ជីវិត និង សង្គម

គ្រូបង្រៀនចិត្តធម៌៖ «ខ្ញុំចាត់ទុកកូនសិស្ស ស្មើគ្រាប់ពេជ្រ ដែលត្រូវកែច្នៃឱ្យពួកគាត់មានពន្លឺ»

November 13, 2024
ថិញ រិទ្ធី
Heading
Option 1

បាត់ដំបង​:ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ស្វាយស លោក ឌុ​ក សុ​ឬ​ទ្ធីត្រូវបាន​អ្នកប្រើប្រាស់ បណ្តាញ​សង្គម​ដាក់ឈ្មោះ​ឱ្យ​ថា «​គ្រូបង្រៀន​ចិត្តធម៌​»ដោយសារតែ​សកម្មភាព​គ្រូបង្រៀន​រូបនេះ តែងតែ​បង្រៀននិង​អប់រំ​ណែនាំ​សិស្ស បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​ប្រៀបដូចជា​ឪពុកម្តាយនិង​មើលថែរក្សា​សិស្ស បី​ដូចជា​គ្រូពេទ្យ​។​

​លោកគ្រូ ឌុ​ក សុ​ឬ​ទ្ធីបាន​ប្រាប់​សារព័ត៌មាន​អេស​អ័​រ (SR) ឱ្យដឹងថាលោក​ពិតជា​សប្បាយ ចិត្តជា​ខ្លាំង ក្រោយពី​មហាជន​បានដាក់​ឈ្មោះ​លោក «​គ្រូបង្រៀន​ចិត្តធម៌​» ដែល​ឈ្មោះ​នេះកើតចេញពី​ការគោរព​ស្រឡាញ់ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ជំរុញ​ឱ្យ​លោក​បន្តសកម្មភាពជួយ​ទៅដល់​សិស្សានុសិស្ស​កាន់តែខ្លាំង​ឡើង និង​ធំ​ជាង​មុន​។

​ប្រើប្រាស់​បណ្តាញ​សង្គម​ដំបូង​នៅក្នុង​ឆ្នាំ​២០២០និង​ផ្ទុះ​ការគាំទ្រ​នៅ​ឆ្នាំ​២០២៣ គ្រូបង្រៀន​ចិត្តធម៌តែងតែ​បង្ហោះ​នូវ​សកម្មភាព​ជាច្រើន​ទាក់ទង​នឹង​ការបង្រៀន​ចំណេះដឹង​ទូទៅការអប់រំ​កូនសិស្ស​ពី សីលធម៌ បង្ហាត់បង្ហាញ​ពី​សិល្បៈ វប្បធម៌​ខ្មែរ ការ​មើលថែឬ​ព្យាបាល​សិស្ស នៅពេលដែល​សិស្ស ណា​ម្នា​ក់មាន​អា​ការៈមិន​ស្រួលខ្លួននិង​ជួយ​ជា​សម្ភារៈ ថវិកា​ដល់​សិស្សានុសិស្ស​ដែល​ក្រីក្រ ផងដែរ​។​

​បង្រៀន​ដោយ​ក្តី​ស្រឡាញ់និង​យកចិត្តទុកដាក់​លើ​កូនសិស្ស​បែបនេះ ត្រូវបាន​គ្រូ​បង​ង្រៀ​ន វ័យ​៣៦​ឆ្នាំរូបនេះ​បញ្ជាក់ថា​៖ «​ខ្ញុំ​ចាត់ទុក​កូនសិស្សស្មើ​គ្រាប់ពេជ្រ​មួយ​គ្រាប់ ដោយសារ ពួកគាត់​ជា​វ័យ​មួយដែល​ត្រូវ​កែច្នៃ​ឲ្យ​ពួកគាត់​មាន​ពន្លឺ តាមរយៈ​ការអប់រំ និង​ផ្តល់​ចំណេះដឹងដល់​ពួកគាត់ ដើម្បី​ឲ្យ ពួកគាត់​មានចំណេះដឹង​ក្នុង​ខ្លួនហើយ​គាត់​នឹងមាន​អាទិភាព​ក្នុង​ការរក​ការងារ​ធ្វើ នា ពេលអនាគត​»​។

​សព្វថ្ងៃ លោកគ្រូ ឌុ​ក សុ​ឬ​ទ្ធីកំពុង​បង្រៀន​សិស្ស​ថ្នាក់​ទី​៣ ដែលមាន​ចំនួន ៥៣ នាក់ ដោយ​បង្រៀនរយៈពេល​៤​ម៉ោង​ក្នុង​មួយថ្ងៃ នៅ​សាលាបឋមសិក្សា​ស្វាយស ស្ថិតនៅ​ភូមិ​ស្វាយសឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​គ្រូ​បឋម​រូបនេះ​បានឱ្យដឹងថា ការបង្រៀន​នេះ មានតែ​ភាពសប្បាយ​រីករាយហើយ​សិស្សានុសិស្ស គឺជា​ផ្នែក​មួយ​នៃ​ក្តី​សុខ​ក្នុង​ជីវិត​របស់លោក​។

​លោក​បញ្ជាក់​យ៉ាងដូច​ច្នេះ​ថា​៖ «​បង្រៀន​សិស្ស អត់​មានការ​នឿយហត់​ទេ មានតែ​ការសប្បាយ រីករាយសិស្ស​សួរនាំ ទះដៃ និង​ស្រែក​ហ៊ោ តែ​ពេល​ខ្ញុំ​មិន​បានមក​បង្រៀន ឈឺ ឬ​សម្រាក​នៅផ្ទះខ្ញុំ​មាន​អារម្មណ៍​ថា​ស្ត្រេ​ស ព្រោះ​អត់​បាន​ប្រឡែង អត់​បានឃើញ​មុខនិង​អត់​បាន​ចែក​លុយ​សិស្ស អ៊ីចឹង​ខ្ញុំ​អត់​សប្បាយចិត្ត អាច​និយាយបានថាពួកគាត់​ជា​ក្តី​សុខ​សម្រាប់​ខ្ញុំ ព្រោះ​ក្មេងៗ មាន​ភាពស្មោះត្រង់និង​គោរព​ស្រឡាញ់​ខ្ញុំ​ណាស់​»​។

​ក្តី​ស្រឡាញ់​របស់​សិស្ស​មា​នស​ម្រា​ប់លោកដែល​បាន​ដក់​ក្នុង​ការចងចាំ​មិនអាច​បំភ្លេចបាន​នោះ លោកគ្រូ សុ​ឬ​ទ្ធីបាន​រំ​ឮ​កថា​៖ «​កាល​ខ្ញុំ​បង្រៀន​នៅ​សាលាបឋមសិក្សា​សំរោងស្ថិតនៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង មាន​សិស្សស្រី​ម្នាក់​ឈ្មោះ​ទេ​រ៉​យពេលនោះ​ខ្ញុំ​រក​វាយ​នាង​ដោយសារ​នាង មក​រៀន មិនទាន់ ពេលវេលា និង​ឈប់​ច្រើនតែ​នាង​ក៏បាន​ឆ្លើយថា លោកគ្រូ​កុំ​វ៉ៃ​ខ្ញុំ​អី ខ្ញុំ​ឈឺ ខ្ញុំ​អត់​បានមក​រៀននិង​មក​រៀន​យឺត​នេះ ដោយសារ​ម្តាយ​ខ្ញុំ​ឈឺ ខ្ញុំ​ចងចាំ​អត់​ភ្លេចហើយ​ខ្ញុំ​ក៏​ជួយ​នាង បង្រៀន​នាង រហូត ក្មេងស្រី​នោះ​ទៅ​នៅ​ស្រុកកំណើត​វិញ តែ​នាង​រង់ចាំ​ខ្ញុំនាង​ថា​ទាល់តែ​ជួប​លោកគ្រូ ដើម្បី​សំពះលា លោកគ្រូ​ទៅ​ស្រុក​វិញរឿងនេះ​១០​ឆ្នាំ​ហើយ ខ្ញុំ​នៅតែ​នឹកឃើញ​»​។  

​ទាក់ទង​នឹង​ក្តី​ស្រឡាញ់និង​ការជួយ​គ្នា​ទៅវិញទៅមក លោក ឌុ​ក សុ​ឬ​ទ្ធី យល់ឃើញថាវា​ពិត​មាន​ប្រយោជន៍​ណាស់​ដល់​សង្គម ព្រោះ​ក្តី​ស្រឡាញ់ និង​ជួយ​គ្នាបង្ហាញ​ពី​សាមគ្គីភាព នៃ​គ្រួសារ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរនិង​ស្នើ​កុំ​ឲ្យ​មានការ​បែងចែក​វណ្ណៈ ឬ​ការរើសអើង​គ្នា​ជាដើម​៕  

អត្ថបទពេញនិយម

គេងលើកោះដ៏ស្រស់ស្អាត រំលេចធម្មជាតិជុំជិត នៅពាមសេ្នហ៍រីស៊ត

ជាង១៧ឆ្នាំ អង្គការទន្លេគ្លីនិកផ្ដល់ការព្យាបាលឥតគិតថ្លៃ ៣៦ម៉ឺនករណី ដល់សហគមន៍ក្រីក្រនៅបឹងទន្លេសាប

ប្រវត្តិព្រះរាជពិធីបុណ្យអុំទូក

ពិព័រណ៍ឧត្តមសិក្សា វិលមកសារជាថ្មី លើកទឹកចិត្តឱ្យសិស្សចាប់យកក្ដីស្រមៃ ក្នុងវិស័យ ឧស្សាហកម្ម ៤.០

វិធីធ្វើម៉ាសបិទមុខ ផ្សំពីត្រសក់តាមបែបធម្មជាតិ