ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei កាលពីថ្មីៗនេះបានដាក់លក់ស្មាតហ្វូនដែលអាចបត់ជាបី ក្នុងតម្លៃ ២៨០០ដុល្លារ។ទូរសព្ទនេះមានឈ្មោះថា Mate XT ដែលអាចបត់បានបីរបៀបហើយត្រូវបានគេបង្ហាញក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងស៊ិនជិន ប្រទេសចិន។ការចេញលក់នេះត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពី Appleបានបង្ហាញiPhone16 ជាផ្លូវការ។
ក្រុមហ៊ុន Huawei បាននិយាយថាមនុស្សជាង ៤ លាននាក់បានបង្ហាញពីចំណាប់អារម្មណ៍លើ Mate XT តាមរយៈការបញ្ជាទិញជាមុន។
លោក Richard Yu នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយដោយមោទនភាពថា៖«យើងបានធ្វើការយ៉ាងលំបាកអស់រយៈពេល ៥ ឆ្នាំដើម្បីបង្កើតផលិតផលនេះដោយប្រែក្លាយអ្វីដែលបីដូចជាការប្រឌិតបែបវិទ្យាសាស្ត្រឱ្យទៅជាការពិត»។
Mate XT មានមុខងារ AIកម្រិតខ្ពស់រួមទាំងការសង្ខេបអត្ថបទ ការបកប្រែ និងជម្រើសកែរូបថត។មុខងារទាំងនេះត្រូវបានបំពាក់ដោយបន្ទះឈីប Kylin របស់ក្រុមហ៊ុនHuaweiផ្ទាល់។ទូរសព្ទនេះមានពណ៌ក្រហម និងខ្មៅ ជាមួយនឹងអេក្រង់ទំហំ 10.2អ៊ីញ និងតួខ្លួនស្តើង 3.6mm។វាក៏រួមបញ្ចូលផងដែរនូវឯកសារភ្ជាប់ក្តារចុចទំហំប៉ុនហោប៉ៅ។ តម្លៃចាប់ផ្តើមពី ១៩៩៩៩យន់ (២៨០០ដុល្លារ) ជាមួយនឹងម៉ូដែលដែលមានតម្លៃកាន់តែថ្លៃ សម្រាប់ជម្រើសទំហំផ្ទុកទិន្ន័យកាន់តែធំ។
ទូរសព្ទថ្មី Mate XT ប្រជែងនឹង iPhone16របស់ Appleដែលត្រូវបានអ្នកប្រើចិនខ្លះរិះគន់ថាខ្វះមុខងារAIខ្លាំង។កម្មវិធី AI ថ្មីរបស់ Apple នឹងមិនមានជាភាសាចិនទេរហូតដល់ឆ្នាំក្រោយ ដែលបណ្តាលឱ្យអ្នកប្រើប្រាស់មួយចំនួនចោទសួរពីតម្លៃ និងសមត្ថភាពរបស់iPhone។
ខណៈពេលដែលក្រុមហ៊ុន Huawei ត្រូវបានរងផលប៉ះពាល់ដោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកHuaweiបានការត្រឡប់មកវិញយ៉ាងខ្លាំងកាលពីឆ្នាំមុនតាមរយៈការបើកដំណើរការទូរស័ព្ទកម្រិតខ្ពស់ដោយប្រើបន្ទះឈីបក្នុងស្រុករបស់ខ្លួន។
Mate XT ថ្មីនេះបង្ហាញថាHuaweiនៅតែជាក្រុមហ៊ុនយក្សនាំមុខគេខាងបច្ចេកវិទ្យាទោះបីជាតម្លៃខ្ពស់របស់វាអាចនឹងនាំធ្វើឱ្យការលក់មានកម្រិតក៏ដោយ។
ទីផ្សារទូរសព្ទដែលអាចបត់បានកំពុងកើនឡើង ហើយបច្ចុប្បន្ន Huaweiគឺជាអ្នកនាំមុខគេដែលមានចំណែកទីផ្សារ២៧,៥%។ទោះបីជាបែបនេះក៏ដោយ ទូរសព្ទដែលអាចបត់បាននៅតែតំណាងឱ្យផ្នែកដ៏តូចមួយនៃទីផ្សារស្មាតហ្វូនទាំងមូល៕
ប្រភព៖ NYPOST