របាយការណ៍មួយរបស់ Global Energy Monitor បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថានៅក្នុងការកើនឡើងដែលមិនធ្លាប់មានពីមុនមកនៃគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញឥឡូវនេះប្រទេសចិនកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាញខ្យល់និងថាមពលព្រះអាទិត្យ ក្នុងបរិមាណជិតពីរដងច្រើនជាងប្រទេសដទៃទៀតនៃពិភពលោករួមបញ្ចូលគ្នា។
មហាយក្សអាស៊ីដែលបច្ចុប្បន្នជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ពិភពលោក កំពុងឈានដល់កម្រិតកំពូលនៃការបំភាយកាបូននៅឆ្នាំ២០៣០ និងសម្រេចបាននូវស្ថានភាពសូន្យកាបូននៅឆ្នាំ ២០៦០។
ការប្តេជ្ញាចិត្តនេះកើតឡើងបន្ទាប់ពីមានកត្តាប្រែប្រួលនិងគ្រោះធម្មជាតិធ្ងន់ធ្ងរខ្លាំង ដែលអ្នកវិទ្យាសាស្ត្រសន្មតថាជាការកើនឡើងនៃវិបត្តិអាកាសធាតុ។
តាមផែនការ ទីតាំងគម្រោងកំពុងសាងសង់មានកម្លាំង ៣៣៩ ជីហ្គាវ៉ាត់ (GW) នៃសមត្ថភាពកកើតឡើងវិញ ១៥៩ GW ពីខ្យល់ និង១៨០ GW ពីពន្លឺព្រះអាទិត្យ។ កិច្ចខិតខំប្រឹងប្រែងរបស់ចិន វ៉ាដាច់សហរដ្ឋអាមេរិកដែលឈរនៅលំដាប់ទីពីរជាមួយនឹងកម្លាំងថាមពលកកើតឡើងវិញត្រឹមតែ 40 GW ក្នុងការអភិវឌ្ឍន៍។
អង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននគូសបញ្ជាក់ពីគម្រោងថាមពលកកើតឡើងវិញរបស់ចិនថា៖ «ទំហំនេះគឺជិតពីរដងច្រើនជាងប្រទេសដទៃទៀតនៃពិភពលោករួមបញ្ចូលគ្នា»។
ខណៈដែលការពង្រីកថាមពលកកើតឡើងវិញរបស់រដ្ឋាភិបាលប៉េកាំងគឺគួរឱ្យសរសើរគម្រោងនេះមិនមែនគ្មានបញ្ហាប្រឈមនោះទេ។
បណ្តាញជាតិនៅតែពឹងផ្អែកលើរោងចក្រធ្យូងថ្មសម្រាប់តម្រូវការថាមពលហើយប្រឈមនឹងការលំបាកក្នុងការបញ្ជូនថាមពលពីតំបន់ដាច់ស្រយាលទៅភាគខាងកើតដែលមានប្រជាជនច្រើន។
ទោះជាយ៉ាងណាក៏ដោយរបាយការណ៍នេះកត់សម្គាល់ដោយសុទិដ្ឋិនិយមថា សមត្ថភាពខ្យល់ និងថាមពលព្រះអាទិត្យរបស់ប្រទេសចិនត្រៀមនឹងផលិតបានថាមពលលើសពីធ្យូងថ្មនៅឆ្នាំ២០២៤នេះ។
យោងតាមអង្គការស្រាវជ្រាវឯករាជ្យមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) បានរាយការណ៍ថា មិនមានការអនុញ្ញាតថ្មីសម្រាប់គម្រោងផលិតដែកដោយប្រើថាមពលធ្យូងថ្មនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ នោះទេ។នេះជាឧទាហរណ៍ដំបូងចាប់តាំងពីការប្រកាសកាលពីខែកញ្ញា ឆ្នាំ២០២០ របស់ប្រទេសចិនចំពោះគោលដៅកាត់បន្ថយកាបូន៕