សេដ្ឋកិច្ច

កំពង់ចាមៈ ស្របពេលសំណង់ផ្ទះល្វែងបុរី និងផ្ទះថ្មជាច្រើនកំពុងសាងសង់យ៉ាងព្រោងព្រាតជាងផ្ទះនៅឯខេត្តកំពង់ចាមឯណោះវិញបែរជាងាកមកសាងសង់ផ្ទះឈើចល័តយ៉ាងញាប់ដៃញាប់ជើងដើម្បីធ្វើយ៉ាងណាឱ្យទាន់តម្រូវការរបស់អតិថិជន។

មានអាជីពជាជាងធ្វើតុទ្វារ បង្អួចសម្រាប់ផ្គត់ផ្គងតាមសាលារៀនលោក គិនគាន់ បានចាប់ផ្តើមធ្វើផ្ទះឈើចល័តដំបូងនៅអំឡុងឆ្នាំ២០២០ដោយពេលនោះលោកធ្វើជាផ្ទះឈើគម្រូ ១តែប៉ុណ្ណោះ និងយករូបភាពផ្ទះឈើនេះបង្ហោះលើបណ្តាញសង្គម។

លោកប្រាប់សារព័ត៌មានSRNEWS យ៉ាងដូច្នេះថា៖ «ពេលកូវីដគេផ្អាកគម្រោង​នៅតាមសាលារៀនក្រុមជាងខ្ញុំមានគ្នាជាង១០នាក់ អ៊ីចឹងយើងទំនេរអត់មានការងារអីធ្វើទេ ហើយពេលនោះក៏អត់មានអ្នកធ្វើផ្ទះឈើលក់ដែរ ខ្ញុំក៏នឹកច្នៃផ្ទះគម្រូលេងហើយបង្ហោះតាមហ្វេសប៊ុក ស្រាប់តែមានភ្ញៀវមើលឃើញ គាត់មានរីស៊ត(Resort) គាត់ត្រូវចិត្តក៏ទិញយកទៅ»។

ស្នាដៃធ្វើផ្ទះឈើដំបូងរបស់ជាងផ្ទះវ័យ៤២ឆ្នាំរូបលក់ខាតដើម ដោយសារលោកចំណាយប្រាក់ច្រើនទៅលើសម្ភារៈ និងពេលវេលាត្បិតនេះជាបទពិសោធន៍ថ្មីតែវាក៏ជាផ្នែកមួយក្នុងការជម្រុញទឹកចិត្ត ឱ្យលោកធ្វើផ្ទះឈើចល័តនេះជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។

បច្ចុប្បន្ននេះផ្ទះចល័តស្រុកស្រីសន្ធររបស់លោក គិនគាន់ ទទួលបានការចាប់អារម្មណ៍និងការគាំទ្រ យ៉ាងច្រើនពីសំណាក់បងប្អូនដែលនិយមស្រឡាញ់ផ្ទះឈើទូទាំងប្រទេសដោយលោកទទួលបាន ការកុម៉្មង់ម៉ូតផ្ទះឈើជាច្រើនផ្សេងៗគ្នាពីសំណាក់អតិថិជន។

ជាងផ្ទះវ័យ៤២ឆ្នាំខាងលើនេះនិយាយថា៖ «សព្វថ្ងៃខ្ញុំធ្វើផ្ទះហើយបង្ហោះលើហ្វេសប៊ុក ហើយមានបងប្អូនជាវយកទៅជាហូរហែ ហើយក៏មានការកុម៉្មង់ឱ្យធ្វើឥតដាច់ផ្ទះឈើទាំងអស់នោះ បងប្អូនខ្លះគាត់ទិញយក ទៅនៅខ្លះយកទៅដាក់នៅរីស៊ត ធ្វើផ្ទះលម្ហែតាមចិត្តគាត់ស្រឡាញ់អ៊ីចឹងទៅ»។  ផ្ទះឈើចល័តស្រុកស្រីសន្ធរមានសាងសាង់ផ្ទះឈើជាច្រើនប្រភេទ និងតាមការកុម៉្មង់របស់ភ្ញៀវ ដូចជាផ្ទះខ្មែរបុរាណ ផ្ទះរោងដោលផ្ទះរោងឌឿង ផ្ទះប៉ិត ផ្ទះកន្តាំង បឹងកាឡូ និងផ្ទះឈើផ្សេងៗ ហើយផ្ទះឈើទាំងអស់នេះមានទំហំ៣ខ្នាតរួមមានខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។

សម្រាប់តម្លៃនៃផ្ទះនីមួយៗលោក គិន គាន់ បញ្ជាក់យ៉ាងលម្អិតថា៖ « ផ្ទះតូចមានទំហំ ៣ម៉ែត្រ គុណ៦ម៉ែត្រមានពីរប្រភេទគឺផ្ទះទាបតម្លៃ៤៨០០ដុល្លារ ហើយផ្ទះខ្ពស់ ៥៥០០ដុល្លារ ផ្ទះមធ្យមមានទំហំ៣,៥ម៉ែត្រគុណ ៧ម៉ែត្រ និងមានពីរប្រភេទផ្ទះទាប តម្លៃ៧០០០ដុល្លារ និងផ្ទះខ្ពស់ ៧៧០០ដុល្លារចំណែកផ្ទះធំ មានទំហំ ៤ម៉ែត្រ គុណ៩ម៉ែត្រ និងមានពីរប្រភេទដូចគ្នា ផ្ទះទាប តម្លៃ១០១០០ដុល្លារ ឯផ្ទះខ្ពស់ ១០៨០០ដុល្លារ»។  

មេជាងរូបនេះបន្តថា « ឈើដែលយើងយកមកធ្វើផ្ទះសុទ្ធតែឈើលេខមួយមាន ស្រឡៅ សុក្រំ ផ្ចឹក ធានាគុណភាព យើងយកសុក្រំ ផ្ចឹក ធ្វើជាសសរនិងធ្វើជាក្តារក្រាល ហើយស្រឡៅ ធ្វើគ្រឿងផ្ទះ រនូត រនងជាដើម តែដំបូលវិញមានតាមម្ចាស់គេកុម៉្មង់មានដូចជាជ័រ ស៊ីប្រូថៃ ក្បឿងស្រកាលីញ ហើយតម្លៃវាទៅតាមណុងដែរ»។

ផ្ទះឈើចល័តនេះត្រូវការរយៈពេលសាងសង់ចន្លោះពីកន្លះខែ ទៅ១ខែ ដោយរួមបញ្ជូលទាំង ការតបណ្តាញភ្លើង និងការដេគ័រផ្សេងៗប៉ុន្តែពុំមានបន្ទប់ទឹកនោះទេ ប្រសិនបើអតិថិជន ចង់បានបន្ទប់ទឹក ត្រូវបូកតម្លៃបន្ថែម។ផ្ទះឈើដែលសាងសង់រួច នឹងត្រូវដឹកយកទៅតំឡើង ដល់ទីតាំងអតិថិជន ហើយក្រុមការងារលោកក៏មានទទួលធ្វើបន្ទប់ខាងក្រោមផងដែរ។

​ម្ចាស់អាជីវកម្មខាងលើនេះបញ្ជាក់ថា៖«ខ្ញុំពិតជាសប្បាយចិត្ត នៅពេលភ្ញៀវសរសើរពីស្នាដៃធ្វើ ផ្ទះឈើនេះ និយាយទៅផ្ទះយើងមានគុណភាពនិងធានា តែបើភ្ញៀវគាត់ពុំសូវចូលចិត្តកន្លែងណា យើងយកចំណុចនោះមកកែលម្ហឱ្យកាន់ល្អសំខាន់ខ្ញុំមានជំហរមួយ គឺត្រូវតែដាប់ដេត ( Update) ផ្ទះឈើនេះរហូត»។

ផ្ទះចល័តស្រុកស្រីសន្ធរមានទីតាំងភូមិ សំរោង ឃុំមានជ័យ ស្រុកស្រីសន្ធរខេត្តកំពង់ចាម៕ 

ផ្ទះឈើចល័តស្រុកស្រីសន្ធរ ផ្ទុះការចាប់អារម្មណ៍ និងកុម៉្មង់ជាប់គ្នាឥតស្បើយ

កំពង់ចាមៈ ស្របពេលសំណង់ផ្ទះល្វែងបុរី និងផ្ទះថ្មជាច្រើនកំពុងសាងសង់យ៉ាងព្រោងព្រាតជាងផ្ទះនៅឯខេត្តកំពង់ចាមឯណោះវិញបែរជាងាកមកសាងសង់ផ្ទះឈើចល័តយ៉ាងញាប់ដៃញាប់ជើងដើម្បីធ្វើយ៉ាងណាឱ្យទាន់តម្រូវការរបស់អតិថិជន។

សួស យ៉ាមី
Heading

សៀមរាបៈ ​ធ្លាប់​ឆ្ងល់​ទេ​ថា​​ហេតុ​អី​បានជា​យើង​បណ្ដុះ​កូនឈើ​ដូច​គេ​ដែរ​តែ​មិនល្អ​ដូច​គេ​?មូលហេតុ​បណ្ដាលមកពី​ដី​បណ្ដុះ​របស់គេ​មាន​សារធាតុចិញ្ចឹម​ច្រើន​ដូចជាកម្ទេច​ស្រកីដូងអង្កាម ​និង​អាចម៍  គោ ​ហើយ​ប្រភេទ​ដី​នេះ​មានទម្ងន់​​​ស្រាល​និង​ជប់​ទឹកបាន​ល្អ​។

​សមាសធាតុ​សំខាន់ៗក្នុងដី​​​ជួយ​​​ឲ្យ​រុក្ខជាតិ​លូតលាស់​បានល្អតែ​មិនមែន​សុទ្ធតែ​គ្រប់​កសិករ និង​អ្នកចម្ការ​​បាន​ប្រើប្រាស់​ដីបណ្ដុះ​បែបនេះទេ ដោយសារ​​កត្តា​កង្វះបទពិសោធ​បច្ចេកទេសនិង​លទ្ធភាព​​ទិញ​​​ដីបណ្ដុះ។

ឆ្លើយតប​នឹង​បញ្ហា​នេះ កសិករ ឡុង គាន ​មាន​គំនិត​ចង់​កាត់បន្ថយ​ការចំណាយ​លើដី​បណ្ដុះក្នុងការ​ដាំបន្លែ​ ហើយ​មាន​បំណង​​​ចង់រៀន​​​ធ្វើ​វា​ដោយ​​ខ្លួន​​ឯង។ ​លោក​​បាន​ចាប់ផ្ដើម​​​យក​ដី​បណ្ដុះ​របស់គេ​មក​ពិនិត្យមើលដើម្បីស្វែងយល់​ពី​ធាតុផ្សំ​​។

​លោក ឡុង គាន បានបញ្ជាក់​ប្រាប់​សារព័ត៌មាន SRNews ​​ថា​៖ «​ពេលនោះ​ខ្ញុំ​បាន​យកគំនិត​នេះ​ទៅ​ពិភាក្សា​ជាមួយនឹង​អង្ក​ការ​មួយ ពេលនោះ​អង្ក​ការ​ក៏បាន​និយាយថាបើ​លោកពូ​ចង់​សាកល្បង​ ខ្ញុំ​នឹង​ឲ្យ​ម៉ាស៊ីន​តូច​មួយ​ទៅ​ប្រើប្រាស់​ដើម្បី​ផលិត​ជា​ដី​បណ្ដុះ​នេះ​»​។​

​សិប្ប​កម្មធ្វើដីបណ្ដុះ​របស់លោក​បាន​​ចាប់ដំណើរការ​នៅ​ឆ្នាំ​២០១៩ក្នុង​ទ្រង់ទ្រាយ​តូចជា​ការ​សាកល្បង។ ដីបណ្ដុះ​​ដែល​លោក​ផលិតរួច​​ត្រូវបាន​​​អង្គការយកទៅ​​ចែកជូន​ប្រជាកសិករ​ដទៃផ្សេងទៀត​​​ប្រើ​ប្រាស់សាកល្បង។

ដោយទទួល​បាន​លទ្ធផល​ល្អ ​​​ដី​បណ្ដុះ​របស់លោកឡុង គាន ក៏​ទទួល​បាន​​គាំទ្រច្រើន​​ពី​ប្រជាកសិករ។ ​ឆ្លើយតប​នឹង​ការ​កុម្ម៉ង់​ដី​ដាំ​បណ្ដុះ​កាន់តែ​ច្រើនឡើងៗកសិករ ឡុង គាន ​បាន​ឈា​ន​ដល់​​ការ​ពង្រីក​ផលិតកម្ម​​ដោយ​​ផ្លាស់ប្ដូរ​​ប្រើម៉ាស៊ីន​ធំ​វិញ​។​

ចំពោះវត្ថុធាតុដើម ដំបូង​ឡើយ​លោក​​ប្រមូល​ផ្លែ​ដូងខ្ចី​យកមក​ហាល​ឲ្យ​ស្ងួត​សិន​​ទើប​វាយម្ទេច។ដោយសារ​តែ​​​ត្រូវ​ការ​​ចំណាយ​ពេល​​យូរ ទើប​លោក ឡុង គាន ​​​ប្ដូរ​មក​ប្រើ​តែ​​ស្រកី​ដូងទុំវិញ។

លោក​ដើរ​ប្រមូល​​ស្រកីដូង និង​អាចម៍គោ នៅ​ក្នុង​បរិវេណ​​ប្រាសាទអង្គរវត្ត​និង​នៅតាម​ផ្សារ​ក្នុង​ភូមិ​ស្រុក​នានា​​ឯ​​​ខេត្តសៀមរាប​ផ្ទាល់​តែម្ដង​។​ ​ក្រៅពីរ​ដើរ​ប្រមូល​ខ្លួនឯងលោក​ក៏មាន​ឈ្មួញ​យក​វត្ថុធាតុ​ដើម​​ទាំងនេះ​មក​លក់​ឲ្យ​​​ផ្ទាល់​ផងដែរ ដើម្បីបំពេញ​តំរូវការក្នុងដំណើរការ​ផលិត។​

​លោក ឡុង គាន បាន​រៀបរាប់ថា​៖ «​ដំណើរការ​នៃ​ការធ្វើ​ដី​បណ្ដុះ​នេះ​ទីមួយត្រូវ​ជ្រើសរើស យក ស្រកីដូង អង្កាម និង​លាមក​គោ។ ​ទី​ពីរ​យើង​យក​ស្រកីដូង​ទៅ​វាយកម្ទេច​​សិនទើប​យក​វត្ថុ​ធាតុ ដើម ទាំងនេះ យកទៅ​ត្រាំ​ធ្វើជា​ជីកំប៉ុសដោយ​ផ្អាប់​វា​ទុក​រយៈពេល​បី​សប្ដាហ៍​រួច​ទើប​យើង​យក​វា​មក ចំហុយ ដើម្បី​សម្លាប់​មេរោគ​សិន​»​។

​ដំបូង​ឡើយ​សិប្បកម្ម​មួយ​នេះធ្វើជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​។ ក្រោយមក​ដោយសារ​​មានការ​គាំទ្រ​ខ្លាំង ​និង​ការ​កុម្ម៉ង់​កាន់​ច្រើនឡើងៗ​លោក​ក៏​​បន្ថែមកម្លាំង​ពលកម្ម​ប្រាំ​នាក់​ទៀត​​មកជួយ​ផលិត។​​

ក្នុង​មួយខែៗ​លោកពូ​អាច​លក់បាន ចន្លោះ​ពី ២-៣តោន​ និង​ច្រើនជាង​នេះ​ទៅតាម​រដូវ​កាល​នៃ​ការដាំដុះ របស់​ប្រជាកសិករ​។

​ចំពោះ​តម្លៃ កសិករ​​​វ័យ​៤៩​ឆ្នាំ​រូបនេះ​បាន​ឱ្យដឹង​ថា​«ដី​បណ្ដុះ​របស់ខ្ញុំ​មាន​ទម្ងន់​១២​គីឡូក្រាម​ក្នុង​មួយ​បាវ​លក់ក្នុងតម្លៃ​១២០០០​រៀល ហើយ​មាន​លក់​នៅក្នុង​ខេត្តសៀមរាប និង​សេវា​ផ្ញើ​ទៅតាម​បណ្ដា​ខេត្តផងដែរ​»​។​

ទោះជា​​ការ​ផលិត​ដីបណ្ដុះ​ទទួលបានការគាំទ្រ​ច្រើន​​លោក​  ឡុង គាន ​ក៏​​ជួប​ផល​ពិបាកផង​​​ដែរជាពិសេស​កត្តាអាកាសធាតុ​។ នៅ​រដូវ​ភ្លៀង​ធ្លាក់​ ​​កម្ដៅ​​ថ្ងៃ​មិន​គ្រប់គ្រាន់​ក្នុងការ​ហាល​ស្រកីដូង​និង​អាចម៍គោ។ មួយវិញទៀត​លោក​ត្រូវការ​​​ទំហំ​ដីធំ ​ដើម្បី​ហាល ក៏ដូចជា​​ស្តុក​ទុក​ស្រកីដូង​និង​អាចម៍គោ​​ទាំងនោះ​។​​

សព្វថ្ងៃនេះ​លោក ឡុង គាន ​​មាន​លក់​ស្រកីដូង​ដែល​កិន​រួច​សម្រាប់​យកទៅ​ផ្សាំ​មែកឈើ​ហើយ​លោក​ក៏​មានគម្រោង​​ចង់​ផលិត​​ដី​ដ៏មានជីជាតិតាម​បច្ចេកទេសសម្រាប់​​​ដាំ​ដំណាំ​​​ផងដែរ​នៅ​ថ្ងៃ​អនាគត។

​​​ព័ត៌មាន​បន្ថែមសូម​ទំនាក់ទំនង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក ឡុង គាន ​ឬ​លេខ​ទូរ​សព្ទ​៖ ០៧៨ ៩០១ ២២៧ និង ០៧៧៤២៥ ៦៩៦៕​

អ្នកសៀមរាបផលិតដីបណ្ដុះដំណាំមានជីវជាតិល្អ ផ្ទុះការគាំទ្រពីកសិករ

ធ្លាប់ឆ្ងល់ទេថា ហេតុអីបានជាយើងបណ្ដុះកូនឈើដូចគេដែរតែមិនល្អដូចគេ? មូលហេតុបណ្ដាលមកពីដីបណ្ដុះរបស់គេមានសារធាតុចិញ្ចឹមច្រើនដូចជាកម្ទេចស្រកីដូង អង្កាម និងអាចម៍ គោ ហើយប្រភេទដីនេះមានទម្ងន់ស្រាល និងជប់ទឹកបានល្អ។
ថិញ រិទ្ធី
Heading

កំពង់ឆ្នាំង​: រទេះគោ​អាច​ជា​យាន្ត​ជំនិះមួយ​ហួសសម័យសម្រាប់​​​ប្រជាកសិករ​ដែល​ងាកមក​ប្រើ​​​​គ្រឿង​ចក្រ ប៉ុន្តែ​សម្រាប់​លោក វន សុវី រទេះគោ​បាក់បែក​គេបោះបង់​ទាំងនោះ​​អាច​នាំ​ចំណូល​រាប់ម៉ឺន​​ដុល្លារ តាមរយៈការ​កែច្នៃ​ផ្ដល់​សោភ័ណភាព​​​ បំពាក់មុខងារ​ថ្មីឡើងវិញ​ដល់​យានជំនិះខ្មែរ​ពី​បរម​​បុរាណ​មួយនេះ។​

​​​ការវិវឌ្ឍន៍​ទៅ​​ប្រើប្រាស់​គោយន្ត ​និង​រថយន្ត​ព្រោះវាមានភាព​រហ័ស​ងាយស្រួល ហើយ​អាច​ដឹក ទំនិញ​បានច្រើនទៀត​នោះ បានធ្វើ​ឱ្យ​​សាបរលាប​តម្រូវការ​រទេះគោដែលជា​មធ្យោបាយ​​ដឹក​​​កសិផលពីបុរាណ។​

ឃើញដូច្នោះ លោក​ ​សុវីបាន​ឆក់យក​ឱកាស​ក្នុងការ​កែច្នៃ​របស់​ចាស់ៗ​ ដែល​គេ​បោះបង់ចោល​ទៅ​ជា​​របស់​ប្រើ​ប្រាស់​បាន​ឡើងវិញ​​​ក្នុង​បំណង​អភិរក្ស​វត្ថុ​វប្បធម៌​មរតក​ពី​ដូនតា ​​ស្វែង​រក​ចំណូល​ និង​រួមចំណែក​ផ្ដល់​ការងារ​ដល់​សិស្ស​-​និស្សិត​ក្រោយ​​ទំនេរ​ពី​ការសិក្សា​ផងដែរ​។​​

​​​លោកបាន​​​ចាប់ផ្តើម​ដើរ​ប្រមូល​ទិញ​រទេះគោចាស់ៗដែលត្រូវបាន​ប្រជាកសិករ​ទុកចោល ​យកមក​កែច្នៃ​​សម្រាប់​ប្រើប្រាស់​បន្ត ឬ​សម្រាប់​តាំង​លម្អ។

​​លោក​បាន​ប្រាប់​សារព័ត៌មាន SRNews យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ចាប់ផ្ដើម​កែច្នៃ​រទេះគោ​ចាស់ៗ​នេះ​ឡើង​​​នៅ​ក្នុងឆ្នាំ​២០២០​។ពេលនោះ​ខ្ញុំ​បាន​ចុះ​ទៅតាម​ភូមិ​ឃុំ​នៅតាម​ស្រុក​ស្រែចម្ការ ខ្ញុំ​បានឃើញ​រទេះគោ​ចាស់ៗ​ដែល​គេ​បោះបង់ចោល ដែល​រទេះគោ​ទាំងនោះ ខ្លះ​នៅ​ប្រើ​បាន​ ​និង​ខ្លះ​ប្រើ​មិនបាន​»​។​

​លោក​បាន​បន្តទៀតថា​៖ «​ខ្ញុំ​ក៏បាន​សាកល្បង​សួរ​ទិញ​រទេះគោ​ចាស់ៗ​នោះមក​កែច្នៃ​ល​មើលពេល នោះ​ក៏មាន​ការផ្ទុះ​ចាប់អារម្មណ៍​ខ្លាំងទើប​ខ្ញុំ​ចាប់ផ្តើម​បន្ត​វា​រហូតមកដល់​សព្វថ្ងៃ​នេះ​»​។​

​ចំពោះ​រទេះគោ​ដែល​​​កែច្នៃ​រួចហើយ​ លោក សុវី អាច​លក់​បាន​​ចំណូលបាន​ជាង​១​ពាន់​ដុល្លារ​ក្នុង​មួយខែៗ។​ជាពិសេស​ មុន​​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​ ការ​លក់​អាច​នាំ​ចំណូល​បាន​ដល់ជាង​​​១​ម៉ឺន​ដុល្លារ។​​អតិថិជន​ដែល​មក​ទិញ​រទេះគោ​​ភាគច្រើនជា​អ្នកមានជីវភាព​​ធូរធានិងហ៊ានចំណាយ​លើ​វត្ថុតុបតែងលម្អ​។​

​លោក​បាន​បន្ថែមទៀតថាចំពោះ​រទេះគោ​កែច្នៃ​រួច​មានតម្លៃ​ចាប់ពី​៤០០​ដុល្លារ​ឡើង ដោយ​អាស្រ័យ​ទៅលើ​ប្រភេទ​រទេះ​សម្រាប់​ដឹក​កសិផល ឬ​រទេះ​ប្រើ​សម្រាប់​ជាយា​ន្ត​ជំ​និះ​។

​លោក​បាន​ឱ្យដឹងទៀតថា​៖ «​បើ​សម្រាប់​រទេះសំឡី​វិញមានតម្លៃ​ចាប់ពី​១​ពាន់​ដុល្លារ​រហូតដល់ ១៥០០​ដុល្លារ  អាស្រ័យទៅលើ​ភាព​ប្រណី​ត​របស់​វា​»​។

​សម្រាប់​រទេះគោ​ដែល​ផលិត​ថ្មី​ត្រូវ​ចំណាយពេល​​​ប្រហែលជា​ ១៥ ទៅ​ ៣០​ថ្ងៃក្នុងការ​កែច្នៃ។ ប៉ុន្តែ​បើ​រទេះ​ចាស់ៗ​ដែល​ត្រូវបាន​យក​​មក​កែច្នៃ​ឡើងវិញ​នោះសិប្បកម្ម​របស់លោក​ប្រើ​រយៈពេល​តែ ​២ ​ឬ ​៣​ ថ្ងៃ​ប៉ុណ្ណោះ​ក្នុងការ​ធ្វើឲ្យ​រួចរាល់និង​​អាចទិញ​​យកទៅ​ប្រើប្រាស់​បាន​ហើយ​។

​​​អតិថិជនរបស់លោកភាគច្រើន​ទិញ​រទេះគោ​កែច្នៃនេះ​យកទៅ​​តាំង​លម្អ​គេហដ្ឋានភោជនីយដ្ឋាន និង​មណ្ឌល​កម្សាន្ត​តែប៉ុណ្ណោះ​ ដោយ​​​មិនបាន​យកទៅប្រើជាមធ្យោបាយដឹកជញ្ជូន​​​ដូច​មុន​ទៀត​ទេ។

លោក សុវី ​​បាន​និយាយថា​៖ «​ភាគច្រើន​គេ​យក​រទេះគោយកទៅ​តាំង​លម្អ​ជាមួយនឹង​ទូកត្នោត ដែល​​តាំង​នៅតាម​ភោជនីយដ្ឋាន​ ឬក៏​នៅតាម ក្រសួងមន្ទីរ មួយចំនួន​»​។

​នៅ​ថ្ងៃ​អនាគត លោក​ក៏មាន​​​បំណង​ពង្រីកសិប្បកម្ម​​និង​កែច្នៃ​រទេះគោ​ចាស់ៗ​ឲ្យ​មាន​គុណភាព​កាន់តែ​ល្អ ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិដូចជា​សហគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស និង​អតិថិ​ជន​បរទេស ​​ដែល​ស្រឡាញ់​វប្បធម៌​ប្រពៃណី​ខ្មែរ​ផងដែរ​។​​

​សិប្បកម្ម​របស់លោក សុ​វី ស្ថិតនៅ​ភូមិ​ស្មែ​តឃុំ​ក្រាំង​ដី​មាស ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​ព័ត៌មាន​បន្ថែម​ពី សិប្ប​កម្មនេះអាច​ស្វែងរក​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុក​ កំពង់ឆ្នាំង​លក់​រទេះគោ​តាំងលម្អ ​(https://www.facebook.com/profile.php?id=100063278285867​)  និង​ទំនាក់ទំនង​ទូរ​សព្ទ​លេខ​ឬ​តេ​លេ​ក្រាម   ០៨៧ ៥៤៩ ០៦១៕

អ្នកកំពង់ឆ្នាំងកែច្នៃរទេះគោគេបោះបង់ចោល រកបានចំណូលរាប់ម៉ឺនដុល្លារ

រទេះគោអាចជាយាន្តជំនិះមួយហួសសម័យសម្រាប់ប្រជាកសិករ ដែលងាកមកប្រើគ្រឿងចក្រ ប៉ុន្តែសម្រាប់លោក វន សុវី រទេះគោបាក់បែកគេបោះបង់ទាំងនោះ អាចនាំចំណូលរាប់ម៉ឺនដុល្លារ តាមរយៈការកែច្នៃផ្ដល់សោភ័ណភាព បំពាក់មុខងារថ្មីឡើងវិញដល់យានជំនិះខ្មែរពីបរមបុរាណមួយនេះ។
ថិញ រិទ្ធី
Heading

ជា​សហគ្រិន​អាយុ ២៤ ឆ្នាំ សុខសាន្ត រ៉ូហ្សា ​បានចាប់ផ្តើម​ដំណើរ​ធ្វើ​ទៀន​ក្រអូប​​ក្នុងអំឡុងពេលវិបត្តិ​កូវីដសកលជាវេលា​ដ៏លំបាក​បំផុត ទាំងមិននឹកស្មានថា​នាងអាចឈរជើង​រីកចម្រើន​ដូចសព្វថ្ងៃ។

កញ្ញា​បាន​​​រំឭកប្រាប់ SR News ​ថា​៖ «​ចាប់ពី​ខែសីហាឆ្នាំ​២០២០​ មក​នៅពេលដែល​ជំងឺ​រាតត្បាត​រាតត្បាត​ខ្លាំង​ខ្ញុំ​បាន​ឃ្លាតចាកពី​​សាលានិង​ត្រូវ​ព្យួរការងារដូច្នេះ​ខ្ញុំ​ត្រូវ​ផ្លាស់​ទៅ​ស្រុកកំណើត​នៅ​ខេត្តសៀមរាប​វិញ​»​។

ពេលនោះ​ហើយ​ដែល ​រ៉ូហ្សា បាន​រកឃើញនូវ​​ចំណង់​ចំណូលចិត្ត​របស់​នាង​ចំពោះការធ្វើ​​ទៀន​ក្រអូប​។ទោះបីជា​មានការ​បរាជ័យ​ជាច្រើន​ដង​ក៏ដោយ ក៏​ការចង់​ដឹង​ចង់ឃើញ​របស់ រ៉ូហ្សា បាន​​នាំឱ្យ​នាងមិន​រាថយ​នឹង​ការ​ពិសោធន៍ធ្វើទៀន​ក្រអូប​រហូត​ទាល់តែជោគជ័យ។

កញ្ញា រ៉ូហ្សា បាន​​ឱ្យដឹងទៀតថា៖ «​បន្ទាប់ពី​បរាជ័យ​រាប់មិនអស់និង​ខ្វះ​ធនធានទៀត​ផង​នោះ​ ខ្ញុំ​ស្ទើរតែ​បោះបង់​វា​ចោល​។ ទោះយ៉ាងណា​ក៏ដោយ ដោយសារ​តែ​​ការអត់ធ្មត់និង​ចំណង់​ចំណូលចិត្តរបស់ខ្ញុំ​ ទីបំផុត​ខ្ញុំ​បាន​បង្កើត​ទៀន​ដំបូង​របស់ខ្ញុំ​។ តាមដែលខ្ញុំចាំវា​ជាទៀន​ក្រអូប​ក្លិប​ផ្កា​ឡា​វេន​ឌឺ​។ខ្ញុំ​បាន​ជូន​វា​ទៅ​ម៉ាក់​របស់ខ្ញុំ​ក្នុងនាម​ជា​អ្នក​ទទួល​បានស្នាដៃដំបូង​របស់ខ្ញុំ»។

​Magik Glow (ម៉ាជីកហ្គូ) បាន​រីកចម្រើន​ពី​ហាង​អន​ឡាញ​ រហូតដល់​ការបើក​ហាង​ដំបូង​របស់ខ្លួន​នៅ​តំបន់​ទួល​ទំពូងរាជធានី​ភ្នំពេញ​។

កញ្ញា រ៉ូហ្សា ចែករំលែក​ថា៖ «​ហាង​អន​ឡាញ​របស់​យើង​បាន​រីកដុះដាល​នៅ​ទូទាំងប្រទេស​កម្ពុជាបន្ទាប់​មក​អាជីវកម្ម​យើង​​ក៏​ឆ្ពោះទៅមុខ​យ៉ាង​ឆាប់រ​ហ័ស ដែកអាច​​​ឱ្យ​យើង​បើកហាង​នៅ​​​ពីរ​ឆ្នាំ​ក្រោយមក។វាគឺ​ជារឿង​មួយ​ដ៏​​គួរឱ្យ​រំភើប​បំផុត​ វា​ដូចជា​ការ​រស់នៅ​ក្នុង​សុបិន»។

ផ្ដើមចេញពីអាជីវកម្មតូចតាច​ក្នុង​បន្ទប់​ដ៏ចង្អៀត ឥឡូវនេះ រ៉ូហ្សា មាន​បុគ្គលិក​​​បីក្រុម​​ដែល​ធ្វើ​ការងារ​ក្នុងហាង​ដ៏​កក់ក្ដៅ​ព្រោះនាង​​សង្កត់ធ្ងន់ថា Magik Glow គឺ​លើសពី​អាជីវកម្មទូទៅ​។

កញ្ញា រ៉ូហ្សា បាន​និយាយ​ថា៖ «​យើង​មិន​ត្រឹមតែ​ជា​អាជីវកម្ម​ទៀន​ប៉ុណ្ណោះ​ទេយើង​ជា​សហគមន៍​នៃ​អ្នក​ស្រឡាញ់​ទៀន​មក​ចែករំលែក​ចំណង់​ចំណូលចិត្ត​សម្រាប់​និរន្តរភាពការ​សម្រាក និងភាព​​វិជ្ជមាន​។ យើង​ជឿថា ​ក្លិនក្រអូប​អាច​ផ្ដល់ថាមពល​និង​ធ្វើ​ឱ្យ​ខួរក្បាល​អារម្មណ៍យើងល្ហែល្ហើយ ហើយ​នេះ​ជា​​​មូលហេតុ​ដែល​យើង​ប្រើប្រាស់​វត្ថុធាតុ​ដើម​ផ្ដោតលើ​​គុណភាព​ទាំងស្រុង​។ក្រមួន​សណ្តែកសៀង និង​ប្រេង​សំខាន់ៗ​ត្រូវបាន​ប្រើ​ដើម្បី​បង្កើត​ក្លិនក្រអូបស្លឹកគ្រៃ និង​ផ្កាម្លិះ គឺជា​ប្រភព និង​ជម្រើស​ក្លិន​ដ៏ពេញនិយមបំផុត»​។​

ទៀនក្រអូប​មានតម្លៃ ១៤​ដុល្លារ សម្រាប់​កែវស្ដង់ដារ និង​កែវ​ខ្នាតតូច ទម្ងន់៣៥ក្រាម តម្លៃ ៤,៥​ដុល្លារ។

Magik Glow ក៏​ផ្តល់ជូន​នូវ​សិក្ខាសាលា​ធ្វើ​ទៀន​ផងដែរដែលវា​​បាន​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​ពេញនិយម​នៅក្នុង​រាជធានី​ភ្នំពេញ មិនថា​ចំពោះ​ជនជាតិ​ខ្មែរនិង​បរទេស​។

កញ្ញា រ៉ូហ្សា ​បាន​​ពន្យល់ថា៖ «នៅ​ថ្នាក់​បង្រៀនធ្វើ​​ទៀនអ្នកចូលរួម​នឹង​រៀន​អំពី​ជំហាន​នៃ​ដំណើរការ​ពី​ការផលិត​​រហូត​ដល់​ការប្រើប្រាស់​»​។

​​​ជាមួយ​នឹង​ការទទួលស្គាល់​ក្នុងសហគមន៍​អ្នក​ស្រឡាញ់ចូលចិត្ត​ប្រើទៀន​ក្រអូបរ៉ូហ្សា​ មាន​សុទិដ្ឋិនិយម​អំពី​អនាគត​​នៃអាជីវកម្ម​នេះ។ ​កញ្ញា​បាន​សិក្សា​លើ​ផែនការ​អនាគត​សម្រាប់Magik Glow ដោយ​សង្ឃឹមថា ​នឹងមាន​ហាង​ធំ​ និង​សាខា​ជាច្រើន​នៅ​ជុំវិញ​ទីក្រុង​សម្រាប់​ជំហាន​ទី​ពីរ​។

លើសពី​ទៀន​ក្រអូប កញ្ញា រ៉ូហ្សា បានឱ្យដឹង​ផង​ដែរថា៖«ខណៈដែល​ឥឡូវនេះ​យើង​គ្រាន់តែ​ជា​ហាង​ដែល​ផ្តោតលើ​ទៀន​មួយមុខ​នោះ​យើង​គ្រោង​នឹង​ពង្រីក​ទៅ​ហាង​លក់​ក្លិន ​ដែល​ផ្ដោតលើ​ការព្យាបាលដោយ​​ក្លិនក្រអូប​គ្រប់​ប្រភេទហើយ​​យើង​ទន្ទឹងរង់ចាំនឹង​​ធ្វើឱ្យគម្រោង​នេះ​លេចរូបរាង​នៅ​ក្នុង​​ឆ្នាំ ២០២៥»​៕

សហគ្រិនវ័យក្មេង រកឃើញក្ដីស្រមៃក្នុងវិបត្តិកូវីដ ជោគជ័យនឹងការច្នៃទៀនក្រអូបលក់ល្បីទាំងនៅសហគមន៍ខ្មែរ និងបរទេស

អាយុទើបតែ ២៤ ឆ្នាំទេ យុវតីរូបនេះបានក្លាហានបោះបង់អ្វីដែលមិនមែនជារបស់ខ្លួន មកចាប់ផ្ដើមក្ដីស្រមៃធ្វើទៀនក្រអូបលក់ រហូតបើកជាហាងមានសាខា ហើយមានទាំងការបង្រៀនសិស្សទៀត
November 10, 2024
Heading

សៀមរាបៈ ​ធ្លាប់​ឆ្ងល់​ទេ​ថា​​ហេតុ​អី​បានជា​យើង​បណ្ដុះ​កូនឈើ​ដូច​គេ​ដែរ​តែ​មិនល្អ​ដូច​គេ​?មូលហេតុ​បណ្ដាលមកពី​ដី​បណ្ដុះ​របស់គេ​មាន​សារធាតុចិញ្ចឹម​ច្រើន​ដូចជាកម្ទេច​ស្រកីដូងអង្កាម ​និង​អាចម៍  គោ ​ហើយ​ប្រភេទ​ដី​នេះ​មានទម្ងន់​​​ស្រាល​និង​ជប់​ទឹកបាន​ល្អ​។

​សមាសធាតុ​សំខាន់ៗក្នុងដី​​​ជួយ​​​ឲ្យ​រុក្ខជាតិ​លូតលាស់​បានល្អតែ​មិនមែន​សុទ្ធតែ​គ្រប់​កសិករ និង​អ្នកចម្ការ​​បាន​ប្រើប្រាស់​ដីបណ្ដុះ​បែបនេះទេ ដោយសារ​​កត្តា​កង្វះបទពិសោធ​បច្ចេកទេសនិង​លទ្ធភាព​​ទិញ​​​ដីបណ្ដុះ។

ឆ្លើយតប​នឹង​បញ្ហា​នេះ កសិករ ឡុង គាន ​មាន​គំនិត​ចង់​កាត់បន្ថយ​ការចំណាយ​លើដី​បណ្ដុះក្នុងការ​ដាំបន្លែ​ ហើយ​មាន​បំណង​​​ចង់រៀន​​​ធ្វើ​វា​ដោយ​​ខ្លួន​​ឯង។ ​លោក​​បាន​ចាប់ផ្ដើម​​​យក​ដី​បណ្ដុះ​របស់គេ​មក​ពិនិត្យមើលដើម្បីស្វែងយល់​ពី​ធាតុផ្សំ​​។

​លោក ឡុង គាន បានបញ្ជាក់​ប្រាប់​សារព័ត៌មាន SRNews ​​ថា​៖ «​ពេលនោះ​ខ្ញុំ​បាន​យកគំនិត​នេះ​ទៅ​ពិភាក្សា​ជាមួយនឹង​អង្ក​ការ​មួយ ពេលនោះ​អង្ក​ការ​ក៏បាន​និយាយថាបើ​លោកពូ​ចង់​សាកល្បង​ ខ្ញុំ​នឹង​ឲ្យ​ម៉ាស៊ីន​តូច​មួយ​ទៅ​ប្រើប្រាស់​ដើម្បី​ផលិត​ជា​ដី​បណ្ដុះ​នេះ​»​។​

​សិប្ប​កម្មធ្វើដីបណ្ដុះ​របស់លោក​បាន​​ចាប់ដំណើរការ​នៅ​ឆ្នាំ​២០១៩ក្នុង​ទ្រង់ទ្រាយ​តូចជា​ការ​សាកល្បង។ ដីបណ្ដុះ​​ដែល​លោក​ផលិតរួច​​ត្រូវបាន​​​អង្គការយកទៅ​​ចែកជូន​ប្រជាកសិករ​ដទៃផ្សេងទៀត​​​ប្រើ​ប្រាស់សាកល្បង។

ដោយទទួល​បាន​លទ្ធផល​ល្អ ​​​ដី​បណ្ដុះ​របស់លោកឡុង គាន ក៏​ទទួល​បាន​​គាំទ្រច្រើន​​ពី​ប្រជាកសិករ។ ​ឆ្លើយតប​នឹង​ការ​កុម្ម៉ង់​ដី​ដាំ​បណ្ដុះ​កាន់តែ​ច្រើនឡើងៗកសិករ ឡុង គាន ​បាន​ឈា​ន​ដល់​​ការ​ពង្រីក​ផលិតកម្ម​​ដោយ​​ផ្លាស់ប្ដូរ​​ប្រើម៉ាស៊ីន​ធំ​វិញ​។​

ចំពោះវត្ថុធាតុដើម ដំបូង​ឡើយ​លោក​​ប្រមូល​ផ្លែ​ដូងខ្ចី​យកមក​ហាល​ឲ្យ​ស្ងួត​សិន​​ទើប​វាយម្ទេច។ដោយសារ​តែ​​​ត្រូវ​ការ​​ចំណាយ​ពេល​​យូរ ទើប​លោក ឡុង គាន ​​​ប្ដូរ​មក​ប្រើ​តែ​​ស្រកី​ដូងទុំវិញ។

លោក​ដើរ​ប្រមូល​​ស្រកីដូង និង​អាចម៍គោ នៅ​ក្នុង​បរិវេណ​​ប្រាសាទអង្គរវត្ត​និង​នៅតាម​ផ្សារ​ក្នុង​ភូមិ​ស្រុក​នានា​​ឯ​​​ខេត្តសៀមរាប​ផ្ទាល់​តែម្ដង​។​ ​ក្រៅពីរ​ដើរ​ប្រមូល​ខ្លួនឯងលោក​ក៏មាន​ឈ្មួញ​យក​វត្ថុធាតុ​ដើម​​ទាំងនេះ​មក​លក់​ឲ្យ​​​ផ្ទាល់​ផងដែរ ដើម្បីបំពេញ​តំរូវការក្នុងដំណើរការ​ផលិត។​

​លោក ឡុង គាន បាន​រៀបរាប់ថា​៖ «​ដំណើរការ​នៃ​ការធ្វើ​ដី​បណ្ដុះ​នេះ​ទីមួយត្រូវ​ជ្រើសរើស យក ស្រកីដូង អង្កាម និង​លាមក​គោ។ ​ទី​ពីរ​យើង​យក​ស្រកីដូង​ទៅ​វាយកម្ទេច​​សិនទើប​យក​វត្ថុ​ធាតុ ដើម ទាំងនេះ យកទៅ​ត្រាំ​ធ្វើជា​ជីកំប៉ុសដោយ​ផ្អាប់​វា​ទុក​រយៈពេល​បី​សប្ដាហ៍​រួច​ទើប​យើង​យក​វា​មក ចំហុយ ដើម្បី​សម្លាប់​មេរោគ​សិន​»​។

​ដំបូង​ឡើយ​សិប្បកម្ម​មួយ​នេះធ្វើជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​។ ក្រោយមក​ដោយសារ​​មានការ​គាំទ្រ​ខ្លាំង ​និង​ការ​កុម្ម៉ង់​កាន់​ច្រើនឡើងៗ​លោក​ក៏​​បន្ថែមកម្លាំង​ពលកម្ម​ប្រាំ​នាក់​ទៀត​​មកជួយ​ផលិត។​​

ក្នុង​មួយខែៗ​លោកពូ​អាច​លក់បាន ចន្លោះ​ពី ២-៣តោន​ និង​ច្រើនជាង​នេះ​ទៅតាម​រដូវ​កាល​នៃ​ការដាំដុះ របស់​ប្រជាកសិករ​។

​ចំពោះ​តម្លៃ កសិករ​​​វ័យ​៤៩​ឆ្នាំ​រូបនេះ​បាន​ឱ្យដឹង​ថា​«ដី​បណ្ដុះ​របស់ខ្ញុំ​មាន​ទម្ងន់​១២​គីឡូក្រាម​ក្នុង​មួយ​បាវ​លក់ក្នុងតម្លៃ​១២០០០​រៀល ហើយ​មាន​លក់​នៅក្នុង​ខេត្តសៀមរាប និង​សេវា​ផ្ញើ​ទៅតាម​បណ្ដា​ខេត្តផងដែរ​»​។​

ទោះជា​​ការ​ផលិត​ដីបណ្ដុះ​ទទួលបានការគាំទ្រ​ច្រើន​​លោក​  ឡុង គាន ​ក៏​​ជួប​ផល​ពិបាកផង​​​ដែរជាពិសេស​កត្តាអាកាសធាតុ​។ នៅ​រដូវ​ភ្លៀង​ធ្លាក់​ ​​កម្ដៅ​​ថ្ងៃ​មិន​គ្រប់គ្រាន់​ក្នុងការ​ហាល​ស្រកីដូង​និង​អាចម៍គោ។ មួយវិញទៀត​លោក​ត្រូវការ​​​ទំហំ​ដីធំ ​ដើម្បី​ហាល ក៏ដូចជា​​ស្តុក​ទុក​ស្រកីដូង​និង​អាចម៍គោ​​ទាំងនោះ​។​​

សព្វថ្ងៃនេះ​លោក ឡុង គាន ​​មាន​លក់​ស្រកីដូង​ដែល​កិន​រួច​សម្រាប់​យកទៅ​ផ្សាំ​មែកឈើ​ហើយ​លោក​ក៏​មានគម្រោង​​ចង់​ផលិត​​ដី​ដ៏មានជីជាតិតាម​បច្ចេកទេសសម្រាប់​​​ដាំ​ដំណាំ​​​ផងដែរ​នៅ​ថ្ងៃ​អនាគត។

​​​ព័ត៌មាន​បន្ថែមសូម​ទំនាក់ទំនង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក ឡុង គាន ​ឬ​លេខ​ទូរ​សព្ទ​៖ ០៧៨ ៩០១ ២២៧ និង ០៧៧៤២៥ ៦៩៦៕​

អ្នកសៀមរាបផលិតដីបណ្ដុះដំណាំមានជីវជាតិល្អ ផ្ទុះការគាំទ្រពីកសិករ

ធ្លាប់ឆ្ងល់ទេថា ហេតុអីបានជាយើងបណ្ដុះកូនឈើដូចគេដែរតែមិនល្អដូចគេ? មូលហេតុបណ្ដាលមកពីដីបណ្ដុះរបស់គេមានសារធាតុចិញ្ចឹមច្រើនដូចជាកម្ទេចស្រកីដូង អង្កាម និងអាចម៍ គោ ហើយប្រភេទដីនេះមានទម្ងន់ស្រាល និងជប់ទឹកបានល្អ។
November 8, 2024
Heading

អត្ថបទបន្ថែម

ភ្នំពេញ​:បារម្ភ​ពី​ការបាត់បង់​អត្តសញ្ញាណ និង​ចង់​ស្នង​មរតក​ស្នាដៃ​ដូនតា អ្នកស្រី ស្រេងគឹម​ស្រៀ​ង  បន្តធ្វើ​តំណាប់​ក្រូចសើច និង​តំណាប់​វល្លិ​បណ្តូល​ពេជ្រ ដែលមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ សម្រាប់​ផ្គត់​ផ្គងក្នុង​កម្មវិធី​ប្រពៃណីជាតិ​ធំៗ ដូចជា​បុណ្យ​កថិន និង​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ជាដើម​។  

​អ្នកស្រី ស្រេង គឹម​ស្រៀ​ង ប្រាប់​សារព័ត៌មានអេស​អ័​រ (SR) ឱ្យដឹងថាកាលពី​សម័យមុន តំណាប់​ក្រូចសើច និង​តំណាប់​វល្លិ​បណ្តូល​ពេជ្រគឺជា​ក្រយា​មួយ​សំខាន់​សម្រាប់​ថ្វាយ​ព្រះរាជា ហើយ​បង្អែម​មួយ​ប្រភេទ​នេះក៏​ក្លាយ​ជាទី​និយម​ចូលចិត្ត​របស់​ប្រជាជន​ខ្មែរ​តៗ​ រៀងមក ខណៈ​បច្ចុប្បន្ន​យុវវ័យហាក់​ពុំ​ស្គាល់​នូវ​បង្អែម​ខ្មែរ​មួយ​ប្រភេទ​នេះ ហើយក៏​ពុំ​សូវ​មាន​ការនិយម​ធ្វើតំណាប់​ទាំង​នេះឡើយ​។

​តំណាប់​ទាំង​២​ប្រភេទ​នេះមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​ស្រួយ ដោយ​តំណាប់​វល្លិ​បណ្តូល​ពេជ្រ មានតម្លៃ ៨ម៉ឺន​រៀល ក្នុង​១​គីឡូ ចំណែក​តំណាប់​ផ្លែ​ក្រូចសើច​មានតម្លៃ ៧ ម៉ឺន​រៀល ក្នុង​១គីឡូក្រាម ជាពិសេស​បង្អែម​ដ៏​មានឱជារស​នេះច្រើនតែ​ប្រជាជន​និយម​បរិភោគ​នៅក្នុង​កម្មវិធី បុណ្យ​កឋិនទាន បុណ្យ​ភ្ជុំបិណ្ឌ ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរនិង​ក្នុង​កម្មវិធី​ផ្សេងៗ​ទៀត​។

​ស្ត្រី​វ័យ​៥១​ឆ្នាំ​ រូបនេះបន្តថា​ការធ្វើ​តំណាប់​នេះ ត្រូវ​ចំណាយពេល​ប្រមាណ​មួយ​សប្ដាហ៍ និង​ត្រូវមាន​ភាព​អត់ធ្មត់​ជាខ្លាំង ហើយ​តំណាប់​នេះអាច​រក្សាទុក​បាន​ប្រហែលជា​២​ខែ និង​ទុក​បាន​រហូតដល់ ២​ឆ្នាំ ដោយ​រក្សាទុក​ក្នុង​ទូរ​ទឹកកក​។

​អ្នកធ្វើ​តំណាប់​រូបនេះបាន​រៀបរាប់​ពី​វិធី​ធ្វើ​បង្អែម​តាម​រូបមន្ត​ត​ពី​ដូនតា​ថា​៖ «​យក​វល្លិ​បណ្តូល​ពេជ្រកាត់​ជា​កង់ បកសំបក​ចេញ ហើយ​ក្រូចសើច​ចិត​យកតែ​សំបកយើង​យក​វា​ទៅ​ប្រ​បាច់​ជាមួយ​អំបិល ទុកពេល​៣​ថ្ងៃ រួច​ស្រង់​ទៅ​ត្រាំ​ក្នុង​ទឹក​កំបោរ​ថ្លា​ ១​យប់ ហើយ​ស្រង់​ត្រាំ​ក្នុង​ទឹក​សាច់ជូរ​២​យប់​ទៀតឲ្យ​វា​ស្រួយ បន្ទាប់មក​យើង​យកទៅ​ស្ងោរ​ក្នុង​ឆ្នាំង​ស្ពាន់ ជាមួយ​ស្លឹក​ឫស្សីឬ​ស្លឹក​តើយ រួច យក​វា​ទៅ​ត្រាំ​ទឹក​៣​ថ្ងៃ​ទៀត ដើម្បី​ឲ្យ​អស់​ជាតិ​ល្វីងហើយ​យក​ឆឹង​ជាមួយ​ស្ករស​គឺជា​ការ​ស្រេច​»​។

​បន្ថែម​ពីលើ​ផលវិបាក​ក្នុង​ការធ្វើ​តំណាប់​ផ្លែឈើ​ទាំង​២​ខាងលើនេះអ្នកស្រី គឹម​ស្រៀ​ង ក៏​កំពុង​ជួប​នូវ​បញ្ហា​ចំនួន​២​ទៀត​គឺកង្វះ​ផលិតផល​សម្រាប់ធ្វើ និង​កង្វះ​ទីផ្សារ​លក់​។ ទាក់ទង​នឹង​កង្វះ​ផលិតផល​ធ្វើ​តំណាប់នេះ អ្នកស្រី​ពន្យល់ថាកាលពីមុន​ទាំង​ផ្លែ​ក្រូចសើច និង​ដើម​បណ្តូល​ពេជ្រ គឺ​ពិបាករ​កមក​ធ្វើជា​តំណាប់​ណាស់ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​ផ្លែក្រូច​សើច ងាយស្រួល​រកដោយសារ​មាន​អ្នក​យកមក​លក់​ច្រើន ប៉ុន្តែ​វល្លិ​បណ្តូល​ពេជ្រនៅតែ​ចោទ​ជា​បញ្ហា​ចម្បង​ដដែល​។

​ចំណែក កង្វះ​ទីផ្សារ​វិញ អ្នកស្រីបញ្ជាក់ថា​៖ «​តំណាប់​ដែល​ខ្ញុំ​ធ្វើមិនទាន់មាន​ទីផ្សារ​ទូ​លំ​ទូលាយ ទេ ដោយសារ​គេ​មិនសូវ​ស្គាល់​តំណាប់​ទាំងនេះហើយ​ណាមួយ​ខ្ញុំ​ធ្វើជា​លក្ខណៈ​គ្រួសារ មាន​ម៉ូយ​តិចតួចម៉ូយ​ទាំង​អស់គេ​ស្គាល់​ខ្ញុំ ហើយ​កុម្ម៉ង់​ទៅតាម​រដូវ​បុណ្យ​ធំៗ​ប៉ុណ្ណោះហើយ​ខ្ញុំ​សូម​ឲ្យ​ប្រជាជន​ខ្មែរ​ជួយ​គាំទ្រ​ផលិតផល​ខ្មែរ​ផង បើ​បងប្អូនឬ​អាជីវក​រណា មានបំណង​ទិញ អាច​ទំនាក់ទំនង​មក​ខ្ញុំ​បាន​»​។​

​ខិតខំ​ថែរក្សា​នូវ​រូបមន្ត​ធ្វើ​តំណាប់​ដែល​ដូនតា​បន្សល់​ទុកឱ្យពេលនេះ អ្នកស្រី ស្រេង គឹម​ស្រៀ​ង ក៏​កំពុង​ផ្ទេរ​ចំណេះវិជ្ជា​នៃ​ការធ្វើ​តំណាប់​នេះទៅដល់​កូនស្រី​របស់​អ្នកស្រី​ផងដែរ ពោលគឺ​ធ្វើ យ៉ាងណា​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​អ្នកស្រីចេះ​ចាំ​ឱ្យ​ស្ទាត់​នូវ​របៀប​នៃ ការធ្វើ​តំណាប់​បង្អែម ទាំងអស់នេះនិង​បន្ត​កុំ​ឲ្យ​បាត់បង់​។

​នា​ថ្ងៃ​ខាងមុខ ស្ត្រី​ធ្វើ​តំណាប់​រូបនេះមានបំណង​ពង្រីក​ទីផ្សារ និង​ផ្សព្វផ្សាយ​ផលិតផល​តំណាប់​ខ្មែរឱ្យ​ប្រជាជន​បាន​ស្គាល់ និង​បាន​ភ្លក្ស​រសជាតិ និង ដើម្បី​ចៀសវាង​នូវ​ការ​នាំចូល​ផលិតផលដំណាប់​ពី​ប្រទេស​ជិត ព្រោះ​តំណាប់​ខ្មែរ​មាន​រសជាតិ​ផ្អែម ឆ្ងាញ់មិន​ចាញ់​តំណាប់​បរទេស​ឡើយ​។​

​គួរ​គូសបញ្ជាក់ថាក្រៅពី​ដំណាប់​ផ្លែ​ក្រូចសើច និង​វល្លិ​បណ្តូល​ពេជ្រ អ្នកស្រី​ក៏​ធ្វើ​តំណាប់ជាច្រើន មុខ​ទៀត​ដូចជា តំណាប់​ផ្លែ​ម្រះ តំណាប់​ផ្លែ​បាស តំណាប់​ដើម​ដំបងយក្សតំណាប់​ផ្លែ​ល្ហុង និង​តំណាប់ត្រឡាច​ជាដើមដោយ​រំលេច​ក្បាច់​ផ្កា​នៅលើ​តំណាប់​ទាំងនោះ​ផងដែរ​។ អ្នកស្រី ស្រេង គឹម​ស្រៀ​ងរស់នៅក្នុង​ភូមិ​គង​ន​យ ឃុំ​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញឬ​ទំនាក់ទំនង​លេខ​ទូរ​សព្ទ  ០៩៦ ៤៤៩ ៦១៧៦ /០១២៤៨០ ១៧៦៕

អ្នកស្រី គឹម ស្រៀង បន្តមរតកដូនតា ផលិតតំណាប់ពីផ្លែក្រូចសើច និងវល្លិបណ្តូលពេជ្រ

បារម្ភពីការបាត់បង់អត្តសញ្ញាណ និងចង់ស្នងមរតកស្នាដៃដូនតា អ្នកស្រី ស្រេង គឹមស្រៀង បន្តធ្វើតំណាប់ក្រូចសើច និងតំណាប់វល្លិបណ្តូលពេជ្រ ដែលមានរសជាតិផ្អែមឆ្ងាញ់ សម្រាប់ផ្គត់ផ្គង ក្នុងកម្មវិធីប្រពៃណីជាតិធំៗ ដូចជាបុណ្យកថិន និងចូលឆ្នាំប្រពៃណីជាតិខ្មែរជាដើម។
ថិញ រិទ្ធី

ត្បូងឃ្មុំ​:ផ្ដើមចេញពី​ដក​បទពិសោធន៍​លើដំណាំ​ប្លែកៗ បូករួម​ជាមួយ​ចំណេះដឹង​ផ្នែក​កសិកម្ម​យ៉ាងស្ទាត់ជំនាញ និង​ការដាំដុះ​ជាង ​១០​ឆ្នាំ លោក ប៊ូ ម៉ាន កសិករ​ខេត្ត​ត្បូងឃ្មុំបានទទួល​ជោគជ័យ​យ៉ាង ខ្លាំង​លើ​ការដាំដុះ​ដំណាំ​ឪឡឹក​សាច់​លឿង ដែលត្រូវបាន​ចែកចាយ​ទូទាំងប្រទេស​។

​លោក ប៊ូ ម៉ានកសិករ​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​សារព័ត៌មាន​ឌីជីថល SR ឱ្យដឹងថា បច្ចុប្បន្ន ដំណាំ ឪឡឹក​សាច់​លឿន​នេះមានការ​គាំទ្រ​ជាខ្លាំងដោយសារតែ​វា​មាន​សាច់​លឿង​ប្លែក ហើយ​រសជាតិ ផ្អែម​ឆ្ងាញ់ និង​ស្រួយជាពិសេស​ឪឡឹក​មួយ​ប្រភេទ​នេះ ត្រូវបាន​ដាំ​ដុះ​តាមលក្ខណៈ​ធម្មជាតិ​។

​លោក ប៊ូ ម៉ាន បានឱ្យដឹងបន្តថា ដំណាំ​ឪឡឹក​​នេះ​មាន​២ពណ៌​គឺពណ៌​លឿង និង​ពណ៌​ទឹកក្រូច ប៉ុន្តែ​ឪឡឹក​សាច់​លឿង មានការ​ពេញនិយម​ជាងគេ ហើយ​ក្នុង​ឪឡឹក​មួយ​ផ្លែ​មាន​ទម្ងន់​ស្តង់ដាចាប់ពី​២​គីឡូ​កន្លះ​ឡើងទៅ ដោយ​លក់​ក្នុងតម្លៃ​៣​ពាន់​រៀលក្នុង​១​គីឡូក្រាម​។

​ចំពោះ​ការដាំដុះ និង​ថែទាំ​ដំណាំ​វ​ល្លិមួយ​ប្រភេទ​នេះកសិករ​ខេត្ត​ត្បូងឃ្មុំ​រូបនេះ ត្រូវធ្វើ​ការតាមដាន ជាប់​ជាប្រចាំនិង​ត្រូវដាក់​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ជាពិសេស​ពិនិត្យ​កុំ​ឱ្យមាន​សត្វល្អិតឬ​ដង្កូវ​ចង្រៃ មក​បំផ្លាញ​ស្លឹក និង​ផ្លែ​ជាដើម ហើយ​ការដាំដុះ​ពីដំបូងរហូត​ទទួលបាន​ផលលោកត្រូវ​ប្រើ​រយៈពេល ប្រមាណ ៦០​ថ្ងៃ ដោយ​ក្នុង​១​ហិកតា​ទទួលបាន​ផល​ចន្លោះ​ពី ​២០ ទៅ​៣០​តោនអាស្រ័យ​លើ​ការថែទាំ ចំណែក​ការចំណាយ​វិញ លោក​ប្រើប្រាស់​ថវិកា​អស់​ប្រមាណ ៣ពាន់​ដុល្លារ​ក្នុង​មួយ​ហិកតា។

​ដាំ​ដុះដំណាំ​បង្វិល​លើ​ផ្ទៃដី​ប្រមាណ ១០​ហិកតាកសិករ​វ័យ ៤២រូបនេះ អះអាងថា ដំណាំ​ឪឡឹក សាច់​លឿង​របស់លោក​មាន​ទីផ្សារ​ល្អហើយ​ការប្រកួតប្រជែង​មិនមានអ្វី​ចោទ​ជា​បញ្ហា​សម្រាប់​លោក នោះឡើយដោយ​ការដាំដុះ​នេះ លោក​បានគិត​គូ​ទៅលើ​គុណ​ភាពជា​ចម្បង ខណៈ​ឪឡឹកសាច់​លឿង​របស់លោកត្រូវបាន​ចែកចាយ​ទៅ​បណ្តា​គ្រប់​រាជធានី​-​ខេត្ត ។

​មាន​ដើមកំណើត​នៅ​ខេត្តសៀមរាប លោក ប៊ូ ម៉ានដែលមាន​ឈ្មោះ​ក្រៅ​ថាកសិករ​រីករាយ បានរំ​ឮ​ក​ពី​ប្រវត្តិ​ដើម​នៃ​ការដាំដុះ​ដំណាំ​ឪឡឹក​លឿង​នេះ​ថា​៖«​ខ្ញុំ​ដាំ​ដំណាំ​យូរ​ឆ្នាំ​មកហើយ​នៅ​ខេត្តសៀមរាបប៉ុន្តែ​អំឡុង​ឆ្នាំ ​២០២០ ខ្ញុំ​បានមក​អាស្រ័យ​ផល​នៅ​ភូមិ​បឹង​ទ​ន្សោ​មខេត្ត​ត្បូងឃ្មុំ នៅទីនេះមាន​សក្ដានុពល​ណាស់ ប្រជាជន​ច្រើន ដី​មាន​ជីជាតិប្រភពទឹក​ក៏​គ្រប់គ្រាន់ អ៊ីចឹង​ខ្ញុំ​ក៏​សម្រេច​ដាំដំណាំ​នៅ​ទី​ហ្នឹង​តែម្ដងហើយ​ពេលនោះ​កូ​វីដ​១៩​ក៏​ផ្ទុះ​ល្មម​ធ្វើឱ្យ​សេដ្ឋកិច្ច​ជាប់គាំងគ្រានោះ​ហើយ​ខ្ញុំ ក៏​ចាប់អារម្មណ៍​យក​ពូជ​ឪឡឹក​សាច់​លឿង​នេះ​មក​ដាំ​សាកល្បង​»។

​យក​ពូជ​ឪឡឹក​សាច់​លឿង​មកពី​ប្រទេសជិតខាងកសិក​រីករាយ​រូបនេះ​បានឱ្យដឹងថា ការដាំដុះ​ដំបូង ទទួលបាន​ជោគជ័យនិង​ទទួលបាន​ទិន្នផល​គួរជាទី​គាប់ចិត្ត ដោយសារ​លោក​មានបទពិសោធន៍ក្រាស់ក្រែល​ក្នុង​វិស័យ​កសិកម្ម ទន្ទឹមនឹងនោះ​ដំណាំ​ឪឡឹក​សាច់​លឿងបាន​ផ្ទុះ​ការចាប់​អា​ម្មណ៍យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន និង​ប្រជាកសិករ​ដូចគ្នា​ផងដែរ ដោយហេតុនេះលោក​ក៏បាន​ពង្រីក ផ្ទៃដី​ដាំ​ដុះ​ពី​១​ហិកតា ដល់ ៣​ហិកតាហើយ​ទីផ្សារ​ក៏មាន​ភាពល្អប្រសើរ​ផងដែរ​។

​ក្រៅពី​ជោគជ័យ​ទៅលើ​ដំណាំ​ឪឡឹក​នេះកសិករ​សម្បុរ​ស្រអែម​រូបនេះ ក៏បាន​ចែករំលែកបទពិសោធន៍​នៃ​ការដាំ​ដំណាំ​មួយ​ប្រភេទ​នេះ ​ទៅកាន់​កសិករ​នៅ​តំបន់​ផងដែរ ក៏ដូចជា​ប្រមូលផលិតផល​ឪឡឹក​លឿង​ពី​កសិករ​ឱ្យ ដើម្បី​ផ្គត់​ផ្គង​លើ​ទីផ្សារ​។  

​ទៅ​ថ្ងៃ​អនាគត លោកមាន​គម្រោង​ក្នុងការ​បង្កើតជា​សហគម​ន៍​កសិកម្ម​មួយដើម្បី​ចងក្រង​កសិករ ដែល​ដាំ​ដំណាំ​ឪឡឹក​លឿង​ឱ្យបាន​កាន់តែច្រើន ក្នុង​គោលដៅ​ផ្គត់ផ្គង់​ផលិតផលមួយនេះ​ឱ្យបាន​គ្រប់រដូវ​នៅលើ​ទីផ្សារខណៈ​លោក​តែម្នាក់ឯង​ មិនអាច​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​បាន​ពេញ​មួយឆ្នាំ​នោះទេ​។​

​ទន្ទឹមនឹងនេះ លោក ប៊ូ ម៉ានស្នើ​ឲ្យ​កសិករ​ទាំងអស់ត្រូវមាន​ជំនាញ​មួយ​ច្បាស់លាស់ជាពិសេស​កុំ​បារម្ភ​ពី​ទីផ្សារ ប៉ុន្តែត្រូវ​ធ្វើយ៉ាងណា​ ផ្ដោត​សំខាន់​លើដី​ដែលមាន​ជីជាតិទីតាំង​មាន​ប្រភពទឹក​គ្រប់គ្រាន់ និង​ស្វែងរក​ពូជ​ត្រឹមត្រូវ នោះ​ផលិតផល​ នឹង​មានគុណ​ភាព​ល្អហើយ​នៅពេល​មានការ​គាំទ្រ ​និង​ទទួលស្គាល់​នៅក្នុង​តំបន់ នោះ​ទីផ្សារ​ផលិតផលនឹងមាន​ទៅតាម​ក្រោយ​។

​គួរ​បញ្ជាក់ថា លោក ប៊ូ ម៉ានដែលមាន​បទពិសោធន៍​ជាង​១០ឆ្នាំ​រូបនេះ មិន​ត្រឹមតែ​ដាំ​ដុះ​ដំណាំ​ឪឡឹកលឿង​តែមួយ​មុខ​នោះទេប៉ុន្តែ​លោក​បាន​ប្រើប្រាស់​ដីក្នុងការដាំ​ដំណាំ​បង្វិលដែល​មានដូចជា ដំណាំតាសក់ តាសក់ផ្អែមស្ពៃ និង​បន្លែ​ជាច្រើន​ប្រភេទ​ទៀត ដែលមាន​ទី​តាំ​ងស្ថិតនៅ​ភូមិ​បឹង​ទ​ន្សោ​មឃុំ​ទន្លេ​បិទ ស្រុក​ត្បូង ឃ្មុំ​ខេត្ត​ត្បូងឃ្មុំ។ គេហទំព័រ​ហ្វេ​ស​ប៊ុ​កៈកសិកម្ម រីករាយ ឬ​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទៈ ០៩៧ ៧៦៨ ២៥០៦/ ០៧៨ ៧២៤ ៤៨៣៕

កសិករ ប៊ូ ម៉ាន៖ ឪឡឹកសាច់លឿងរសជាតិឆ្ងាញ់ ស្រួយ មានទីផ្សារល្អ

ផ្ដើមចេញពីដកបទពិសោធន៍លើដំណាំប្លែកៗ បូករួមជាមួយចំណេះដឹងផ្នែកកសិកម្មយ៉ាង ស្ទាត់ជំនាញ និងការដាំដុះជាង១០ឆ្នាំ លោក ប៊ូ ម៉ាន កសិករខេត្តត្បូងឃ្មុំ បានទទួលជោគជ័យយ៉ាង ខ្លាំងលើការដាំដុះដំណាំឪឡឹកសាច់លឿង ដែលត្រូវបានចែកចាយទូទាំងប្រទេស។
ថិញ រិទ្ធី

កណ្តាលៈ កសិដ្ឋាន ២២៨ គឺជា​កសិដ្ឋាន​មួយ​ដែល​បង្រៀន​ពី​វី​ធី​ថែទាំ និង​បង្កាត់​ពូជ​សត្វ​នានាដូចជា​មាន់​ស្រែ មាន់​នាំចូល​ពី​ក្រៅប្រទេស បក្សី​លម្អជាពិសេស​ការចិញ្ចឹម​ខ្យង​មាស​ជប៉ុន​ដោយ​ឥតគិតថ្លៃ និង​ផ្តល់ជូន​នូវ​ពូជខ្យង​ដល់​អ្នក​​មាន​ពិការភាព និង​អ្នកមាន​ជីវភាព​ក្រីក្រ​ជាដើម​។

​លោក ប៉ិល សម្បត្តិ ម្ចាស់​កសិដ្ឋាន ២២៨បាន​ប្រាប់​សារព័ត៌មាន​ឌីជីថល SR ថា នៅក្នុង​ឆ្នាំ​ ២០២២ គ្រា​ដែល លោក​បាន​ទៅលេង​ប្រទេស​ថៃលោក​មើលឃើញថា​ប្រជាជន​ថៃ​នាំគ្នា​ចិញ្ចឹម​ខ្យង​មាស​ជប៉ុន ឬ​ខ្យង​ប័​រ​នេះ​ច្រើនដោយសារ​ខ្យង​នេះ​មានតម្លៃ​ថ្លៃ រួច​លោក​ក៏បាន​ទិញ​ពូជ​ខ្យង​នេះ​មក​បង្កាត់​នៅក្នុងប្រទេស​កម្ពុជា​។

​លោក​បញ្ជាក់ថា​៖ «​ដំបូង​ខ្ញុំ​បង្កាត់​ពូជ​ខ្យង​នេះ​ទុក​គ្រាន់​ទុក​ហូប​ខ្លួនឯង​ប៉ុណ្ណោះតែដោយសារ​មាន​សារព័ត៌មាន ក្នុងស្រុក​មក​ថត វា​ក៏​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំងពេលនោះ​ខ្ញុំ​បាន​ប្រមូល​ខ្យង​នេះ​លក់​នៅលើ​ទៅ​ផ្សារ​បាន​តម្លៃ​ថ្លៃ​គួរសម​ដែរ ​ចន្លោះ​ពី​ ៧០ ដល់​ ១០០​ដុល្លារ ហើយ​នៅ​យើង​អត់​សូវ​មាន​អ្នក​ចិញ្ចឹម​ខ្យង​ប្រភេទ​នេះ​ច្រើន​ទេគេ​ចិញ្ចឹម​តែ​ខ្យង​ក្នុងស្រុក តែ​បច្ចុប្បន្ន​នៅ​ខ្មែរ​យើងគេ​ចិញ្ចឹម​ច្រើន​រីក​សុះសាយ ហើយ​តម្លៃ​ក៏​ធ្លាក់ចុះ​ច្រើន​ដែរ​»​។

​ខ្យងមាន​ជប៉ុន​នេះត្រូវបាន​ប្រជាកសិករ​ហៅ​ឈ្មោះ​ជាច្រើន ដោយ​ផ្នែក​ទៅលើ​ពណ៌​សម្បក និង​សាច់​របស់​វាតួយ៉ាងប្រជាកសិករ​ខ្លះ​ហៅថា ខ្យង​ប៊ឺ ដែល​សំដៅ​ដល់​ខ្យង​មាន​ពណ៌​លឿង​ស្លែតនិង​ខ្យង​ទុរេន សំដៅ​ដល់​ខ្យង មាន​ពណ៌​ដូច​ផ្លែ​ទុរេន​ទុំ​។

​ទាក់ទង​នឹង​ការចិញ្ចឹម​ខ្យង​មាសជប៉ុន​នេះម្ចាស់​កសិដ្ឋាន ២២៨ បានឱ្យដឹងថា ការចិញ្ចឹម​ខ្យង​ជប៉ុននេះ​ពិតជាមានភាព​ងាយស្រួលនិង​មិន​ចំណាយ​លើ​ចំណី​ច្រើន​ឡើយ ជាពិសេស​ខ្យង​នេះ​ស៊ី​មិន​រើស​ចំណី​ទេពួកវា​ស៊ី​ស្លឹក​ផ្លែ​ត្រឡាច ននោង ត្រកួន បន្លែ​ផ្សេងៗហើយ​ចំណី​គោល​ដែល​លោក​បានដាក់​នោះ គឺ​ចក​អាសូ​ឡាហើយ​ការចិញ្ចឹម​ខ្យង​អាច​ធ្វើឡើង​នៅក្នុង​ផ្ទះថ្ម ម្លប់និង​អត់​ពន្លឺ​ចូលដល់​ក៏បាន​។​

​លោកបន្តថា សម្រាប់​ការចិញ្ចឹម​ខ្យង​ចាប់ពី​ការ​បង្កាត់​ពូជភ្ញាស់ រហូតដល់​ទទួលផល លោក​ប្រើពេល​ចាបពី ៣​ខែ ទៅ​៣​ខែ​កន្លះ ចំណែក​ការទុកឱ្យ​ខ្យង​ធំៗនិង​សាច់​ល្អ​ គឺ​ប្រើពេល​ប្រមាណ ៦ ខែ។ នាពេល​បច្ចុប្បន្ននេះ ខ្យង​មាសជប៉ុន (​ខ្យង​សាច់​)មានតម្លៃចន្លោះពី២ម៉ឺន ដល់​ ៦​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម (តម្លៃតាមប្រភេទខ្យង) ចំណែក​ពូជ​ខ្យងមាសជប៉ុនមានតម្លៃ​ចន្លោះ១០​ម៉ឺន ដល់១២ម៉ឺន​រៀលក្នុង​មួយ​គីឡូក្រាម​។

ខ្យង​ជប៉ុន​មាន​រូបរាងនិង​ពណ៌​សម្បុរ​ស្អាត​ទាំង​សម្បក​ខាងក្រៅ និង​សាច់​ខាងក្នុង​គួរឱ្យ​ចង់បរិភោគ​ព្រោះ​ខ្យង​នេះស៊ី​ចំណី​ស្អាត​ដូចជា​បន្លែ ផ្លែឈើ និង​ចក​ជាដើម មិនតែប៉ុណ្ណោះវា​មាន​រសជាតិ​ឆ្ងាញ់សាច់​ទន់ ផ្តល់នូវ​ថាម​ពលដល់​អ្នក​បរិភោគ និង​ជួយ​ដល់​សុខភាព​កុមារ ស្ត្រីនិង​សុខភាព​បន្ត​ពូជ​ជាដើម​។

​លើសពី​ការចិញ្ចឹម​ខ្យង​លក់ នៅ​កសិដ្ឋាន ២២៨ក៏មាន​បង្រៀន​អ្នក​ដែល​ចង់​ចិញ្ចឹម​ខ្យងមាស​ជប៉ុនជា​លក្ខណៈ​គ្រួសារដោយ​ឥតគិតថ្លៃ​ផងដែរដែល​អាចមក​សិក្សា​នៅ​ទីតាំង​ផ្ទាល់ ឬ​តាម​ប្រព័ន្ធ​អន​ឡាញ ព្រោះ​ម្ចាស់​កសិដ្ឋាន​រូបនេះមានបំណង​ចែករំលែក​ចំណេះដឹងម្យ៉ាង​ការចិញ្ចឹម​ខ្យង​នេះ លោក​បាន​សិក្សា​ដោយ​ខ្លួនឯង និង​សួរនាំ​ពី​អ្នកដ៏​ទៃ​ដូចគ្នា​។

លោកបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ដំបូង យូរ​ដែរ​ទម្រាំ​តែ​ខ្ញុំ​ដឹង​ពី​របៀប​បង្កាត់​ខ្យង​នេះខ្ញុំ​អត់​បាន​ទៅ​រៀន​ជ្រៅជ្រះ អី​ទេ ខ្ញុំ​រៀន​របៀប​បង្កាត់​តាម​យូ​ធូបនិង​បាន​សួរនាំ​ពី​អ្នក​ចិញ្ចឹម​នៅ​ថៃ ព្រោះ​ខ្ញុំ​ចេះ​ភាសា​ថៃ​ខ្លះគេ​ក៏បាន​បង្រៀន ខ្ញុំ​តាម​ហ្នឹង​ទៅ ហើយ​ឥឡូវ​ខ្ញុំ​បង្រៀន​បង្កាត់​ពូជ​ខ្យង​នេះ​ដោយ​អត់​យកលុយ​ទេអាចមក​រៀន​នៅទីនេះ​ផ្ទាល់ ឬ​រៀន​តាម​យូ​ធូបព្រោះ​ខ្ញុំ​ក៏​ធ្វើ​វិ​ដេ​អូ​បង្ហាញ​វិធីសាស្ដ្រ​ចិញ្ចឹម​ខ្យងនិង​សត្វ​ដទៃទៀត​លើ​ហ្នឹង​ដែរ ឬ​អាចទាក់ទង​ខ្ញុំ តាម​តេ​លេ​ក្រាម​ដោយផ្ទាល់​ក៏បានហើយ​ខ្ញុំ​ក៏​ចែក​ខ្យង​ជប៉ុន​នេះ​ដល់​អ្នក​ពិការ អ្នកក្រខ្សត់​ពិតប្រាកដអត់​យកលុយ​ទេ​ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ពួកគាត់ សម្បី​ភ្ញៀវ​ចូលមក​ទិញ​តិច​អីក៏​មិន​យកលុយ​ដែរ​»​។

​បច្ចុប្បន្ន​កសិដ្ឋាន ២២៨មិន​ត្រឹមតែ​មានការ​ចិញ្ចឹម​ខ្យង​លក់​ប៉ុណ្ណោះ​ទេ ទីនេះក៏មាន​លក់​នូវ​ពូជ​មាន់​ខ្មែរនិង​មាន់​ក្រៅប្រទេស​ល្អៗដូចជា មាន់​ខ្មៅ​សេ​មា​នី មាន់​ផេ​សិន​ដល់ពូជ​មាន់​ជើង​ធំ ឬ​មាន់​ដុង​តាវ​ជាដើម​ និងសត្វ​លម្អ​គ្រប់​ប្រភេទ​ដូចជា ព្រាបសារិកា និងសេកជាដើម។ បន្ថែម​ពីនេះកសិដ្ឋាន​នេះក៏មាន​ទូរ​ភ្ញាស់​ដែល​កែច្នៃ​ពី​កូន​ខ្មែរ និង​មាន​បង្រៀន​វី​ធី​បង្កាត់វិធី​ប្រើប្រាស់​ឧបករណ៍​កសិកម្ម​ ដែលមាន​នៅក្នុង​កសិដ្ឋាន​ដោយ​មិន​គិតថ្លៃ​ផងដែរ​។

​ម្ចាស់កសិដ្ឋាន និងជាទាហានចូលនិវត្តន៍ លោក ប៉ិលសម្បត្តិ បានចាត់ទុក​វិស័យ​កសិកម្ម​ពិតជា​មាន​សំខាន់​ណាស់បើទោះបីជា​ប្រទេស​មាន​សង្គ្រាម ឬ​មាន​សន្តិភាព​យ៉ាងណា​ក៏ដោយ ក៏មនុស្សនៅតែត្រូវ​ការ​អង្ករបន្លែ ត្រី សាច់ ដែលជា​ផលិតផល​កសិកម្ម​មិនអាច​ខ្វះ​បាន​។​

​គួរបញ្ជាក់ថា កសិដ្ឋាន 228 មាន​ទីតាំង​ស្ថិតនៅភូមិ​ប្រលាយ ឃុំ​បឹង​ខ្យា​ង ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល​តាមផ្លូវ​ជាតិ​លេខ ២គីឡូម៉ែត្រ​លេខ​២៩​។ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក កសិដ្ឋាន 228 FarmsHouse  ឬ​ទំនាក់ទំនង​លេខ​ទូរ​សព្ទៈ០៨៨ ៨៩៨ ៩២២៨/ ០៩៥ ២២២ ៤២៨/ ០១៥ ៤៣៥ ៨៣៣៕

លោក ប៉ិល សម្បត្តិ បើកបង្រៀនចិញ្ចឹម និងចែកពូជខ្យងមាសជប៉ុនឥតគិតថ្លៃដល់ជនពិការ និងអ្នកក្សត់ខ្សោយ

កសិដ្ឋាន ២២៨ គឺជាកសិដ្ឋានមួយដែលបង្រៀនពីវីធីថែទាំ និងបង្កាត់ពូជសត្វនានា ដូចជាមាន់ស្រែ មាន់នាំចូលពីក្រៅប្រទេស បក្សីលម្អ ជាពិសេសការចិញ្ចឹមខ្យងមាសជប៉ុនដោយឥតគិតថ្លៃ និងផ្តល់ជូននូវពូជ ខ្យងដល់អ្នកមានពិការភាព និងអ្នកមានជីវភាពក្រីក្រជាដើម។
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

មណ្ឌលគិរី​៖ អតីត​និស្សិត​ផ្នែក​កសិកម្ម លោក ប៊ូ សុភ​ក្ដិ បាន​ផលិត «​ស្រា​ផា​សិន​មណ្ឌលគិរី​» និង «ស្រាស្តេចគោព្រៃ» ដែលមានច្រើន​ប្រភេទនិង​មាន​រសជាតិ​ឆ្ងាញ់​ពិសេស តំណាងឱ្យ​ខេត្តមណ្ឌលគិរី និង​រួម​ប​ញ្ជូ​ល​ទាំង​ការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍និង​ក​សិ​ទេសចរណ៍​ផងដែរ​។

​ស្ថាបនិក​សហគ្រាស​ផា​សិន​មណ្ឌលគិរី លោក ប៊ូសុភ​ក្ដិ បាន​ប្រាប់​ឱ្យ​សារព័ត៌មាន​ឌីជីថល SR ដឹងថា   ការជ្រើសរើស​ផ្លែ​ផា​សិនឬ​ក្រូច​វ​ល្លិ៍​មក​ផលិត​ស្រា​នេះ ដោយសារ​លោក​មើលឃើញថា ដំណាំ​ផា​សិនមាន​ដាំ​គ្រប់​ទីកន្លែងសូម្បីតែ​ផ្លែ​ផា​សិន​មកពី​ខេត្តកំពត​ដែល​ល្បី​ខាង​ដី​មាន​ជីវជាតិ​ល្អ​នោះតែ​បែរ​ជាមាន រសជាតិ​ផ្អែម​សាប ខុសប្លែក​ពី​ខេត្តមណ្ឌលគិរីដែល​ដំណាំ​ផា​សិន​មាន​រសជាតិ​ផ្អែម​មុត ឆ្ងាញ់​ពិសារ​។

​​ស្រា​ផា​សិន​១​ដប ត្រូវបាន​ផលិត​ចេញ​ពីផ្លែ​ផា​សិន​ប្រមាណ៤ គីឡូក្រាម ដោយ​អាស្រ័យ​លើ​ប្រភេទ​ផ្លែ​ផា​សិន ឬ​ក្រូច​វ​ល្លិ៍ដែលមាន​សម្បក​ក្រាស់ ឬ​សម្បក​ស្ដើង និង​ប្រើពេល​ក្នុង​ការផលិត​ចន្លោះ​ពី ៣ ទៅ ​៦​ខែដើម្បី​ច្នៃ​ចេញ​ជា​ផលិតផល​សម្រេច​ដែល​អាច​ដាក់លក់​នៅលើ​ទីផ្សារ​។​

​ស្ថាបនិក​ស្រា​ផា​សិន​បញ្ជាក់​ដូច្នេះ​ថា​៖ «​ផលិតផល​សម្រេចយើង​ប្រើពេល​៦​ខែ បើ​យើង​ទុក​កាន់តែ​យូរ កាន់តែ​ល្អប្រសើរទឹក​កាន់តែ​ថ្លា​រសជាតិ​កាន់តែ​ឆ្ងាញ់ ព្រោះ​ផា​សិន​មណ្ឌលគិរី​ពិសេសហើយ​រាល់​ផលិតផល​ទាំងអស់ យើង​ចម្រាញ់​ចេញពី​ផា​សិន​ដែល​ប្រមូល​ទិញ​ពី​កសិករដែល​ដាំ​នៅ​ខាង​ប៊ូ​ស្រា ខាង​ដាក់​ដាំ​ជាដើម​»​។​

​ផលិត​ស្រា​ផា​សិន​របស់​សហគ្រាស​ផា​សិន​មណ្ឌលគិរីចំនួន ២ ប្រភេទ​ដូចជា ទី​១ ស្រា​ផា​សិន​មណ្ឌលគិរី​ពណ៌​ធម្មជាតិ​លឿង ដែលមាន​ឈ្មោះថា «​ស្នេហ៍​គ្រា​ដំបូង​» មាន​រសជាតិ​ជូរ​ផ្អែមមាន​កម្រិត​អាល់កុល ១០,៥ ដឺ​ក្រេ និង​ប្រភេទ​ទី​២ស្រា​ផា​សិន​ពណ៌​ក្រហម ឬ «​រសជាតិ​ជីវិត​» ដោយសារ​មាន​រសជាតិ ៤ មុខ​ចូលគ្នា គឺ​ផ្អែម ល្វីង ជូរ និង​ចត់មាន​កម្រិត​អាល់កុល ១៣,៥ ដឺ​ក្រេដោយ​ផលិតផល​ទាំង​២​ប្រភេទ​លក់​ក្នុងតម្លៃ ៦ ម៉ឺន​រៀល​ដូចគ្នា​។​

​ជាមួយគ្នានេះ លោក ប៊ូ សុភ​ក្ដិក៏បាន​កែច្នៃ​ស្រា​មួយប្រភេទទៀតគឺ «ស្រាស្តេចគោព្រៃ» ដែលផលិតចេញពីផ្លែផាសិនដូចគ្នា។«ស្រាស្តេចគោព្រៃ»មានចំនួន២ប្រភេទ​ដូចជា ប្រភេទ​ទី​១ មាន​ឈ្មោះថា «​ស្រា​ស្ដេច​គោព្រៃ​» ពណ៌​ធម្មជាតិ​លឿងនិង​ប្រភេទ​ទី​២ ពណ៌​ក្រហម ដែល​ផលិតផល​ទាំង​២​ប្រភេទមាន​កម្រិត​អាល់កុល ២៨ ដឺ​ក្រេនិង​លក់​ក្នុងតម្លៃ ១០ ម៉ឺន​រៀល​ដូចគ្នា​។​

​ស្រា​ផា​សិន​មណ្ឌលគិរីគឺជា​ផលិតផល​ប្រចាំ​តំបន់ ដែលមាន​ការទទួលស្គាល់​ពី​គណៈកម្មការ​ជាតិ ជំរុញ​ចលនាភូមិ​មួយ​ផលិតផល​មួយ​ផងដែរ ចំណែក​សហគ្រាស​ផា​សិន​មណ្ឌលគិរី ត្រូវបាន​ចុះបញ្ជី​នៅ​មន្ទីរ​ឧស្សាហ៍កម្ម​បច្ចេកវិទ្យានិង​ន​វា​នុ​វតន៍​ខេត្តមណ្ឌលគិរី​។

​ស្ថាបនិក​ស្រា​ផា​សិន​វ័យ ៣៧ ឆ្នាំ​រូបនេះអះអាងថា ស្រា​ផា​សិន​នេះ​ផលិតឡើង​ក្នុង​គោលបំណងដោះស្រាយ​បញ្ហា​ស្ទះ​ទិន្នផល​ផ្លែ​ផា​សិន​របស់​កសិករដោយសារតែ​ការនាំ​ចូល​ផ្លែ​ផា​សិន​ពី​បរទេស ទន្ទឹមនឹងនេះលោក​ក៏​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដាំ​ផ្លែ​ផា​សិន​នេះ​ផងដែរ ដោយ​លោក​បានបង្រៀន​នូវ​បច្ចេកទេស​ក្នុង​ការដាំដុះ និង​ថែទាំ​ជាដើម​។

​ក្រោយពី​មានការ​ទទួលស្គាល់​ពីរ​ស​ជាតិនិង​គុណភាព​នៃ​ស្រា​ផា​សិន​មណ្ឌលគិរី បច្ចុប្បន្ននេះ លោក ប៊ូ សុភ​ក្ដិក៏មាន​គម្រោង​យក​ផលិតផល​តំណាង​ខេត្តមណ្ឌលគិរី​ខេត្ត​នេះច្នៃ​ជា​តំបន់​ក​សិ​ទេសចរណ៍ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​នៅ​ក្នុ​ខេត្តមណ្ឌលគិរី​នេះ​ផងដែរ​។

​លោក​រៀបរាប់ថា​៖ «​ដោយសារ​ដំណាំ​យើងរៀបចំ​ដាំ​ដុះ​មាន​ស្តង់ដា​បែប​បច្ចេកទេស អ៊ីចឹង​ធ្វើឱ្យ​ភ្ញៀវទេសចរ​អាច​ទៅ​ទស្សនា​ចម្ការ​ផា​សិន​ផង និង​អាច​ភ្លក្ស​ស្រា​ផា​សិន​របស់​អ្នក​មណ្ឌលគិរី​ផងដែរហើយ​កន្លង​មាន​ភ្ញៀវ​ជា​ហូរហែរ​ទៅលេង​ចម្ការ​ពលរដ្ឋដែល​ខ្ញុំ​បង្រៀន​បច្ចេកទេស​ដាំ​ដុះ ហើយ​ពេលខាងមុខខ្ញុំ​នឹង​បង្កើត​ចម្ការ​ផា​សិន​នេះ នៅ​ជិត​ទឹកជ្រោះ​ប៊ូ​ស្រា ដើម្បីឱ្យ​ភ្ញៀវទេសចរកាន់តែ​ងាយស្រួល​ចូល ព្រោះ​បាន​ទៅលេង​ទឹកជ្រោះ​ផង និង​ចូលមក​ចម្ការ​យើង​ផង​»​។

​នា​ថ្ងៃ​អនាគតបុរស​មាន​ដើមកំណើត​មកពី​ខេត្ដ​កំពង់ឆ្នាំង​ខាងលើនេះគ្រោង​នឹង​ច្នៃ​ផ្លែ​ផា​សិន​ទៅ​ផលិតផល​ជាច្រើន​ដូចជា សំបក​ធ្វើជា​ដំណាប់ស្លឹក​ផ្កា​ធ្វើជា​តែ និង​ផ្លែ​ធ្វើជា​ភេសជ្ជៈ​ផ្សេងៗ ចំណែក​ឆ្នាំ​២០៣០លោក​គ្រោង​នឹង​បង្កើត​រោងចក្រ​ផលិត​ស្រា​ខ្មែរ​ផងដែរ។ គេហទំព័រហ្វេសប៊ុកៈ ស្រាផាសិន មណ្ឌលគិរី -Passion Mondulkiri Fruit Wine ឬ ទំនាក់ទំនងលេខទូរសព្ទៈ 01251 91 36 / 071 678 8887​

«ស្រាស្តេចគោព្រៃ» និង «ស្រាផាសិនមណ្ឌលគិរី» ស្រារសជាតិឆ្ងាញ់ពិសេស តំណាងខេត្តមណ្ឌលគិរី

លោក ប៊ូ សុភក្ដិ បានផលិត «ស្រាផាសិនមណ្ឌលគិរី» និង «ស្រាស្តេចគោព្រៃ» ដែលមានច្រើនប្រភេទ និងមានរសជាតិឆ្ងាញ់ពិសេស តំណាងឱ្យខេត្តមណ្ឌលគិរី និងរួមបញ្ជូលទាំងការផ្សព្វផ្សាយវិស័យទេសចរណ៍ និងកសិទេសចរណ៍ផងដែរ។
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ជាមួយ​​ការ​វេចខ្ចប់​ និង​ស្លាកសញ្ញា​ស្ដង់ដារ ឈីស និង​យ៉ាអួរស្រស់​​ឡា ហ្វាតតូរៀ (La Fattoria ) មិនសូវ​មាន​អ្នក​ដឹង​ថា វាជាផលិតផល​​​​ក្នុងស្រុកដែល​​​ផលិតចេញ​ពី​ទឹកដោះគោស្រស់​ ដែលមានបរិមាណរាប់​តោន​ក្នុង១ ខែ ដើម្បី​ផ្គត់ផ្គង់តម្រូវការ​នៅ​​​ផ្សារទំនើប​ សណ្ឋា​គារ​ប្រណីត និង​បណ្ដា​ភោជនីយ​ដ្ឋាន​​នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​សៀម​រាប។

អាហារ​បរទេស​​​ផលិត​នៅ​ខ្មែរទាំង​នេះ​​ ​ជា​សមិទ្ធផល​របស់​ លោក​ចាន់ វុទ្ធី ដែលជា​កូន​កសិករ​​មក​ពី​ស្រុក​​ស្អាង ​ខេត្ត​កណ្ដាល។ លោក​ចាប់ផ្ដើម​​មាន​ក្ដី​ស្រមៃ​ក្លាយជា​អ្នក​ផលិត​ឈី​ស និង​យ៉ាអួ​​​មួយ​រូប ​នៅ​ប្រទេស​កម្ពុជា​ ក្រោយ​ពី​ឃើញ​​តម្រូវការ​ឈីស​ ជាអាហារ​នៅសណ្ឋាគារ​លំដាប់​ផ្កាយ ​ដែល​លោក​បម្រើការ​កាលពី​ឆ្នាំ ១៩៨៨។

ឈីស និង​យ៉ាអួរស្រស់​​ឡា ហ្វាតតូរៀ (La Fattoria)

លោកសង្កេតឃើញថា ​ផលិតផល​នេះ​​​ត្រូវ​បាន​នាំចូល​ច្រើន​សន្ធឹក តែ​បែរជា​​ពុំមាន​សហ​គ្រិន​ណា​ម្នាក់​ធ្វើ​ ឬផលិតលក់​ក្នុង​ស្រុក​។ ដូច្នេះ​នៅពេល​ដែ​ល​មាន​ការអនុញ្ញាត ​ឱ្យ​​ទៅ​រៀន​​ធ្វើ​ឈីស​នៅ​​ប្រទេស​អ៊ី​តាលីរយៈពេល​ ៣ ​ឆ្នាំ លោក​បានតាំង​ចិត្ត​​ថា​៖ «ខ្ញុំ​​​ត្រូវតែ​មក​បង្កើត​ការងារ ​ដើម្បី​ស្រុក​ទេស​យើង​សម្រាប់​អាហារ​ប្រជា​ជន​ខ្ញុំ ដើម្បី​ឱ្យ​បរទេស​មើល​មក​ថា ស្រុក​ខ្មែរ​យើង​ក៏មាន​ fromage​ (ឈីស)​ដែរ មិន​បាច់​នាំចូល​មកពី​បារាំង ​មិនបាច់​នាំចូល​ពី​ប្រទេស​ជឿន​លឿន​ទេ​»​។

ត្រឡប់មកមាតុភូមិ​​​វិញ ​​​​ក្នុង​ឆ្នាំ ​២០០៧ លោក​បាន​​​ស្វែង​រក​ទឹកដោះ​គោ​ ដែលជា​វ​ត្ថុធាតុ​ដើម​មក​ផលិត​ឈីស​នៅខេត្ត​សៀមរាប។ ​​​លោក វុ​ទ្ធី បានរំឭកប្រាប់​​​ថា​៖

«​ការធ្វើ​ឈី​ស​នៅ​ស្រុក​យើង​នេះ ​គឺ​វា​លំបាក​ណាស់​។ ទី១ ​ស្រុក​ទេស​យើង​ហ្នឹង​ អត់​ទាន់​មាន​ទឹកដោះ​ទេ​»​។​
សកម្មភាពធ្វើ ឈីស និង​យ៉ាអួរស្រស់​​ឡា ហ្វាតតូរៀ (La Fattoria)

​លោកក៏​​ត្រូវ​បាន​អតីត​មន្ត្រី​បុគ្គ​លិក​ក្រសួង​កសិ​កម្មរុក្ខ​ប្រមាញ់ និ​ង​នេសាទ​ ណែនាំ​ពីប្រភព​ទឹកដោះ​គោ​ដែលស្ថិតនៅ​ឃុំ​អរិយ​ក្សត្រ ប៉ុន្តែក្រោយពេលផលិតរួចរាល់ លោក​ពុំទទួលបានរសជាតិ​ដើមឡើយ។ ​លោក​បាន​បន្ត​ទៀត​ថា​៖

«​រយៈ​ពេល​៤-៥​ ខែ ការ​ធ្វើ​ទឹកដោះគោ​ក្នុង​ស្រុក​យើង​អត់​ជោគ​ជ័យ ខ្ញុំក៏​ទៅ​វៀត​ណាម​​​ ប៉ុន្តែ​ការ​ដឹក​ជញ្ជូនឆ្ងាយ​​ពិបាក​​។ អ៊ី​ចឹង​ខ្ញុំ​ទៅ​ខាង​ថៃ​ នៅ​​​ខេត្ត​ស្រះកែ​វ និង​ខេត្ត​ប៊ុ​រី​រ៉ា​ម»។

ដោយសារ​​ការ​ដឹក​ជញ្ជូន​​ពីប្រទេស​ជិត​ខាងនៅតែ​ជាឧបសគ្គ​ លោ​ក​បាន​​​ចាប់​ផ្ដើម​ប្រើ​ទឹកដោះ​គោ​ពីឧទ្យាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា តេ​ជោ​សែនឫស្សី​ត្រឹប ខេត្ត​ព្រះ​វិហារ​​នៅ​ក្នុង​ឆ្នាំ​២០១៨​ តែ​បរិមាណ​ក៏​​មិន​គ្រប់គ្រាន់​ក្នុងការ​ផ្គត់ផ្គង់​ចង្វាក់​ផលិតកម្ម​ ទើប​​ក្នុង​ឆ្នាំ​២០២០ លោក​ក៏បាន​​​ទិញ​វត្ថុធាតុដើម​ ពី​កសិដ្ឋាន​គិរី​សួគ៌​ នៅ​ភ្នំ​តា​ម៉ៅខេត្តតាកែវ​។​ ​លោក វុទ្ធី និយាយថា​៖

«​ខែ​៤ ឆ្នាំ​ ២០២០ មាន​គោរប​ស់ក​សិ​ដ្ឋាន​គិរី​សួគ៌ ខេត្តតាកែវភ្នំ​តា​ម៉ៅ​យើង​ហ្នឹង ​ចូលមក​ចំនួន​ ៥៥០​ ក្បាល តាម​ដែល​ខ្ញុំ​ចាំ​ហ្នឹង​។ ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​មែនទែន ​នៅពេលនេះ​អ្វីៗ​គឺ​នៅក្នុង​ដៃ​យើង​ហើយ គឺ​យើង​អាច​ងាយ​ចាប់​ផ្ដើមធ្វើ​វា​ហើយ​»​។​

​បច្ចុប្បន្ន នៅទីតាំង​ក្រុង​តាខ្មៅ លោក​មាន​ផលិតផល​អាហារ​បស្ចិមប្រទេសចំនួន ១១ ប្រភេទ ​ដែល​ត្រូវបាន​លក់​ក្រោម​ស្លាក​ឈ្មោះ La Fattoria រួម​មាន​​​ភី​ហ្សា​ឈី​ស ឈីស​ស្រស់​ប្រភេទ Mozzarella និឈីស​គ្រាប់​Buraata ជាដើម។

សម្រាប់​យ៉ាអួរ មានរសជាតិ ៧ ជម្រើស​គឺ រសជាតិដើម វ៉ានីឡាស្វាយ ដូង ស្ត្រប៊ើរី ក្រូចវល្លិ៍ និង​ក្រូច។ ដោយ​ផ្តោតទៅលើសុខភាពអ្នកទទួលទាន យ៉ាអួរ​​នេះ​ត្រូវបាន​ផលិត​ចេញ​ពី​ទឹកដោះ​គោ​ស្រស់និង​ផ្លែឈើ​ស្រស់ ១០០ភាគរយ​ ហើយ​​មិនមានសារធាតុរក្សាទុកនោះឡើយ។

​លោក​និយាយថា​៖

«​យើង​ធ្វើ​ផលិតផល​ពាក់កណ្ដាល​ស​ម្រេច​នៅ​ភ្នំពេញ ហើយ​សម្រេច​១០០​ភាគរយ​ យើងបញ្ជូនទៅ​ខេត្តសៀមរាប​ខ្លះ យើង​ទុក​នៅ​ភ្នំពេញ​ខ្លះ​»​។​

ចាប់ផ្ដើមពី​ការ​​​ប្រឹងប្រែងកែ​ច្នៃ​ទឹកដោះគោត្រឹម៥​លីត្រ ​​លោក​បានឱ្យដឹងថា​៖​​​

«​ឥឡូវនេះ​វា​ចូលទៅក្នុង​កម្រិត ១​ខែ ​ប្រហែលជា​ចូល៤​តោន ៥​តោន ទាំង​យ៉ា​អួរ ទាំង​ឈី​សតែ​ខ្ញុំ​នៅតែ​គិតថា​ខ្លួនឯង​អត់​ទាន់​អស់​សមត្ថភាព​នៅឡើយ​ទេ ខ្ញុំ​ចង់​ធ្វើ​អ្វី​បន្តទៀត​»​។​

​ប៉ុន្តែ​អ្វីដែល​នៅតែ​ជា​បញ្ហា​ប្រឈម​របស់លោក​គឺតម្លៃវត្ថុធាតុដើម ការ​ប្រកួតប្រជែង​លើ​ទីផ្សារទំនិញនាំចូល​ និង​ការ​វេចខ្ចប់​​​។​ លោក​ថា​៖

«​យើង​ទម្លាក់​តម្លៃ​មិនបានដោយមូលហេតុ​ត្រង់​ថា ​វត្ថុធាតុដើម​យើង​នៅមានកម្រិតនៅ​តម្លៃ​ខ្ពស់​។ មួយទៀត​អតិថិជន​អត់​ទាន់​បានដឹង​ពីអ្វី​ដែល​យើង​ធ្វើបាននៅមាន​ចំនួន​តិច​​»​។​

​​​លោក វុទ្ធី ចង់​ឱ្យ​ការ​ផលិត​យ៉ាអួរ និង​ឈីសកាន់តែ​ទូលំទូលាយ​នៅប្រទេស​កម្ពុជា ហើយ​លោក​ក៏​បាន​នឹង​កំពុង​​​បន្តចែករំលែក​ជំនាញ​ធ្វើ​យ៉ាអួរ និង​ឈីសនេះ ទៅតាមអង្គការ និង​​​សាលាបណ្ដុះបណ្ដាល​​វិជ្ជាជីវៈ​នានា​ផង​ដែរ។

​លោក​និយាយថា​៖

«​អត់​ចង់បាន​អ្វី​ក្រៅពី​ចង់ឃើញ​ផលិតផល​ស្នាដៃ​កូន​ខ្មែរ ​ដែល​បង្កើតfromage លើ​ទឹកដី​ខ្មែរ​នេះសូមឱ្យ​វា​ស្ថិតស្ថេរ​ជា​និរន្ត​រ៍។ អ្វីដែល​ខ្ញុំ​ចង់បាន ចង់ឱ្យ​វា​រីក​ស្គុសស្គាយ​នៅលើ​ទីផ្សារ​ហ្នឹងឯង​»៕

ឈីស និងយ៉ាអួរស្រស់ផលិតនៅខ្មែរ កែច្នៃពីទឹកដោះគោស្រស់មួយខែអស់ ៤-៥ តោន

ជាមួយ​​ការ​វេចខ្ចប់​ និង​ស្លាកសញ្ញា​ស្ដង់ដារ ឈីស និង​យ៉ាអួរស្រស់​​ឡា ហ្វាតតូរៀ (La Fattoria ) មិនសូវ​មាន​អ្នក​ដឹង​ថាវាផលិតផល​​​​ក្នុងស្រុកដែល​​​ផលិតចេញ​ពី​ទឹកដោះគោស្រស់​រាប់​តោន​ក្នុង១ ខែ ដើម្បី​ផ្គត់ផ្គង់តម្រូវការ​នៅ​​​ផ្សារទំនើប​ សណ្ឋា​គារ​ប្រណីត និង​បណ្ដា​ភោជនីយ​ដ្ឋាន​​នៅ​រាជ​ធានី​ភ្នំពេញនិង​ខេត្ត​សៀម​រាប។
SR Digital Content Creator

ភ្នំពេញៈ បញ្ឈរម៉ូតូលើចិញ្ចើមផ្លូវក្បែររបងសាលា យុវតី២នាក់ កំពុងព្យួរវត្ថុអនុស្សាវរីយ៍ឃ្យូតៗធ្វើឡើងពីអំបោះចាក់ដោយដៃ រណេងរណោងជុំវិញម៉ូតូ អាជីវកម្មថ្មីថ្មោងបែបចល័តនេះ កំពុងទទួលបានការចាប់អារម្មណ៍ និងអន្ទងចិត្តសិស្សានុសិស្ស និងអ្នកដំណើរតាមផ្លូវឱ្យចូលមកទស្សនា និងជាវយ៉ាងច្រើន។

កញ្ញា ថេង ដាលីន មានឈ្មោះហៅក្រៅថា Nom Pang បានប្រាប់សារព័ត៌មានSR Digital ឱ្យដឹងថា ផលិតផលដែលចាក់ចេញពីអំបោះនេះ ជាភាសាអង់គ្លេសឈ្មោះថា Crochet ដែលមានដូចជា កាបូប អាវ តុក្កតា ផ្កា បន្តោងសោរ និងផលិតផលជាច្រើនទៀត។

ដំណើរការអាជីវកម្មនាពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ យុវតីវ័យ២៥ ឆ្នាំរូបនេះ និយាយទាំងទឹក មុខញញឹមដូច្នេះថា៖ «ពេលលក់ថ្ងៃដំបូង ទទួលបានការចាប់អារម្មណ៍ជាខ្លាំងមានអ្នកមកថតរូបទៅបង្ហោះច្រើន ហើយអីដែលឱ្យខ្ញុំរំភើបចិត្តនឹកស្មានមិនដល់នោះ គឺនៅថ្ងៃទីពីរដោយសាររូបថតដែលបង្ហោះថ្ងៃមុនលើ Facebook និងTikTok វាផ្ទុះខ្លាំងម៉ង»។

A white motorcycle with a table full of stuff on it.
រូបភាព៖ ដាលីន

អង្គុយចាក់បណ្តើរ និយាយបណ្តើរ ម្ចាស់អាជីវកម្មបែបចល័តរូបនេះ បានរំឭកពីការរៀនចាក់អំបោះ ដោយដៃថា៖ «ថ្ងៃមួយខ្ញុំទៅលេងផ្ទះបងស្រី ពេលហ្នឹងគាត់យកអំបោះ និងម្ជុលឱ្យខ្ញុំ ហើយខ្ញុំក៏បើក យូធូប (youtube) មើល និងរៀនចាក់លេង។ ខ្ញុំចាក់ដំបូងគឺផ្កា បន្ទាប់ពីរៀនបានប្រហែលមួយអាទិត្យ ខ្ញុំទទួលកុម៉្មង់ចាក់អាវឱ្យគេបានមួយបែបនេះ ហើយបាននាំឱ្យខ្ញុំមានចិត្តចង់បើកលក់វត្ថុនេះ»។

បើទោះបីជាអាជីវកម្មថ្មីថ្មោងក៏ដោយ ប៉ុន្តែយុវតីម្ចាស់អាជីវកម្មទាំង២នាក់ ទទួលបានការគាំទ្រខ្លាំង ដោយមានទាំងការមកជាវដល់ទីតាំង និងការកុម្ម៉ង់តាមអនឡាញយ៉ាងច្រើន រហូតពេលខ្លះពួកគេ ធ្វើជូនភ្ញៀវសឹងមិនទាន់ និងពុំមានផលិតផលលក់ថែមទៀតផង។

មានទីតាំងនៅខាងមុខរបងសាលាសន្ធរម៉ុក ម៉ូតូចល័តតាំងលក់វត្ថុអនុស្សាវរីយ៍ចាក់ដោយដៃនេះ បើកលក់ចាប់ម៉ោង ២:០០ រសៀល រហូតទៅដល់ម៉ោង ៦:០០ល្ងាច។ ដាលីនរៀបរាប់ថា វត្ថុនីមួយៗត្រូវចំណាយរយៈពេលចាក់ចន្លោះពី ៣០នាទី ទៅ១ម៉ោង ទើបរួចរាល់ ចំណែកតម្លៃមានទៅតាមផលិតផលដូចជា ផ្កាតម្លៃ ៣ដុល្លារ បាច់ផ្កាតម្លៃ ៦ ដុល្លារ បណ្តោងសោ តម្លៃ២ដុល្លារ និងកាបូបតម្លៃ ៦ ដុល្លារ។  

A table full of crocheted animals and stuffed animals.
រូបភាព៖ ដាលីន

ទាក់ទងនឹងការប្រើប្រាស់ម៉ូតូសម្រាប់តាំងលក់វត្ថុអនុស្សាវរីយ៍នេះ កញ្ញា ដាលីន បានពន្យល់ពីមូល ហេតុថា ដោយមើលឃើញពីអាជីវកម្មលក់កាហ្វេអាចចល័តលក់តាមម៉ូតូបាន ដូចនេះកញ្ញាក៏មាន គំនិតលក់ផលិតផលរបស់ខ្លួននៅលើម៉ូតូដូចគ្នា ម៉្យាងវាមានលក្ខណៈងាយស្រួល ក្នុងការទុកដាក់មិនត្រូវការដាក់តុតាំងលក់ និងមិនត្រូវការទីតាំងធំ។

មុនទទួលបានភាពជោគជ័យដូចពេលនេះ ដាលីនបានបញ្ជាក់ថា៖ «មានពាក្យមិនសមរម្យជាច្រើន មកលើខ្ញុំដែរ ដូចជាពាក្យថាមិនចេះខ្មាសគេទេ ឬម៉េចបានមកលក់អីវ៉ាន់នៅតាមដងផ្លូវអ៊ីចឹង។ ប៉ុន្តែពាក្យទាំងនេះមិនបានសម្លាប់ក្តីស្រមៃរបស់ខ្ញុំឡើយ ព្រោះមានម៉ាក់ប៉ា និងបងប្អូនបានជំរុញ លើកទឹកចិត្តរហូតមក»។

ទន្ទឹមនឹងនេះ សម្រាប់អ្នកចង់បើកអាជីវកម្មថ្មីៗដាលីន លើកទឹកចិត្តថា៖ «សូមបងប្អូនទាំងអស់ ដែលមានក្ដីស្រមៃចង់បើកអាជីវកម្មឬចង់ធ្វើអ្វីមួយ សូមបងប្អូនទាំងអស់គ្នាធ្វើតាមក្ដីស្រមៃរបស់ខ្លួនចុះ កុំបោះបង់ឱ្យសោះ»។

ទៅថ្ងៃខាងមុខ ម្ចាស់អាជីវកម្មវ័យក្មេងទាំង២នាក់ ក៏មានបំណងពង្រីកអាជីវកម្មផងដែរ ដោយនឹង បើកហាងដើម្បីលក់ផលិតផលផង និងទទួលបង្រៀនសិស្សផង ត្បិតអំបោះចាក់ដោយដៃនេះ អាចផលិតបានជាសម្ភារៈជាច្រើន និងមានទីផ្សារលក់ផងដែរ៕

A woman sits on a motorcycle with a box of stuffed animals on the back.

យុវតី២នាក់ ចាប់ដៃគ្នាលក់វត្ថុអនុស្សាវរីយ៍ចាក់ពីអំបោះ ទទួលបានការគាំទ្រខ្លាំង

បញ្ឈរម៉ូតូលើចិញ្ចើមផ្លូវក្បែររបងសាលា យុវតី២នាក់ កំពុងព្យួរវត្ថុអនុស្សាវរីយ៍ឃ្យូតៗធ្វើឡើងពីអំបោះចាក់ដោយដៃ រណេងរណោងជុំវិញម៉ូតូ អាជីវកម្មថ្មីថ្មោងបែបចល័តនេះ កំពុងទទួលបានការចាប់អារម្មណ៍និងអន្ទងចិត្តសិស្សានុសិស្ស និងអ្នកដំណើរតាមផ្លូវ ឱ្យចូលមកទស្សនា និងជាវយ៉ាងច្រើន។
ថិញ រិទ្ធី