ទេសចរណ៍

«កាហ្វេសំរាម» ហាងកាហ្វេដ៏ពេញនិយមលើភ្នំគិរីរម្យ ដែលអ្នកទេសចរមិនដែលរំលង

October 22, 2024
SR Digital Content Creator
Heading
Option 1

កំពង់ស្ពឺ​៖ផុស​ឡើង​នៅ​កណ្តាល​ធម្មជាតិ​​ព្រៃ​ស្រល់​រាប់លាន​ដើម​លើ​ភ្នំ​គិរី​រម្យហាង​កាហ្វេ​សំរាម បានក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិទៅ​ភ្លក្ស​រសជាតិ​កាហ្វេ និង​ភេសជ្ជៈ ​ថតរូប​លេងកម្សាន្តក៏ដូចជា​បាន​សិក្សា​ឈ្វែ​ង​យល់​ពី​ដំណើរការនៃ​ហាង​កាហ្វេ​ដែល​ផ្តុំ​ទៅដោយ​គំនិត​ច្នៃប្រឌិត​មួយ​នេះ​ផងដែរ​។

​យុវតី ហុង ស្រី​និច្ច អ្នកទេសចរ​ទៅ​កម្សាន្ត​នៅ​កាហ្វេ​សំរាម​បានឱ្យដឹងថាជា​រៀងរាល់ឆ្នាំ កញ្ញា តែងតែ​មក​កម្សាន្ត​នៅ​ឧទ្យាន​ជាតិ​គិរី​រម្យ​ប្រមាណ​២ទៅ​៣​ដង ហើយ​កញ្ញា ក៏​តែងតែ​ចូលមក​លេងនៅ​កាហ្វេ​សំរាម និង​សាលា​ដូង​ជានិច្ច ដោយសារ​តែកាហ្វេ​មាន​រសជាតិ​ឆ្ងា​ញ់ហើយទីតាំងមានបរិយាកាសល្អ និងការរចនាលម្អ​ មានភាព​ទាក់ទាញ​​។  

​កញ្ញា ស្រី​និច្ច បញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​ជាប់​ចិត្តនឹង​រសជាតិ​កាហ្វេ​នៅទីនេះ វា​ឆ្ញា​ញ់ ហើយ​បើ​ឈ្មោះ​វិញគឺ​គួរឱ្យ​អស់សំណើច ដូច​អាយ​អា​ពេ​ឡេ​ហេ តែ​វា​ជា​អាយ​ឡា​តេហើយ​តណ្ហា​ស្រៀវ​អញ្ចាញ តាមពិត​ផា​សិន​សោះ បើ​ការ​ដេ​គ័​រ​ឡូយ​ណាស់នៅទីនេះ​មាន​វត្ថុ​ចាស់​ដែល​ខ្ញុំ​អត់​ធ្លាប់​ឃើញ​ជាច្រើនដូចជា​ទូរទស្សន៍​ជំនាន់​មុន រូបគំនូរ​ប្លែកៗ ម៉ូតូ​សេរី​ចាស់ហើយ​អី​ដែល​មិន​សរសើរ​មិនបាន គឺ​សំរាម​ទុយោ គម្រប​ដប ដប ស្លាក​លេខ គេ​ច្នៃយកទៅ​តុបតែង​សឹង​គ្រប់កន្លែង​តាំងពី​ផ្លូវ​ចូលមក​»​។

​យុវតី​វ័យ​២៣ ឆ្នាំ​រូបនេះ​បន្តថាមិន​ត្រឹមតែ​ជា​ហាង​ហ្វេ​ប៉ុណ្ណោះ​ទេ ទីតាំង​មួយ​នេះ ក៏​ជា​កន្លែងផ្សព្វផ្សាយ​ចំណេះដឹង​មួយ ​ឱ្យ​អ្នក​មកលេង​នៅទីនេះ​បានដឹងថាវត្ថុ​នៅ​ជុំវិញខ្លួន​យើង គឺ​សុទ្ធតែ​មានតម្លៃ បើ​យើង​ចេះ​យកទៅ​កែច្នៃនិង​យល់​ពី​តម្លៃ​នៃ​វត្ថុ​ទាំងនោះ ហើយក៏​ជា​សារ​ដាស់តឿន​ឱ្យ​មនុស្ស​គ្រប់គ្នាចេះ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ចូលរួម​ស្រឡាញ់​បរិស្ថាន​ផងដែរ​។  

​ចំណែក​យុវជន លី សុខាអ្នកទេសចរ​ម្នាក់ទៀត​បាន​រៀបរាប់ថា​៖ «​នេះ​ជា​លើក​ទី​១​ហើយ ដែល​ខ្ញុំ​បាន មក​កាហ្វេ​សំរាម​នេះពេល​ឃើញ​សំរាម​ដែល​គេ​ធ្លាប់តែ​បោះចោល ប៉ុន្តែ​គេ​អាច​យកមក​កែច្នៃ​ចេញកន្លែង​ដែល​ស្អាត​អ៊ីចឹង វា​ប្លែក​ភ្នែក ប្លែក​អារម្មណ៍វា​ប្រៀប​ដូច​កន្លែង​ដ៏​អស្ចារ្យ ដែល​មិន​ធ្លាប់​ឃើញ ពីមុនមក ហើយ​នៅពេលដែល​ដឹងថាទីតាំង​នេះ ជា​កន្លែង​ជួយ​ឱ្យ​ក្មេងៗ​នៅលើ​ភ្នំ​គិរី​រម្យ បាន​រៀនសូត្រ​ទៀតវា​កាន់តែ​អស្ចារ្យ​ខ្លាំងណាស់​»​។​

​ជា​ផ្នែក​មួយ​របស់​សាលា​ដូង ហាង​កាហ្វេ​សំរាមបង្កើតឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ ដោយ​បើក​ដំណើរការ​រៀងរាល់​ចុង​សប្តាហ៍ចាប់ពី​ថ្ងៃ​សុក្រ ដល់​ថ្ងៃអាទិត្យ និង​ចាប់ពី​ម៉ោង​៦​ព្រឹក ឬ​៧​ព្រឹក​ដល់ម៉ោង​៥​ល្ងាច ចំណែក​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ហាង​កាហ្វេ​ពុំ​ដំណើរការ​ឡើយ ត្បិត​សាលា​ដូង ត្រូវ​ការបង្រៀន​សិស្សានុសិស្ស​។

​នៅ​កាហ្វេ​សំរាម​មាន​បម្រើ​ជូន​នូវ​កាហ្វេនិង​ភេសជ្ជៈ​ជាច្រើនដូចជា​ កាហ្វេ​ក្តៅ (Hot Coffee),កាហ្វេ​ទឹកកក (Ice Coffee)និង​ភេសជ្ជៈក្រឡុក (Frappe) ​តែ (Tea) រួមជាមួយ​ភេសជ្ជៈ​ផ្សេងៗ​ទៀត​។  

​លោក អ៊ុក ឧ​ត្ត​មគ្រូ​ស្ម័គ្រចិត្ត​នៅ​សាលា​ដូង​បានប្រាប់សារព័ត៌មានឌីជីថល SR ឱ្យដឹងថា ភ្ញៀវទេសចរ​ដែល​និយមចូលមក​លេងនិងទទួលទានភេសជ្ជៈនៅហាងកាហ្វេ​សំរាមនេះ មាន​ចំនួន​ច្រើន​ក្នុង​ឆ្នាំ​២០២៤​នេះដោយសារ​ភ្ញៀវទេសចរ ហាក់ចាប់អារម្មណ៍លើ​ការយកសំរាម​មក​ដេ​គ័​រលើ​ទីតាំង​ហាង​កាហ្វេ​សំរាមក៏ដូចជា​ក្នុង​គោលបំណង​ជួយដល់​ដំណើរការរបស់​សាលា​ដូង​ផងដែរ​។  

«​អ្វីដែល​ពួកយើង​ធ្វើគឺ​សុទ្ធតែជា​របស់របរ​ដែ​ល​យើង​បានឃើញ​នៅតាម​ដងផ្លូវ នៅតាម​កន្លែង​គេ​ចោល សំរាមអ៊ីចឹង​មហាជន​គាត់​មានការ​ស្ងើចសរសើរ ពួកគាត់​ប្លែក​ក្នុង​ចិត្ត ​នឹកស្មាន​អត់​ដល់ហើយ​មែនទែន ចំនួន​អ្នក​ថតរូប​ទៅលើ​របស់​ទាំង​អស់ហ្នឹង គឺ​ច្រើន​មែនទែន​។ម្យ៉ាងទៀត​ ភ្ញៀវមក​ទិញ​កាហ្វេ​នៅ​ហាង យើង​នេះពួកគាត់​មាន​គោលបំណង​ចង់​ជួយ​សាលា​ដូង​ដែរ ដោយសារតែ​យើង​ប្រាប់​ព័ត៌មាន​ដល់​ពួកគាត់​ថា នៅពេលដែល​អ្នក​ទាំងអស់​ជួយ​ទិញ​កាហ្វេ ដូច​ជួយ​ពួក​ខ្ញុំ​ឱ្យមាន​ថវិកាដើម្បី​ឧបត្ថម្ភ​ដល់​គ្រូៗនិង​ចំណាយ​ទូទៅ​ក្នុង​សាលា​ដូង​មួយចំណែក​អ៊ីចឹង​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អ៊ុក ឧ​ត្ត​ម​។គ្រូ​ស្ម័គ្រចិត្ត​រូបនេះ​បន្តថាគំនិត​ច្នៃប្រឌិត និង​ការ​ដេ​គ័​រ​នៅ​ហាង​កាហ្វេ​សំរាម​ទាំងមូល​នេះ គឺជា​កើតចេញពី​គំនិត និង​ស្នាដៃ​របស់លោក​លោក អ៊ុក វណ្ណ​ដេ ដែលជាស្ថាបនិក​សាលា​ដូង ដោយ​លោកវណ្ណដេ ​បាន​ប្រើពេល​ប្រមាណ​ជាង​៣​ខែ ​ទាំង​ថ្ងៃ ទាំងយប់ ក្នុងការកែច្នៃ​សំរាម​ទាំងនេះ​​។

​សម្រាប់ការ​ដេ​គ័​រ​នៅ​ហាង​កាហ្វេ​មួយ​នេះ ស្ថាបនិកសាលាដូងបានប្រើនូវ​ដប​ស្រា​បៀរ​ជិត ២ លាន​ដបមក​រៀប​ធ្វើជា​ជញ្ជាំង​នៅ​ជុំវិញ​រាន​លក់​កាហ្វេ យក​សំបក​ដប​ធ្វើជា​ការ៉ូយក​ដប​ប្លា​ស្ទិ​ក​ទឹក​សុទ្ធ​ចំនួន ៤ ពាន់​ដប​មក​កែច្នៃ​ជា​ទង់ជាតិនិង​យក​បំពង់​បឺត និង​ផ្នែក​គម្រប​ដប​ធ្វើជា​រី​ដូ យក​សម្បក​កង់ និង​ធុងដែកច្នៃ​ជា​គ្រឿង​សង្ហា​រឹមជាដើម​។

​គួរ​គូសបញ្ជាក់ថា ហាង​កាហ្វេ​សំរាមគឺជា​ផ្នែក​របស់​សាលា​ដូង ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ស្វែងរក​ចំណូល​ដើម្បី​ទ្រទ្រង់​សាលា​ដូង ដែលមាន​លោក​អ៊ុក វណ្ណ​ដេ ជា​ស្ថាបនិក​។ លោកវណ្ណ​ដេ បាន​បង្កើត​សាលា​ដូង​នៅ​អំឡុង​ឆ្នាំ​២០១៧ដើម្បី​បង្រៀន​កូន​អ្នកស្រុក​រស់នៅក្នុង​សហគមន៍​ក្នុង​តំបន់​នេះហើយ​នៅ​ឆ្នាំ​២០២៤​នេះ សាលា​ដូង​មាន​សិស្ស​ប្រុស​ស្រី​ចំនួន​ជាង ១៧០ នាក់ ដែលរៀន​ពី​ថ្នាក់​ទី​១ដល់​ថ្នាក់​ទី​៦​។ សាលា​ដូង និង​កាហ្វេ​សំរាម មាន​ទីតាំង​ស្ថិតនៅលើ​ភ្នំ​គិរី​រម្យនៃ​ស្រុក​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ។ ទំនាក់ទំនង​គេហទំព័រ​ហ្វេ​ស​ប៊ុ​កៈ កាហ្វេ​សំរាមឬ​លេខ​ទូរស័ព្ទ 069 647 302៕

អត្ថបទពេញនិយម

ជិះឡានលើទឹកមើលទេសភាពតាមដងព្រែក ញ៉ាំអាហារ គេងលម្ហែ នៅភូមិថ្មីកំពត

វិធីសាស្ត្រព្យាបាល និងកម្ចាត់ក្លិនជើងមិនល្អ

សិល្បករ ប៉ែន រ៉ូប៊ីត រំលេចស្នាដៃគំនូរថ្មី តាមរយៈពិព័រណ៍ «ក្រឡា»

ការគាំងប្រព័ន្ធបច្ចេកវិទ្យា(IT) នៃឧស្សាហកម្មជុំវិញពិភពលោកដោយសារតែ ក្រុមហ៊ុន CrowdStrike

ព្រះនាង ជេនណា បដិសេធព័ត៌មានកំពុងហ្វឹកហាត់ក្លាយជាតារា K-pop នៅកូរ៉េខាងត្បូង