កញ្ញា Alexis Lee ដែលត្រូវបានគេស្គាល់នៅក្នុងសង្វៀនថា Lion City Hit Girl គឺជានារីពោរពេញដោយថាមពលដែលមិនអាចរំលងភ្នែកបាន។
ចាប់តាំងពីការបង្ហាញខ្លួនជាអាជីពដំបូងរបស់នាងក្នុងឆ្នាំ ២០១៣ ដែលកាលណោះនាងមានអាយុត្រឹមតែ១៨ ឆ្នាំ សព្វថ្ងៃ កញ្ញា Lee បានក្លាយជាអ្នកចំបាប់ស្ត្រីដំបូងគេនិងតែមួយគត់របស់ប្រទេសសិង្ហបុរី នៅលើវិថីកីឡាដែលស្ទើរតែគ្រប់គ្រងដោយបុរសទាំងស្រុង។
ក្នុងកម្ពស់ ១,៦៤ម៉ែត្រ និងទម្ងន់ ៥០គីឡូក្រាម កញ្ញាដែលមានរាងស្រឡូន មិនសមណាប្រែក្លាយទៅជាគូប្រជែងដ៏កាចសាហាវនៅពេលដែលនាងលាបពណ៌មុខដូចគ្រោងឆ្អឹងខ្មោច។
អត្តពលិក និងភាពអត់ធ្មត់របស់កញ្ញា Lee បាននាំឱ្យនាងឈ្នះជើងឯកជាច្រើនរួមទាំងខ្សែក្រវាត់Singapore Pro Wrestling (SPW) Queen of Asia ដ៏ល្បីល្បាញផងដែរ។
កញ្ញា Lee បាននិយាយដោយស្នាមញញឹមអំពីរហស្សនាមលើសង្វៀនរបស់នាងថាLion City Hit Girl គឺជាឈ្មោះដ៏ឡូយ មានភាពទាក់ទាញនិងស្ដាប់ទៅបែបអ្នកសិង្ហបុរីតែម្ដង។
ទោះបីជាការប្រឡូកក្នុងសង្វៀនចំបាប់ធ្លាប់បានបង្កការព្រួយបារម្ភដល់ក្រុមគ្រួសាររបស់នាងក៏ដោយក៏ចំណង់ចំណូលចិត្តរបស់កញ្ញា Lee សម្រាប់កីឡាចំបាប់បានយកឈ្នះចិត្តអ្នកផ្ទះ។
ជាក់ស្ដែងឪពុកម្តាយនាងមិនហ៊ានមើលរូបនាងលើសង្វៀនឡើយ ដោយសារធម្មជាតិនៃកីឡាចំបាប់មានលក្ខណៈហិង្សា។ទោះពួកគាត់មិនហ៊ានទៅមើលផ្ទាល់ក៏ដោយ ក៏ពួកគាត់នៅតែមានការគាំទ្រកូនឱ្យបន្តក្ដីស្រមៃលើវិថីកីឡាមួយនេះ។ជាសំណាងល្អដែរ កញ្ញា Lee ពុំដែលប្រឈមនឹងរបួសធ្ងន់ធ្ងរឡើយក្នុងមួយអាជីពលើសង្វៀនរបស់នាង។
កញ្ញា Lee គឺជាអ្នកចំបាប់អាជីព តែនាងឆ្លៀតធ្វើការងារផ្សេងដើម្បីរកចំណូលបន្ថែមដូចជាការងារទំនាក់ទំនងភ្ញៀវក្នុងភោជនីយដ្ឋាន និងការងារក្រៅម៉ោងជាអ្នកគ្រូបង្វឹកកាយសម្បទា។
អាជីពជាកីឡាការិនីចំបាប់ទទួលបានចំនូលត្រឹមតែប្រមាណ៣ពាន់ដុល្លារក្នុងមួយឆ្នាំ បន្ថែមដោយចំណូលពីការការលក់ទំនិញដែលរូបនាងរចនាជាមួយម្តាយរបស់នាងផ្ទាល់។
នារីចំបាប់ដ៏ស្រស់ស្អាត កញ្ញា Lee ទទួលស្គាល់ថា៖ «កីឡាចំបាប់អាជីព ជាពិសេសសម្រាប់ស្ត្រី តែម្ដង គឺកម្រមានណាស់នៅប្រទេសសិង្ហបុរី»។
នាងគឺជាកីឡាការិនីចំបាប់ស្ត្រីតែម្នាក់ឯងដែលគ្រប់គ្រងដោយក្លិបចំបាប់SPW បើប្រៀបធៀបទៅនឹងអ្នកចំបាប់បុរស ២៣នាក់។ក្រុមហ៊ុនរៀបចំការប្រកួតរបស់នាងជាមួយដៃគូប្រកួតប្រជែងភាគច្រើនមកពីប្រទេសជប៉ុនជាទីដែលកីឡានេះមានប្រជាប្រិយភាពយ៉ាងខ្លាំង។ ក្នុងមួយឆ្នាំ Lee ថែមទាំងប្រកួតជាអន្តរជាតិចំនួនពីរបីដងដែរ នៅក្នុងប្រទេសដូចជាអាមេរិកនិងអូស្ត្រាលី។
ដំណើរចាប់យកអាជីពចំបាប់របស់កញ្ញា Leeបានចាប់ផ្តើមក្រោយពីនាងត្រូវបានគេធ្វើបាបកាលពីកុមារភាព។ការមើលកីឡាចំបាប់បានក្លាយមធ្យោបាយលួងលោមផ្លូវចិត្តរបស់នាង ហើយនាងតែងសុបិនចង់យកឈ្នះអ្នកដែលធ្វើបាបនាង។
នាងបានចែករំលែកបទពិសោធន៍ពីកុមារភាពថា៖ «ខ្ញុំស្រមើស្រមៃចង់បានតំណែងកំពូល។គោលដៅរបស់ខ្ញុំគឺឈានទៅដល់ WWE ដែលជាក្តីសុបិនទើបតែសម្រេចបានដោយអ្នកចំបាប់សិង្ហបុរី Sean Tan»។
នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍នៅ កីឡាចំបាប់ស្ត្រីតែមានលក្ខណៈពិសេសនិងកម្រ ទោះបីជាកីឡានេះមានការទាក់ទាញនៅប្រទេសវៀតណាមក៏ដោយ។ នៅប្រទេសជប៉ុនដែលជាមហាអំណាចខាងចំបាប់ក្នុងតំបន់កញ្ញា Lee ពិតជាប្រាថ្នាចង់ទៅប្រកួតនៅទីនោះនាថ្ងៃណាមួយ។
ជាមួយការតាំងចិត្តពុះពារជម្នះឧបសគ្គ កញ្ញា Lee បានបញ្ជាក់ពីគោលដៅមិនប្រែប្រួលថា៖ «ខ្ញុំនឹងតស៊ូរហូត ដរាបណារាងកាយខ្ញុំនៅតែអាចឱ្យខ្ញុំបន្តទៅមុខបាន»៕
ប្រភព៖ ANN/The Straits Times