ក្នុងសម័យបច្ចុប្បន្ននារីៗតែងតែចង់ឲ្យផ្ទៃមុខស្រស់ស្អាត ភ្លឺរលោង និងម៉ដ្តខៃដែលជាទីគយគន់សម្រាប់មនុស្សជុំវិញខ្លួន ជាពិសេសស្បែកមុខដែលមិនមានស្នាមជាំ។ ចំពោះការថែរក្សាស្បែកមុខមានតិចនិកមួយចំនួនដែលអាចជួយឲ្យមិត្តនារីៗនៅតែស្រស់ស្អាត ក្មេងជាងវ័យហើយទប់ស្កាត់មិនឲ្យស្បែកវិវឌ្ឍទៅជាជាំ បានយ៉ាងមានប្រសិទ្ធិភាព។
តើតិចនិកទាំងនោះមានអ្វីខ្លះ? ក្នុងអត្ថបទនេះ សារព័ត៌មានឌីជីថល SR នឹងបង្រៀនពីតិចនិកខ្លះៗសម្រាប់ថែរក្សាផ្ទៃមុនមិនអោយជាំនិងនៅតែស្រស់ស្អាត៖
១.ប្រើប្រាស់ស្ក្រាប់មុខ
នារីៗគួរតែប្រើប្រាស់ស្ក្រាប់មុខយ៉ាងតិច២ ដងក្នុងមួយសប្តាហ៍ ដើម្បីលាងសម្អាតកោសិកាចាស់ៗ នៅលើផ្ទៃមុខជាពិសេសជួយឲ្យស្បែកមុខទន់រលោង ស្រស់ថ្លា មិនស្រអាប់ហើយក្មេងជាងវ័យទៀតផង តែអ្នកទាំងអស់គ្នាគួរតែប្រុងប្រយ័ត្នចំពោះផលិតផលស្ក្រាប់ ដែលធ្វើឲ្យស្បែកមុខរបស់អ្នកស្រៀវ និងក្រហាយ។
២.ផ្តោតលើការលាបឡេការពារកំដៅថ្ងៃ
ការការពារកំដៅថ្ងៃគឺជាចំណុចសំខាន់បំផុតក្នុងការទប់ស្កាត់ស្បែកមុខជាំ ការលាបឡេ (Cream) ការពារកំដៅថ្ងៃគ្រប់ពេលវេលាមិនថាស្ថិតនៅក្នុងផ្ទះ ឬចេញទៅខាងក្រៅនោះឡើយ វាជាផ្នែកមួយដ៏សំខាន់ក្នងការការពារស្បែកពីកាំរស្មី UVA និង UVB ដែលអាចធ្វើឲ្យស្បែកជាំនិងអាយុចាស់លឿន។
៣.ផឹកទឹកអោយបានគ្រប់គ្រាន់
ការផឹកទឹកគ្រប់គ្រាន់គឺជាជំហានមួយដ៏សំខាន់ក្នុងការថែរក្សាស្បែកមុខឲ្យស្រស់ថ្លា។ទឹកអាចជួយលាងសម្អាតជាតិពុលពីក្នុងខ្លួន ហើយផ្តល់សំណើមឲ្យស្បែក។អ្នកគួរផឹកទឹកយ៉ាងតិច ៨ កែវក្នុងមួយថ្ងៃ ដើម្បីរក្សាស្បែកឲ្យស្រស់ថ្លានិងស្រស់ស្រាយ។
៤.គេងឱ្យបានគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់ចាប់ពី៧ ទៅ ៨ ម៉ោង ក្នុងមួយថ្ងៃ អាចជួយស្បែករបស់អ្នកឲ្យមានសុខភាពល្អហើយស្រស់ថ្លាឡើងវិញ វាមិនត្រឹមតែជួយសម្រស់ប៉ុណ្ណោះទេថែមទាំងថែរក្សាសុខភាពផ្លូវចិត្តឱ្យកាន់តែល្អថែមទៀតផង។
៥.ការប្រើប្រាស់ម៉ាសខ៍ (Mask) មុខធម្មជាតិ
ម៉ាសខ៍មុខធម្មជាតិ ជាជម្រើសដ៏ល្អសម្រាប់ស្បែករបស់អ្នក។អ្នកអាចប្រើប្រាស់ផលិតផលដូចជា ទឹកឃ្មុំ ទឹកម្នាស់ ទឹកក្រូចឆ្មារ ជាដើមដើម្បីផ្តល់សំណើម និងជួសជុលកោសិកាស្បែកមុខ។ ឧទាហរណ៍អ្នកអាចប្រើប្រាស់ម៉ាសខ៍ ដែលផ្សំពីទឹកឃ្មុំ និងទឹកក្រូចឆ្មារដោយលាបលើមុខហើយទុករយៈពេល ២០ នាទី បន្ទាប់មកលាងមុខចេញជាការស្រេច។
៦.ការបរិភោគអាហារដែលមានសារជាតិចិញ្ចឹមល្អ
ការបរិភោគអាហារដែលមានប្រយោជន៍សម្រាប់ស្បែកដូចជាផ្លែឈើ បន្លែ និងអាហារដែលមានវីតាមីន C,E, និង A នឹងជួយស្បែកមុខរបស់អ្នកឲ្យស្រស់ថ្លានិងមានសុខភាពល្អ។ អាហារដែលមានសារធាតុចិញ្ចឹមល្អគឺអ្នកគួរតែស្វែងរកផ្លែឈើដែលមានជាតិជូរ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
តិចនិច្ចទាំងអស់ខាងលើនេះមិត្តនារី អាចសាកល្បងអនុវត្ត ដើម្បីរក្សាស្បែកមុខឱ្យស្រស់ស្អាត និងមិនឲ្យមុខជាំបាន ជាពិសេសវាក៏ជួយដល់សុខភាពរបស់អ្នកឱ្យកាន់តែល្អប្រសើរផងដែរ៕