បច្ចេកវិទ្យា

អ្នកប្រើ Facebook និង IG បារម្ភពីឯកជនភាព ខណៈ Meta យកព័ត៌មានសាធារណៈបណ្ដុះ Chatbot

July 29, 2024
ជា វណ្ណារ័ត្ន
Heading
Option 1

កាលពីខែមុនក្រុមហ៊ុន Meta បានប្រកាសថាខ្លួននឹងពង្រីកសេវាកម្មបញ្ញាសិប្បនិម្មិតរបស់ខ្លួនជុំវិញពិភពលោក ហើយក្រុមហ៊ុនបាន​ជូនដំណឹង​ឱ្យអ្នកប្រើប្រាស់នៅអឺរ៉ុបដឹងថាខ្លួននឹងប្រើប្រាស់ព័ត៌មានសាធារណៈរបស់ពួកគេ ដើម្បីបណ្តុះបណ្តាលសេវាកម្ម A.I. ចាប់តាំងពី​ថ្ងៃទី26 ខែមិថុនានេះ​​តទៅ។

ការជូនដំណឹងដែលត្រូវ​បានផ្ញើទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គមFacebook និង Instagram នៅអឺរ៉ុប ដោយបង្ហាញថា​Public Posts របស់ពួកគេអាចត្រូវបានប្រើដើម្បីបណ្តុះបណ្តាលសេវាកម្មA.I. នានា រួមទាំង chatbot របស់ Meta ​បានជំរុញឱ្យមានការព្រួយបារម្ភអំពីឯកជនភាពនិងប្រតិកម្ម​ប្រឆាំង​ពី​អ្នកប្រើបណ្ដាញសង្គមរបស់មេតា​​ Meta។ ទន្ទឹម​នឹងនោះដែរ អ្នកប្រើប្រាស់ក៏​ឆ្ងល់ដែរ​ថាតើការផ្លាស់ប្តូរគោលការណ៍នេះនឹងចូលជាធរមាននៅទីតាំងប្រទេសណាខ្លះ។

ប៉ុន្តែសម្រាប់អ្នកនៅ​​សហរដ្ឋអាមេរិកដែលច្បាប់ឯកជនភាពតាមអ៊ីនធឺណិតមិនមានភាពតឹងរ៉ឹងខ្លាំង នោះ Meta A.I. បាននិងកំពុងប្រើប្រាស់Public Posts ដើម្បីបណ្តុះបណ្តាល A.I. ហើយវាមិនច្បាស់ទេថាតើ Meta អាចនឹងពង្រីកកម្មវិធីនេះទៅតំបន់ណា​ទៀត។

ក្រុមអ្នកឃ្លាំមើលឯកជនភាពរបស់អ្នកប្រើប្រាស់បានបង្កើនការព្រួយបារម្ភអំពីការប្រើប្រាស់ទិន្នន័យ និងកង្វះខាតការបញ្ជាក់ឱ្យ​ជាក់លាក់ថាតើ Meta នឹងធ្វើអ្វីខ្លះជាមួយព័ត៌មានរបស់អ្នកប្រើប្រាស់។

ប៉ុន្តែ Meta និយាយថា ពួកគេកំពុងអនុលោមតាមច្បាប់ឯកជនភាពហើយព័ត៌មានដែលគេបានប្រមូលនោះ​នឹងធ្វើឱ្យសេវាកម្មកាន់តែមានភាពងាយស្រួល នឹងល្អប្រសើរសម្រាប់​អ្នកប្រើប្រាស់នៅក្នុងតំបន់ដែលត្រូវបានអនុវត្ត​គោលការណ៍នេះ​។

តើ Chatbot របស់ Meta ជាអ្វី?

Meta A.I. គឺជាកម្មវិធីជំនួយការឆ្លាតវៃដែលដំណើរការដោយបញ្ញាសិប្បនិមិត្តដែលមាននៅលើកម្មវិធីនានា រួមទាំង Facebook WhatsApp និង Instagram ហើយ​វាអាចត្រូវបានប្រើនៅក្នុងមាតិកា​ព័ត៌មានការ​ជជែក និងស្វែងរក។ ស្រដៀងទៅនឹង ChatGPT របស់ OpenAI, Siri របស់ Apple ឬ Alexa របស់ Amazon ដែរ វាត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងរាល់សំណើដែលអ្នកប្រើប្រាស់ផ្តល់ឱ្យវា។

Meta A.I. ប្រើប្រាស់ LLaMA 3 ដែលជាគម្រូភាសាធំថ្មីមួយនិងដ៏មានឥទ្ធិពលរបស់ក្រុមហ៊ុន A.I. បច្ចេកវិទ្យាដែលអាចធ្វើការសន្ទនានិង​បង្កើតរូបភាព។

អ្នកនាំពាក្យរបស់ Meta មិនបានបញ្ជាក់ច្បាស់អំពីរបៀបដែលព័ត៌មានសាធារណៈត្រូវបានប្រើប្រាស់ក្រៅអំ​ពី «កសាង និងអាប់ដេតបទពិសោធន៍ A.I.» នោះទេ​។

តើវាស្របច្បាប់ដែរឬទេសម្រាប់Meta A.I ក្នុងការប្រើទិន្នន័យរបស់អ្នកប្រើប្រាស់?

នៅក្នុងលក្ខខណ្ឌផ្លូវច្បាប់របស់Facebook ក្រុមហ៊ុននេះនិយាយថាប្រសិនបើអ្នកប្រើប្រាស់ចែករំលែករូបថតនៅលើ Facebook នោះមានន័យថា អ្នកប្រើប្រាស់បានផ្តល់ការអនុញ្ញាត​ឱ្យMeta ចម្លង​រក្សាទុកនិងចែករំលែកវាជាមួយអ្នកដទៃ។ យោងតាមក្រុមហ៊ុនបានឱ្យដឹងថា អាស្រ័យទៅលើការកំណត់កម្រិត​ចែកចាយ​របស់អ្នកប្រើប្រាស់រូបថតអាចត្រូវបានប្រើសម្រាប់ផលិតផល Meta ផ្សេងទៀត។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់សិទ្ធិឌីជីថល ដែលត្រូវបានគេស្គាល់ថា NOYB (None of YourBusiness) បានដាក់ពាក្យបណ្តឹងនៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួនអំពីការផ្លាស់ប្តូរគោលនយោបាយ​នេះ​របស់Meta៕​

ប្រភព៖ New York Time

អត្ថបទពេញនិយម

វិធីធ្វើម៉ាសបិទមុខ ផ្សំពីត្រសក់តាមបែបធម្មជាតិ

តើការត្រាំទឹកក្តៅនៅទេទឹកពុះ អាចព្យាបាលជំងឺពិតមែនឬទេ?

ពលរដ្ឋចាត់ទុក «ទិវាឪពុក» ជាថ្ងៃដឹងគុណ និងចែករំលែកក្តីស្រឡាញ់ក្នុងសង្គម

សហគមន៍កសិកម្មកម្ពុជាមានជ័យ បង្កើតផ្លាកសញ្ញាផ្គត់ផ្គង់សាច់គោខ្មែរស្រស់ រសជាតិឆ្ងាញ់ ដើម្បីប្រកួតលើទីផ្សារ

ការព្យាបាលដោយកប់ដី ប្រែក្លាយវាលខ្សាច់ស៊ីនជាំងទៅជាដែនទេសចរណ៍