន​រៀបរាប់​បន្ថែមទៀតថា៖«ដំណាំ​ឈូក​យក​មើម​នេះ​វា​ត្រូវការ​ដី​ដែលមាន​ជីវជាតិ​ខ្លាំងដូចនេះ​យើង​ត្រូវ​រៀបចំ​ផ្ទៃដី ដែលមាន​ទីតាំង​ល្អ​សមស្រប​មានទឹក​គ្រប់គ្រាន់​ដែល​អាច​បញ្ចេញបញ្ចូល​ទឹកបាន​និងដាក់​ជីធម្មជាតិ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ឈូក​បាន​មើម​ធំៗ​ល្អ​»។

​ម្ចាស់​កសិដ្ឋាន​មើម​ឈូក ខេ ធី លោក ឡុងគ​ន្ធា បាន​បញ្ជាក់ថា​ចំពោះ​មើម​ឈូក​ស្រស់ លោក​លក់បាន​ក្នុងតម្លៃ​១៤០០​រៀល​ក្នុង​មួយ​គីឡូក្រាមនៅតាម​ផ្សារ​ទំនើប​និង​បាន​ចែកចាយ​ទៅតាម​បណ្ដា​​ខេត្ត​​ក្រុង​ទាំងអស់​​ជាពិសេស​នៅរាជធានី​ភ្នំពេញ​។

​​​​​ចាប់តាំងពី​លោក​ចាប់ផ្ដើម​ដាំ​ឈូក​នេះ​មកដល់​បច្ចុប្បន្ននេះ​ សន្ទុះ​នៃ​ការ​គាំទ្រ​មើមឈូក​មានការ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​​មើម​ឈូក​នេះ​​​អាច​យកទៅ​ធ្វើ​មុខម្ហូប​បាន​ច្រើន​ដូចជា​ស្ងោរ​ចៀន​ឆា​និង​បំពង​ជាដើម។ក្រៅពី​លក់​មើម​ឈូក​ស្រស់ៗ​លោក​ក៏បាន​កែច្នៃ​មើម​ឈូក​ទៅជា​ម្សៅឈូក សម្រាប់លក់ លើ​ទីផ្សារ​​ផង​ដែរ។​

យោងតាមការស្រាវជ្រាវនិង​ការពិសោធន៍​ដោយវិទ្យាស្ថានសុខភាពអាមេរិក​ បានឲ្យដឹងថា មើមឈូក មានអត្ថប្រយោជន៍ដល់​សុខភាពដូចជាសម្បូរទៅដោយសារ​ធាតុចិញ្ចឹម វីតាមីន C វីតាមីន Bសារធាតុរ៉ែប៉ូតាស្យូម និង​ទង់ដែង។ វា​ជួយពង្រឹងប្រព័ន្ធការពាររាងកាយនិង​សុខភាពស្បែក។មើមឈូក​​មានផ្ទុក​ជាតិសរសៃខ្ពស់ដែលសម្រួលការរំលាយអាហារ និង​​​​បញ្ហាទល់លាមក។ការទទួលទាន​មើមឈូក ​ល្អសម្រាប់សុខភាព​បេះដូង ដោយ​​វាអាច​ជួយគ្រប់គ្រងសម្ពាធឈាមនិងកាត់បន្ថយកម្រិត កូឡេស្តេរ៉ុល។

ទន្ទឹម​នឹង​នោះ មើមឈូក​​ក៏​មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលកាត់បន្ថយការរលាកនិងការពារ ប្រឆាំងនឹងជំងឺជាច្រើន​ទៀត​ដែរ។​

​នៅ​ថ្ងៃ​អនាគត​លោក​ក៏មាន​គម្រោង​ពង្រីក​វិសាលភាព​នៃផ្ទៃដី​​ដាំដុះនិង​​​ចងក្រង​សហគមន៍​​ ដើម្បី​ផលិត​​មើម​ឈូក​ផ្គត់ផ្គង់​លើ​ទីផ្សារ​ឲ្យ​ទាន់ពេលវេលា​។លើក​ពី​ការ​ផ្គត់ផ្គង់ទីផ្សារ​ក្នុងស្រុក លោក​ក៏​មាន​បំណង​​​ស្វែងរក​​​ដៃគូ​​​វិនិយោគ​សម្រាប់ការ​នាំចេញ​​​ទៅ​ក្រៅប្រទេស​ផង​ដែរ។​

​ព័ត៌មាន​បន្ថែម​ពី ដំណាំ​ឈូក​យក​មើមអាច​ស្វែងរក​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​កកសិ​ដ្ឋា​ន​មើម​ឈូកខេ ធី ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០៦៧ ២៧៧ ៧៦៧៕

កសិករខ្មែរដំបូង នាំបច្ចេកទេសពីជប៉ុន ដាំឈូក យកមើមផ្គត់ផ្គង់ទីផ្សារកម្ពុជា

ជាដំណាំមួយប្រភេទដែលដុះចេញពីភក់ ឈូកមិនត្រឹមតែមានផ្កាស្អាតនោះទេ។ មើមរបស់វាគឺជាប្រភពអាហារដ៏មានឱជារស និងពេញនិយមទទួលទាននៅបណ្ដាប្រទេសដូចជា ចិន កូរ៉េ និងជប៉ុន។ ប្រជាប្រិយភាពនៃការបរិភោគមើមឈូក គួបផ្សំនឹងគុណប្រយោជន៍សុខភាពជាច្រើនទៀតនោះបានធ្វើឱ្យអតីតពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុនម្នាក់ ចាប់ផ្ដើមដំណើរការកសិដ្ឋាន មើមឈូក ខេ ធី ដោយនាំបច្ចេកទេសដាំឈូកយកមើមដំបូងបង្អស់មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ថិញ រិទ្ធី

កំពង់ចាមៈ ស្របពេលសំណង់ផ្ទះល្វែងបុរី និងផ្ទះថ្មជាច្រើនកំពុងសាងសង់យ៉ាងព្រោងព្រាតជាងផ្ទះនៅឯខេត្តកំពង់ចាមឯណោះវិញបែរជាងាកមកសាងសង់ផ្ទះឈើចល័តយ៉ាងញាប់ដៃញាប់ជើងដើម្បីធ្វើយ៉ាងណាឱ្យទាន់តម្រូវការរបស់អតិថិជន។

មានអាជីពជាជាងធ្វើតុទ្វារ បង្អួចសម្រាប់ផ្គត់ផ្គងតាមសាលារៀនលោក គិនគាន់ បានចាប់ផ្តើមធ្វើផ្ទះឈើចល័តដំបូងនៅអំឡុងឆ្នាំ២០២០ដោយពេលនោះលោកធ្វើជាផ្ទះឈើគម្រូ ១តែប៉ុណ្ណោះ និងយករូបភាពផ្ទះឈើនេះបង្ហោះលើបណ្តាញសង្គម។

លោកប្រាប់សារព័ត៌មានSRNEWS យ៉ាងដូច្នេះថា៖ «ពេលកូវីដគេផ្អាកគម្រោង​នៅតាមសាលារៀនក្រុមជាងខ្ញុំមានគ្នាជាង១០នាក់ អ៊ីចឹងយើងទំនេរអត់មានការងារអីធ្វើទេ ហើយពេលនោះក៏អត់មានអ្នកធ្វើផ្ទះឈើលក់ដែរ ខ្ញុំក៏នឹកច្នៃផ្ទះគម្រូលេងហើយបង្ហោះតាមហ្វេសប៊ុក ស្រាប់តែមានភ្ញៀវមើលឃើញ គាត់មានរីស៊ត(Resort) គាត់ត្រូវចិត្តក៏ទិញយកទៅ»។

ស្នាដៃធ្វើផ្ទះឈើដំបូងរបស់ជាងផ្ទះវ័យ៤២ឆ្នាំរូបលក់ខាតដើម ដោយសារលោកចំណាយប្រាក់ច្រើនទៅលើសម្ភារៈ និងពេលវេលាត្បិតនេះជាបទពិសោធន៍ថ្មីតែវាក៏ជាផ្នែកមួយក្នុងការជម្រុញទឹកចិត្ត ឱ្យលោកធ្វើផ្ទះឈើចល័តនេះជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។

បច្ចុប្បន្ននេះផ្ទះចល័តស្រុកស្រីសន្ធររបស់លោក គិនគាន់ ទទួលបានការចាប់អារម្មណ៍និងការគាំទ្រ យ៉ាងច្រើនពីសំណាក់បងប្អូនដែលនិយមស្រឡាញ់ផ្ទះឈើទូទាំងប្រទេសដោយលោកទទួលបាន ការកុម៉្មង់ម៉ូតផ្ទះឈើជាច្រើនផ្សេងៗគ្នាពីសំណាក់អតិថិជន។

ជាងផ្ទះវ័យ៤២ឆ្នាំខាងលើនេះនិយាយថា៖ «សព្វថ្ងៃខ្ញុំធ្វើផ្ទះហើយបង្ហោះលើហ្វេសប៊ុក ហើយមានបងប្អូនជាវយកទៅជាហូរហែ ហើយក៏មានការកុម៉្មង់ឱ្យធ្វើឥតដាច់ផ្ទះឈើទាំងអស់នោះ បងប្អូនខ្លះគាត់ទិញយក ទៅនៅខ្លះយកទៅដាក់នៅរីស៊ត ធ្វើផ្ទះលម្ហែតាមចិត្តគាត់ស្រឡាញ់អ៊ីចឹងទៅ»។  ផ្ទះឈើចល័តស្រុកស្រីសន្ធរមានសាងសាង់ផ្ទះឈើជាច្រើនប្រភេទ និងតាមការកុម៉្មង់របស់ភ្ញៀវ ដូចជាផ្ទះខ្មែរបុរាណ ផ្ទះរោងដោលផ្ទះរោងឌឿង ផ្ទះប៉ិត ផ្ទះកន្តាំង បឹងកាឡូ និងផ្ទះឈើផ្សេងៗ ហើយផ្ទះឈើទាំងអស់នេះមានទំហំ៣ខ្នាតរួមមានខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។

សម្រាប់តម្លៃនៃផ្ទះនីមួយៗលោក គិន គាន់ បញ្ជាក់យ៉ាងលម្អិតថា៖ « ផ្ទះតូចមានទំហំ ៣ម៉ែត្រ គុណ៦ម៉ែត្រមានពីរប្រភេទគឺផ្ទះទាបតម្លៃ៤៨០០ដុល្លារ ហើយផ្ទះខ្ពស់ ៥៥០០ដុល្លារ ផ្ទះមធ្យមមានទំហំ៣,៥ម៉ែត្រគុណ ៧ម៉ែត្រ និងមានពីរប្រភេទផ្ទះទាប តម្លៃ៧០០០ដុល្លារ និងផ្ទះខ្ពស់ ៧៧០០ដុល្លារចំណែកផ្ទះធំ មានទំហំ ៤ម៉ែត្រ គុណ៩ម៉ែត្រ និងមានពីរប្រភេទដូចគ្នា ផ្ទះទាប តម្លៃ១០១០០ដុល្លារ ឯផ្ទះខ្ពស់ ១០៨០០ដុល្លារ»។  

មេជាងរូបនេះបន្តថា « ឈើដែលយើងយកមកធ្វើផ្ទះសុទ្ធតែឈើលេខមួយមាន ស្រឡៅ សុក្រំ ផ្ចឹក ធានាគុណភាព យើងយកសុក្រំ ផ្ចឹក ធ្វើជាសសរនិងធ្វើជាក្តារក្រាល ហើយស្រឡៅ ធ្វើគ្រឿងផ្ទះ រនូត រនងជាដើម តែដំបូលវិញមានតាមម្ចាស់គេកុម៉្មង់មានដូចជាជ័រ ស៊ីប្រូថៃ ក្បឿងស្រកាលីញ ហើយតម្លៃវាទៅតាមណុងដែរ»។

ផ្ទះឈើចល័តនេះត្រូវការរយៈពេលសាងសង់ចន្លោះពីកន្លះខែ ទៅ១ខែ ដោយរួមបញ្ជូលទាំង ការតបណ្តាញភ្លើង និងការដេគ័រផ្សេងៗប៉ុន្តែពុំមានបន្ទប់ទឹកនោះទេ ប្រសិនបើអតិថិជន ចង់បានបន្ទប់ទឹក ត្រូវបូកតម្លៃបន្ថែម។ផ្ទះឈើដែលសាងសង់រួច នឹងត្រូវដឹកយកទៅតំឡើង ដល់ទីតាំងអតិថិជន ហើយក្រុមការងារលោកក៏មានទទួលធ្វើបន្ទប់ខាងក្រោមផងដែរ។

​ម្ចាស់អាជីវកម្មខាងលើនេះបញ្ជាក់ថា៖«ខ្ញុំពិតជាសប្បាយចិត្ត នៅពេលភ្ញៀវសរសើរពីស្នាដៃធ្វើ ផ្ទះឈើនេះ និយាយទៅផ្ទះយើងមានគុណភាពនិងធានា តែបើភ្ញៀវគាត់ពុំសូវចូលចិត្តកន្លែងណា យើងយកចំណុចនោះមកកែលម្ហឱ្យកាន់ល្អសំខាន់ខ្ញុំមានជំហរមួយ គឺត្រូវតែដាប់ដេត ( Update) ផ្ទះឈើនេះរហូត»។

ផ្ទះចល័តស្រុកស្រីសន្ធរមានទីតាំងភូមិ សំរោង ឃុំមានជ័យ ស្រុកស្រីសន្ធរខេត្តកំពង់ចាម៕ 

ផ្ទះឈើចល័តស្រុកស្រីសន្ធរ ផ្ទុះការចាប់អារម្មណ៍ និងកុម៉្មង់ជាប់គ្នាឥតស្បើយ

កំពង់ចាមៈ ស្របពេលសំណង់ផ្ទះល្វែងបុរី និងផ្ទះថ្មជាច្រើនកំពុងសាងសង់យ៉ាងព្រោងព្រាតជាងផ្ទះនៅឯខេត្តកំពង់ចាមឯណោះវិញបែរជាងាកមកសាងសង់ផ្ទះឈើចល័តយ៉ាងញាប់ដៃញាប់ជើងដើម្បីធ្វើយ៉ាងណាឱ្យទាន់តម្រូវការរបស់អតិថិជន។
សួស យ៉ាមី