សៀមរាប : ព្រឹត្តិការណ៍សមរាត្រី( Equinox) ដ៏អស្ចារ្យ ដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តថ្ងៃទី ២១-២៣ ខែកញ្ញាខាងមុខនេះតើយើងត្រូវត្រៀមអ្វីខ្លះមុននឹងទៅមើលសមរាត្រី?
ខាងក្រោមនេះជាបទពិសោធន៍របស់ក្រុមការងារ SR News កន្លងមកក្នុងដំណើរទៅផ្ដិតយកទិដ្ឋភាពព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តដែលប្រិយមិត្តអាចស្វែងយល់ និងត្រៀមខ្លួនឱ្យបានល្អ៖
ទី១. សាកថ្ម កាំមេរ៉ា ទូរសព្ទឧបករណ៍ផ្សេងៗដើម្បីអាចផ្ដិតយករូបភាពដ៏អស្ចារ្យព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តទុកជាអនុស្សាវរីយ៍។
ទី២. ដាក់ម៉ោងរោទ៍ នៅម៉ោង ៤ ទៅ ៤កន្លះដើម្បីងើបទៅប្រាសាទអង្គរវត្តឱ្យទាន់មុនថ្ងៃរះ។
ទី៣. យើងត្រូវរៀបចំខ្លួនឱ្យបានសមរម្យ (មិនស៊ិចស៊ីជ្រុល) នៅរាល់តំបន់ប្រាសាទដែលជាកន្លែងទីសក្ការៈនិងជាទីតាំងបេតិកភណ្ឌរបស់យើង។
ទី៤. ប្រើប្រាស់បន្ទប់ទឹកឱ្យរួចរាល់និងត្រៀមទឹកញ៉ាំ មុននឹងចូលទៅកាន់ទីតាំងប្រាសាទ
ទី៥. រកទីតាំងដែលល្អនៅចំកណ្ដាលនៃផ្លូវចូលប្រាសាទទើបបានឃើញច្បាស់ថ្ងៃរះចំកំពូលប្រាសាទតែកុំទៅកៀកទៅនឹងប្រាសាទពេក។
ទី ៦. ត្រូវរក្សាសុជីវធម៌និងការយោគយល់គ្នា កុំរុញច្រានអ្នកដទៃដើម្បីដណ្តើមទីតាំងណាមួយ។
ទី ៧.ថតរូបស្អាតក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យដើម្បីផ្សព្វផ្សាយទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិ មកទស្សនាប្រាសាទខ្មែរយើងកាន់តែច្រើន។
ក្រោយបញ្ចប់ព្រឹត្តិការណ៍សមរាត្រី ( Equinox) ដ៏អស្ចារ្យដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត យើងអាចបន្តដើរទស្សនានិងថតរូបចម្លាក់នៅតាមជញ្ជាំងប្រាសាទ។
សមរាត្រីជាបាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ និងផែនដី ដោយសំដៅជាសាមញ្ញ គឺជាថ្ងៃដែលមានរយៈពេលថ្ងៃនិងយប់ស្មើគ្នា ខុសពីថ្ងៃខែដទៃទៀតដែលរយៈពេលយប់វែងជាងពេលថ្ងៃឬក៏រយៈពេលថ្ងៃវែងជាងយប់។
ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្តដែលមានព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទកំណត់ចំវេលាសមរាត្រីនោះ មិនមែនជារឿងចៃដន្យទេ។ ទិដ្ឋភាពនេះគឺជាលក្ខណៈពិសេសនៃការគន់គូសដោយបុព្វបុរសខ្មែរដែលរៀបចំស្ថាបត្យកម្មប្លង់ប្រាសាទក្នុងបំណងផ្សារភ្ជាប់បាតុភូតធម្មជាតិនឹងប្រាង្គប្រាសាទបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលអង្គរវត្តនេះឡើង ។
ដោយទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិច្រើនសន្ធេកមកមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលអង្គរវត្តអាចត្រូវបានមើលឃើញច្បាស់ចំនួន២ដងក្នុងមួយឆ្នាំ គឺនៅថ្ងៃទី ២១-២៣ ខែ មីនានិងថ្ងៃទី ២១- ២៣ ខែកញ្ញា៕