ពិព័រណ៍ឧត្តមសិក្សាលើកទី៤ នឹងវិលត្រឡប់មកសារថ្មីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧-៨ ខែកញ្ញា នៅអគារ Connexion ឯទីក្រុងកោះពេជ្រ។ពិព័រណ៍ឧត្តមសិក្សាធ្វើឡើងក្នុងគោលបំណង ផ្តល់ឱកាសនិងបើកទ្វារទៅកាន់ពិភពលោក ជាមួយវត្តមានសាកលវិទ្យាល័យ គ្រឹះស្ថានអប់រំស្ថាប័នប្រឹក្សាអប់រំក្នុង និងក្រៅប្រទេសដ៏សន្ធឹកសន្ទាប់នូវព័ត៌មានការសិក្សាដ៏សម្បូរបែប ដែលត្រូវនឹងតម្រូវការការងារ ក្នុងប្រទេសកម្ពុជានាសម័យឌីជីល ឬឧស្សាហកម្ម ៤.0 នេះ។
កម្មវិធីនេះផ្តោតនិងលើកកម្ពស់ដល់សិស្សានុសិស្សឱ្យហ៊ាន «ដេញតាមក្តីស្រមៃ» របស់ពួកគេ។ពិព័រណ៍ឧត្តមសិក្សា មានគោលបំណងបំផុសទំនុកចិត្ត និងមហិច្ឆតាទាំងនេះនៅក្នុងចំណោមសិស្សានុសិស្ស ដែលកំពុងសិក្សាថ្នាក់វិទ្យាល័យ ពីថ្នាក់ទី ៩ដល់ទី ១២។
បន្ថែមពីនេះទៀតពិព័រណ៍ឧត្តមសិក្សាក៏មានការចែករំលែកចំណេះដឹងនានានិងសំខាន់ៗតាមរយៈវាគ្មិនពោរពេញទៅដោយបទពិសោធន៍ទៅកាន់សិស្សានុសិស្សក្នុងរយៈពេល ២ថ្ងៃនៃកម្មវិធីផងដែរ។ ប្រធានបទ ដែលកម្មវិធីនឹងរៀបចំឡើងមានត្រួសៗដូចជាសុខភាពផ្លូវចិត្តរបស់យុវជន ផ្នត់គំនិតសហគ្រិននិងផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិត (AI)លើអាជីពនាពេលអនាគត។
អ្នករៀបចំកម្មវិធី កញ្ញា ហៀម ចិត្រា បានរំពឹងទុកថាកម្មវិធីនេះនឹងមានអ្នកចូលរួមជាង ៥០០០ នាក់ និងលើកទឹកចិត្តបុគ្គលវ័យក្មេងឱ្យស្វែងរកជម្រើសនៃការអប់រំកម្រិតខ្ពស់ទទួលបានការយល់ដឹងកំណត់គោលដៅផ្ទាល់ខ្លួននិងវិជ្ជាជីវៈរបស់ពួកគេឲ្យទាន់សម័យកាល។
កម្មវិធីនេះនឹងមានកិច្ចពិភាក្សាជាបន្តបន្ទាប់ដែលមានវាគ្មិនលេចធ្លោ ហើយសុទ្ធសឹងតែជាអ្នកដឹកនាំក្នុងវិស័យខុសៗគ្នា។
កិច្ចពិភាក្សាដំបូងក្នុងថ្ងៃទី ៧ ខែកញ្ញាមានចំណងជើងថា៖ «ឧស្សាហកម្ម ៤.0 និងអនាគតនៃអាជីពការងារ៖ ជំនាញនិងឱកាសសម្រាប់អ្នកជំនាញវ័យក្មេង» ដែលមានវាគ្មិនចូលរួមមានលោក យឹម សំណាង ស្ថាបនិក Klture.media និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនOvertime.network។ អ្នកនាង ឡាយ ស៊ីវហ៊ួងជានាយិកាគ្រប់គ្រង Dichi Academy ។ និងលោក ហម ហ៊ីសហស្ថាបនិក និងជានាយកប្រតិបត្តិនៃ Future.Bit Academy ។
លើសពីនេះពិព័រណ៍ឧត្តមសិក្សានេះនឹងបង្ហាញពីការពិភាក្សាដ៏សំខាន់មួយទៀតស្តីពី «សុខភាពផ្លូវចិត្តរបស់យុវជន៖យុទ្ធសាស្ត្រដើម្បីសុខុមាលភាព និងឧត្តមភាព» ដែលដឹកនាំដោយលោកJoey Ra ស្ថាបនិកនិងជាប្រធានមហាវិទ្យាល័យនៃវិទ្យាស្ថានគ្រូបង្វឹកកម្ពុជា។
ពិព័រណ៍ឧត្តមសិក្សា ៤.០មិនមែនគ្រាន់តែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះទេវាជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការស្វែងយល់ពីសក្តានុពលរបស់ពួកគេនិងភ្ជាប់ទំនាក់ទំនងជាមួយអ្នកអប់រំដែលអាចជួយពួកគេឱ្យសម្រេចបាននូវក្តីសុបិន្តរបស់ពួកគេ។
កញ្ញា ហៀម ចិត្រា ក៏លើកទឹកចិត្តដល់ឪពុកម្តាយបន្តជម្រុញ និងលើកទឹកចិត្តកូនៗរបស់ខ្លួនក្នុងការស្វែងយល់ពីជំនាញដែលត្រូវនឹងសេចក្តីស្រឡាញ់ស្របនឹងបរិបទសង្គមការងារ និងចាប់យកឱកាសនេះចូលរួមពិព័រណ៍ឧត្តមសិក្សាលើកទី ៤ ឲ្យបានច្រើនកុះករ នៅអគារ Connexion កោះពេជ្រថ្ងៃទី ៧ និងទី ៨ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៩យប់។
សម្រាប់ព័ត៌មានបន្ថែមអំពីពិព័រណ៍នេះ សូមទាក់ទងលោកហៀម ចិត្រា ប្រធានរៀបចំកម្មវិធីតាមរយៈអ៊ីមែល higheredufair@gmail.com ឬតាមរយៈលេខទូរស័ព្ទ015 93 53 83៕